អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​គេ​អាច​ទប់ស្កាត់​ពួកជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​កុំ​ឲ្យ​រើស​ចូល​​សមាជិក​ថ្មី​បាន​យ៉ាងម៉េច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​ចំនួន ២១ ដែល​ជា​សមាជិក​ សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ត្រូវ​ជួប​ប្រជុំ​គ្នា នៅថ្ងៃ​ព្រហស្បតិ៍​ទី ២២ មករា នៅក្នុង​ទីក្រុង​ឡុងដ៍។ ការរិះរក​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​រើសបញ្ចូល​សមាជិក​ថ្មី ក៏​ជា​ប្រធានបទ​សំខាន់​មួយ ដែល​ប្រមុខការ​បរទេស​របស់​អាមេរិក អង់គ្លេស បារាំង និង​ប្រទេស​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត រួម​ទាំង​ប្រទេស​អារ៉ាប់ ផង ត្រូវ​លើក​យក​ទៅ​ជជែក នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ឡុងដ៍។ 

ប្រមុខការបរទេស​អាមេរិក​លោក​ចន ឃេរី ស្តាំ និង​សមភាគី​អង់គ្លេស​លោក​Philip Hammond ចូលរួម​នៅក្នុង​កិច្ចប្រជុំ​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ទីក្រុង​ឡុងដ៍ ថ្ងៃ​ទី ២២​មករា​
ប្រមុខការបរទេស​អាមេរិក​លោក​ចន ឃេរី ស្តាំ និង​សមភាគី​អង់គ្លេស​លោក​Philip Hammond ចូលរួម​នៅក្នុង​កិច្ចប្រជុំ​សម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ទីក្រុង​ឡុងដ៍ ថ្ងៃ​ទី ២២​មករា​ ©REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ទី ៣​ខែ​ធ្នូ ឆ្នាំមុន សម្ព័ន្ធអន្តរជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​ដូចគ្នានេះ នៅទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ ក្នុង​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្ស៊ិក។ ដូច​នៅក្នុង​កិច្ចប្រជុំ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ ប្រទេស​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ នៅថ្ងៃ​ព្រហស្បតិ៍​​នេះ នឹង​បូកសរុប​លើ​​ប្រតិបត្តិការ​យោធា​ដែល​សម្ព័ន្ធ​អន្តរជាតិ បាន​ធ្វើ​កន្លងមក។ កិច្ចប្រជុំ​នឹង​ផ្តោត​ផងដែរ​ទៅលើ​ វិធានការ​ដើម្បី​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូសទាញ របស់​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម។

 
កិច្ចប្រជុំ​នៅ​ទីក្រុង​ឡុងដ៍ ត្រូវ​បាន​រៀបចំ​ជា​ថ្មី ដើម្បី​ឆ្លើយតប​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​ចុងក្រោយ​នេះ ដូចជា​ភេរវកម្ម សម្លាប់​មនុស្ស​១៧​នាក់ នៅ​បារាំង ភេរវកម្ម​សម្លាប់​មនុស្ស​នៅហាងកាហ្វេ ក្នុង​ប្រទេស​អូស្ត្រាលី ឬ​ភេរវកម្ម​សម្លាប់​សិស្សសាលា​ប៉ាគីស្ថាន​ជាដើម។ ថ្មីៗនេះទៀត បន្ទាប់​ពី​វាយទប់ស្កាត់​ជា​មុន​បណ្តាញ​ភេរវនិយម​ជីហាត នៅ​បែលហ្សិក និង​នៅ​អាល្លឺម៉ង់ អឺរ៉ុប​នៅ​តែ​ព្រួយបារម្ភ​ខ្លាច​មាន​ការវាយប្រហារ​របស់​ពួកជីហាត នៅ​ពេល​ខាងមុខ។

ម្យ៉ាងទៀត កិច្ចប្រជុំ​លើកនេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋមន្រ្តីការបរទេស​អង់គ្លេស និង​ប្រមុខ​ការទូត​អាមេរិក លោក​ចន ឃេរី បន្ទាប់ពី​មាន​ជំនួប​ជាផ្លូវ​រវាង​នាយក​រដ្ឋមន្រ្តី​អង់គ្លេស និង​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា សប្តាហ៍មុន។

ក្រៅតែ​ពី​ប្រតិបត្តិការ​យោធា​ដើម្បី វាយប្រហារ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ គេ​សង្ឃឹមថា សមាជិក​របស់​សម្ព័ន្ធ​អន្តរជាតិ​នឹង​អនុម័តគាំទ្រ​ឲ្យ​មាន​ប្រតិបត្តិការ​​ស៊ីវិលមួយ​ទៀត ពោល​គឺ​ការចែករំលែក​ព័ត៌មាន​រវាង​ប្រទេស​សមាជិក ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​អាច​បញ្ចុះ​បញ្ចូល​រើស​ជន​បរទេស ឲ្យ​ទៅ​ចូលរួម​នៅក្នុង​ចលនា​របស់ខ្លួន​នៅ​ទឹកដី​ស៊ីរី ឬ​នៅ​អ៊ីរ៉ាក់។

រកមធ្យោបាយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាតនៃអង្គការ​រដ្ឋអ៊ីស្លាម ​អាច​រើស​សមាជិកថ្មី
តាម​គណៈកម្មការ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ មាន​ជនបរទេស​ប្រមាណ​​១ម៉ឺន ៥ពាន់​នាក់ មកពី​ប្រទេសចំនួន ៨០ កំពុង​ចូលរួម ប្រយុទ្ធ​ក្នុង​ក្រុម​ជីហាត នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

ក្រុមជីហាតនៃ​អង្គការ​រដ្ឋអ៊ីស្លាម ដែល​ទើប​ចេញមុខមាត់ ខ្លាំង​នៅ​ឆ្នាំ ២០១៤ បាន​ប្រើ​ទាំង​យុទ្ធសាស្រ្ត​ផ្លូវចិត្ត និង​ទឹកប្រាក់​ដើម្បី​អូសទាញ​ជនបរទេស​ជីហាត​រាប់​ពាន់​នាក់ ជាពិសេស​ពី​អឺរ៉ុប ឲ្យ​ទៅ​ចូល​រួម​ជាមួយ​ខ្លួន នៅ​ស៊ីរី។ សហរដ្ឋអាមេរិក និង​ប្រទេស​សម្ព័ន្ធ​អន្តរជាតិ​ទទួល​ស្គាល់​ថា អ៊ីនធ័រនែត ជា​ពិសេស​បណ្តាញ​សង្គម​ដូចជា​Facebook ត្រូវ​បាន​ពួក​ភេរវនិយម​ប្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព​ដើម្បី​រើសមនុស្ស​ឲ្យ​ចូល​ជាសមាជិក​ចលនា​របស់​ខ្លួន។

កន្លងមក នៅ​លើ​អ៊ីនធ័រនែត ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រើ​រូបភាព​វីដេអូរ​ដែល​បង្ហាញ​ការកាត់ក​ប្រហារ​ជីវិត​ចំណាប់ខ្មាំង​អាមេរិក និង​អង់គ្លេស។ តាម​អ្នកជំនាញ រូបភាព​វីដេអូរ​បានផ្តល់​សារ​យ៉ាង​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ក្រុម​យុវជន​បរទេស ដែល​កំពុង​ស្វែងរក​អត្តសញ្ញាណ​ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត ខុសពី​ក្រុមភេរវជន​ផ្សេងទៀត ក្រុមជីហាត​ឆ្លាត មាន​យុទ្ធសាស្រ្ត​អូសទាញ​មនុស្ស និង​រចនាសម្ព័ន្ធ​ដឹកនាំ ច្បាស់លាស់។ នៅក្នុង​រូបភាព​វីដេអូ​បង្ហាញ​ការប្រហារជីវិត​ចំនាប់ខ្មាំង ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រើ​រូបភាព​យុវជន​បរទេស ដូចជា​បារាំង ឬ​អង់គ្លេស ដែល​កាន់អាវុធ​ចូលរួម​ជាមួយ​ក្រុមខ្លួន។ យុវជន​នៅ​អឺរ៉ុប​ភាគច្រើន ដែល​មិន​សូវ​បាន​ទទួល​ការអប់រំ ឬ​កំពុង​ជួប​បញ្ហា គ្មាន​ការងារ​ធ្វើ នៅក្នុង​ប្រទេស​កំណើត​របស់ខ្លួន យល់ថា ជនជាតិ​របស់ខ្លួន​បាន​ទៅចូលរួម ជាមួយ​ក្រុមជីហាត។ ពួកគេ​មាន​ជីវិត​គ្រាន់បើ គឺ​យ៉ាងហោច​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​បុព្វហេតុ​សាសនា​អ៊ីស្លាម។ ដោយ​យល់​ដូច្នេះហើយ ក្រុម​យុវជន​អឺរ៉ុប​ជាច្រើន​រយនាក់ បាន​ចាកចេញ ជាបន្តបន្ទាប់ ទៅ​ចូលរួម​ជាមួយ​ចលនា​ជីហាត តាមរយៈ​បណ្តាញ​រើស​មនុស្ស ដែល​គេ​រកឃើញ​ថា មាន​មូលដ្ឋាន​ធំ នៅ​ប្រទេស​បែលហ្ស៊ិក។

មធ្យោបាយ​សំខាន់​ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុមជីហាត​រើស​ជនបរទេស​តទៅមុខទៀត និង​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ក្រុមនេះ ត្រលប់មក​ធ្វើ​ភេរវកម្ម​នៅ​ទឹកដី​កំណើតវិញ នោះ អាមេរិក និង​ប្រទេសសម្ព័ន្ធមិត្ត​បាន​គិតគូរ​វាយប្រហារ​ការផ្សព្វផ្សាយ​អ៊ីនធ័រនែត​របស់​ក្រុមជីហាត។ តាម​អាមេរិក ប្រតិបត្តិការ​វាយប្រហារ​តាម​ជើងអាកាស ជាង​១០០០​បាន​ទប់ស្កាត់​ក្រុមជីហាត​កុំ​ឲ្យ​ពង្រីក​ដែនគ្រប់គ្រងរបស់ខ្លួន និង​បាន​បំបាក់​ទឹកចិត្ត​ជនបរទេស ដែល​ឃើញ​ជនបរទេស​ដទៃ​ទៀត ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​សម្ព័ន្ធ​អន្តរជាតិ។

លោក​ចន ឃេរី នៅមុន​ឡើង​យន្តហោះ​ទៅ​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា វា​ជា​ដំណឹង​ល្អ​ដែល​ប្រទេស​ចំនួន​១៧​បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ពង្រឹង​ច្បាប់ ដើម្បី​ដាក់ពិន័យ​អ្នកដែល​ចង់​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​ពួកជីហាត នៅ​ស៊ីរី។ អង់គ្លេស​ផ្ទាល់ ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី ក្នុង​ការផ្លាស់ប្តូរ​បញ្ជីឈ្មោះ​របស់អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ។ ធ្វើដូច្នេះ គឺ​អង់គ្លេស​អាច​ដឹង​បាន​ជាមុន ឈ្មោះ​មនុស្ស​ដែល​គេ​សង្ស័យថា នឹង​ទៅ​ស៊ីរី ដើម្បីចូលរួម​ជាមួយ​ក្រុមជីហាត។

ពូកជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ​មាន​លុយច្រើន​បាន​មកពីការលក់ប្រេង ការយកពន្ធ​ពី​ប្រជាជន​ដែលរស់នៅក្នុង​តំបន់​កាន់កាប់​របស់ខ្លួន និង​ការចាប់ជំរិត។ ជាក់ស្តែង កាលពីថ្ងៃ​អង្គារ ក្រុមជីហាត​បាន​គំរាម​​ប្រហារជីវិត​ប្រជាជន​ជប៉ុន​២នាក់ បើ​រដ្ឋាភិបាល​ជប៉ុន​មិន​បង់ប្រាក់​២០០​លាន​ដុល្លារ ដើម្បី​ជាថ្នូរ​លោះ​នោះទេ។ ជប៉ុន កាលពីថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​សុំ​ឲ្យ​សម្ព័ន្ធមិត្ត​ជាពិសេស​អាមេរិក និង​បារាំង ជួយ​អន្តរាគម​ដើម្បី​រំដោះ​ជនជាតិ​ទាំងពីរ​នាក់​របស់ខ្លួន។

នៅថ្ងៃ​នេះ ជប៉ុន​មិន​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មែន ប៉ុន្តែ កាលពីថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តីការពារ​ជាតិ​ជប៉ុន​បាន​ស្ថិតនៅ​ប្រទេស​អង់គ្លេស ដើម្បី​អំពាវនាវ​ឲ្យ​គេ​ជួយ​អន្តរាគម ដើម្បី​រំដោះ​ចំណាប់ខ្មាំង​ជប៉ុន​ទាំងពីរនាក់​ពី​ដៃ​របស់​ក្រុមជីហាត។ តាមរដ្ឋមន្រ្តីការពារ​ជាតិ​ជប៉ុន សម្ព័ន្ធមិត្ត​ជា​ច្រើន​បាន​ត្រឹម​ប្រាប់​ជប៉ុន​កុំ​ឲ្យ​បង់​ប្រាក់​លោះ​ទៅ​ឲ្យ​ក្រុម​ជីហាត​ឲ្យ​សោះ។ ជប៉ុន​ដែល​ព្យាយាម​សាងមុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ ទើប​បាន​សន្យា​ផ្តល់​ប្រាក់​២០០​លាន​ដុល្លារ ដល់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវនិយម។

ក្រុមជីហាត​ជីហាត​វិញ ព្រមាន​ប្រហារ​ជីវិត​ជនជាតិ​ជប៉ុន ពីររូប ជាថ្នូរ​នឹង​ប្រាក់​២០០​លាន​ដុល្លារ នឹង​សងសឹក​ជប៉ុន​ដែល​ជួយ​ផ្តល់​ប្រាក់​ដល់​ប្រតិបត្តិការ​របស់​​សម្ព័ន្ធអន្តរជាតិ ដែល​ពេលនេះ កំពុង​វាយប្រហារ​ទៅលើ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។

សូមបញ្ជាក់ថា នៅក្នុង​អតីតកាល ជប៉ុន​ធ្លាប់​បង់លុយ​ទៅ​ឲ្យ​ក្រុម​ចាប់ជំរិត ដើម្បី​រំដោះ​ជីវិត​ចំណាប់ខ្មាំង​ជនជាតិ​របស់ខ្លួន។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន​វិញ បាន​ព្យាយាម​មិនឆ្លើយ​សំណួរ​របស់​អ្នកកាសែត ដែល​សួរថា តើ​ជប៉ុន​នឹង​បង់ ឬ​មិន​បង់​លុយ​ទៅ​ឲ្យ​ក្រុមជីហាត។ នៅក្រោយ​សារវីដេអូ​ទាមទារ​ប្រាក់​២០០​លាន​ដុល្លារ​ពីក្រុមជីហាត រដ្ឋាភិបាល​ជប៉ុន​​បាន​ប្រកាស​ថា ខ្លួន​មិនចុះញ៉ម​នឹង​ការគំរាម​របស់​ក្រុម​ជីហាត។ គឺ​អាច​មានន័យថា ជប៉ុន​នឹង​មិន​ឲ្យ​លុយ​ទៅ​​ក្រុមជីហាតទេ។ ប៉ុន្តែ កាលពីថ្ងៃ​ពុធ​ម្សិលមិញ នាយករដ្ឋមន្រ្តី​ជប៉ុន​ហាក់​បាន​ប្តូរ​​ជំហរ​ផ្ទុយមកវិញ ដោយ​បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ធ្វើគ្រប់​មធ្យោបាយ​ដើម្បី​អាច​រំដោះ​ជនជាតិ​របស់ខ្លួន​ពី​ដៃ​ក្រុមជីហាត។ ទៅតាម​ការគំរាម​របស់​ក្រុមជីហាត រដ្ឋាភិបាល​ជប៉ុន​មាន​ពេល​ដល់​រសៀល​ថ្ងៃ​សុក្រ​ស្អែក ដើម្បី​បង់ប្រាក់ ២០០​លាន​ដុល្លារ រំលោះ​យក​ជនជាតិ​របស់ខ្លួន មកវិញ។ តាម​កាសែត​ជប៉ុន​ជាច្រើន ដោយ​មើលទៅ​បរិបទ​បច្ចុប្បន្ន នោះ​គឺ​ជនជាតិ​ជប៉ុន​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​គ្រោះថ្នាក់ ស៊ីរី បើទោះបី​ជា​ការព្រមាន​ហាមឃាត់​ពី​រដ្ឋាភិបាល ជាមុន ដូច្នេះ រដ្ឋាភិបាល​ជប៉ុន​អាច​នឹង​មិន​បង់ប្រាក់​ទៅ​ឲ្យ​ក្រុមជីហាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ