អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit ៖ ភាព​ស្រពិចស្រពិល​នៃ​នីតិវិធី​ចាកចេញ​របស់​អង់គ្លេស កំពុង​អង្រួន​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤ថ្ងៃ​បន្ទាប់​ពី​ប្រជាជន​អង់គ្លេស ​បាន​បោះឆ្នោត​ប្រជាមតិ​សម្រេច​ឲ្យ​ប្រទេស​ខ្លួន ​ដើរចេញ​ពី​សហភាព​អឺរ៉ុប​នោះ ​គឺ​វា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល ​រំជើបរំជួល​ ជាពិសេស​ក្នុង​វិស័យ​ធនាគារ ​ទីផ្សារ​ហិរញ្ញវត្ថុ។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ គឺភាព​មិន​ប្រាកដ​ច្បាស់ ​នៃ​នីតិវិធី​ចាកចេញ​របស់​អង់គ្លេស ​ដែល​សហភាព​អឹរ៉ុប​​កំពុង​ចោទសួរ ​ព្រោះថា​នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​ប្រទេស​សមាជិក​ម្នាក់ ​ដក​ខ្លួន​ចេញ។ នីតិវិធី​ផ្តាច់​ខ្លួន​ មិនអាច​ធ្វើ​បាន​ភ្លាមៗ​ទេ ​ ដ៍រាបណា​ប្រទេស​អង់គ្លេស ​មិន​ព្រម​ចាប់​ផ្តើម​វា។ នៅថ្ងៃនេះ​ លោកស្រី​អង់ហ្គេឡា មែគែល ​កំពុងតែ​ជួប​ប្រជុំ​ជាមួយ​លោក ​ប្រធានាធិបតី​បារាំង ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី ​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ ដើម្បី​ពិភាក្សាគ្នា ​ មុន​នឹង​បើក​កិច្ច​ប្រជុំ​កំពូល​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​អង្គារ។

លោក Matteo Renzi (ឆ្វេង)នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Angela Merkel និងលោក François Hollande ប្រធានាធិបតី​បារាំង
លោក Matteo Renzi (ឆ្វេង)នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Angela Merkel និងលោក François Hollande ប្រធានាធិបតី​បារាំង AFP PHOTO / STEFAN ROUSSEAU/POOL
ផ្សាយពាណិជ្ជកម្ម

មិនមែន​អង់គ្លេស​ គ្រាន់តែ​បាន​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា​ចេញ ​ហើយ​ក៏​ចប់គ្នា​នោះ​ទេ។ នៅមាន​បញ្ហា​ស្មុគស្មាញ ​ចាក់ស្រែស​ណាស់ ​ព្រោះ​អង់គ្លេស ​ត្រូវ​តែ​ចរចា​ធ្វើ​កិច្ច​ព្រមព្រៀង​ដកខ្លួន​ចេញ ​ ពីសហភាព​អឺរ៉ុប។ ត្រង់នេះ​ហើយ ​ដែល​គេ​ហៅថា ​នីតិវិធី​នៃ​ការ​ដកខ្លួន​ចេញ​ពី​សមាជិក​ភាព។

មាត្រា៥០ ​នៃ​សន្ធិសញ្ញា​ក្រុង​លីស្បូន៖
នីតិវិធី​​ នៃ​ការដក​ខ្លួន​សមាជិក​ណា​ម្នាក់ ​ពី​សហភាព​អឺរ៉ុប​ គឺ​មាន​ចែង​ត្រង់​មាត្រា ​៥០​ នៃ​សន្ធិសញ្ញា​ទីក្រុង​លីស្បូន ​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០០៩។ យោង​តាម​មាត្រានេះ​ គេ​កំណត់​ថា ​បើ​ប្រទេស​សមាជិក​ណាមួយ ​សម្រេច​ថា​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប ​ប្រទេស​នោះ​ត្រូវតែ​ធ្វើការ​បញ្ជាក់ ​ទីមួយ​តាម​រយៈ​ការ​ផ្ញើរ​លិខិត​ផ្លូវការ ​ទៅ​ក្រុម​ប្រឹក្សា​អឺរ៉ុប ​រឺ​ទីពីរ ​ត្រូវ​ជូន​ដំណឹង​នេះ​ ក្នុង​ពេល​ប្រជុំ​កំពូល​នៃ​ប្រមុខ​រដ្ឋរបស់​ប្រទេស​សមាជិក​ទាំងអស់ ​ដើម្បី​ចាប់ផ្តើម​នីតីវីធិ​ចរចា​នៃ​ការ​ផ្តាច់ខ្លួន។ ក្នុង​ន័យ​នេះ ​គឺ​មាន​តែ​ប្រទេស​សាម៉ី ​ខ្លួនឯង​តែ​ម្នាក់​គត់​ ដែល​អាច​ជូន​ដំណឹង​នេះ ​ហើយ​ទើប​នីតិវិធី​ផ្តាច់ខ្លួន​ អាច​ចាប់ផ្តើម​បាន​ជា​ផ្លូវការ​បាន។

បន្ទាប់​មកទៀត ​មាត្រា​៥០​កំណត់​ថា ​ក្រុមប្រឹក្សា​អឺរ៉ុប​ ត្រូវ​ជួប​ប្រជុំ​គ្នា ​ដើម្បី​ចាត់ចែង​នីតិវិធី​ចរចា​ជាមួយ​នឹង​ប្រទេស​សាម៉ី ​ ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ដកខ្លួន​ឈប់​ធ្វើ​ជា​សមាជិក ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​សាម៉ី ​និង​សហភាព​អឺរ៉ុប ​បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​យល់ព្រម​ ពី​សភា​អឺរ៉ុប។

មាន​ន័យ​ថា​ ចាប់​ពី​ថ្ងៃ​ដែល​ប្រទេស​សាម៉ី ​ធ្វើការ​ជូន​ដំណឹង​ជា​ផ្លូវការ​ ទៅ​សហភាព​អឺរ៉ុប​ ដើម្បី​បើក​នីតិវិធី​ផ្តាច់ខ្លួន ​គឺ​ប្រទេស​សាម៉ី ​និង​សហភាព​អឺរ៉ុប ​មាន​ពេល​២ឆ្នាំ​ ដើម្បី​ចរចា​គ្នា​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ដកខ្លួន។ ផុតរយៈពេល​នេះ ​រាល់​សន្ធិសញ្ញា ​រឺ​បទដ្ឋាន​ច្បាប់​ផ្សេងៗ​របស់​សហភាព​អឺរ៉ុប ​នឹង​ត្រូវ​លែង​មាន​ប្រសិទ្ធិភាព ​និង​អនុវត្ត​ទៅ​លើ​ប្រទេស​សាម៉ី​ទៀតហើយ ​ លើក​លែងតែ​ក្នុង​ករណី​សហភាព​អឺរ៉ុប​ និង​ប្រទេស​នោះ​យល់​ព្រម​គ្នា ​បន្ថែម​ពេល​វេលា​ចរចា​តទៅ​ទៀត។

អ្វីៗ ស្រេច​នៅលើ​អង់គ្លេស​តែ​ម្នាក់គត់ ​ដើម្បី​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន៖
សម្រាប់​ពេល​នេះ​ អង់គ្លេស ​មាន​ត្រឹមតែ​លទ្ធផល​ប្រជាមតិ ​តែ​អង់គ្លេស​នៅមិន​ទាន់​បាន​ធ្វើ​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​សហភាព​អឺរ៉ុប ​ ដើម្បី​អនុញ្ញាតិ​ឲ្យ​កាលានុវត្ត​នៃ​នីតិវិធី​ផ្តាច់ខ្លួន ​ អាច​ចាប់ផ្តើម​បាន​ទេ។

ដូចយើង​បាន​ដឹង​ហើយ ​គ្រាន់តែ​ចេញ​លទ្ធផល​ប្រជាមតិ​ភ្លាម ​ លោក​ដាវីដ ខាមឺរ៉ុន ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​ប្រកាស​ថា ​លោក​នឹង​លាលែង​ចេញ​ពី​តំណែង ​ក្នុង​រយៈពេល​៣ខែ​ទៀត ​ ហើយ​គាត់​ទុក​តួនាទី​ចាត់ចែង​នីតិវិធី​ផ្តាច់ខ្លួន ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​ជាអ្នក​ធ្វើ។ អញ្ចឹង​មាន​ន័យ​ថា ​យ៉ាងហោច​ណាស់ ​ក៏​៣ខែ​ទៀត​ដែរ ​ ទើប​អង់គ្លេស​ចាប់ផ្តើម​ជូន​ដំណឹង​ជា​ផ្លូវការ។ នេះ​មិន​ប្រាដក​ផង ​ ព្រោះ​ស្រួលមិន​ស្រួល ​ អង់គ្លេស ​អាច​​ជាប់​គាំង​នយោបាយ ​រក​នាយករដ្ឋមន្ត្រី​ថ្មី​មិនបាន​ រឺ​ក៏​បាន​ហើយ ​ តែ​នៅ​តែ​មិន​ព្រម​ធ្វើការ​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​សហភាព​អឺរ៉ុប ​ដើម្បី​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន។
 

មន្ត្រីផ្សារភាគហ៊ុននៅក្រុងឡុងដ៍ កំពុងទ្រហោរយំ ក្រោយពេល​តម្លៃភាគ​ហ៊ុន​ធ្លាក់ចុះ​យ៉ាងគំហុក
មន្ត្រីផ្សារភាគហ៊ុននៅក្រុងឡុងដ៍ កំពុងទ្រហោរយំ ក្រោយពេល​តម្លៃភាគ​ហ៊ុន​ធ្លាក់ចុះ​យ៉ាងគំហុក REUTERS/Russell Boyce

អញ្ចឹង​សម្រាប់​ពេលនេះ​ អ្វីៗ​នៅ​នឹង​ថ្កល់​មួយ​កន្លែង ​មិន​ច្បាស់​ទាំងអស់ ​ដែល​បញ្ហា​នេះ​ហើយ ​ ដែល​វាធ្វើឲ្យ​មាន​ចលាចល​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ​ទីផ្សារ​ហិរញ្ញវត្ថុ​តែម្តង។  លោក​ George Osborne ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​អង់គ្លេស ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ អង់គ្លេស ​នឹង​មិនចាប់​ផ្តើម​អនុវត្ត​មាត្រា​៥០​នៃសន្ធិសញ្ញា​ទីក្រុង​លីស្បូន​ទេ ​ ដ៏រាប​ណា​អង់គ្លេស​មិនទាន់​ត្រៀមខ្លួន​ រួចរាល់​ដើម្បី​ដើរចេញ​ពី​អឺរ៉ុប។ ក្នុងន័យ​នេះ​ ដរាបណា​អង់គ្លេស​មិនទាន់​ងើប​ពី​វិបត្តិហិរញ្ញវត្ថុ​ និង​មិនទាន់​មាន​ការ​ធានា​ថា​ អង់គ្លេស​មិន​ខាត​បង់​ច្រើន ​គឺ​អង់គ្លេស ​នឹង​មិន​ព្រម​ចាប់ផ្តើម​អនុវត្ត​នីតិវិធី​ផ្តាច់ខ្លួន​ចេញពី​អឺរ៉ុបទេ។

សម្រាប់​អ្នក​វិភាគ​ខ្លះ​ គេយល់​ថា​អង់គ្លេស ​កំពុង​លេង​ខ្សែលើ​ជ្រុល​ពេក ​មក​លើ​អឺរ៉ុប។ ដំបូង​ប្រកូក​ប្រកាស​ឲ្យ​ប្រជាជន​ខ្លួន​បោះឆ្នោត​ប្រជាមតិ ​ដើម្បី​ឈប់​នៅ​ក្នុង​អឺរ៉ុប ​ ដល់​ពេល​ប្រជាជន​បោះឆ្នោត​យល់ព្រម​ហើយ ​បែរ​ជា​នៅ​តែ​កោសរូស​សហភាព​អឺរ៉ុប​ ទាមទារ​ថា​អឺរ៉ុប​ត្រូវ​តែ​ឲ្យ​ប្រយោជន៍​ទៅ​ខ្លួន​ខ្លះ ​មិនអញ្ចឹង​ទេ ​គឺ​អង់គ្លេស​មិន​ព្រម​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន​ទេ។

បារាំង និងអ៊ីតាលី ​បង្ខំ​ឲ្យ​អង់គ្លេស​ចេញ​ឲ្យ​បានឆាប់?
ជាពិត​ គ្រាន់តែ​បាន​លទ្ធផល​ប្រជាមតិ​ភា្លម ​ ថ្នាក់ដឹកនាំ​ធំៗ​នៅ​អឺរ៉ុប​មួយ​ចំនួន​ បាន​ប្រកាស​ថា ​បើអង់គ្លេស ​សម្រេច​ថា​ចេញ ​ ​គឺ​ត្រូវ​ចេញ​ឲ្យ​លឿន ​កុំនៅ​អែនអន​យូរ​ពេក។ គោលជំហរ​នេះ​ ​គឺ​ជា​គោលជំហរ​របស់​បារាំង​តែម្តង។ លោក ​ហ្រ្វង់ស័រហូឡង់ ​បាន​បញ្ជាក់​ថា ​មិន​មែន​អង់គ្លេស​ទេ ​ដែល​ជា​អ្នក​មកត្រូវ​កំណត់​កាលវិភាគ ​របស់​សហភាព​អឺរ៉ុប។ បើ​អង់គ្លេស ​មិន​ពេញចិត្ត​នឹង​រួមរស់​តទៅទៀត ​ជាមួយ​សមាជិក​ផ្សេង ​អញ្ជើញ​អង់គ្លេស ​រៀបចំ​ខ្លួន​ចេញ​ឲ្យ​បាន​ឆាប់​ជា​ទីបំផុត ​ ដើម្បី​ឲ្យ​អឺរ៉ុប​គេ​រៀបចំ​បោស​សម្អាត​ផ្ទះ។

ដូចគ្នា​ដែរ ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ពី​គោលជំហរ​គាត់​ថា ​ អឺរ៉ុប​ គ្មាន​ពេល​វេលា​មក​ខាត​ជា​មួយ​អង់គ្លេស ​ដោយ​ត្រូវ​នៅ​កក​ស្ទះ​ទន្ទឹង​រងចាំ​នោះ​ទេ។ អង់គ្លេស​ខ្លួនឯង ​ជាអ្នក​សម្រេច​ថា​ដើរ​ចេញ ​ដូច្នេះ ​គួរតែ​ដឹង​ពី​ផលវិបាក ​និង​លទ្ធផល​នៃ​ការ​សម្រេចចិត្ត​របស់​ខ្លួន​ហើយ ​ ហើយ​មិន​ត្រូវ​បង្អែរបង្អង់ ​ថាត្រូវ​ចាំ​នេះ​ចាំនោះ​ទៀត​ទេ។

តែ​បើ​យើង​គិត​ទៅ ​ការ​និយាយ​បែប​នេះ ​ ​ក៏​ដោយសារ​តែ​ភ្លាមៗ ​នរណាក៏​មាន​កូនចិត្ត​ខឹង ​អន់ចិត្ត​នឹង​ជម្រើស​របស់​ប្រជាជន​អង់គ្លេស​ដែរ។ តែបើ​យើង​ក្រលេក​មើល​ឲ្យ​បាន​វែងឆ្ងាយ ​ និង​និយាយ​ទៅ​តាម​អ្វីដែល​មាន​ចែង​ក្នុង​មាត្រា៥០ ​គឺ​គេពិត​ជា​គ្មាន​ជំរើស​ផ្សេងទេ ​ព្រោះថា ​មាន​តែ​អង់គ្លេស​ម្នាក់​ឯង​គត់ ​ដែល​មាន​សិទ្ធិ​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន។ គ្មាន​នរណា​ម្នាក់​មក​បង្ខំ​អង់គ្លេស​បាន​ទេ។

លោកស្រី ​មែគែល​ ថា​ មិន​ត្រូវ​បង្ខំ​ អង់គ្លេស​ពេក​ទេ៖
ក្នុង​ន័យនេះ​ គោល​ជំហរ​របស់​លោកស្រី​អង់ហ្គេឡា មែគែល​ ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ​គឺ​មាន​លក្ខណៈ​កណ្តាល​ជាង ​ដោយ​លោកស្រី​សំណូមពរ​សហភាព​អឺរ៉ុប​ថា ​កុំអាល​បង្ខំ​ រឺ​ដាក់​សំពាធ​ទៅ​លើ​អង់គ្លេស​ ក្នុង​ពេល​នេះ​ពេក។ ការចាប់​ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន​ ត្រូវតែ​ធ្វើ​ទៅ ​ដោយ​សម្រួល។

កាលៈទេសៈ​នេះ​ ​អង់គ្លេស​កំពុងតែ​ដាំក្បាល​ធ្លាក់​ចូល​រណ្តៅ ​ទាំង​សេដ្ឋកិច្ច​ទាំង​នយោបាយ។ គណបក្ស​នយោបាយ ​ឈ្លោះ​ប្រកែកគ្នា ​បន្ទោសគ្នា​ ហើយ​នាំគ្នា​ដើរ​ចេញ​ពី​តំណែង​ជា​បន្ត​បន្ទាប់។ ដូច្នេះ ​ក្នុង​ពេល​នេះ​គេ​គួរ​ទុក​ឱកាស​ឲ្យ​អង់គ្លេស ​បាន​ស្ងប់​បន្តិច ​មុននឹង​ចាប់ផ្តើម​ធ្វើ​នីតិវិធី​ផ្តាច់​ខ្លួន។ មាន​អ្នក​ការទូត​ខ្លះ​ ហ៊ាន​ដល់ទៅ​សង្ឃឹម​ទៀត​ថា ​បើ​ទុកពេល​បន្តិច ​ អង់គ្លេស​អាច​នឹង​ដឹង​កំហុស​ខ្លួន ​ហើយ​ស្រួល​មិនស្រួល​អាច​នឹង​ចាត់ទុក​ជា​មោឃៈ​ នូវ​លទ្ធផល​ប្រជាមតិ​របស់​ខ្លួន ​ក៏​ថា​បាន។

ជំនួបកំពូល​អឺរ៉ុប​បន្ទាន់ ​ ដើម្បី​ពិភាក្សា​ពី​នីតិវិធី​ចរចា​ជាមួយ​អង់គ្លេស៖
គ្មាន​នរណា​សង្ឃឹម​ថា ​លោក​ដាវីដ ខាមឺរ៉ុន​ នឹង​ជូន​ដំណឹង​ជាផ្លូវការ​ទៅ​សហភាព​អឺរ៉ុប​ ដើម្បី​ចាប់ផ្តើម​នីតិវិធី​ផ្តាច់ខ្លួន ​ នាពេល​នេះទេ។ ប្រហែល​គាត់​ គ្រាន់តែ​ធ្វើការ​ផ្តល់​ដំណឹង​ពី​លទ្ធផល​ផ្លូវការ​ នៃ​ប្រជាមតិ ​ ទៅ​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ។

ចំណុច​មួយទៀត ​ដែល​នៅ​មិន​ច្បាស់​គឺ​ ថា​តើ​គេ​ត្រូ​វ​ជជែក​ចរចា​ជាមួយ​អង់គ្លេស ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​អង់គ្លេស​និង​អឺរ៉ុប ​ក្នុង​ពេល​ជាមួយ​គ្នា ​នឹង​កិច្ច​ព្រមព្រៀង​ផ្តាច់ខ្លួន​រឺ​យ៉ាងណា? ​ត្រង់​ចំណុច​នេះ​ មិនត្រឹម​តែ​អង់គ្លេស​ទេ​ដែល​ត្រូវការ​ពេល​វេលា ​ផ្ទុយទៅ​វិញ​សហភាព​អឺរ៉ុប​ ​ក៏ត្រូវ​ការ​ពេល​វេលា​ដែរ​ ដើម្បី​ជជែក​គ្នា​ផ្ទៃក្នុង។

ការ​ផ្តាច់ខ្លួន​របស់​អង់គ្លេស​មាន​ភាព​ស្មុគស្មាញ ​ដោយសារ​វា​ជាប់​ពាក់ព័ន្ធ​ចាក់ស្រែស ​ទាំង​អស់​នៅក្នុង​បទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់​សហភាព​អឺរ៉ុប​ ដែល​អនុវត្ត​ទូទាំង​អឺរ៉ុប។ មានន័យ​ថា ​វា​ទាក់ទង​ទាំងអស់ ​ទៅដល់​ជំនួញ ​កិច្ច​សន្យា​នានា ​ការ​វិនិយោគ ​ចរាចរណ៍​របស់​ប្រជាជន ​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត ​រវាង​ប្រទេស​អង់គ្លេស ​និង​ប្រទេស​សមាជិក​ផ្សេងទៀត​នៃ​សហភាព​អឺរ៉ុប​ ហើយ​រវាង​អង់គ្លេស ​និង​ប្រទេស​ផ្សេងទៀត​ ដូចជា​សហរដ្ឋ​អាមេរិក​ជាដើម ​ដែល​កន្លង​មក​គឺ​ធ្វើ​ក្នុង​ក្របខណ្ឌ​ច្បាប់​របស់​សហភាព​អឺរ៉ុប។

ដូច្នេះ​ហើយ ​បានជា​លោក​ចន ឃែរី ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​បាន​អញ្ជើញ​មក​ដល់​ក្រុង​ព្រុចសែល ​នៅថ្ងៃ​ចន្ទ​ ទី២៧ មិថុនា ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស្មុគស្មាញ​ទាំងនេះ។ លោក​ចន ឃែរី ​នឹង​ទៅ​ទីក្រុង​ឡុង​នៅល្ងាច​ថ្ងៃ​ចន្ទ​ ដើម្បី​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​អង់គ្លេស។

កាលៈទេសៈ​នេះ ​អឺរ៉ុប​ ត្រូវតែ​ប្រកាន់​គោល​ជំហរ​មួយ​ឲ្យ​មាំ​ រួ​មគ្នា​សម្លេង​តែមួយ ​ដើម្បី​ប្រឈមមុខ​នឹង​អង់គ្លេស។ បើ​ទុកយូរ​ អឺរ៉ុប​ទាំង​២៧​ប្រទេស​ជា​អ្នក​ខាត​ ព្រោះ​ត្រូវ​នៅ​ទ្រឹង​រងចាំ។ អង់គ្លេស​ខ្លួន​ឯង​ ជាអ្នក​សម្រេច​ចិត្ត​ដើរចេញ ​ដូច្នេះ ​ល្អ​ ​រឺអាក្រក់ ​អង់គ្លេស ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន ​ មិន​ត្រូវ​អូស​ប្រទេស​ទាំង​២៧​ផ្សេងទៀត ​ ឲ្យ​នៅ​ហ្មងសៅ​ជាមួយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ