អានតួអត្ថបទ
បារំាង-អ៊ុយក្រែន

​រដ្ឋសភា​បារាំង ផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀង​អ៊ុយក្រែន - សហភាព​អឺរ៉ុប

កិច្ចព្រមព្រៀង ស្តី​អំពី​ការភ្ជាប់ រដ្ឋអ៊ុយក្រែន​ទៅនឹង “លំហ​ពាណិជ្ជកម្ម​សេរី” របស់​សហភាពអឺរ៉ុប បាន​ទទួល​ការឲ្យ​សច្ចាប័ន ដោយ​រដ្ឋសភា​បារាំងគឺ ក្នុង​បរិបទ​នៃ​ការប្រឈមមុខ​ដាក់គ្នា លើសមរភូមិ នៅ​តំបន់​ខាងកើត​អ៊ុយក្រែន ក្នុង​បរិបទ​នៃ​ភាពតានតឹង​ការទូត និង ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដុនដាប​ទៅហើយ នៅ​អ៊ុយក្រែន​ផ្ទាល់។ 

សភា​បារាំង​បោះឆ្នោត​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង អ៊ុយក្រែន សហភាព​អឺរ៉ុប
សភា​បារាំង​បោះឆ្នោត​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង អ៊ុយក្រែន សហភាព​អឺរ៉ុប REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ពិតជា​ការប្រកែក ក្នុង​ខែ​វិច្ឆិកាឆ្នាំ២០១៣ ដោយ​ប្រធានាធិបតី​អ៊ុយក្រែន​មុន គឺ​លោក វិកទ័រ យ៉ានូកូវិច  រុស្ស៊ី​និយម ពុំព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​បាន​បង្ក​ឲ្យមាន ផ្ទុះឡើង ជា​ការបះបោរ​យ៉ាងខ្លាំងក្លា នៅលើ​ទីលាន​ឯករាជ្យ​ក្រោម​ឈ្មោះថា ម៉ៃដាន នៅ កណ្តាល​ក្រុងគៀវ និង បណ្តាល​ឲ្យ​គាត់​ធ្លាក់ពី​អំណាចទៅ។

 
ឯកសារ​ដែល ត្រូវ​បាន​រដ្ឋសភា​បារាំង ឲ្យ​សច្ចាប័ន​ម្សិលមិញ គឺ ដូចគ្នា​នឹង​កិច្ចព្រមព្រៀង ដែល មាន​ចុះ​រវាង​សហភាព​អឺរ៉ុប និង រដ្ឋ​ហ្ស័កហ្ស៊ី។

កិច្ចព្រមព្រៀង​ទាំងនេះ គឺសំដៅ​ពង្រឹង វប្បធម៌​សន្ទនា និង​ការផ្តោះប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​សហភាពអឺរ៉ុប និង រដ្ឋឯករាជ្យ​ទាំងពីរ ដោយ​ជួយ​បង្ខិត​ឲ្យ​ចូលជិតគ្នា យ៉ាងសំខាន់ ទាំង ក្បួនខ្នាត ទាំង​បទដ្ឋាន ព្រមទាំងបើក​ឲ្យ​ទូលាយ សេរីកម្ម​នៃ​ការប្តូរគ្នា​ទៅវិញទៅមក ក្នុង ក្របខ័ណ្ឌ នៃ ការភ្ជាប់ខ្លួន​ផ្នែក​នយោបាយ និង សមាហរណកម្ម​ផ្នែក​សេដ្ឋកិច្ច ដោយប្រទេស ទាំងពីរ ទៅនឹង សហភាព​អឺរ៉ុប។

ការបោះឆ្នោត ក្នុងរដ្ឋសភា​បារាំង ប្រព្រឹត្តទៅ កាលដែល​ជម្លោះ​រវាង​កងទ័ព​អ៊ុយក្រែន និង ពួកឧទ្ទាម​ផ្តាច់ទឹកដី​រុស្ស៊ីនិយម នៅតំបន់​ខាងកើត​ប្រទេស ដែល តាំងពី​កណ្តាល​ខែមេសា ឆ្នាំ ២០១៤មក បាន​ផ្តាច់ជីវិត អ្នកស្រុក អស់ ជាង ៦.៤០០នាក់ទៅហើយ រួចនៅតែបន្ត​ឆាបឆេះ ដដែល ទោះបីនៅក្រុង​មិនស្ក៏ កាលពីខែកុម្ភៈ មានចុះបានជា​កិច្ចព្រមព្រៀង​ស្តី អំពី​ការឈប់ បាញ់ក្តី។ ចំណែក សហភាពអឺរ៉ុប ដោយចោទ​ក្រុងម៉ូស្គូ ថា មិនព្រម​បំពេញ តាមឯកសារនេះ កាល​ពីថ្ងៃ​២២ មិថុនាកន្លងទៅ បាន​ពន្យារ​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី កន្លះឆ្នាំទៀត រហូតដល់ចុង ខែមករា ឆ្នាំ២០១៦។ 

តាមមតិ​ ពួកអ្នកតំណាង​រាស្ត្របារាំង ការឲ្យសច្ចាប័ន​ដល់កិច្ចព្រមព្រៀង​ខាងលើ មិនមែន​មានន័យ ថា បើកផ្លូវ ឲ្យ អ៊ុយក្រែន និង ហ្ស៊័កហ្ស៊ី ចូលដោយស្វ័យប្រវត្តិ ទៅជា​សមាជិក សហភាពអឺរ៉ុប ឬ ក៏ ជាសមាជិក បក្ស​សម្ព័ន្ធអូតង់ សោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ