តើក្រិក និងសហភាពអឺរ៉ុបអាចរួមគ្នា ទម្លុះភាពទ័លច្រក បានដែរឬទេ ?
នៅថ្ងៃសុក្រទី ២០ កុម្ភៈ នៅទីក្រុងព្រុចស៊ែល បណ្តាប្រទេសចាយប្រាក់អឺរ៉ូត្រូវជួបប្រជុំគ្នា តទល់គ្នា ជាលើកទីបី ជាមួយក្រិក ដើម្បីរកឃើញ ច្រកចេញ ឬកិច្ចព្រមព្រៀងមួយដែលភាគីទាំងពីរអាចទទួលយកបាន។ ក្រិក និងតំបន់ចាយប្រាក់អឺរ៉ូធ្លាប់បានចរចាគ្នាពីរលើកមកហើយ ប៉ុន្តែ បរាជ័យរហូត ដោយសារតែអឺរ៉ុបទាមទារឲ្យក្រិកគោរពកិច្ចព្រមព្រៀង គឺបន្តនយោបាយរឹតត្បិតថវិកា បើសិនជាចង់បន្តខ្ចីលុយពីអឺរ៉ុប។ ចំណែករដ្ឋាភិបាលថ្មីរបស់ក្រិក ដែលទើបជាប់ឆ្នោត លែងចង់បានជំនួយបង្កប់ដោយលក្ខខណ្ឌតទៅទៀត។ ក្រិកនឹងប្រឈមការខ្វះថវិកាសម្រាប់ចំណាយ បើសិនក្រិកមិនអាចរកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៧:០៣
តាំងពីឈ្នះឆ្នោត ចូលដឹកនាំប្រទេសក្រិក រដ្ឋាភិបាលសង្គមនិយមរបស់លោកនាយករដ្ឋមន្រ្តី អាឡិចស៊ីស ស៊ីប្រាស បានព្យាយាមចរចា ជាច្រើនលើក ជាមួយសហភាពអឺរ៉ុប ដើម្បីនិយាយពីរបៀបវារៈ ខ្ចី និងសងបំណុលដែលក្រិកបានទទួលពីសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១២។ ដំបូងឡើយ ក្រិកបានសុំឲ្យគេលុបចោលបំណុលក្រិកទាំងស្រុង។ ការលុបចោលទាំងស្រុង បំណុលរបស់ក្រិក ជារឿងដែលម្ចាស់បំណុល ជាពិសេស ក្រុមប្រទេសចាយប្រាក់អឺរ៉ូ និងមូលនិធិរូបិយវត្ថុអន្តរជាតិ មិនអាចទទួលយកបាន។ ដោយមើលឃើញថា សំណើរបស់ខ្លួនត្រូវទាត់ចោលភ្លាមៗ ក្រិកបានផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយបានគំរាម ថា ក្រិកនឹងបន្តកម្មវិធីខ្ចីលុយ ដែលមានបង្កប់ដោយលក្ខខណ្ឌ ដែលទាមទារឲ្យក្រិកអនុវត្តនយោបាយរឹតត្បិតថវិកាទៀតនោះទេ។ បើក្រិកមិនបន្តកម្មវិធីជំនួយហិរញ្ញវត្ថុ ជាមួយសហភាព អឺរ៉ុប ដែលត្រូវចប់ នៅចុងខែកុម្ភៈនេះ ក្រិកនឹងជួបវិបត្តិក្ស័យធន គ្មានលុយសម្រាប់បើកប្រាក់ខែ ដល់មន្រ្តីរដ្ឋការ និងចំណាយសង្គមផ្សេងទៀត។
ទោះបីជាមានការគំរាមពីក្រិក ថា នឹងមិនបន្តពន្យារកម្មវិធីសុំជំនួយពីសហភាពអឺរ៉ុប ប្រទេសអាល្លឺម៉ង់ ដែលនាំមុខគេនៅសហភាព អឺរ៉ុប បានបញ្ជាក់ជំហរច្បាស់ មិនទោទន់ទៅតាមការគំរាមកំហែង របស់ក្រិក។ សម្រាប់រដ្ឋមន្រ្តីអាល្លឺម៉ង់ ក្រិកត្រូវតែគោរពកិច្ចព្រមព្រៀង អនុវត្តនយោបាយរឹតត្បិតថវិកា បើសិន ជាក្រិកចង់បានជំនួយប្រាក់កំចីបន្តពីអឺរ៉ុប។ ដោយឃើញថា ការគំរាមកំហែងរបស់ខ្លួនគ្មានបានធ្វើឲ្យម្ចាស់បំណុល ឬម្ចាស់ជំនួយហិរញ្ញវត្ថុ រង្គើ បន្ទន់ជំហរ មកចរចាជាមួយខ្លួននោះ ក្រិកបានបញ្ចេញយុទ្ធសាស្រ្តទីបីរបស់ខ្លួន ដោយលើកនេះ ខុសពីលើកមុន ក្រិកបានយល់ព្រមបន្ត សុំជំនួយហិរញ្ញវត្ថុ រយៈពេល៦ខែ ពីសហភាពអឺរ៉ុប។ មើលទៅ ឃើញថា ក្រិកបានបន្ទន់ជំហរ និងធ្វើសម្បទានជាបន្តបន្ទាប់។ វាជាការងាយយល់ទេ ដែលថា ក្រិកត្រូវតែបន្ទន់ជំហរ ព្រោះថា ក្រិកត្រូវការលុយចាំបាច់ដើម្បីយកទៅចាយវាយ។ គេប៉ាន់ប្រមាណថា នៅត្រឹមតែខែ មីនា រដ្ឋាភិបាលក្រិកត្រូវការថវិកាប្រមាណ ៤ពាន់លានអឺរ៉ូឯណោះ។ ដើម្បីបានប្រាក់កម្ចីរយៈពេល ៦ខែ បន្តទៅមុខទៀត ក្រិកបានសរសេរបញ្ជាក់ក្នុងសំបុត្រផ្ញើ កាលពីថ្ងៃម្សិលមិញ ទៅប្រធានក្រុមប្រទេសចាយប្រាក់អឺរ៉ូថា ក្រិកនឹងគោរពតាមកិច្ចសន្យាខ្ចីប្រាក់ ដោយនឹងធ្វើការសហការជាមួយ ក្រុមTroika ដែលនឹងបន្តដើរតួនាទី គ្រប់គ្រងត្រួតពិនិត្យ ការចាយវាយរបស់រដ្ឋាភិបាលក្រិកដូចមុន។
អាល្លឺម៉ង់ នៅតែប្រឆាំង បើទោះបី រដ្ឋាភិបាលក្រិកបានធ្វើសម្បទាន
ជំនួយហិរញ្ញវត្ថុដែលក្រិកបានសុំបន្ត ពីអឺរ៉ុប កាលពីថ្ងៃម្សិលមិញ គឺជាកញ្ចប់ប្រាក់ជំនួយ មួយប្រភេទទៀត ដែលក្រិកចង់ខ្ចីតែពីមូលនិធិអឺរ៉ុប ដែលគ្មានភ្ជាប់កាតព្វកិច្ច តម្រូវឲ្យក្រិកត្រូវតែធ្វើនយោបាយរឹតត្បិតថវិកា។ ក្រិកចង់សុំខ្ចីបន្ត លុយតែ ពីមូលនិធិអឺរ៉ុប ដែលជាម្ចាស់បំណុលមួយ របស់ក្រិកតែប៉ុណ្ណោះ គឺមិនបន្តកម្មវិធីប្រាក់ជំនួយ ដែលមានភ្ជាប់មកជាមួយ លក្ខខណ្ឌរឹតត្បិតថវិកានោះទេ។ សម្រាប់ក្រិក ប្រាក់ជំនួយ ដែលមកជាមួយ នឹងលក្ខខណ្ឌរឹតត្បិតថវិកា មិនជួយយឹតយោងក្រិកទេ ប៉ុន្តែ វារឹតតែជំរុញឲ្យសេដ្ឋកិច្ចក្រិកធ្លាក់ ដើរថយក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់បានទាត់ចោលភ្លាមៗ ការទាមទារចង់បានរបស់ក្រិក។ អាល្លឺម៉ង់ បានបញ្ជាក់ជារៀងរហូតមកថា នឹងមិនការចរចា អ្វីទាំងអស់ជាមួយក្រិក។ សម្រាប់អាល្លឺម៉ង់ បើក្រិកចង់បន្តសុំជំនួយថវិកា ពីអឺរ៉ុប ក្រិកត្រូវតែគោរពទៅតាមកិច្ចព្រមព្រៀង ដែលក្រិកបានចុះជាមួយសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១២ ដែលនៅក្នុងនោះ ជាថ្នូរនឹងប្រាក់ជំនួយ ២៤០ពាន់លានដុល្លារ រដ្ឋាភិបាលក្រិកត្រូវធ្វើនយោបាយរឹតត្បិតថវិកា ធ្វើកំណែទម្រង់ពន្ធដា និងត្រូវសុំការយល់ព្រមព្រៀង ពីម្ចាស់បំណុល បើសិនរដ្ឋាភិបាលក្រិកចង់ធ្វើកំណែទម្រង់សង្គមអ្វីមួយ។ ជារួម នៅឆ្នាំ ២០១២ នៅក្នុងកិច្ចព្រមព្រៀងសុំខ្ចីលុយពីអឺរ៉ុប ដើម្បី ជៀសផុតពីវិបត្តិក្ស័យធន ក្រិក បានបើកផ្លូវឲ្យសហភាពអឺរ៉ុប និងភាគីម្ចាស់បំណុលផ្សេងទៀត លូកដៃ ចូលត្រួតពិនិត្យ ខ្ទង់ចំណាយថ្នាក់ជាតិរបស់ខ្លួនតែម្តង។
អាល្លឺម៉ង់មានជំហរ តឹងជាមួយក្រិកខ្លាំងជាងគេ ពីព្រោះ អាល្លឺម៉ង់ មើលឃើញថា ជំហរនយោបាយរបស់រដ្ឋាភិបាលក្រិកថ្មី នឹងមិនអាចធ្វើឲ្យក្រិកគោរពកិច្ចព្រមព្រៀង ដែលក្រិកធ្លាប់បានចុះជាមួយសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១២ទេ។ ជាក់ស្តែង រដ្ឋសភាក្រិក នៅថ្ងៃសុក្រនេះ គ្រោងនឹងបោះឆ្នោត ទៅលើកំណែទម្រង់ ផ្នែកសង្គម មួយចំនួន ដែលផ្តោតទៅលើការដំឡើងប្រាក់ខែបុគ្គលិក អ្នកចូលនិវត្តន៍ អ្នកគ្មានការងារធ្វើ និងជំនួយសម្រាប់ក្រុមហ៊ុន សហគ្រាសតូចៗ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ច។ សម្រាប់អាល្លឺម៉ង់ វិធានការខាងលើរបស់រដ្ឋាភិបាលក្រិក នឹងដើរផ្ទុយពីកិច្ចព្រមព្រៀងដែលក្រិកចុះជាមួយសហភាពអឺរ៉ុប ព្រោះថា វិធានការទាំងនោះ នឹងធ្វើឲ្យរដ្ឋាភិបាលចាយលុយ កាន់តែច្រើន គឺផ្ទុយ ពីការរឹតត្បិតថវិកា ដែលម្ចាស់បំណុលទាមទារឲ្យក្រិកធ្វើ។
អាល្លឺម៉ង់ក៏គ្មានជម្រើសអ្វីក្រៅពីនេះដែរ។ បើសិនជាអាល្លឺម៉ង់យោគយល់ អធ្យាស្រ័យ បន្ធូរដៃ ទៅតាមការទាមទាររបស់ក្រិក នោះអាល្លឺម៉ង់ខ្លាចថា ប្រទេសអឺរ៉ុបផ្សេងទៀត ដែលជាប់បំណុល ជាប់កាតព្វកិច្ចជាមួយ សហភាពអឺរ៉ុប ដូចជាអេស្ប៉ាញ ព័រទុយហ្កាល់ជាដើម នឹងចេញមុខមកតវ៉ាសុំមិនធ្វើនយោបាយរឹតត្បិតថវិកាដូចក្រិកដែរ។ នៅប៉ុន្មានមុនបើកការប្រជុំជាមួយក្រិក រដ្ឋមន្រ្តី របស់ប្រទេសព័រទុយហ្កាល់
ម្យ៉ាងទៀត រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវតែមានជំហរតឹងតែង ជាមួយក្រិក ព្រោះដើម្បីកុំឲ្យប្រជាជន អាល្លឺម៉ង់គិតថា ពួកគេជាអ្នកបង់ពន្ធ និងអ្នកទទួលខុសត្រូវលើបំណុលរបស់ក្រិក ដែលពិត គិតតែពីចាយវាយ គ្មានចេះសន្សំសំចៃ ប្រាក់ដែលអឺរ៉ុបបានឲ្យខ្ចី។ ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា ប្រាក់បំណុល សរុបរបស់ក្រិកបច្ចុប្បន្ន មានជិត ៣២២ពាន់លានអឺរ៉ូ ១៧៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ម្ចាស់បំណុលធំ គឺ មូលនិធិ អឺរ៉ុប ដែលបានមកពីវិភាគទានរបស់រដ្ឋសមាជិក ពោលគឺប្រាក់ពន្ធរបស់ប្រជាជនរបស់ប្រទេសសមាជិកអឺរ៉ុបតែម្តង។
ទោះជាអាល្លឺម៉ង់នៅតែប្រឆាំងនឹងការស្នើសុំរបស់ក្រិក ប៉ុន្តែ សហភាពអឺរ៉ុប វិញហាក់យល់ចិត្តក្រិក។ សហភាពអឺរ៉ុបមានពេលដល់ចុងខែ កុម្ភៈ ដើម្បីសម្រេចថា គេបន្ត ឬមិនបន្តផ្តល់ប្រាក់កម្ចីដល់ក្រិក។ អ្នកវិភាគមួយចំនួននិយាយថា កិច្ចព្រមព្រៀងក្រិកជាមួយ សហភាពអឺរ៉ុប នឹងអាចចេញរួច នៅមុនពេលដែលក្រិកត្រូវជួបវិបត្តិគ្មានថវិកានៅចុងខែនេះ ព្រោះថា ដូចមុនៗ សហភាពអឺរ៉ុប នៅតែអាចរកដំណោះស្រាយមួយ នៅកណ្តាល ពោល គឺក្រិកអាចអនុវត្តនយោបាយរឹតត្បិត ថវិកា ប៉ុន្តែ ជាមួយគ្នានោះ ក្រិកក៏អាចចាយវាយ ដើម្បីធ្វើកំណែទម្រង់របស់ខ្លួនបានដែរ។ ជាដំណោះស្រាយដែលមិនច្បាស់លាស់ ប៉ុន្តែ អឺរ៉ុបតែងតែ ធ្វើដូច្នេះ រហូត មក ដើម្បីដោះស្រាយវិបត្តិជាមួយប្រទេសសមាជិករបស់ខ្លួន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ