អានតួអត្ថបទ

អង្គការ​អូតង់​នឹង​ប្រជុំ​និយាយ​អំពី​ប្រតិបត្តិការ​យោធា​របស់​​តួកគី​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់

បក្ស​សម្ព័ន្ធ​អូតង់​បើក​កិច្ចប្រជុំ​នៅថ្ងៃ​អង្គារ​នេះ ទៅតាម​សំណើ​របស់​តួកគី ដែល​ជា​ប្រទេស​សមាជិក។ ការ​ស្នើ​ឲ្យ​កោះ​ប្រជុំ​អូតង់ ត្រូវ​បាន​ធ្វើឡើង នៅ​ក្រោយ​ពេល​ដែល​តួកគី​បាន​សម្រេច​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​វាយប្រហារ​ទៅលើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ក៏ដូចជា ទីតាំង​របស់​ពួក​ឧទ្ទាម​គួឌីស្ថាន នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្សិក
ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្សិក www.nato.int
ផ្សាយពាណិជ្ជកម្ម

 

អង្គការ​អូតង់​បាន​ឲ្យដឹង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា តួកគី​បាន​ស្នើ​ឲ្យ​បើក​កិច្ចប្រជុំ​ថ្នាក់​អគ្គរដ្ឋទូត​ប្រទេស​សមាជិក​នៅថ្ងៃ​អង្គារ​នេះ គឺ​ដើម្បី​ជជែក​អំពី​បញ្ហា​សន្តិសុខ​​នៅ​ក្នុង​ប្រទេស​តួកគី ក្រោយ​ពី​មាន​ការ​វាយប្រហាភេរវកម្ម​ជា​បន្តបន្ទាប់ កាល​ពីសប្តាហ៍​មុន និង​ដើម្បី​ជូនដំណឹង​អូតង់ អំពី​វិធានការ​ដែល​រដ្ឋាភិបាល​តួកគី​កំពុង​ដាក់ចេញ​។

គួរបញ្ជាក់ថា យោង​តាម​សន្ធិសញ្ញា​​អូតង់ ប្រទេស​ជា​សមាជិក​ណាមួយ​ក៏ដោយ​​អាច​កោះប្រជុំ​សមាជិក​ទាំង ២៨ប្រទេស​បាន​គ្រប់ពេល ឲ្យ​តែ​ប្រទេស​នោះ​យល់​ថា បូរណភាព​ទឹកដី ឯករាជ្យ និង​សន្តិសុខ​របស់​ខ្លួន​កំពុង​ទទួល​រង​នូវ​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ។

ដូច្នេះ ការណ៍​ដែល​តួកគី​កោះប្រជុំ​អូតង់​នៅថ្ងៃ​អង្គារ​នេះ គឺ​បានន័យថា រដ្ឋាភិបាល​តួកគី​យល់ឃើញ​ថា​សន្តិសុខ​របស់​តួកគី​ កំពុង​ទទួល​រងនូវ​ការ​គំរាមកកំហែង​ពី​សំណាក់​​ក្រុម​ជីហាត​​រដ្ឋអ៊ីស្លាម និង​ក្រុម​ឧទ្ទាម​គួឌីស្ថាន។

ទោះជាយ៉ាងណា​ក៏ដោយ តួកគី​មិន​បាន​ស្នើ​សុំ​ជំនួយ​ផ្នែក​យោធា​ពី​អូតង់ ដើម្បី​ជួយ​ក្នុង​យុទ្ធនាការ​វាយប្រហារ​ទៅលើ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម និង​ក្រុម​ឧទ្ទាម​គួឌីស្ថាន។ នេះ​បើ​យោងតាម​ការអះអាង​របស់​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់។

លោក​ Jens Stoltenberg ក៏បាន​លើកឡើង​ផងដែរ​ថា អូតង់​គាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​តួកគី​ទៅលើ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​អគ្គលេខាធិការ​អូតង់​បាន​បង្ហាញ​នូវក្តីបារម្ភ​ថា ការវាយប្រហារ​ទៅលើ​ពួក​ឧទ្ទាម​គួឌីស្ថាន​ អាច​នឹង​ធ្វើ​ឲ្យ​ជម្លោះ​ រវាង​កងកម្លាំង​តួកគី និង​កម្លាំង​ឧទ្ទាម PKK ដែល​ស្ងប់ស្ងាត់​ជិត​២ឆ្នាំ​មកហើយ​នេះ នឹង​ត្រូវ​ឆាបឆេះ​ឡើងវិញ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​តាមផ្លូវ​នយោបាយ អស់រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ អាច​នឹង​ត្រូវ​រលាយ​សាបសូន្យ​អស់​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ