អានតួអត្ថបទ
អង់គ្លេស

ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ប្រហារ​ជីវិត​សមាជិក​ខ្លួន​ដែល​ជាជនបរទេស

ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម កំពុង​បោសសម្អាត​ផ្ទៃក្នុង​របស់ខ្លួន នៅ​ក្នុង​ប្រតេស​អ៊ីរ៉ាក់ និង​ស៊ីរី។ យោង​តាម​សកម្មជន​ម្នាក់ ដែល​សុំ​មិនបញ្ចេញឈ្មោះ និង​ស្រង់សំដី​ដោយ​កាសែត​ប្រចាំថ្ងៃ អង់គ្លេសឈ្មោះ Financial Times ក្រុមជីហាតបាន​ប្រហារ​ជីវិត​ក្រុមប្រដាប់​អាវុ​ធ​របស់ខ្លួន សញ្ជាតិ​បរទេស ចំនួន ១០០​នាក់ បន្ទាប់ពី​ពួកគេ​​បាន​ប៉ុនប៉ង​រត់គេច​ពី​ទីក្រុង​រ៉ាក់កា ដែល​ជាទីស្នាក់ការ​កណ្តាល​របស់ក្រុម​ជីហាត​នៅភាគខាងជើង​​ប្រទេស​ស៊ីរី។

ក្រុម​ប្រដាប់​អាវុធ​គួដ អ៊ីរ៉ាក់​កំពុង​ពិនិត្យ​មើល​សាកសព​របស់​ទាហាន​ជីហាត​ពីរនាក់ នៅថ្ងៃទី ១៨ ធ្នូ ២០១៤
ក្រុម​ប្រដាប់​អាវុធ​គួដ អ៊ីរ៉ាក់​កំពុង​ពិនិត្យ​មើល​សាកសព​របស់​ទាហាន​ជីហាត​ពីរនាក់ នៅថ្ងៃទី ១៨ ធ្នូ ២០១៤ ©REUTERS/Ari Jalal
ផ្សាយពាណិជ្ជកម្ម

បុរស​ដែលផ្តល់​ព័ត៌មាន​ស្តីពីការកាប់សម្លាប់​របស់ក្រុមជីហាត​ទៅលើ​សមាជិក​របស់ខ្លួននេះ គឺ​ជា​សកម្មជន​ម្នាក់​ដែល​ប្រឆាំង​នឹង​របប​ប្រធានាធិបតី​ស៊ីរី​ផង និង​ប្រឆាំង​នឹង​ចលនា​ជីហាត​នៃអង្គការ​រដ្ឋ​អ៊ីស្លាម​ផង។ បុរស​ខាងលើ​ដែល​បាន​សុំ​លាក់​អត្តសញ្ញាណ​របស់ខ្លួន ត្រូវ​បាន​កាសែត​អង់គ្លេសស្គាល់​មុខ​យ៉ាងច្បាស់ និង​អាច​បញ្ជាក់​សុក្រិតភាព​នៃ​ប្រភព​ព័ត៌មាន​របស់​ខ្លួន។

 
យោងតាម​សកម្មជន​ ដែល​ផ្តល់​សក្ខីកម្ម​​ដល់​កាសែត​Financial Times គេ​បាន​រាប់​ឃើញ​ចំនួន​សមាជិក​ជីហាត​បរទេស​​១០០​នាក់ ដែល​ត្រូវ​ក្រុមជីហាត​ប្រហារ​ជីវិត ក្នុង​បទ​ចោទប្រកាន់​ចង់​រត់​ចោល​សមរភូមិ។ យោង​តាម​សមាជិក​របស់​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​ទីក្រុង​រ៉ាក់ការ ប៉ូលិស​យោធា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​គ្រប់គ្រង ត្រួតពិនិត្យ​តាមដាន​ក្រុមជីហាត​បរទេស ដែល​មានគម្រោង​ចង់​រត់ចោល​សមរភូមិ​ប្រយុទ្ធ។ ផ្ទះសម្បែង កន្លែង​ស្នាក់នៅ​របស់​ក្រុមជីហាត​បរទេស ត្រូវបាន​ឆែកឆេរ​ជាញឹកញយ និង​បាន​នាំ​ទៅដល់​ការចាប់ខ្លួន​ជាច្រើន​ករណី។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​នៃ​អង្គការសហប្រជាជាតិ មាន​ជនបរទេស​ប្រមាណ ជាង ១ម៉ឺន ៥ពាន់ នាក់ មក​ពី​ប្រទេស​ ជាង ៨០​ កំពុង​ចូលរួម​ប្រយុទ្ធ​កៀកស្មា​ជាមួយ​ក្រុម​ជីហាត នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់។ យោងតាម​កាសែត​អង់គ្លេស កាលពី​ពាក់​កណ្តាល​ខែ​តុលា សកម្មជន​ជីហាត ដើមកំណើត​អង់គ្លេស ៥នាក់ និង​ យុវជន​ជីហាត​៧នាក់​ទៀត ដែលមកពី​បារាំង អាល្លឺម៉ង់ និង​ប៊ែលហ្សិក បាន​ស្វែងយល់ថា នៅ​លើ​​ទីតាំង​ជាក់ស្តែង ពួកគេ​មិន​បាន​ប្រយុទ្ធប្រឆាំង​នឹង​របប​លោក​អាសាដទេ ប៉ុន្តែ កំពុង​រួម​ជាមួយ​ពួកជីហាត​ដើម្បី​សម្លាប់​មនុស្ស​យ៉ាងព្រៃផ្សៃ។ ពួកគេ​​បាន​ប៉ុនប៉ង​ដកខ្លួនថយ ដើម្បី​ត្រលប់​មក​ប្រទេស​កំណើត​វិញ ប៉ុន្តែ ត្រូវ​បាន​ចលនា​ជីហាត​ចាប់ដាក់គុក នៅ​ទីក្រុង​រ៉ាក់ការ។

ចាប់តាំង​ពី​ប្រតិបត្តិការ​របស់​សម្ព័ន្ធ​អន្តរជាតិដឹកនាំ​ដោយ​អាមេរិក ​ទៅលើ​ក្រុមជីហាត​នៅប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ​​ក្រុមជីហាត​បាន​បាត់បង់ ទាំង​ក្រុមប្រដាប់​អាវុធ និង​​ដែនដី​ឈ្លានពាន​របស់ខ្លួន។ នៅ​សប្តាហ៍នេះ មន្ទីរបញ្ចកោណ​អាមេរិក​បាន​បញ្ជាក់​ព័ត៌មាន​ដែលថា មេដឹកនាំ​​ជាច្រើន​នាក់​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធ​អន្តរជាតិ។ យោង​តាម​អង្គការ​ស៊ីរី ដើម្បី​តាមដាន​សិទ្ធិមនុស្ស​ ដែល​មាន​បណ្តាញ​ជា​សកម្មជន និង​គ្រូពេទ្យ​នៅ​លើ​ទីតាំង​ជាក់ស្តែង ក្នុង​ប្រទេស​ស៊ីរី ក្នុង​រយៈពេល ៤០​ថ្ងៃ (ពីខែ​តុលា ដល់​ខែ​វិច្ឆិកា) ប្រតិបត្តិកា​រ​វាយប្រហារ​តាម​ជើងអាកាស​ចំនួន ២០០០ បាន​សម្លាប់​មនុស្ស​៥០០​នាក់ នៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ