អានតួអត្ថបទ
ស្វ៊ីស-បារាំង

បន្ទាប់​ពី​បញ្ឈរ​ជើង​ដោយ Fifa លោក Michel Platini និង​លោក Joseph Blatter ព្រមាន​ប្តឹង​ទៅ​តុលាការ

នៅ​ថ្ងៃ​ចន្ទ ទី២១ ធ្នូ លោក Michel Platini ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប និង​លោក Joseph Blatter អតីត​ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា Fifa បាន​ព្រមាន​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​សីលធម៌​របស់ Fifa។ គណៈកម្មការ​សីលធម៌​របស់ Fifa ដែល​បាន​សម្រេច​ព្យួរ​ជើង​លោក Platini និង​លោក Blatter មិន​ឲ្យ​ធ្វើ​សកម្មភាព​ផ្នែក​កីឡាបាល់ទាត់​រយៈពេល ៨ឆ្នាំ។ ទន្ទឹម​គ្នា​នេះ លោក Michel Platini និង​លោក Joseph Blatter ក៏​ត្រូវ​បាន​គណៈកម្មការ​សីលធម៌​របស់ Fifa តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​ផង​ដែរ។

លោក Joseph Blatter (រូបស្តាំ) អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក និង​​លោក Michel Platini ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប
លោក Joseph Blatter (រូបស្តាំ) អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក និង​​លោក Michel Platini ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប REUTERS/Ruben Sprich/Files TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ប្រាក់ពិន័យ​សម្រាប់​លោក Platini គឺ ៧៤ ០០០អឺរ៉ូ រីឯ​សម្រាប់​លោក Blatter គឺ ៤៦ ០០០អឺរ៉ូ។ អ្វី​ដែល​តុលាការ​ផ្ទៃក្នុង​របស់ Fifa បាន​ចោទ​ប្រកាន់​លោក Michel Platini និង​លោក Joseph Blatter មិន​មាន​ទាក់ទង​នឹង​រឿង​អាស្រូវ​ពុករលួយ​ទេ តែ​ទាក់ទង​នឹង​ការ​រំលោភ​អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ការ​គ្រប់គ្រង​មិន​ស្មោះត្រង់។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​សីលធម៌ Fifa លោក Michel Platini និង​លោក Joseph Blatter ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ចាស់​ដៃ​ដែរ។

នៅ​ក្នុង​សន្និសីទកាសែត​មួយ លោក Blatter ដែល​ថ្លែង​ជា​ភាសា​អង់គ្លេស​ផង បារាំង​ផង និង​អេស្ប៉ាញ​ផង​បាន​បរិហារ​លើ​គណៈកម្មការ​សីលធម៌ Fifa ដែល​លោក​យល់​ថា គ្មាន​សិទ្ធិអំណាច​អ្វី​មក​កាត់​ទោស​លោក​ឡើយ និង​ថា លោក​នឹង​តស៊ូ​ប្រយុទ្ធ​ដើម្បី​រូប​លោក និង​ដើម្បី Fifa ដែល​លោក​បាន​បម្រើការ​អស់​រយៈពេល​ជាង ៤០ឆ្នាំ។ ទន្ទឹម​គ្នា​នេះ លោក Blatter ដែល​មាន​អាយុ ៧៩ឆ្នាំ​ក៏​គ្រោង​នឹង​ប្តឹង​គណៈកម្មការ​សីលធម៌ Fifa វិញ​ដែរ ហើយ​បន្ត​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា​ទៀត​ប្រសិន​បើ​ចាំ​បាច់។

ទាក់ទង​នឹង​លោក Michel Platini លោក​បាន​ចេញ​មុខ​បរិហារ ព្រម​ទាំង​ចាត់​ទុក​សេចក្តីសម្រេច​ចិត្ត​របស់​គណៈកម្មការ​សីលធម៌ Fifa ថា​ជា​ឆាកល្ខោន​នយោបាយ​មួយ​ដែល​បាន​រៀបចំ​ទុក​ជា​មុន​ដើម្បី​បំផ្លាញ​កិត្តិយស​លោក និង​ថា លោក​នឹង​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា និង​តុលាការ​ស៊ីវិល​ដើម្បី​ទាមទារ​សំណង​ជម្ងឺចិត្ត​ដែល​លោក​បាន​ទទួល។ គួរ​ជម្រាប​ជូន​ថា ផលវិបាក​ដែល​ជះ​លើ​លោក Blatter និង​លោក Platini គឺ​មិន​ដូច​គ្នា​ទេ។ មាន​អាយុ ៦០ឆ្នាំ លោក Platini កំពុង​សម្លឹង​ឃើញ​កៅអី​ប្រធាន​សហព័ន្ធកីឡា​ពិភពលោក​ដែល​លោក Baltter បាន​ចុះចេញ​ដោយ​រឿង​អាស្រូវ​ពុករលួយ។

ថ្ងៃ​ទី២៦ មករា ឆ្នាំ ២០១៦ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បញ្ជូន​ឈ្មោះ​បេក្ខជន​ប្រធាន Fifa ទៅ​ឲ្យ​គណៈកម្មការ​បោះឆ្នោត Fifa ហើយ​ការ​បោះឆ្នោត​ជា​ផ្លូវការ​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃទី២៦ កុម្ភៈ។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​សម្រាប់​លោក Michel Platini ក្នុង​ការ​លាងសំអាត​រឿងអាស្រូវ​គ្រប់​យ៉ាង​នៅ​តុលាការ បើ​ពុំ​នោះ​សោត​ទេ សុបិន្ត​ចង់​ក្លាយ​ជា​ប្រធាន Fifa នឹង​បន្ត​ក្លាយ​ជា​សុបិន្ត​គ្មាន​ទីបញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ