អានតួអត្ថបទ
រុស្ស៊ី-អ៊ូសបេគីស្ថាន

ទស្សនកិច្ច​លោក ពូទីន​ នៅ​អ៊ូសបេគីស្ថាន-ប្រទេស​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​​នៅ​​តំបន់​អាស៊ី​កណ្តាល

ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដែល​បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​ពិភាក្សា​ជាមួយ​សមភាគី​អ៊ូសបេគីស្ថាន លោក Islam Karimov អំពី​ភាព​ជា​ដៃ​គូ​នេះ នៅ​តាម​វិស័យ​បែប​យ៉ាង​សន្តិសុខ​តំបន់ យោធា ថាមពល ពាណិជ្ជកម្ម ផ្នែក​ប្រយុទ្ធ​ទល់​នឹង​ពួក​ជ្រុលនិយម​អ៊ីស្លាម ពួក​ភេរវជន និង ទល់​នឹងចរាចរណ៍​គ្រឿង​ញៀន​ជាដើម។ ក្នុង​ចំណោម​ឯកសារ​ចុះ​ដោយ​គូភាគី គឺ​មាន​កិច្ចព្រមព្រៀង​ដែល លុប​សឹង​អស់​រលីង​បំណុល ដែល​អ៊ូសបេគីស្ថាន​ជំពាក់​រុស្ស៊ី តាំង​ពី​ជំនាន់​សហភាព​សូវៀត​មក។

លោកប្រធានាធិបតីរុស្ស៊ី ពូទីន និង​សមភាគី​អ៊ូសបេគីស្ថាន Islam Karimov
លោកប្រធានាធិបតីរុស្ស៊ី ពូទីន និង​សមភាគី​អ៊ូសបេគីស្ថាន Islam Karimov © Reuters
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ចធ្វើថ្ងៃទី១០ធ្នូ ដោយ​លោក​ពូទីន នៅក្រុង តាស្កិន (Tachkent) រដ្ឋធានី អ៊ូសបេគីស្ថាន គឺ​ឧទ្ទិស​ដល់​ខួប​គម្រប់​១០​ឆ្នាំ នៃ​សន្ធិសញ្ញា​ស្តី​អំពី​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ និង ភាព​ជា​សម្ព័ន្ធមិត្ត រវាង​រុស្ស៊ី​និង អ៊ូសបេគីស្ថាន ចុះ​កាលពី​ឆ្នាំ​២០០៤។

 
ទស្សនកិច្ចនេះ​ ក៏​ដើម្បី​ផ្ទៀងផ្ទាត់​គោលជំហរ ប្រកាន់​យក​ដោយ​ប្រទេស​ទាំងពីរ ចំពោះ ការគម្រាម​ណា​ដែល​សណ្ឋិត​នៅ​ពី​មុខ​ខ្លួន មាន​ពី​ខាង​ពួក​អ៊ីស្លាម​ជ្រុលនិយម នៅ​អាហ្វហ្កានីស្ថាន​ជាដើម។ ប្រមុខ​រដ្ឋ​ទាំងពីរ​បាន​ថ្លែង​ថា​កិច្ចចរចា មាន​លក្ខណៈ​ស៊ីជម្រៅ​ជា​សាច់​ការណ៍ ហើយ​ជុំវិញ​បញ្ហា​ភាគច្រើន​ដាច់ខាត នៃ​ស្ថានការណ៍​ក្នុង​លោក​ ទស្សនៈយល់​ឃើញ​របស់​គូ​ភាគី ឬ​មួយ​ត្រូវ​គ្នា​បេះបិទ ឬ​មួយ​ស្រដៀង​គ្នា។ ត្រូវ​តែ​ពង្រីក​និង​ពង្រឹង​ភាព​ជា​ដៃ​គូ​នេះ ជាពិសេស​ក្នុង​គ្រា​ឥឡូវ កាល​ដែល​ភាព​តានតឹង កើត​មាន នៅ​តាម ច្រក​ល្ហក​ប្លែកៗ​នៃ​ផែនដី ដែល​តម្រូវ​ឲ្យ​ប្រទេស​ទាំងពីរ​ផ្តល់​ចម្លើយ​រួម។

តាម​សម្តី​លោក​ប្រធានាធិបតី អ៊ូសបេគីស្ថាន ៖ គឺ​ជា​ការ​ឥត​ប្រយោជន៍​ឡើយ បើ​ធ្វើ​ថ្លង់​ធ្វើ​ខ្វាក់ មិន​ឃើញ ភាព​រួម​ធ្លុង​មួយ​នៃ​ប្រទេស​ទាំងពីរ​ដែល​ឈរ​លើ​ទំនាក់ទំនង​ប្រកប​ដោយ​ការជឿ​ទុក​ចិត្ត​គ្នា​ផ្ទាល់ នៃ​មេ​ដឹកនាំ​រដ្ឋ​ទាំងពីរ ដែល​ចាក់​ឫស​ជាប់​យូរ​ឆ្នាំ​មក​ហើយ។

លោកពូទីន​ពី​ចំណែក​ខ្លួន ថ្លែងថា ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំងពីរ បន្ត​រីក​ផុសផុល នៅ​តាម​គ្រប់​ជាន់​ថ្នាក់ ទាំង​ថ្នាក់​រដ្ឋសភា ទាំង​ថ្នាក់​រដ្ឋាភិបាល ទាំង​ថ្នាក់​ប្រមុខ​រដ្ឋ តែម្តង។ ខាង​ផ្នែក​ពាណិជ្ជកម្ម លោក​ពូទីន​បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​ជា​ដៃ​គូ​ជំនួញ​ទី​១​របស់ អ៊ូសបេគីស្ថាន ដោយ​ក្នុង​ឆ្នាំ​មុន​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម បាន​មាន​ទឹក​ប្រាក់ ៥.០០០​លាន​ដុល្លារ​ទៅ​ហើយ ហើយ​ទំហំ​នេះ​ នឹង​បន្ត​កើន​ឡើង ដោយ​អ៊ូសបេគីស្ថាន ទទួល​បាន​ភ្លើង​ខៀវ សម្រាប់​ពង្រីក​ការ​នាំចេញ​មក​កាន់​រុស្ស៊ី នូវ​កសិផល ជំនួស​កន្លែង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប និង ស.រ.អា. ដែល​ត្រូវ​ម៉ូស្គូ​ហាម​មិន​ឲ្យ​នាំ​គ្រឿង​បរិភោគ​ចូល​រុស្ស៊ី​ឡើយ ជា​ចម្លើយ​តប​នឹង​ទណ្ឌ​កម្ម​របស់​ពួក​គេ​ទល់​នឹង​រុស្ស៊ី។ លោកពូទីន ក៏បាន​ប្រកាស​ថា រុស្ស៊ី​សម្រេច​លុប​អស់ ៨៦៥​លាន​ដុល្លារ បំណុល​ដែល​អ៊ូសបេគីស្ថាន​ជំពាក់​រុស្ស៊ី តាំងពី​ជំនាន់​សហភាព​សូវៀត​មក គឹ​នៅ​សល់​តែ ២៥​លាន​ដុល្លារ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ