អានតួអត្ថបទ
FIFA-ពុករលួយ

FIFA៖​តុលាការ​អាមេរិក ចេញ​របាយការណ៍​សារភាព​របស់ ​ស្ហាក់ ប្លាហ្ស៊ែរ ​រឿង​ពុក​រលួយ

ពីរ​ថ្ងៃ​បន្ទាប់់​ពី​លោក​ ប្លាធឺរ​ប្រធាន​សម្ព័ន្ធ​បាល់ទាត់​FIFA ​បាន​លាលែង​ចេញ​ពី​តំណែង ​តុលាការ​អាមេរិក ​ បាន​បញ្ចេញ​ជា​សាធារណៈ ​នូវ​ឯកសារ​សារភាព​របស់ លោក ​ស្ហាក់ ប្លាហ្ស៊ែរ​ ពី​សកម្មភាព​ពុក​រលួយ​ ស៊ី​សំណូក ​របស់​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ ​FIFA។ ការ​សារភាព​ទាំង​នេះ​ហើយ ​ ដែល​នាំឲ្យ​ឈាន​ទៅដល់ ​ការ​ចាប់​ខ្លួន ​ថ្នាក់​ដឹកនាំ​របស់​FIFA ​ចំនួន​១៤​នាក់ ​នៅ​ទីក្រុង​ហ្ស៊ុយរីឆ​ កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក ​ប្លាធឺរ ​អតីត​ប្រធាន​FIFA​ ក៏​មិន​ប្រាកដ​ថា​នឹង​រួច​ខ្លួន​ដែរ ​បើ​ទោះ​ជា​លោក​បាន​លាលែង​ពី​តំណែង​ក៏​ដោយ។

លោក ស្ហាក់ ប្លាហ្សែរ អតីត​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ FIFA ដែល​បាន​សារភាព​​ថា​​បាន​​ស៊ីសំណូក
លោក ស្ហាក់ ប្លាហ្សែរ អតីត​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ FIFA ដែល​បាន​សារភាព​​ថា​​បាន​​ស៊ីសំណូក AFP PHOTO / PETER KOHALMI
ផ្សាយពាណិជ្ជកម្ម

លោក​ ស្ហាក់ ប្លាហ្សែរ ​អតី​សមាជិក​ម្នាក់ ​ក្នុង​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់ FIFA ​ហើយ​ក៏​ធ្លាប់​ជា អតីត​អគ្គលេខាធិកា​សម្ព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ជើង​ និង​អាមេរិក​កណ្តាល​ ត្រូវ​បាន​ក្រុម ​FBI ​ធ្វើ​ការ​ចាប់​ខ្លួន​បាន ​និង​ចោទ​ប្រកាន់​ពី​បទ ​ស៊ីសំណូក ​លាង​លុយ​ក្រខ្វក់ ​និង​គេច​ពន្ធ​រដ្ឋ។ លោក ​ប្លាស្សែរ ​បាន​​សារភាព​ទាំង​ស្រុង​ ​ហើយ​បាន​សន្យា​សហការ ​ជាមួយ​អាជ្ញាធរ ​អាមេរិក ​ដើម្បី​ចាប់​មនុស្ស​ផ្សេងទៀត។ ជា​លទ្ធផល​ លោក​ ប្លាហ្សែរ ​អាច​នឹង​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ​ចំនួន​ពាក់​កណ្តាល។

ដោយសារ​ការ​សហការ​នេះ​ហើយ ​ទើប​តុលាការ​អាមេរិក ​បាន​ប្រមូល ​ភស្តុតាង​ជា​ច្រើន​ ដើម្បី​ដាក់​បន្ទុក​មនុស្ស​១៤​នាក់​ដែល​សុទ្ធសឹង​ជា​មនុស្ស​មាន​អំណាច​ក្នុង​ FIFA។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៤​មិថុនា​នេះ ​តុលាការ​អាមេរិក ​ទើប​បាន​បញ្ចេញ​ជា​សាធារណៈ​ នូវ​ឯកសារ​សារភាព​របស់ ​លោក ​ប្លាហ្ស៊ែរ ​ដែល​បាន​ធ្វើឡើង​កាល​ពី​ឆ្នាំ​២០១៣។

តាម​រយៈ​ឯកសារ​នេះ ​លោក ប្លាហ្ស៊ែរ ​បាន​សារភាព​ លោក​ព្រម​ទាំង​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​FIFA ​ជាច្រើន​នាក់​ផ្សេង​ទៀត ​មាន​ទម្លាប់​ទទួល​លុយ​សំណូក​ ជា​ច្រើន​លើក។ ជា​ឧទាហរណ៍ ​ដូច​ជា​ការ​ជ្រើសរើស​ប្រទេស​ ឲ្យ​រៀបចំ​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​១៩៩៨ ​ដែល​ប្រទេស​ម៉ារ៉ុក ​បាន​សូក​គណៈប្រតិភូ​FIFA ​ដើម្បី​ឲ្យ​បោះឆ្នោត​គាំទ្រ​ម៉ារ៉ុក។ តែទីបំផុត FIFA បានសម្រេចប្រគល់ទៅឲ្យបារាំង។

ដូចគ្នា​ដែរ ​ការ​បោះឆ្នោត ​ប្រគល់​ការ​រៀបចំ​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១០ ​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ក៏​មាន​ប្រឡាក់​ប្រឡូស ​នឹង​អំពើ​ស៊ីសំណូក​ដែរ ​ដែល​អាហ្វ្រិក​ខាងត្បូង​បាន​ចំណាយ​ប្រាក់​ចំនួន​​១០លាន​ដុល្លារ​ដើម្បី​សូក​សមាជិកFIFA។ ក្រៅ​ពីការ​ស៊ី​សំណូក ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ ដែល​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ​លោក ​ប្លាហ្ស៊ែរ ​បាន​សារភាព​ផងដែរ​ថា ​លោក​នឹង​សមាជិក​ដ៏ទៃ​ទៀត តែងតែ​ទទួល​សំណូក​មិន​ដែល​ខាន ​ក្នុង​ការ​សម្រេច​ប្រគល់​សិទ្ធិ​ផ្សព្វផ្សាយ​រូបភាព​បន្ត​ផ្ទាល់​​ នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា។

ការ​បញ្ចេញ​ឯកសារ​សារភាព​ជា​សាធារណៈ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ តុលាការ​អាមេរិក ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៅ​ដល់​មតិ​សាធារណៈ​ថា ​FIFA ​គឺ​ជា​សំបុក​ដែល​ខាងក្នុង​រលួយ​ ពោរ​ពេញ​ដោយ​ដង្កូវ ​ដែល​មនុស្ស​អ្នក​មាន​អំណាច​នៅ​ខាង​ក្នុង​នោះ ​ធ្វើអ្វី​បាន​តាម​តែ​ចិត្ត។ អ្នក​នាំ​ពាក្យ​ FBI ​សង្ឃឹម​ថា​មនុស្ស​ទាំង​១៤​នាក់​ ដែល​កំពុង​តែ​ជាប់​ចោទ​នេះ​ នឹង​ព្រម​សហការ​ ដើម្បី​ឈាន​ទៅ​ចាប់​មនុស្ស​ផ្សេងៗ​ទៀត។

ដោយ​ឡែក លោក សេប​ ប្លាធឺរ ប្រធានFIFA ដែលទើបតែលាលែងពីតំណែង ក៏​ជិត​ដល់​ថ្ងៃ​អន្សាល​ផងដែរ។ កាសែត​ញូយ៉កថាមស៍ ​បាន​រាយការណ៍​ថា ​លោក ប្លាធឺរ​ ក៏​កំពុង​ស្ថិត​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​របស់​តុលាការ​ដែរ។ ទូរទស្សន៍​ ABC​ ក៏​បាន​ផ្សព្វផ្សាយ​ផង​ដែរ ​ថា​ពេលនេះ ​ ការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ កំពុងតែ​ធ្វើ​ឡើង​លើ​រូបលោក​ ប្លាធឺរ ​និង​ដៃ​ស្តាំ​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ ​ហ្សេរ៉ូម វ៉ាល់ខឺ។ ប៉ូលីស​អន្តរជាតិ​ Interpol ​ក៏​បាន​ចេញ​សំណៅ​ តាម​ចាប់​មនុស្ស​មួយ​ចំនួន​ទៀត ​ដែល​ជាប់​ពាក់ព័ន្ធ ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ