អានតួអត្ថបទ
ក្រិក-អឺរ៉ុប

នាយករដ្ឋមន្រ្តី​ក្រិក​ប្រកាស​ធ្វើ​ប្រជាមតិ​ទៅលើ​ផែនការ​ជំនួយ​របស់​អឺរ៉ុប

នៅសល់​តែ​៣ថ្ងៃ​ទៀត​ដល់​កាលកំណត់​ដែល​ក្រិក​អាច​នឹង​ត្រូវ​ក្ស័យធន តែ​ការចរចា រវាង​ក្រិក និង​អឺរ៉ុប​នៅតែ​បន្ត​ជាប់គាំង។ ចំណុចខ្ទាស់​ធំបំផុត​នៅ​ក្នុង​ការចរចា​នេះ គឺ​អឺរ៉ុប​​ទាមទារ​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់​ធំៗ​មួយចំនួន​ជាថ្នូរ​នឹង​ការ​ផ្តល់​ជំនួយ ក៏ប៉ុន្តែ កំណែទម្រង់​ខ្លះ​ដែល​អឺរ៉ុប​ទាមទារ​នេះ​ត្រូវ​រដ្ឋាភិបាល​ក្រិក​បដិសេធ។ ស្ថិតនៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា​នេះ នាយករដ្ឋមន្រ្តី​ក្រិក​បាន​ប្រកាស​ កាលពី​រំលងអធ្រាត​ថ្ងៃសុក្រ​ ឈានចូលថ្ងៃ​សៅរ៍​នេះ​ថា លោក​នឹង​រៀបចំ​ធ្វើការ​បោះឆ្នោត​ប្រជាមតិមួយ ដើម្បី​​ទុក​ឲ្យ​ពលរដ្ឋ​ក្រិក​ទូទាំង​ប្រទេស​ជា​អ្នក​សម្រេច​ថា​ តើ​សុខចិត្ត​ទទួល​ជំនួយ​ដោយ​មាន​លក្ខខណ្ឌ​ពី​អឺរ៉ុប​នេះ​ដែរ​ឬអត់?

លោក​ អាឡិចស៊ីស ស៊ីប្រាស់ (Alexis Tsipras) នាយករដ្ឋមន្រ្តី​ក្រិក
លោក​ អាឡិចស៊ីស ស៊ីប្រាស់ (Alexis Tsipras) នាយករដ្ឋមន្រ្តី​ក្រិក REUTERS/Paul Hanna
ផ្សាយពាណិជ្ជកម្ម

​ការប្រកាស​រៀបចំ​បោះឆ្នោត​ប្រជាមតិ ត្រូ​វបាន​លោកអាឡិចស៊ីស ស៊ីប្រាស់ (Alexis Tsipras) ធ្វើឡើង នៅ​ក្រោយ​ជំនួបកំពូល​អឺរ៉ុប នៅ​ទីក្រុង​ព្រុចស៊ែល កាល​ពីយប់ថ្ងៃ​សុក្រ ដោយ​នៅ​ក្នុង​ជំនួបកំពូល​នោះ មេដឹកនាំ​ប្រទេស​ចាយលុយ​អឺរ៉ូ​បាន​ស្នើឡើង​នូវ​ផែនការ​ផ្តល់​ជំនួយ​ដល់​ក្រិក ​​ជាទឹកប្រាក់​ចំនួន ១២ពាន់លាន​អឺរ៉ូ​ ដោយ​ចែកចេញ​ជា ៤ដំណាក់កាល សម្រាប់​រយៈពេល ៥ខែ ពោលគឺ ចាប់ពី​ដើមខែ​កក្កដា រហូតដល់​ដំណាច់ខែ​វិច្ឆិកា។​ ក៏ប៉ុន្តែ ជំនួយ​នេះ​មានភ្ជាប់​មក​ជាមួយ​នឹង​លក្ខខណ្ឌ ដែល​តម្រូវ​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់​ធំៗ​មួយចំនួន រួមមាន​ដូចជា​ការ​ដំឡើង​ពន្ធ​លើ​តម្លៃ​បន្ថែម និង​ការ​កាត់បន្ថយ​លុយ​សោធននិវត្តន៍​ ជាដើម។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​ទូរទស្សន៍ នៅ​រំលងអធ្រាត​ឈានចូល​ថ្ងៃ​សៅរ៍​នេះ លោក​អាឡិចស៊ីស ស៊ីប្រាស់ បាន​រិះគន់អឺរ៉ុប​​ថា កំពុងតែដាក់ឱសានវាទ​ដល់​ក្រិក​ឲ្យ​ទទួល​យក​នូវ​ផែនការ​ផ្តល់​ជំនួយ ដែល​នឹង​រារាំង​មិន​ឲ្យ​សេដ្ឋកិច្ច និង​សង្គម​ក្រិក​​អាច​ងើបមុខឡើងវិញ​រួច។ លោក​នាយករដ្ឋមន្រ្តី​ក្រិក​ក៏​បាន​​លើកឡើង​ផងដែរ​ថា អ្វី​ដែល​អឺរ៉ុប​ស្នើឡើង​នៅ​ពេលនេះ គឺ​ធ្វើឡើង​ក្នុងគោលដៅ​បំបាក់មុខមាត់​ប្រជាជន​ក្រិក​ទាំងមូល។

នៅ​ក្នុង​ន័យ​នេះ​ហើយ ដែល​លោក​អាឡិចស៊ីស ស៊ីប្រាស់ ប្រកាស​ប្រគល់​អំណាច​ឲ្យ​ប្រជាពលរដ្ឋ​ក្រិក​ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ថា​ តើ​គួរ ឬ​មិនគួរ​ទទួល​យក​នូវ​សំណើ​របស់​អឺរ៉ុប។ ការសម្រេចចិត្ត​នេះ​នឹង​ត្រូវ​ធ្វើ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​មួយ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ នៅថ្ងៃ​អាទិត្យ ទី៥​កក្កដា​ខាងមុខ។

ក៏ប៉ុន្តែ ទម្រាំ​តែ​ចាំ​លទ្ធផល​ប្រជាមតិ​នេះ ក្រិក​​ប្រហែល​ជា​នឹង​ត្រូវ​ក្ស័យធន​រួចទៅហើយ ពីព្រោះ​ថា កាលកំណត់​ដែល​ក្រិក​ត្រូវ​សងបំណុល​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ គឺ​នៅថ្ងៃ​ទី៣០មិថុនា។ ហេតុដូច្នេះហើយ​បាន​ជា​លោក​នាយករដ្ឋមន្រ្តី​ក្រិក​បាន​ប្រកាស​ថា លោក​នឹង​ស្នើសុំ​​​ឲ្យ​ម្ចាស់​បំណុល​ពន្យារពេល​​សងបំណុល​ប៉ុន្មានថ្ងៃ ដើម្បី​ទុកពេល​ឲ្យ​ពលរដ្ឋក្រិកធ្វើការ​សម្រេច​ចិត្ត។

រហូតមកទល់​នឹង​ពេលនេះ គេ​នៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ​នៅឡើយទេ ពី​សំណាក់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តបទៅនឹង​ការប្រកាស​ធ្វើ​ប្រជាមតិ​របស់​ក្រិក។ ប្រទេស​ចាយលុយ​អឺរ៉ូ​វិញ​បាន​សម្រេច​រក្សា​ទុក​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​​ជាមួយ​គណៈប្រតិភូ​ក្រិក​ ដើម្បី​ព្យាយាម​រក​ការ​សម្រុះសម្រួលគ្នា។ ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​បាន​បង្ហើប​ឲ្យដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​សៅរ៍​នេះ ប្រសិនបើ​គេ​មិន​អាច​រក​កិច្ចសម្រុះសម្រួល​ជាមួយ​ក្រិក​បានទេ​នោះ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ចាយលុយ​ ​ប្រហែល​ជា​នឹង​​ត្រូវ​ជជែក​គ្នា អំពី​ផែនការ​​​ត្រៀម​ទប់ទល់​នឹង​ករណី​ក្រិក​ក្ស័យធន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ