អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់​ប្រតិកម្ម​នឹង​ការរំលោភ​ដែន​អាកាស​តួកគី ជា​សមាជិក​ខ្លួន​ដោយ​យន្តហោះ​រុស្ស៊ី

មិនមែន ជា​ឧប្បត្តិហេតុ​ចៃដន្យ​ឡើយ ដែលយន្តហោះ​ចម្បាំង​រុស្សី បាន​ហោះ ចូល​ដែន​អាកាស​ប្រទេស​តួកគី ពីរថ្ងៃ​ជាប់គ្នា។ សេចក្តីនេះ​ថ្លែងដោយ អគ្គលេខាធិការ​បក្ស​សម្ព័ន្ធ អូតង់ ក្នុងសន្និសីទ​កាសែត​ថ្ងៃ​អង្គារ ទី ៦​តុលា។ ប៉ុន្តែ ការបកស្រាយនេះ​របស់​គាត់ ត្រូវ​ក្រុងម៉ូស្គូ ចាត់ទុក ជាលេស សម្រាប់​បក្សសម្ព័ន្ធ​អូតង់ ផ្លុំ​បញ្ឆេះ “សង្គ្រាម​ឃោសនា “ ដើម្បី ក្លែង​បំផ្លែង គោលដៅ​ពិត នៃ​ប្រតិបត្តិការ​ដែល​កំពុង​បំពេញ ដោយ​កងអាកាស​រុស្ស៊ី នៅស៊ីរី។  

យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ស៊ីរី​ថ្ងៃ​ទី ៥​តុលា ២០១៥
យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ស៊ីរី​ថ្ងៃ​ទី ៥​តុលា ២០១៥ REUTERS/Ministry of Defence of the Russian Federation/Handout
ផ្សាយពាណិជ្ជកម្ម

ថ្លែងថ្ងៃ ៦តុលា ក្នុងសន្និសីទ​កាសែត នៅក្រុង Bruxelles ជាទីស្តីការ​របស់​អូតង់ លោក អគ្គលេខាធិការ​បក្ស​សម្ព័ន្ធ​នេះ Jens Stoltenberg អះអាងថា “ព័ត៌មាន និង ទិន្នន័យ​ឈ្លបយក បាន ហុចជា​លេស ឲ្យ​ខ្ញុំ​និយាយ​ថា ការរំលោភនេះ​មិនមែន​ជា​ឧប្បត្តិហេតុ​ចៃដន្យ​ឡើយ។ វា ជា ការរំលោភ​គួរឲ្យបារម្ភ ដ្បិត​គ្រាន់តែ ក្នុង​២ថ្ងៃសោះ នៃចុង​សប្តាហ៍​កន្លងទៅ យន្តហោះ​ចម្បាំង រុស្ស៊ី បាន​បំពាន​ដល់ទៅ២ដង ដែន​អាកាស​តួកគី។ ទាំង២លើក​នេះ យន្តហោះ​រុស្ស៊ី បានស្ថិត ក្នុងដែន​អាកាសតួកគី គឺយូរ​ជាង​លើកមុនៗ កាល​ដែល​យន្តហោះ​រុស្ស៊ី បានបំពាន​ដែនអាកាស ប្រទេសឯទៀត​នៃ​ទ្វីប​អឺរ៉ុប។

 
លោកអគ្គលេខា​អូតង់ ក៏គូស​បញ្ជាក់ថា ការរំលោភ​ចូលដែន​អាកាស​តួកគី ជា​ប្រទេស សមាជិក អូតង់ ដោយយន្តហោះ​រុស្ស៊ី បានពន្យារ​ទៅ លើស ពី​២នាទី ដូច្នេះ វា​ជា​សក្ខីកម្ម សឲ្យ​ឃើញថា ឧប្បត្តិហេតុ​ទាំងពីរ​លើក លែង​ជា​រឿងចៃដន្យ ទៅ​ហើយ។

លោក Stoltenberg កត់សម្គាល់ថា អូតង់ ឥត​បាន​ទទួល​ពី​រុស្ស៊ីឡើយ នូវ​ការពន្យល់​បំភ្លឺ តើអ្វី​ទៅ ដែល​បានកើតឡើង ក្នុង​ផ្ទៃមេឃ​តួកគី ពីព្រោះ អូតង់​គ្មានខ្សែ​រយៈ​គមនាគមន៍​ត្រង់ផ្ទាល់ ជាមួយ ម៉ូស្គូ។

គ្រាន់តែឮ​ការបកស្រាយនេះ របស់​អគ្គលេខា​អូតង់ តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ី ប្រចាំនៅ ទីស្តីការ​អូតង់​ក្នុងក្រុង Bruxelles លោក Alexandre Grushko ថ្លែងថា តាមមើល​ទៅ​ឧប្បត្តិហេតុ ពាក់ព័ន្ធ​នឹង​យន្តហោះរុស្ស៊ី នៅតួកគី ត្រូវ​អូតង់ឆ្លៀត​ប្រើ​ធ្វើជា ”សង្គ្រាម​ឃោសនា” ដើម្បី ក្លែង បំផ្លែង គោលដៅពិត នៃ​ប្រតិបត្តិការ​ដែល​កងអាកាស​រុស្ស៊ី កំពុង​បំពេញ នៅស៊ីរី។ ក្នុងបរិបទ “សង្គ្រាម”​នេះ អូតង់​បានថ្លែង​ថា យន្តហោះរុស្ស៊ី ទម្លាក់​គ្រាប់បែក មិនមែន​ទៅលើ​ទីតាំង​របស់ អង្គការ​ភេរវនិយម” រដ្ឋអ៊ីស្លាម”ឯណា។ ចំណែក លទ្ធផល​នៃ​ប្រតិបត្តិការ ធ្វើដោយ “សម្ព័ន្ធប្រឆាំង ភេរវនិយម” ដឹកនាំ ដោយស.រ.អា. គឺ “ចាក់សោរ ជារឿង​សម្ងាត់​៧ជាន់” មិនឲ្យ​នរណាដឹងទេ។

គួរនិយាយថា ទន្ទឹមនឹង​រឿងរំលោភ​ដែនអាកាស​ខ្លួន ដោយ​យន្តហោះរុស្ស៊ី ២លើកនោះ តួកគី ថ្ងៃ ៦តុលា បានផ្សាយ​ថា មាន​យន្តហោះ​យោធា ធុន Mig-29 មួយគ្រឿង​ដែល​គ្មាន​សញ្ញា​សម្គាល់ ដោយ​ប្រើរ៉ាដារ ខ្លួន អស់៤ម៉ោង និង៣០នាទីជាប់ បានបៀតបៀន រំខាន​ដល់​ការហោះល្បាត តាមព្រំដែន នៃ​យន្តហោះ​ប្រដេញតួកគី ដល់ទៅ ៨គ្រឿង។ មិនតែប៉ុណ្ណោះ យន្តហោះ​ប្រដេញ តួកគី​ទាំងនេះ ក៏ត្រូវបាន​បៀតបៀន​ដោយរ៉ាដារ របស់​ប្រព័ន្ធ​ការពារ​ដែនអាកាស នៅលើ​ដែនដី ស៊ីរី អស់ ៤ម៉ោង និង១៥នាទីដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ