អានតួអត្ថបទ
បារំាង

វិបត្តិអ៊ុយក្រែន៖កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស​បាន​អំពាវនាវ​ឲ្យ​គោរព​រាល់​កិច្ចព្រមព្រៀង​ទីក្រុងមីនស្កិ៍

នៅ​រសៀល​ថ្ងៃ​អង្គារ ទី២៤ កុម្ភៈ ប្រមុខ​ការទូត​នៃ​ប្រទេស​បារំាង អាល្លឺម៉ង់ អ៊ុយក្រែន និង​រុស្ស៊ី​បាន​ជួប​ជជែក​គ្នា​ពី​វិបត្តិអ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​អស់​រយៈពេល ៣ម៉ោង​មក អង្គប្រជុំ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដោយ​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស​កន្លង​ទៅ។ ការ​អំពាវនាវ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ការ​វាយប្រហារ​គ្នា​កំពុង​បន្ត​មាន​រវាង​ទ័ពអ៊ុយក្រែន និង​ពួកឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី។

លោក​ប្រមុខ​ការទូតបារំាង Laurent Fabius
លោក​ប្រមុខ​ការទូតបារំាង Laurent Fabius REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​នៅ​ក្រោយ​កិច្ចប្រជុំ​បាន​អាន​ដោយ​លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត។ កិច្ចប្រជុំ​បាន​អំពាវនាវ​ជា​សារធារណៈ​ឲ្យ​ភាគីជម្លោះ​គោរព​ឲ្យ​ខាន​តែ​បាន​នូវ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស​នា​ពេល​កន្លង​ទៅ ពិសេស​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​លើកទី២ ដែល​ទើប​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១២ កុម្ភៈ​ថ្មីៗ​នេះ។ ការ​គោរព​កិច្ចព្រមព្រៀង​ទីក្រុងមីនស្កិ៍​ដោយ​ចាប់​ផ្តើម​ដំបូង​ពី​បទឈប់បាញ់ និង​ការ​ដក​អាវុធធន់ធ្ងន់​ចេញ​ពី​ខ្សែបន្ទាត់​ជម្លោះ។ ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំ​ក៏​បាន​ស្នើ​ឲ្យ​ពង្រឹង​បេសកកម្ម​ឃ្លំាមើលពិសេស​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ហៅ​កាត់​ថា OSCE ពិសេស​គឺ​ពន្យារ​​ពេល​បេសកកម្ម​របស់ OSCE ជាមួយ​នឹង​ការ​បន្ថែម​សមាជិក សម្ភារៈ និង​ថវិកា។

មួយ​វិញ​ទៀត និង​ដើម្បី​អាច​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​បេសកកម្ម​របស់ OSCE បាន កិច្ចប្រជុំ​បាន​ស្នើ​ដល់​ភាគី​ជម្លោះ​ឲ្យ​ជួយ​សម្រួល​ការងារ ព្រម​ទំាង​រួម​សហការណ៍​ឲ្យ​បាន​ពេញ​ទំហឹង​ជាមួយ​បុគ្គលិក​របស់ OSCE ពិសេស​ផ្ទៀងផ្ទាត់​លើ​ការ​ដក​អាវុធធន់ធ្ងន់​ចេញ​ពី​ខ្សែបន្ទាត់​ជម្លោះ។ បើ​តាម​មន្រ្តីការទូត​ជាន់ខ្ពស់​អ៊ុយក្រែន​មួយ​រូប​ឲ្យ​ដឹង​ថា ពី​ដំបូង​ឡើយ ភាគី​រុស្ស៊ី​មិន​ចង់​ចូលរួម​ក្នុង​ជំនួប​ទីក្រុង​ប៉ារីស​ថ្ងៃ​នេះ​ទេ តែ​ដោយ​មាន​គំនាប​ខ្លំាង​ពី​បស្ចិមលោក​ទើប​បាន​រុស្ស៊ី​សុទ្ធចិត្ត​ចូលរួម។ សូម​ជម្រាប​ជូន​ថា អ៊ុយក្រែន និង​បស្ចិមលោក​បាន​ចង្អុល​មុខ​រុស្ស៊ី​ពី​បទ​បាន​គំាទ្រ​ពួក​ឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​ប្រឆំាង​រដ្ឋាភិបាល​ទីក្រុង​គៀវ តែ​ទីក្រុង​ម៉ូស្គូ​តែងតែ​បដិសេធ​ជានិច្ច។

គួរ​រម្លឹក​ឡើង​វិញ​ថា ទីក្រុង​គៀវ និង​ក្រុមឧទ្ទាម​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​គេ​ហៅ​ថា កិច្ចព្រមព្រៀង​ទីក្រុងមីនស្កិ៍​លើកទី២ កាល​ពី​ថ្ងៃទី១២ កុម្ភៈ​កន្លង​ទៅ នៅ​ក្រោយ​កិច្ចប្រជុំ​ក្រោម​អន្តរការី​មក​ពី​ប្រទេស​បារំាង អាល្លឺម៉ង់ និង​រុស្ស៊ី។ កិច្ចព្រមព្រៀង​ដែល​មាន​ចែង​តំាង​ពី​បទឈប់បាញ់​ដែល​ចូល​ជា​ធរមាន​តំាង​ពី​ថ្ងៃទី១៥ កុម្ភៈ​រហូត​ដល់​ការ​ដក​អាវុធធន់ធ្ងន់​ចេញ​ពី​ខ្សែបន្ទាត់​ជម្លោះ។ តែ​មក​ដល់​ម៉ោង​នេះ ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត ដោយ​មាន​ស្លាប់​ទាហាន​អ៊ុយក្រែន​ម្នាក់​ក្នុង​ថ្ងៃទី២៤ កុម្ភៈ និង​មាន​របួស ៧នាក់​ក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ​នេះ។ បើ​គិត​ក្នុង​រយៈពេល​៦ខែ ជម្លោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជិត ៦ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ