អានតួអត្ថបទ
បារាំង

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃសម័យ​លោក​នីកូឡា សាកូហ្ស៊ី​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ជា​ថ្មី

ជា​មនុស្ស​ជំនិត របស់​អតីត​ប្រធានាធិបតី​បារាំង លោក នីកូឡា សាកូហ្ស៊ី និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ក្លូត ហ្គេអង់ (Claude Guéant) ត្រូវ​បាន​ប៉ូលិស បន្ត​ឃាត់​ខ្លួន​សួរ​ចម្លើយ​ រយៈពេល​២៤​ម៉ោង​បន្ថែម​ទៀត ក្នុង​បទ​សង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​ដោយ​ខុស​ច្បាប់​ពី​មេ​ដឹកនាំ​លីប៊ី កាដាហ្វ៊ី ដើម្បី​ចាយ​វាយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០០៧។

លោក Claude Guéant អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ក្នុង​បន្ទប់​ថត​វិទ្យុ​បារាំង​អន្តរជាតិ
លោក Claude Guéant អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ក្នុង​បន្ទប់​ថត​វិទ្យុ​បារាំង​អន្តរជាតិ RFI
ផ្សាយពាណិជ្ជកម្ម

ដៃ​ស្តាំ​របស់លោក នីកូឡា សាកូហ្ស៊ី ​អតីត​ប្រធានាធិបតី​បារាំង​  ត្រូវ​បាន​ប៉ូលិស​ឃាត់​​ខ្លួន​យក​មក​សួរ​ចម្លើយ​តាំង​ពី​ព្រហាម​ថ្ងៃ​សុក្រ​ទី ៦​មីនា។ លោក ក្លូត​ហ្គេអង់ អាច​នឹង​ត្រូវ​ឃាត់​ទុក​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ ពីរ​ថ្ងៃ​ទៀត មុន​​ត្រូវ​ដោះលែង​​វិញ​ឬ​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើប​អង្កេត។

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ (មេប៉ូលិស) ត្រូវ​ឆ្លើយ​បំភ្លឺ​ប៉ូលិស​អំពី​ប្រភព​លុយ​៥០​ម៉ឺន​អឺរ៉ូ ដែល​លោក​បាន​ទទួលពីបរទេស ចូល​​ក្នុង​គណនី កាលពី​ខែ​មីនា ២០០៨។

លោក​ហ្គេអង់ តាំង​ពីដំបូង​ភ្លាមថា លុយ​នេះ​បាន​មក​ពី ការ​លក់​ផ្ទាំង​គំនូរ​ ទៅ​ឱ្យ​មេធាវី​ម្នាក់​ជា​មិត្ត​នៅ​អាស៊ី។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ផ្ទាំង​គំនូរ​ជា​ស្នាដៃ​វិចិត្រករ​ជាតិ​ហូឡង់ មាន​តម្លៃ​ពិត​ត្រឹម​ជាង​មួយ​ម៉ឺន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។​ ហើយ​ម្យ៉ាង​ទៀត លោក​អតីត​រដ្ឋមន្ត្រីមាន​បណ្ណ​អនុញ្ញាតិ​ឱ្យ​លក់​ដូរ​គំនូរ​ទៅ​បរទេស តែ​តាមការ​ពិត​លោក​​មិន​បានទាំង​​សុំ​សិទ្ធិ​​លក់​ពី​ក្រសួង​វប្បធម៌​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​អង្កេត​សង្ស័យ​ថា ការ​លក់​ដូរ​នេះ គ្រាន់​តែ​ជា​ប្រើ​អស័យដ្ឋាន​ធនាគារ​ដើម្បី​បិទ​បាំង​ការ​​ទទួល​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។

បទ​ចោទ​ប្រកាន់​សង្ស័យ​អំពី​ការ​ទទួល​លុយ​ខុស​ច្បាប់​ ពី​មេ​ដឹកនាំ​លីប៊ី​កាដាហ្វ៊ី សម្រាប់​ចាយ​វាយ​ឃោសនា​បោះឆ្នោត​​ឆ្នាំ​២០០៧ឱ្យ​បេក្ខជន​​ប្រធានាធិបតីនីកូឡាសាកូហ្ស៊ី ត្រូវ​បាន​គាស់​កកាយ​ឡើង​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ជុំ​ទី​ពីរ ឆ្នាំ​២០១២។ ប្រភព​សារព័ត៌មាន​ដ៏​ល្បី​មួយ​របស់​បារាំង​បាន​ផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​រវាង​អតីត​មេដឹកនាំ​លីប៊ី​កាដាហ្វ៊ី និង​លោក​នីកូឡាសាកូហ្សី។ តែ​អតីត​ប្រធានាធិបតី​បារាំង​រូប​នេះ បដិសេធ​និង​ថា​ជា​ឯកសារ​ក្លែងក្លាយ។ យ៉ាង​ណា​ក៏​ដោយ​ ក៏​ផ្តើម​អង្កេត​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៣​មក ពី​បទ​ “ពុករលួយ​សកម្ម​និង​អសកម្ម” និង​ប្រើ​ឥទ្ធិពល។

នេះ​គឺ​ជា​លើក​ទី​បី​ហើយ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​សួរ​ចម្លើយ​ដូច្នេះ។ លើក​ទី​មួយ​ នៅ​ចុង​ឆ្នាំ២០១៣ បន្ទាប់​ពី​រក​ឃើញ​ប្រភព​ចំណូល​គួរ​ឱ្យ​សង្ស័យ​ ជា​ប្រាក់​សុទ្ធ​ នៅ​ពេលកាន់​តំណែង​ជា​រដ្ឋមន្ត្រី និង​លើកទីពីរ​នៅ​ខែ​ឧសភា​២០១៤ ក្នុង​សំណុំ​រឿង​ធ្វើ​ជា​អាជ្ញាកណ្តាល​កាត់​ក្តី​ឱ្យ​ពាណិជ្ជករ​បារាំង​Bernard Tapie​និង​ធនាគារCrédit Lyonnais៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ