អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្រ្គាម​ប៉ាកកា ​ជុំវិញ អតីត​ប្រធានាធិបតី​បារាំង និង​ការជួញដូរ​ថ្នាំញៀន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​ប្រធានាធិបតី​បារាំង លោក​នីកូឡា សាកូហ្ស៊ី ដែល​សព្វថ្ងៃ​ជា​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង និង​ចង់​ដាក់​បេក្ខភាព​សម្រាប់​ការបោះ​ឆ្នោត ប្រធានាធិបតី នៅ​ឆ្នាំ​២០១៧ ធ្លាប់​ស្ថិត​នៅ​ក្នុង​បញ្ជី​ស៊ើបអង្កេត​របស់​ចៅក្រម បារាំង ក្នុង សំណុំរឿង​ជួញដូរ​ថ្នាំញៀន។ សង្រ្គាម​ប៉ាកកា នេះ​បាន​កើត​មានឡើង នៅ​ក្នុង​ពេល​ដែល​តុលាការ​បារាំង កំពុង​បើក​ការស៊ើបអង្កេត​ទៅ​ករណី​ជួញដូរ​ថ្នាំញៀន ដែល​មាន​ជនជាប់​សង្ស័យ ជាង ១០​នាក់ ដែលនៅក្នុង​នោះ មាន​ប្រធាន​ក្រុមហ៊ុន​ហោះហើរ​ឯកជន និង​ អ្នកបើកបរ​យន្តហោះ​បារាំង។ 

លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង និង​ជា​ប្រធាន​បក្ស​ប្រឆាំងនាំមុខ​ នៅ​បារាំង
លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង និង​ជា​ប្រធាន​បក្ស​ប្រឆាំងនាំមុខ​ នៅ​បារាំង REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

អតីត​ប្រធានាធិបតី​បារាំង លោក​នីកូឡា សាកូហ្ស៊ី ក្រេវក្រោធ​យ៉ាងខ្លាំង បន្ទាប់​ពី​កាសែត​បារាំង បាន​ចុះ​ផ្សាយ នៅ​ចុងសប្តាហ៍​មុន​ថា ឈ្មោះ​របស់​លោក​មាន​នៅក្នុង​បញ្ជី​របស់​ចៅក្រម ដែល​កំពុង​ស៊ើបអង្កេត​ទៅលើ​ករណី​ជួញដូរ​គ្រឿងញៀន​របស់​អ្នកបើកបរ​យន្តហោះ​បារាំង។ តាម​កាសែត បារាំង JDD ចៅក្រម​ធ្លាប់​ដាក់​ការសង្ស័យ​ទៅលើ​អតីត​ប្រធានាធិបតី​បារាំង នៅក្នុង​រឿង​ជួញដូរ​ថ្នាំញៀន។ ចៅក្រម​កើតការសង្ស័យ ព្រោះថា យន្តហោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​គ្រឿងញៀន ជា​យន្តហោះ ឯកជន Jet Privé របស់​ក្រុមហ៊ុន​ដែល​លោក​​នីកូឡា សាកូហ្ស៊ី តែងតែ​ជិះ ធ្វើ​ដំណើរ ជាញឹកញយ។

 
សូមបញ្ជាក់​ថា តុលាការ​បារាំង បាន​បើក​ការស៊ើបអង្កេត កាលពី​ឆ្នាំ ២០១៣ នៅ​ខណៈពេល​ដែល​អាជ្ញាធរ​របស់​សាធារណរដ្ឋ​ដូមីនីក​បាន​រកឃើញ មាន​គ្រឿងញៀន​កូកាអ៊ីន ជិត ៧០០គីឡូក្រាម នៅលើ​យន្តហោះ​ឯកជន របស់​ក្រុមហ៊ុន​បារាំង។ អ្នកបើកបរ​បារាំង​បួននាក់​ត្រូវ​បាន​ចាប់ និង​ជំនុំជម្រះ​ដោយ​តុលាការ​ដូមីនីក ប៉ុន្តែ អ្នកបើកបរ​ពីរនាក់ បាន​គេចខ្លួន និង​អាច​ធ្វើដំណើរ​មក​ប្រទេស​បារាំង វិញ ដោយសារ មាន​ជំនួយ អន្តរាគមន៍​ពី​អ្នកនយោបាយ​បារាំង ដែល​មក​ពី​គណបក្ស​ស្តាំ​និយមជ្រុល។ នៅក្នុង​ប្រទេស​បារាំង អ្នកបើកបរ​យន្តហោះ​ទាំងពីរ​រូប​ត្រូវ​ប្រឈម​នឹង​តុលាការ​បារាំង ដែល​បើក​ការស៊ើបអង្កេត​ប្រឆាំង​នឹង​មនុស្ស​ជិត​១០​នាក់​ផ្សេងទៀត នៅក្នុង​រឿង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់។

អត្ថបទ​អង្កេត​របស់​កាសែត​បារាំង JDD បាន​លើកឡើង​ថា ចៅក្រម​ខេត្ត​ម៉ាសីយ ដែល​ទទួល​បន្ទុក​ការស៊ើបអង្កេត ធ្លាប់​បាន​ប្រាប់​ទៅ​ប៉ូលិស​ឲ្យ​កំណត់​ទីតាំង​ភូមិសាស្រ្ត​ ហើយ​និង​ស្តាប់​ការសន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​នីកូឡា សាកូហ្ស៊ី នៅក្នុង​ចន្លោះ​ខែ​មីនា ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៤។ ចៅក្រម​បារាំង អាច​បើក​ការស៊ើបអង្កេត​លើ​លោក​នីកូឡា សាកូហ្ស៊ី ក៏​ដោយ​មកពី​លោក​លែង​មាន​តំណែង​ជា​ប្រធានាធិបតី​បារាំង​តទៅទៀត។

ការស៊ើបអង្កេត​របស់​ចៅក្រម​មិន​បាន​រកឃើញ​អ្វី ទេ ពោល គឺ​លោក​នីកូឡា សាកូហ្ស៊ី គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន ដូច​ការសង្ស័យ។ បន្ទាប់មក ដោយ​មើល​ទៅលើ​ក្រយៅ​របស់​លោក​នីកូឡា សាកូហ្ស៊ី ចៅក្រម​ក៏​បាន​ប្តូរ​ងាក​មក​ស៊ើបអង្កេត​លើ​រឿង​ដែល​លោក​នីកូឡា សាកូហ្ស៊ី អាច​កេង​ចំណេញ ប្រយោជន៍​ពី​អ្នកដទៃ ដោយសារ​តែ​ខ្លួន​ជា​អ្នកនយោបាយ។

នៅ​ចុងបញ្ចប់ ចៅក្រម​ដែល​គ្មាន​រកឃើញ បន្ទុក ក៏​បាន​បោះបង់ លែង​ស៊ើបអង្កេត​ទៅលើ​អតីត​ប្រធានាធិបតី​បារាំង ក្នុង​សំណុំរឿង ដែល​មាន​ឈ្មោះ​ថា Air Cocaïne ឬ​ការប្រើ​យន្តហោះ ឯកជន សម្រាប់​ជួញដូរ​ថ្នាំញៀន។

លោក​នីកូឡា សាកូហ្ស៊ី​លែង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស៊ើបអង្កេត​របស់​ចៅក្រម ហើយ​រឿងរ៉ាវ​ក៏​បាន​កន្លង​ផុត​ទៅ តាំងពី​ឆ្នាំ២០១៤ មែន ប៉ុន្តែ អតីត​ប្រធានាធិបតី​បារាំង​បាន​ចាប់ ខឹង ឆេះដុំ ដោយសារ​ការចុះផ្សាយ​របស់​កាសែត។ លោក​បាន​ចាត់ទុក​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបអង្កេត​ថា ជា​ការប្រមាថ រើសអើង មើល​ងាយ​កិត្តិយស​របស់​លោក។ សម្រាប់​អតីត​ប្រធានាធិបតី​បារាំង ការបញ្ជា​ឲ្យ​ស៊ើបអង្កេត​លើ​រូប​លោក ដែល​ជា​ប្រធាន​បក្ស​ប្រឆាំង គឺ​មាន​ចេញ​មក​ពី​ថ្នាក់​ដឹកនាំ​កំពូល​បារាំង​តែម្តង។ តាម​លោក​នីកូឡា សាកូហ្ស៊ី មេធាវី​របស់​លោក​នឹង​ដាក់​សំបុត្រ​ទៅ​អាយ្យការ​ក្រុង​ម៉ាសីយ៍​ដើម្បី​ឲ្យ​ពន្យល់​បកស្រាយ​ពី​ដំណើរការ​និតិវិធី ដែល​ធ្វើ​ឲ្យ​ឈ្មោះ​របស់​លោក​ជាប់ក្នុង​បញ្ជី​ស៊ើបអង្កេត​របស់​ចៅក្រម​នោះ។

អតីត​ប្រធានាធិបតី ហើយ​និង​តុលាការ​បារាំង មិនមែន​ជា​រឿង​ថ្មី។ ដូចពាក្យ​គេ​ថា អ្នកឈ្នះ មុខ​ខ្លាញ់ អ្នកចាញ់​មុខផេះ។ គ្រាន់​តែ​អស់​តំណែង​ជា​ប្រធានាធិបតី​បារាំង នៅ​ឆ្នាំ ២០១២ លោក​នីកូឡា សាកូហ្ស៊ី បានជាប់​ជំពាក់​វាក់វិន ជាបន្តបន្ទាប់ នឹង​រឿងក្តីក្តាំ​របស់​តុលាការ​បារាំង។

បច្ចុប្បន្ន​នេះ តុលាការ​បារាំង​កំពុង​ស៊ើបអង្កេត​លើ​សំណុំរឿង​ពីរ ដែល​នៅក្នុង​នោះ គេ​សង្ស័យ​ថា លោក​នីកូឡា សាកូហ្ស៊ី បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ នៅក្នុង​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោក​នីកូឡា សាកូហ្ស៊ី ត្រូវ​បាន​តុលាការ​ចោទប្រកាន់​រួចហើយ​ដែរ ពី​ការប្រើ​ឥទ្ធិពល​របស់លោក ក្នុង​ពេល​ជា​ប្រធានាធិបតី ដើម្បី​ចង់​ដឹង​ការស៊ើបអង្កេត​របស់​ចៅក្រម ទៅលើ​សំណុំរឿង រំលោភ​ភាពទន់ខ្សោយ របស់​មហាសេដ្ឋីនី បារាំង Liliane Bettencourt ដែលអាច​មាន​ឈ្មោះ​របស់លោក​ជាប់​ពាក់ព័ន្ធ។

លោក​នីកូឡា សាកូហ្ស៊ី ប្រធាន​បក្សប្រឆាំង ដែល​ចង់​ត្រលប់​ទៅ​ក្លាយ​ជា​ប្រធានាធិបតី​បារាំង​ជា​ថ្មី កំពុង​ធ្វើយុទ្ធនាការ​ឃោសនា ជា​ច្រើន ដើម្បី ប្រឆាំង​ រិះគន់​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ សំណុំរឿង ក្តីក្តាំ​របស់​តុលាការ ដែល​រុំព័ទ្ធ​ជុំជិត លោក​នីកូឡា សាកូហ្ស៊ី យ៉ាងដូច្នេះ នឹង​អាច​ធ្វើ​ឲ្យ​មហិច្ឆតា​របស់​សាកូហ្ស៊ី​ត្រូវ​រលាយ​ដូចផ្សែង។

តាម​អ្នកវិភាគ​ខ្លះ អតីត​ប្រធានាធិបតី​បារាំង កំពុង​ដើរគ្រប់​យុទ្ធសាស្រ្ត ដើម្បី​ធ្វើ​យ៉ាងណា​ពន្យារពេល កុំ​ឲ្យ​មាន​ការបើក​សវនការ​ប្រឆាំង​នឹង​លោក នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៧។ ក្នុង​ករណី​ដែល​គ្មាន​សវនការ ហើយ​លោក​នីកូឡា សាកូហ្ស៊ី អាច​ជាប់ឆ្នោត ជាថ្មី ធ្វើ​ជា​ប្រធានាធិបតី​បារាំង នោះ ចៅក្រម​បារាំង​ត្រូវ​រង់ចាំ​ដល់​ទៅ ៥ ឆ្នាំ ក្រោយ គឺ​ឆ្នាំ ២០២២ ដើម្បី អាច​ត្រលប់​មក​ចាត់ការ​ជា​ថ្មី ព្រោះថា ក្នុង​នាម​ជា​ប្រធានាធិបតី លោក​នីកូឡា សាកូហ្ស៊ី​នឹង​ទទួល​បាន​អភ័យ​ឯកសិទ្ធិ ស្របច្បាប់ ដែល​សូម្បី​តុលាការ មិនអាច​ប៉ះពាល់​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ