អានតួអត្ថបទ
បារាំង-អ៊ីរ៉ាក់

បារាំង​នឹង​បញ្ជូន​ទីប្រឹក្សា​យោធា​ទៅ​អ៊ីរ៉ាក់

ក្រោយ រង​ភេរវកម្ម​កណ្តាល​ក្រុង​ប៉ារីស រដ្ឋាភិបាល​បារាំង​បាន​ចាត់វិធានការ​ជាបន្តបន្ទាប់ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ភេរវនិយម ទាំងនៅ​ក្នុង និង​ក្រៅប្រទេស។ នៅថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​បើក​កិច្ចប្រជុំ​សម្ព័ន្ធ​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​មួយ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅទីក្រុង​ឡុងដ៍ ក្រសួងការពារ​ជាតិ​បារាំង​បាន​ប្រកាសថា បារាំង​នឹង​បញ្ជូន​ទីប្រឹក្សា​យោធា​ជាង ២០​នាក់​ទៅ​ប្រទេស​អ៊ីរ៉ាក់។ 

ដើម្បី​ប្រុយុទ្ធ​នឹង​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម កងទ័ព​គួដ​អ៊ីរ៉ាក់​បាន​ទទួល​ជំនួយ​អាវុធ និង​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្កាម​ពី​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំដោយ​អាមេរិក
ដើម្បី​ប្រុយុទ្ធ​នឹង​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម កងទ័ព​គួដ​អ៊ីរ៉ាក់​បាន​ទទួល​ជំនួយ​អាវុធ និង​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្កាម​ពី​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំដោយ​អាមេរិក ©REUTERS/Azad Lashkari
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​បារាំង វីរសេនីយ៍ Gilles Jaron​បាន​ថ្លែងថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ មន្រ្តីយោធា​បារំាង​នឹង​ចេញ​ដំណើរ​ទៅ​ទីក្រុង​បាកដាដ ទៅ​ធ្វើ​ជា​អ្នកប្រឹក្សា​ផ្តល់​យោបល់ ឲ្យ​កងពល​មួយ​របស់​អ៊ីរ៉ាក់។

 
ទីប្រឹក្សា​បារាំង​ជាង​២០​នាក់​នឹង​ធ្វើការ​ជាមួយ​មេបញ្ជាការ​កងពល ដើម្បី​រៀបចំ​ផែនការ និង​ត្រៀមយុទ្ធសាស្រ្ត​នៅមុន​ប្រតិបត្តិការ​យោធា ដែល​កងទ័ព​អ៊ីរ៉ាក់​ត្រូវ​ធ្វើ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​នៅក្នុង​សមរភូមិ។ តាម​អ្នកនាំពាក្យ​ខាងលើ វត្តមាន​របស់​ទីប្រឹក្សា​យោធា​បារាំង​នៅ​អ៊ីរ៉ាក់ ធ្វើឡើង​ដើម្បី​ជួយ​គាំទ្រ​ផ្នែក​យុទ្ធសាស្រ្ត​ដល់​មេដឹកនាំ​យោធា​អ៊ីរ៉ាក់ ប៉ុន្តែ មិនមែន​មានន័យថា ទាហាន​បារាំង​ចូលរួម​ប្រយុទ្ធដោយ​ផ្ទាល់ ប្រឆាំង​នឹង​ក្រុមជីហាត​នៅ អ៊ីរ៉ាក់​ទេ។

ទីក្រុង​ប៉ារីស​មាន​ការប្រុងប្រយ័ត្ន មិនសូវ​ជា​បញ្ចេញ​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​វត្តមាន​ទ័ពជើងគោក នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ទេ។ រហូតមកដល់​ពេលនេះ គេ​ដឹងថា បារាំង​មាន​កងកម្លាំង​ពិសេស​ឈរជើង​តិចជាង​១០០​នាក់ នៅក្នុង​ទឹកដី​អ៊ីរ៉ាក់។ បារាំង​ធ្លាប់​បាន​បញ្ជូន​អ្នកជំនាញ​យោធា​​របស់ខ្លួន​ជាង​១០​នាក់ ឲ្យ​ទៅ​បណ្តុះបណ្តាល​ទាហាន​គួដ អ៊ីរ៉ាក់ ឲ្យ​ចេះ​ប្រើ​កាំភ្លើង​យន្ត នៅក្នុង​តំបន់​Erbil។

ចាប់តាំងពី​ខែ​កញ្ញា​ឆ្នាំមុន យន្តហោះ​ចម្បាំង​បារាំង​បាន​ចូលរួម​ជាមួយ​យន្តហោះ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​អ៊ីរ៉ាក់ ប៉ុន្តែ មិន​បាន​បន្ត​ចូល​ទៅក្នុង​ទឹកដី​ស៊ីរី ដូច​អាមេរិក​ទេ។ កាលពីថ្ងៃ​អង្គារ ចូល​ដល់​ថ្ងៃ​ពុធ យន្តហោះ​ចម្បាំង​ដែល​បារាំង​មាន​១៥ ​គ្រឿង នៅ​មូលដ្ឋាន​ទ័ព ក្នុងហ្សកដានី និង​អេមីរ៉ា អារ៉ាប់​រួម បាន​ចូលរួម​ជាមួយ​យន្តហោះ​របស់​សម្ព័ន្ធអន្តរជាតិ វាយប្រហារ​លើ​គោលដៅ​សំខាន់ៗ​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ នៅក្រោយ​អំពើភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស រដ្ឋាភិបាល​បារាំង​បាន​សម្រេច​បញ្ជូន​នាវា​ ចម្បាំង Charles de Gaulle ទៅ​សមុទ្រ​ពែរ្ស៍។ Charles de Gaulleដែល​ផ្ទុក​ដោយ​យន្តហោះ​ទំនើបៗ ទាន់សម័យ​បំផុត នឹង​ទៅដល់​តំបន់​ក្បែរ​អ៊ីរ៉ាក់ នា​ខែ​កុម្ភៈ និង​អាច​ផ្តល់​ជំនួយ​បន្ថែម​ដល់​យន្តហោះ​ចម្បាំង​បារាំង ក្នុង​ការវាយប្រហារ​ទៅលើ​ក្រុមជីហាត ក្នុង​ទឹកដី​អ៊ីរ៉ាក់។
 

និយាយ​ពី ទាហាន​បារាំងនេះដែរ រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​បារាំង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ ព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ RFI​ដែលថា មាន​អតីត​ទាហាន​បារាំង​ប្រមាណ​១០​នាក់ កំពុង​ប្រយុទ្ធ​កៀកស្មា​ជាមួយក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ទឹកដី​ស៊ីរី។ អតីត​ទាហាន​បារាំង ទាំងនោះដែលមានជំនាញ​តាំង​ពី​ការលោតឆ័ត្រយោង បាន​ចូល​កាន់​សាសនា​អ៊ីស្លាម និង​កំពុង​ចូលរួម​បណ្តុះបណ្តាល​សកម្មប្រយុទ្ធ​ជីហាត ឲ្យ​ចេះ​ប្រើ​កាំភ្លើង។ គេ​បារម្ភថា អតីតទាហាន​បារាំង​ទាំងនោះ អាច​ផ្តល់​ព័ត៌មាន​សម្ងាត់​របស់​យោធា​បារាំង ជាពិសេស​តិចនិច យុទ្ធសាស្រ្ត​ប្រយុទ្ធ​របស់​កងទ័ព​បារាំង។ តាម​លោក​រដ្ឋមន្រ្តី វា​ជារឿង​កម្រ ប៉ុន្តែ ក្រសួង​នឹង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​កងទ័ព​បារាំង ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន ដង្កូវចេញ​ពី​សាច់ ដូចករណី​ទាហាន​អាមេរិកាំង​ម្នាក់ ដែល​ជាបណ្តាញ​របស់​អាល់កៃដា និង​បាន​បាញ់​សម្លាប់​មិត្ត​របស់ខ្លួន ជាង​១០​នាក់ ដែល​ត្រូវ​ចេញ​ដំណើរ​ទៅ​ធ្វើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន កាលពី​ឆ្នាំ ២០០៩​កន្លងទៅ៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ