អានតួអត្ថបទ
បារំាង-អេហ្ស៊ីប

អេហ្ស៊ីប​យល់ព្រម​ទិញ​នាវាចម្បំាង​បារំាង​មីស្ត្រាល់​ដែល​រុស្ស៊ី​លែង​ចង់​បាន

នៅ​ក្នុង​ប្រទេស​បារំាង វិមាន​ប្រធានាធិបតី​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ ទី២៣ កញ្ញា​ថា ប្រទេស​អេហ្ស៊ីប​បាន​យល់ព្រម​ជា​គោលការណ៍​ក្នុង​ការ​ទិញ​យក​នាវាចម្បំាង​មីស្ត្រាល់ (Mistral) ទំាង​ពីរ​គ្រឿង​ដែល​ប្រទេស​រុស្ស៊ី​បាន​សម្រេច​ឈប់​យក​វិញ។ គួរ​រម្លឹក​ជូន​ថា​តាម​គម្រោង នាវាចម្បំាង​បារំាង​មីស្ត្រាល់​ទំាង​ពីរ​គ្រឿង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រុស្ស៊ី​ដែល​ជា​អ្នក​កម្ម៉ង់ទិញ តែ​ដោយសារ​ការ​លូកដៃ​របស់​រុស្ស៊ី​ទៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន បារំាង​ក៏​បាន​ផ្អាក​ការ​បញ្ជូន​ទៅ​ឲ្យ​រុស្ស៊ី និង​ដែល​នៅ​ទីបំផុត រុស្ស៊ី​ក៏​បាន​សម្រេច​ឈប់​យក​មីស្រ្តាល់​ទំាង​ពីរ​គ្រឿង​នោះ​តែ​ម្តង។

នាវាចម្បំាង​បារំាង​មីស្រ្តាល់
នាវាចម្បំាង​បារំាង​មីស្រ្តាល់ Défense française
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ជា​គោលការណ៍​រវាង​បារំាង និង​អេហ្ស៊ីប​ក្នុង​ការ​លក់​នាវាចម្បំាង​មីស្រ្តាល់​ទំាង​ពីរ​គ្រឿង​ទៅ​ឲ្យ​អេហ្ស៊ីប​បាន​លេច​រូបរាង​ឡើង បន្ទាប់​ពី​មាន​កិច្ចសន្ទនា​រវាង​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​សមភាគី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​ម្ចាស់ដើម​កម្ម៉ង់​នាវាចម្បំាង​មីស្រ្តាល់​ទំាង​ពីរ​គ្រឿង​ឈប់​យក​វិញ​មក មាន​ប្រទេស​ចំនួន ៤​បាន​សម្លឹង​ចង់​បាន​នាវា​មីស្រ្តាល់​ទំាង​ពីរ​គ្រឿង​នោះ គឺ​កាណាដា ឥណ្ឌា សិង្ហបុរី និង​ប្រទេស​អេហ្ស៊ីប។ តែ​ក្នុង​ចំណោម​បេក្ខភាព​ទំាង ៤ប្រទេស​នោះ អេហ្ស៊ីប​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចង់​បាន​ខ្លំាង​ជាង​គេ។

លោក Stéphane Le Foll អ្នក​នំាពាក្យ​រដ្ឋាភិបាល​បារំាង​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នា​ថ្ងៃ​ពុធ ទី២៣ កញ្ញា​ថា ការ​ចរចា​ដែល​បាន​ចាប់​ផ្តើម​ជាមួយ​ប្រទេស​អេហ្ស៊ីប​កំពុង​ចម្រើន​ទៅ​មុខ​គួរ​ឲ្យ​កត់សម្គាល់។ អ្វី​ដែល​គេ​នៅ​មិន​ទាន់​ដឹង​នោះ​គឺ​ថា តើ​បារំាង​បាន​លក់​នាវា​មីស្រ្តាល់​ទំាង​ពីរ​គ្រឿង​ឲ្យ​អេហ្ស៊ីប​ក្នុង​តម្លៃ​ប៉ុន្មាន។ តែ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Le Foll បារំាង​អត់​ខាត​លុយ​ទេ និង​ថា កិច្ចចរចា​បាន​ធ្វើ​ឡើង​យ៉ាង​លំអិត និង​ដែល​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ខាង​មុខ។ បើ​ផ្អែក​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​កាសែត​មួយ​ចំនួន​ឲ្យ​ដឹង​ថា តម្លៃ​ដែល​បារំាង​បាន​យល់ព្រម​លក់​ឲ្យ​អេហ្ស៊ីប​ត្រូវ​បាន​អេហ្ស៊ីប​បញ្ជាក់​ថា ថ្លៃ​ជ្រុល។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា គឺ​កាល​ពី​ឆ្នំា ២០១១ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារំាង​សាកូហ្ស៊ី​ដែល​រុស្ស៊ី​បាន​កម្ម៉ង់​ឲ្យ​បារំាង​ផលិត​នាវាចម្បំាង​មីស្រ្តាល់​ចំនួន​ពីរ​គ្រឿង​ក្នុង​តម្លៃ​ប្រមាណ​ជា ១ ២០០លានអឺរ៉ូ។ តាម​គម្រោង បារំាង​ត្រូវ​បញ្ជូន​នាវា​មួយ​គ្រឿង​ដំបូង​ឲ្យ​រុស្ស៊ី​តំាង​ពី​ឆ្នំា ២០១៤ ម្ល៉េះ តែ​ដោយសារ​ការ​លូកដៃ​របស់​រុស្ស៊ី​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន បារំាង​ក៏​ផ្អាក​ការ​បញ្ជូន​ទៅ​ឲ្យ​រុស្ស៊ី។ ទីបំផុត រុស្ស៊ី​ក៏​បាន​សម្រេច​ឈប់​យក​នាវា​មីស្រ្តាល់​ទំាង​ពីរ​គ្រឿង​នោះ​វិញ។

បន្ទាប់​ពី​ចរចា​គ្នា​អស់​រយៈពេល ៨ខែ កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​ប៉ារីស និង​មូស្គូ​កាល​ពី​ថ្ងៃទី៥ សីហា​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ បារំាង​សុទ្ធ​ចិត្ត​ប្រគល់​ទៅ​ឲ្យ​រុស្ស៊ី​វិញ​នូវ​ទឹកប្រាក់​សឹង​តែ​ទំាង​អស់​ដែល​រុស្ស៊ី​បាន​កក់ ពោល​ជិត ១ ០០០លានអឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ