បារាំងចុះកិច្ចសន្យាលក់គ្រឿងសព្វាវុធ តម្លៃ២,៥ ពាន់លានអឺរ៉ូ ទៅឲ្យកូវ៉ែត
តាមគម្រោង កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធបារាំង ក្នុងតម្លៃទឹកប្រាក់ ជាង ២ពាន់ លានអឺរ៉ូ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃពុធនេះ នៅក្រោមអធិបតីភាព របស់នាយករដ្ឋមន្រ្តីបារាំង និងនាយករដ្ឋមន្រ្តីកូវ៉ែត ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសបារាំង។ ជំនួញលក់អាវុធ របស់បារាំង បានឡើងកូដខ្លាំង ក្នុងកាលៈទេសៈដែល ប្រទេសអតិថិជនភាគច្រើន របស់បារាំង ស្ថិតនៅតំបន់ដើមបូព៌ា និងកំពុងប្រឈមនឹងការគំរាមកំហែង ពីក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៥
តាមរយៈ កិច្ចព្រមព្រៀង ដែលមានតម្លៃដល់ទៅជាង ២ពាន់លានអឺរ៉ូ រដ្ឋាភិបាលកូវ៉ែតចង់បានសព្វាវុធបារាំង ទៅបំពាក់ឲ្យកងទ័ពអាកាស ជើងគោក និងជើងទឹករបស់កូវ៉ែត។ តាមមន្រ្តីយោធា ដែលស្និទ្ធនឹងរដ្ឋមន្រ្តីការពារជាតិបារាំង ដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង នឹងផ្តោតទៅលើឧទ្ធម្ភាគចក្របារាំង។
កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលរបស់ប្រទេសសេដ្ឋីប្រេង កូវ៉ែតធ្លាប់បានបង្ហាញពីចេតនា ចង់បានឧទ្ធម្ភាគចក្រធុនធ្ងន់របស់បារាំង ឈ្មោះ Caracalចំនួន ២៤គ្រឿង។ ឧទ្ធម្ភាគចក្រ Caracal ដែលកងទ័ពពិសេសបារាំង ប្រើក្នុងប្រតិបត្តិការយោធា នៅបរទេស មានសមត្ថភាពជួយសង្រ្គោះ និងដឹកទាហានរហូតដល់២៨នាក់ សម្រាប់ចំងាយឆ្ងាយ។
ក្រៅតែពីឧទ្ធម្ភាគចក្រ កូវ៉ែតនៅចង់ទិញបន្ថែម រថពាសដែករបស់បារាំង និងចង់ឲ្យបារាំង ធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន។ កូវ៉ែតបានចូលរួមនៅក្នុងសម្ព័ន្ធអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម បន្ទាប់ពីកូវ៉ែតបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្មរបស់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។ នៅក្រោយ រងអំពើភេរវកម្មរបស់ក្រុមជីហាត ដែលបានសម្លាប់មនុស្ស២៧នាក់ កាលពីខែមិថុនា រដ្ឋាភិបាលកូវ៉ែតបានប្រកាសធ្វើសង្រ្គាមជាមួយពួកជីហាត។
តាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីបារាំង នៅក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការយោធា រវាងបារាំង និងកូវ៉ែត កិច្ចសន្យាលក់ទិញ គ្រឿងសព្វាវុធបារាំង នឹងត្រូវចុះ ហត្ថលេខា ដោយភាគីទាំងពីរ នៅពេលឆាប់ៗខាងមុខ។
អស្ថិរភាព និងសង្រ្គាមស៊ីវិល នៅតំបន់ដើមបូព៌ា បានធ្វើឲ្យបារាំង នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតីហ្វ្រង់ស័រ ហូឡង់ លក់ នាំចេញ គ្រឿងសព្វាវុធ បានច្រើន ជាងពេលណាៗទាំងអស់។ ក្នុងរវាងតែ៣ខែ នៅដើមឆ្នាំ ២០១៥ នេះ រដ្ឋាភិបាលបារាំង បានសម្រេច ចុះកិច្ចសន្យាលក់យន្តហោះចម្បាំងRafale ២៤គ្រឿង ទៅឲ្យប្រទេស អេហ្ស៊ីប និង២៤គ្រឿងផ្សេងទៀតទៅឲ្យប្រទេសកាតា។ ប្រទេសដែលទិញគ្រឿងសព្វាវុធបារាំងភាគច្រើន ជាអតិថិជនចាស់ៗ ដែលទើបបានបែរ ងាកចេញ ពីអាមេរិក។ ជាក់ស្តែង ដោយសារ អាមេរិកប្រកាសព្យួរជំនួយយោធា ដោយសាររដ្ឋប្រហារ កងទ័ពអេហ្ស៊ីប បានសម្រេចទិញ យន្តហោះ និងនាវាចម្បាំងពីបារាំង។ អារ៉ាប៊ី សាអូឌីត និងកាតា ដែលអន់ចិត្ត នឹងអាមេរិក ដោយសារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងការស្ទាក់ស្ទើររបស់អាមេរិក មិនធ្វើអន្តរាគមន៍យោធា នៅស៊ីរី ក៏បានងាកមកចរចា ទិញគ្រឿងសព្វាវុធរបស់បារាំងដែរ។
ក្នុងរយៈពេល ២ឆ្នាំ ការបញ្ជាទិញសព្វាវុធបារាំង បានកើនឡើង ទ្វេដង ពី៤,៨ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១២ ទៅដល់ ៨,២ ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១៤។ ចំណូលបានមកពីការលក់អាវុធចេញទៅបរទេសបានកើនឡើង ជាង ១២ពាន់លានអឺរ៉ូនៅដើមឆ្នាំ ២០១៥។ ប្រសិនបើចំនួននេះនៅថេរ នោះ គេរំពឹងថា បារាំង ដែលជាប់ចំណាត់ថ្នាក់ លេខ៤ ក្នុងពិភពលោក ក្រោយប្រទេសចិន ខាងលក់អាវុធទៅបរទេស នឹងអាចវ៉ា យកតំណែងរបស់រុស្ស៊ី។ ប៉ុន្តែ យ៉ាងណាក៏ដោយ បារាំង នៅតែស្ថិតនៅក្រោយសហរដ្ឋអាមេរិក ដែលក្នុងមួយឆ្នាំៗ អាចរកចំណូលប្រមាណ ពី៥៣ ទៅ ៧១ពាន់លានអឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ