អានតួអត្ថបទ
ក្រិក-អឺរ៉ុប

ហេតុអ្វី បាន​ក្រិក​ធ្លាក់​ខ្លួន ដល់​សព្វថ្ងៃនេះ?

ប្រមុខ​រដ្ឋាភិបាល​ក្រិក ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​ស្ថាប័ន​ម្ចាស់បំណុល ត្រូវ​ជួប​ចរចា ជាថ្មី នៅថ្ងៃ​ព្រហស្បតិ៍ គឺ​នៅ​ប៉ុន្មាន​ម៉ោង​មុន ជំនួប​កំពូល សហភាព​ដែល​បើក​ធ្វើ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក។ បញ្ហា​ជនអន្តោប្រវេសន៍ ដែល​កំពុង​ហូរ​ចូល​មក​អឺរ៉ុប សន្តិសុខ​របស់​សហភាព អឺរ៉ុប បន្ទាប់ពី​អ៊ុយក្រែន រងការគំរាមកំហែង​ពី​រុស្ស៊ី និងសំណើ​របស់​អង់គ្លេស ដើម្បី​ធ្វើកំណែទម្រង់​សហភាព​អឺរ៉ុប គឺ​ជា​ប្រធានបទ​សំខាន់ របស់​ជំនួប​កំពូល​របស់​ប្រទេស​សមាជិក​អឺរ៉ុប ទាំង ២៨។ 

ទង់ជាតិក្រិក​និង​សហភាពអឺរ៉ុប
ទង់ជាតិក្រិក​និង​សហភាពអឺរ៉ុប ©Reuters
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ប្រាក់បំណុល​ក្រិក​បាន​ចូល​លុប​បាំង​ជិត និង​ក្លាយ​ជា​សំណុំរឿង​សំខាន់ នៅក្នុង​ជំនួប​កំពូល​សហភាព​អឺរ៉ុបនៅ​ថ្ងៃ​នេះ និង​ថ្ងៃស្អែក។ នៅ​តែ​៥​ថ្ងៃ​ទៀត រដ្ឋាភិបាល​ក្រិក​នឹង​ក្ស័យធន អស់​ពី កេស​សម្រាប់​សង ម្ចាស់បំណុល FMI និង​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​រដ្ឋ។ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រិក និងក្រុម​ម្ចាស់​បំណុល​របស់​ក្រិក​បាន​ញាប់ដៃជើង ដើម្បី​រកដំណោះស្រាយ​ឲ្យ​វិបត្តិ​ប្រាក់​បំណុល​ក្រិក ពោល​គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ក្រិក​ក្ស័យធន និង​ត្រូវ​ដើរ​ចេញ​ពី​តំបន់​ចាយប្រាក់​អឺរូ។ ចរចា ជាង ៤​ថ្ងៃ ភាគី​ទាំងពីរ នៅ​តែ មិនទាន់​និយាយ​ត្រូវគ្នា។

 
ក្រិក​មិនប៉ះពាល់​ដាច់ខាត​លុយ​អ្នកចូល​និវត្តន៍
មាន​ចំណុច​ធំ​ពីរ ដែល​អឺរ៉ុប ចង់​ឲ្យ​ក្រិក​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ នោះ គឺ ពន្ធ​លើ​តម្លៃ​បន្ថែម TVA ហើយ​និង​កាត់បន្ថយ​ចំណាយ​សាធារណៈ ជាពិសេស រឿង​លុយ​ចូល​និវត្តន៍​តែម្តង។ ក្រិក​មាន​ប្រព័ន្ធ ប្រមូល​ពន្ធ TVA​ខុសប្លែកពីគេ និង​ស្មុគស្មាញ។ រដ្ឋ​ក្រិក​បាន​បែងចែក​ប្រភេទ ពន្ទ TVA ដល់​ទៅ​៦​ប្រភេទក្នុង​គោលដៅ លើកទឹកចិត្ត​ឲ្យ​ប្រជាជន​បន្ត​រស់នៅ​តាម​ទី​ជនបទ ដើម្បី ចូលរួម​បម្រើ​វិស័យ​ទេសចរណ៍​ដែល​តំណាង​ឲ្យ​៧០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

មួយវិញទៀត អឺរ៉ុប​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រិក​ថ្មី ធ្វើ​កំណែទម្រង់ កាត់បន្ថយ​ចំណាយ​លើ​សោធននិវត្តន៍ ដែល​ជា​មុខចំណាយ​ដ៏​ច្រើន​សម្បើម​របស់​កេសរដ្ឋ។ ប្រព័ន្ធ​ផ្តល់លុយ​និវត្តន៍​នៅក្រិក​ក៏​ស្មុគស្មាញ​ណាស់ដែរ និង​មាន​ចែង​លក្ខខណ្ឌ​លើកលែង​ជាច្រើន ដែល​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​និវត្តន៍​មុន​អាយុ។ បើទោះបី​ជា​​ប្រជាជន​ក្រិក មិន​បាន​ទទួល​សោធនិវត្ត​ច្រើន​មហាសាល ប៉ុន្តែ ក្រិក​មាន​ប្រជាជន​ដែល​ទទួល​ប្រាក់​និវត្តន៍​ពីរដ្ឋ ដល់​ទៅ ៣០ភាគរយ ច្រើន​ជាងចំនួន​អ្នកចូល​និវត្តន៍ នៅ​អង់គ្លេស។ គ្មាន​ការវិនិយោគ​ឯកជន ប្រជាជន​ភាគច្រើន​បម្រើការ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ។ ដូច្នេះ គេ​មិន​ចាំបាច់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បាន​រដ្ឋ​ក្រិក​ត្រូវ​ចាយលុយ​ច្រើន​ទៅ​ឲ្យ​អ្នក​ចូលនិវត្តន៍​ក្រិក។ ត្រង់ចំណុចនេះ អឺរ៉ុប​មិន​បាន​ទាមទារ​ឲ្យ​រដ្ឋក្រិក​លុបចោល​លុយចូលនិវត្តន៍​ទាំងស្រុងទេ ប៉ុន្តែ រដ្ឋក្រិក​ត្រូវ​កាត់បន្ថយ ឈប់​វិភាគទាន​ច្រើន​ដូចមុន និង​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​ទៅ​វិនិយោគ​ក្នុង​វិស័យនេះ។

នៅក្នុង​សំណើ​ទៅ​ម្ចាស់បំណុល រដ្ឋាភិបាល​ក្រិក​បាន​សន្យា​ធ្វើកំណែទម្រង់​អ្វីផ្សេង ដើម្បី​សន្សំ និង​បង្កើន​ចំណូល ឲ្យ​បាន​៨ពាន់​លាន​អឺរ៉ូ ប៉ុន្តែ ប្តេជ្ញា​មិន​ប៉ះពាល់​លុយចូលនិវត្ត ដែល​ជា​ចំណុច​ក្តៅ អប្រជាប្រិយ​ក្នុង​ប្រទេស​ក្រិក។ ​នាយករដ្ឋមន្រ្តី​ក្រិក បាន​និយាយ​ការពារ​នយោបាយ​របស់ខ្លួន​ថា សើរើ​កញ្ចប់​លុយ​ចូលនិវត្តន៍ នឹង​ធ្វើ​ឲ្យ​អ្នកចូលនិវត្តន៍​ក្រិក​កាន់តែ​ធ្លាក់ខ្លួន​ក្រីក្រ។
 
រដ្ឋក្រិក​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា ប៉ុន្តែ សេដ្ឋកិច្ច​ក្រិក​ដើរ មិនទៅមុខ
មុន​នឹង​ធ្លាក់​ខ្លួន ក្នុង​វិបត្តិប្រាក់បំណុលនេះ ក្រិក ធ្លាប់​ស្គាល់​ភាពរុងរឿង​ក្នុង​អតីតកាល។ កាលពី​១៤​ឆ្នាំមុន នៅពេលក្រិក​ចូល​ខ្លួន​ជា​សមាជិក​តំបន់​ចាយប្រាក់​អឺរ៉ូ សេដ្ឋកិច្ច​ក្រិក បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​គួរឲ្យ​កត់​សំគាល់ គឺ ប្រមាណ​៤%​ក្នុង​មួយឆ្នាំៗ។ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​មិន​មាន​ជីវិត​នៅ​យូរ ដោយសារ​គំរូ​សេដ្ឋកិច្ច​របស់ក្រិក មិន​សូវ​រឹងមាំ។ នៅក្រិក គឺ​រដ្ឋដែល​ជាម្ចាស់​វិនិយោគ​ផ្តាច់មុខ ពោល​គឺ​ក្រិក​រស់ពឹង​អាស្រ័យ​តែ​នឹង​ការវិនិយោគ​របស់​រដ្ឋ និង​ការប្រើប្រាស់​ក្នុង​ស្រុកតែប៉ុណ្ណោះ។ ខ្វះការវិនិយោគ​ពី​ក្រុមឯកជន ហើយ ការនាំចេញ​របស់​ប្រទេស​នេះ​ខ្សត់ខ្សោយ មាន​ត្រឹមតែ​២០ភាគរយ ធ្វើ​ឲ្យសេដ្ឋកិច្ច​ក្រិក​ត្រូវ​ប្រឈម​នឹង​ការដួលរលំ​គ្រប់ពេលវេលា។

ដូចនៅ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត សេដ្ឋកិច្ច​ក្រិកត្រូវ​រងខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល ឆ្នាំ ២០០៨។ នៅឆ្នាំ ២០០៩ ប្រាក់ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍ និង​ការនេសាទ ដែល​តំណាង​ឲ្យ​ប្រមាណ ៧០ភាគរយ​នៃ​ផលិតក្នុង​ស្រុក​សរុប​ក្រិក បាន​ថយចុះ​ប្រមាណ ១៥ភាគរយ។

គឺ​នៅ​ឆ្នាំ ២០០៩​នោះឯង​ហើយ ដែល​ក្រិក​ចាប់ផ្តើម​ស្គាល់​វិបត្តិ​ប្រាក់បំណុល។ ដើមហេតុ​ដំបូង​ចេញមកពី​រដ្ឋាភិបាល​មកពី​គណបក្ស​សង្គមនិយម ក្រិក ដែល​បាន​កែប្រែ កម្រិត​ឱនភាព​ថវិកា​របស់​ក្រិក។ រដ្ឋាភិបាល​ក្រិក​ថ្មី បាន​បន្ទោស​រដ្ឋាភិបាល​ចាស់ ថា បាន​បិទបាំង ការពិត ដោយ​បាន​កំណត់​ឱនភាព​ថវិកា​ក្រិក តែ​ត្រឹម ៣ភាគរយ នៃផលិតផល​ក្នុង​ស្រុក​សរុប ក្នុង​ពេល​ឱនភាព​សេដ្ឋកិច្ច​ក្រិក ពិតប្រាកដ មាន​ដល់​ទៅ ១២ភាគរយ​ឯណោះ។ គ្រាន់តែ រដ្ឋាភិបាល​ថ្មី​ក្រិក​កែប្រែ កម្រិត​តួលេខ​ភ្លាម ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​បាន​ទម្លាក់​ចំណាត់ថ្នាក់ របស់​ក្រិក រហូត​ធ្វើ​ឲ្យ​ក្រុមអ្នកវិនិយោគ គ្មាន​ជំនឿ លែង​ឲ្យ​ក្រិក​ខ្ចីលុយ។ ប៉ុន្តែ មុននឹង​អ្នកវិនិយោគ​លែង​ឲ្យ​ក្រិក​ខ្ចីលុយ បំណុល​របស់​ក្រិក​មាន​ចំនួន​មហាសាល​មកហើយ គឺ​ដល់​ទៅ ជាង ៣០០​ពាន់​លាន​អឺរ៉ូ ដោយសារ​តែ​រដ្ឋាភិបាល​ក្រិក​មុនៗ ចេះ​តែ​លក់​មូលប័ត្រ​បំណុល យក​លុយ​មក​បញ្ចូល​កេសរដ្ឋ និង​បើក​ដៃ ឲ្យ​ប្រជាជន​ខ្ចីលុយ ដោយ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ។ នេះ គេ​នៅមិនទាន់​និយាយ​ពី​អំពើ​ពុករលួយ​ផងទេ។

សហភាព​អឺរ៉ុប​លូកដៃ​ទៅ​ជួយ​ក្រិក ដើម្បី​កុំ​ឲ្យ​ក្រិក​ក្ស័យធន
សហភាព​អឺរ៉ុប ធនាគារ​កណ្តាល​អឺរ៉ុប​បាន​លូកដៃ​ក្នុង​វិបត្តិ​ប្រាក់បំណុល​ក្រិក ព្រោះ​តែ​ដើម្បី ជៀសវាង កុំ​ឲ្យ​ធនាគារ​ក្នុង​សហភាព​អឺរ៉ុប ជួបគ្រោះ​ក្ស័យធន។ ត្រូវដឹងថា ដំបូងឡើយ ម្ចាស់បំណុល​របស់​ក្រិក គឺ​ធនាគារ នៅក្នុង​បណ្តាប្រទេស​អឺរ៉ុប ដែល​មាន​តាំង​ពី​បារាំង អាល្លឺម៉ង់ ជាដើម។ ដើម្បី​កុំ​ឲ្យ​ធនាគារ​ឯកជន​ក្នុង​ប្រទេស​របស់ខ្លួន ជួប​ក្ស័យធន ដែល​នឹង​ប៉ះពាល់​ដល់​ប្រជាជនខ្លួនឯងនោះ សហភាព​អឺរ៉ុប​បាន​សម្រេច​ទិញបំណុល​ក្រិក​ពី​ធនាគារ​ឯកជន និង​បាន​ចាក់លុយ​ជាង ១០០​ពាន់​លាន​អឺរ៉ូ​ផ្សេងទៀត ជួយ​រដ្ឋាភិបាល​ក្រិក ឲ្យ​យក​ទៅ​ទប់ទល់​ការចំណាយ​រយមុខ​របស់​រដ្ឋាភិបាល​ក្រិក។

ខុសពីអេស្ប៉ាញ ព័រទុយហ្កាល់ ក្រិក​ជួបវិបត្តិ ប្រាក់បំណុល ជាថ្មី
នៅ​ឆ្នាំ ២០១២ អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី បាន​ជួប​វិបត្តិ​ប្រាក់​បំណុល ដូចក្រិក។ អឺរ៉ុប​បាន​លូកដៃ​អន្តរាគមន៍ ជួយ​ដូចៗ​គ្នា ប៉ុន្តែ សហភាព​អឺរ៉ុប បាន​តម្រូវ​ឲ្យ​រដ្ឋ​នីមួយៗ​ត្រូវ​ធ្វើ​កំណែទម្រង់ រឹតត្បិត​ការចាយវាយ ដោយ​កាត់បន្ថយ​ចំណាយ​សាធារណៈ ជាថ្នូរ​នឹង​ប្រាក់​ជំនួយ។ សេដ្ឋកិច្ច អេស្ប៉ាញ ព័រទុយហ្កាល់​បាន​ដើរ​ទៅមុខ ទោះ​មិន​លឿន ប៉ុន្តែ សន្សឹម គឺ​ខុស​អ្វី តែ ក្រិក​ដែល​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​ប្រាក់បំណុល​ជាថ្មី។ ប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ក្រិក​បាន​ខ្ជះខ្ជាយ ពេលវេលា ៥​ឆ្នាំ ចោល​ទទេ ដោយ​មិន​បាន​ទាញ​ប្រយោជន៍ ពី​ប្រាក់​កម្ចី ដែល​អឺរ៉ុប​ផ្តល់​ឲ្យ។ ក្រិក​មិន​បាន​ធ្វើ​កំណែទម្រង់ ស៊ីជម្រៅ ទៅ​តាម​ការសន្យា​ជាមួយ​អឺរ៉ុប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្រិក​គ្មាន​បាន​ចម្រើន​ទៅមុខ​បន្តិច​សោះ នោះ​បើទោះបី​ជា​អឺរ៉ុប​បាន​ចាក់លុយ​រាប់ពាន់​អឺរ៉ូ​កន្លងមក។

ក្រិក​មិនត្រូវ​ជួប​វិបត្តិ​ប្រាក់​បំណុល​នៅពេលនេះ ទេ បើសិន​រដ្ឋាភិបាល​ក្រិក​ចាស់ មុន​នឹង​អស់​អាណត្តិ ​ប្រកាស​ផ្តាច់​ឈប់ធ្វើ​​កំណែទម្រង់ទៅតាម​ការទាមទារ​របស់អឺរ៉ុប និងមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ដែលជា​ម្ចាស់បំណុល។ ដោយសារ​តែ​ក្រិក​កិកកុក លែង​ចង់​ធ្វើ​នយោបាយ​រឹតត្បិត អឺរ៉ុប ដែល​ជា​ម្ចាស់បំណុល លែង​ទុកចិត្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី ត្រូវ​តែ ឆន្ទៈ ច្បាស់លាស់ ថា យល់ព្រម ធ្វើ​កំណែទម្រង់ បន្ត​នយោបាយ​រឹតត្បិត និង​រក​ប្រាក់ចំណូល​ចូល​កេស គឺ​មិនត្រូវ​ចេះ​តែ​ចំណាយ មិនរក​ចំណូល នៅពេល​ខ្លួន គ្មាន​លុយ​ក្នុង​ដៃ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ