អានតួអត្ថបទ
បារាំង

ការស្ទង់​មតិ៖ ក្រោយ​ភេរវកម្ម គណបក្សប្រឆាំង​បារាំង​រឹត​តែ​​មានប្រជាប្រិយ

ប្រជាជន​បារាំង នៅ​ថ្ងៃ​អាទិត្យ​ទី ៦​ធ្នូ ត្រូវ​ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់​តំបន់។ នៅ​បីសប្តាហ៍​ក្រោយ​ទីក្រុង​ប៉ារីស​រង​ការវាយប្រហារ​ភេរវកម្ម ដែល​សម្លាប់​មនុស្ស ១៣០​នាក់ ការបោះ​ឆ្នោត​ថ្នាក់តំបន់ នៅថ្ងៃ​នេះ ត្រូវ​គេ​ចាត់ទុក​ជា​ការតេស្ត វាយតម្លៃ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច ដែល​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ក្នុង​រយៈពេល​៣​ខែ។ 

ប្រជាជន​បារាំង​ដើរ​កាត់មុខ​ផ្ទាំង​ឃោសនា​របស់​បេក្ខជន​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​តំបន់ ថ្ងៃទី ៤​ធ្នូ ២០១៥
ប្រជាជន​បារាំង​ដើរ​កាត់មុខ​ផ្ទាំង​ឃោសនា​របស់​បេក្ខជន​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​តំបន់ ថ្ងៃទី ៤​ធ្នូ ២០១៥ ©REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ថ្នាក់តំបន់​ នៅ​ប្រទេស​បារាំង ធ្វើឡើង​ក្នុង​បរិយាកាស មួយ ដែល​ប្រទេស​ត្រូវ​ដាក់​ឲ្យ​​ស្ថិតនៅ ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។ នៅក្រោយ​ភេរវកម្ម​ដែល​វាយ​ប្រហារ​ក្រុង​ប៉ារីស កាលពី​បីសប្តាហ៍​មុន សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាងខ្លាំង ជាមួយ​នឹង​ការពង្រាយ​ប៉ូលិស ទាហាន​នៅ​តាម​ការិយាល័យ​បោះឆ្នោត។ នៅក្នុង​ការបោះឆ្នោត​ថ្នាក់តំបន់​ជុំទី​១ នៅថ្ងៃ​អាទិត្យ​នេះ ប្រជាជន​បារាំង ប្រមាណ ៤៤ លាន​៦សែន​នាក់ ត្រូវ​ទៅបោះឆ្នោត​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សា​ថ្នាក់​តំបន់ និង​ដែនដី សរុប​ប្រមាណ​១៩០០​នាក់ នៅទូទាំង​ប្រទេស។

 
នៅ​ប្រទេស​បារាំង ការបោះឆ្នោត​ថ្នាក់​តំបន់​មាន​សារៈសំខាន់ ព្រោះថា ក្រុម​ប្រឹក្សា​ថ្នាក់​តំបន់​ដែល​នឹង​ត្រូវជ្រើសរើស​ចេញពី​ការបោះឆ្នោត​លើកនេះ នឹង​មាន​សិទ្ធិ​គ្រប់គ្រង​ថវិកា​ក្នុង​តំបន់​របស់ខ្លួន។ ដោយ​មិនចាំបាច់​ឆ្លងកាត់ សុំ​ការអនុញ្ញាតិ​ពី​រដ្ឋាភិបាល ក្រុមប្រឹក្សា​ថ្នាក់តំបន់​មាន​អំណាច​សម្រេច​ទៅ​លើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ផ្លូវ​គមនាគមន៍ ការអប់រំ ហើយ និង​ការវិនិយោគ។

នៅ​មុន​ការបោះឆ្នោត ការស្ទង់មតិ​បាន​បង្ហាញ​រួចហើយថា គណបក្ស​ប្រឆាំង ធំជាង​គេ​របស់​បារាំង ហើយ​និង​គណបក្ស​ស្តាំ​និយម​ជ្រុល​នឹង​ឈ្នះ​លើ​គណបក្ស​ឆ្វេងនិយម ដែល​ជា​គណបក្ស​របស់​លោក​ប្រធានាធិបតី។ តាម​ការស្ទង់​មតិ ​គណបក្ស​ស្តាំ​និយមជ្រុល ដែល​ជា​គណបក្ស​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​​ប្រឆាំង អឺរ៉ុប​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​២៧ភាគរយ។ ចំណែក​គណបក្ស​ប្រឆាំង របស់​លោក​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្សី ក៏​នឹង​អាច​ទទួល​បាន​សំឡេង​នាំមុខ​គេ គឺ​ប្រមាណ​៣០ភាគរយ បើប្រៀបធៀប​នឹង​គណបក្ស​កាន់អំណាច​សង្គមនិយម នឹង​បាត់បង់​សំឡេង មកនៅ​ត្រឹម ២២ភាគរយ។

ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅក្រោយ​ប៉ារីស​រង​វាយ​ប្រហារ​ដោយ​ភេរវកម្ម​បាន​ធ្វើ​ឲ្យ​កូដ​ប្រជាប្រិយភាព​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ឡើង​ខ្លាំង​មែនទែន។ ប៉ុន្តែ កូដប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតី​នឹង​មិនអាច​ជួយ​យឹតយោង​គណបក្ស​កាន់​អំណាច​របស់លោក ឲ្យ​អាច​ទទួល​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​លើក​នេះ។

តាម​ការស្ទង់​មតិ គណបក្ស​ស្តាំ​និយមជ្រុល​របស់​គ្រួសារ​Le Penអាច​ទទួល​បាន​ការគាំទ្រ​ច្រើន បន្ទាប់​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នេះបាន​និយាយ​បញ្ចុះបញ្ចូល​ជនជាតិ​បារាំង ឲ្យ​ឃើញ ពី​ការគំរាមកំហែង​នៃ​នយោបាយ​ជនអន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​សព្វថ្ងៃនេះ។ បើសិន​គណបក្ស​ស្តាំ​និយមជ្រុល​ទទួល​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត លើកនេះ ដណ្តើម​បាន​តំបន់​មួយ​ចំនួន (ក្នុង​ចំណោម តំបន់​សរុប ចំនួន ១៣​នៅ​ប្រទេស​បារាំង) យក​មក​គ្រប់គ្រង នោះ គណបក្ស​ស្តាំ​និយមជ្រុល ដែល​ប្រឆាំង​អឺរ៉ុប និង​ប្រឆាំង​ជនអន្តោប្រវេសន៍​ជាពិសេស​អ្នកកាន់​សាសនា​អ៊ីស្លាម ក្នុង​ប្រទេស​បារាំង នឹង​មាន​កម្លាំង​បន្ថែម ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អំណាច នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ឆ្នាំ ២០១៧​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ