អានតួអត្ថបទ
តួកគី-រុស្ស៊ី

តួកគី​ចោទថា មានយន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ហោះចូល​ដែន​អាកាស​តួកគី

យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​គ្រឿង បាន​រំលោភ​ចូលដែន​អាកាស​តួកគី នៅ​ក្បែរ​ព្រំដែន​ស៊ីរី កាលពី​ថ្ងៃអាទិត្យ ទី៤ តុលា លុះទាល់​តែ​បង្ខំ​កងទ័ព​តួកគី ឲ្យ​បញ្ជូន​យន្តហោះ​ប្រដេញ ២គ្រឿង​ធុន F-16 ទៅ​បណ្តេញ យន្តហោះ​រុស្ស៊ី​នោះ ចេញទៅ។ ដំណឹង​នេះ ត្រូវបាន​ប្រកាស ព្រឹកថ្ងៃ​ចន្ទនេះ ដោយ ក្រសួង​ការបរទេស​តួកគី។ ពិតជា​ក្នុង​ប្រតិបត្តិការ​វាយប្រហារ ទៅលើ ទីតាំង​ក្រុមភេរវជន​នៃ​អង្គការ ”រដ្ឋអ៊ីស្លាម” នៅប៉ែក​ខាងជើង​ស៊ីរី ដែល​បណ្តាល​ឲ្យមាន ឧប្បត្តិហេតុនេះ កើតឡើង។ 

យ​ន្តហោះ​រុស្ស៊ី ក្នុង​ទឹកដី​ស៊ីរី
យ​ន្តហោះ​រុស្ស៊ី ក្នុង​ទឹកដី​ស៊ីរី REUTERS/Reuters TV/Pool
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​តួកគី លើកឡើងថា ដោយមក​ពី​ឧប្បត្តិហេតុ​នេះ អគ្គរដ្ឋទូត​រុស្ស៊ី នៅតួកគី លោក Andrei Karlov ត្រូវបាន កោះអញ្ជើញ ដោយអាជ្ញាធរ តួកគី ដែល​សំដែង​ការតវ៉ា​ប្តូរ​ប្តេជ្ញ​ទៅកាន់​រូបគាត់។ ហើយតាមរយៈ រូបគាត់ តួកគីសុំរុស្ស៊ី ឲ្យ​ឈប់​ប្រព្រឹត្ត ការជ្រៀតចូល​បែប​នេះទៀត ពុំនោះ​សោតទេ ភាគីរុស្ស៊ី​នឹង​រង​នាទី​ទទួល​ខុសត្រូវ ចំពោះ ឧប្បត្តិហេតុ មិនជា​ក្តីប្រាថ្នា ដែល​អាចកើតមាន​ឡើង។

 
ចំណែក លោក​ប្រមុខការទូត​តួកគី Feridum Siniroglu បានភ្ជាប់ខ្សែរ​ទូរស័ព្ទ ជាបន្ទាន់ ហើយបាន ជម្រាប សមភាគី​រុស្ស៊ី លោក Serguei Lavrov  អំពី​គោលជំហរ​នេះ​របស់​រដ្ឋាភិបាល​តួកគី។

អំពី​តុល្យាការ​នៃ​ការវាយប្រហារ​ទៅលើ​ទីតាំង ពពួក​ក្រុមភេរវជន​នៃ​អង្គការ ”រដ្ឋអ៊ីស្លាម” នៅលើ​ដែនដី​ស៊ីរី ដែល​កង​អាកាស​រុស្ស៊ី ធ្វើតាំង ពីថ្ងៃ ៣០​កញ្ញាមក ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​ឲ្យដឹង ថា ក្នុង​៥ថ្ងៃ​កន្លងទៅ យន្តហោះ​ចម្បាំង​រុស្ស៊ី បានចេញ​ប្រតិបត្តិការ ជាង ៨០លើក​ហើយ ដោយ បាន​បំផ្លាញ ទីតាំង​ពួកភេរវជន អស់ជាង ៦០កន្លែង ក្នុងនោះ មាន​ប៉ុស្ត​បញ្ជាការ​ជាច្រើន​ន្លែង របស់​ពួកនោះ , មាន​ជំរំ ខាងបង្វឹក​បង្ហាត់ ពួកភេរវជន , មានឃ្លាំង​ស្តុកអាវុធ និងស្បៀង ,មាន រោងជាង ខាងផលិត​រំសេវ និង​គ្រឿងផ្ទុះ។ល។ លុះទាល់​តែបន្សោយ​មែនទែន សក្តានុពល ប្រយុទ្ធ របស់​ពួកគេ។

ក្រសួង​ការពារ​ជាតិ​លម្អិត​ថា ការវាយប្រហារ​ត្រូវយន្តហោះ​រុស្ស៊ី​ធ្វើ លុះក្រោយ ពីទទួលបាន យ៉ាងច្បាស់ ពីកន្លែង​ស្ថិតនៅ នៃទីដៅ​ដែល​ត្រូវ​វាយប្រហារ ដែលមិន​នាំឲ្យ ប៉ះពាល់​ដល់​សំណង់ ស៊ីវិលឡើយ។ មិនតែប៉ុណ្ណោះ គ្រាប់បែកបញ្ជា ដែល​យន្តហោះរុស្ស៊ី ទម្លាក់ពីកំពស់ ជាង ៥.០០០ ម៉ែត្រ គឺរមែងធ្លាក់​ត្រូវចំទីដៅ ក្នុង​កម្រិតខ្ពស់ អាច​លំអៀង យ៉ាងច្រើន ណាស់ ត្រឹម ៥ម៉ែត្រ​ប៉ុណ្ណោះ។ ម្លោះហើយ​បានជា មាន​ពួកភេរវជន ប្រមាណ ៧០០នាក់ហើយ បាន​ដាក់អាវុធ​សុំចុះចូល មកខាង​កងទ័ព​រដ្ឋាភិបាលស៊ីរី។ ពួកទាហាន​ស៊ីឈ្នួល ៦០០នាក់ ដែលច្បាំង នៅខាង​ក្រុមភេរវជន បានធ្លាក់​ក្នុង​ភាពស្លន់ស្លោ កំពុង​រកច្រក​ចេញ​ទៅ​ទ្វីប​អឺរ៉ុប។

រុស្ស៊ីគូស​បញ្ជាក់​ថា ការវាយប្រហារ​នោះ​មិនគ្រាន់​តែនឹង​បន្ត ទៅប៉ុណ្ណោះទេ តែក៏​នឹងមាន​កម្រិត កាន់តែ​ខ្លាំងឡើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ