អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​រដ្ឋ​អ៊ីស្លាម ៖ ឃាតករជីហាត​​​អាច​ជា​ជនជាតិ​បារាំង មេកើយ​ធំ​ជា​​អង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអាទិត្យ​ទី ១៦ វិច្ឆិកា ២០១៤ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​​ផ្សាយ​ក្នុង​ទំព័រ​វិបសៃត៍​ជីហាត​បង្ហាញ​​ពី​សកម្មភាព​សម្លាប់​កាត់ក ជនជាតិ​អាមេរិក Peter Kassig ដោយ​អះអាង​ថា​ជា​ការ​សង​សឹក​នឹង​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​៣០០០​នាក់​ទៅ​បង្ហាត់​ទាហាន​អ៊ីរ៉ាក់។ បន្ទាប់​ពី​បាន​ផ្ទៀង​ផ្ទាត់​​ព័ត៌មាន​ សហរដ្ឋ​អាមេរិក​បាន​​បញ្ជាក់ បុគ្គលិក​មនុស្សធម៌​ពិត​ជា​បាន​ស្លាប់​មែន។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​នៅ​លើក​នេះ គឺ​​ឃាតករ​ជីហាត​ជា​មនុស្សក្នុង​បញ្ជី​របស់​ភ្នាក់ងារ​សន្តិសុខ​ និង​ទំនង​ជា​រង​របួស​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ ក្នុង​ប្រតិបត្តិការ​បាញ់​រះផ្លូវអាកាស​របស់​ទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់។ ​​ ម្នាក់​នោះទំនង​ជា​មាន​សញ្ជាតិ​អង់គ្លេស និង​ពីរនាក់ផ្សេង​ទៀត​​ជាជនជាតិ​​បារាំង​។

Abu Abdallah al Faransi ឈ្មោះពិត Maxime ទំនង​ជា​ឃាតករ​ម្នាក់​ក្នុង​ចំណោម​ជន​​ជីហាត​សម្លាប់​ចំណាប់​ខ្មាំង​អាមេរិក​ Peter Kissig
Abu Abdallah al Faransi ឈ្មោះពិត Maxime ទំនង​ជា​ឃាតករ​ម្នាក់​ក្នុង​ចំណោម​ជន​​ជីហាត​សម្លាប់​ចំណាប់​ខ្មាំង​អាមេរិក​ Peter Kissig © DR
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង បាន​បញ្ជាក់​ថា​ពិត​ជា​មានជនជាតិ​បារាំង​ពីរ​នាក់​ក្នុង​ចំណោម​ឃាតករ​ជីហាត​ដែល​បាន​កាត់ក​ចំណាប់​ខ្មាំង​អាមេរិក​ម្សិលមិញមែន និង​កំពុង​តែ​សិក្សា​អំពី​​ប្រវត្តិ​​របស់​ជន​ជីហាត​ទាំង​ពីរ​នាក់​នោះ។​

 
ឃាតករជីហាត​បារាំង ជា​នរណា ?

ជីហាត​បារាំង​ម្នាក់​ មាន​ឈ្មោះ ក្នុង​អង្គការ​រដ្ឋ​អ៊ីស្លាម ​ថា Abu Abdallah al Faransi និង​មាន​ឈ្មោះ​(ស៊ីវិល​)ពិត Maxime។ សព្វថ្ងៃ​មាន​អាយុ​ប្រមាណ​ជា​២២ឆ្នាំ និង​ដើម​កំណើត​កើត​ជា​នៅ​តំបន់ Normandie ​ប៉ែក​ខាង​លិច​ប្រទេស​បារាំង។ ​យុវជន​បារាំង​រូប​នេះ បាន​ប្តូរ​សាសនា ទៅ​ជឿ​លើ​ស៊ុប​លើ​អ៊ីស្លាម​ នៅ​អាយុ​១៧ឆ្នាំ និង​បាន​ចូល​ទៅ​បំរើ​អង្គការ​រដ្ឋ​អ៊ីស្លាម កាល​ពី​ប្រមាណ​ជាង​មួយ​ឆ្នាំ​មុន នៅ​ស៊ីរី ហើយ​ចេញ​មុខ​ចេញ​មាត់​ខ្លាំង​លើ​ប្រព័ន្ធ​សង្គម​ មាន​ជា​អាទិ៍​ប្រព័ន្ធ​ហ្វេសប៊ូក ជាមួយ​នឹង​រូប​ថត​ប្រូហ្វាយ កាន់​កាំភ្លើង​ផង។ ដោយ​សារ​បណ្តាញ​នេះ ទើប​ភ្នាក់ងារ​សន្តិសុខ​បារាំង​អាច​កំណត់​អត្តសញ្ញាណ​បាន។

ភាព​សង្ស័យ​មាន​នៅ​ជុំ​វិញ​បុគ្គល​ជីហាត​បារាំង​ទីពីរ។​ ឃាតករ​ជីហាតបារាំង​ទាំង​ពីរ​ និង​ជីហាត​អឺរ៉ុប​ផ្សេង​ទៀត​ សុទ្ធ​តែ​បាន​បង្ហាញ​មុខ​ក្នុង​វីដេអូកាត់​ក​ចំណាប់ខ្មាំង​អាមេរិក។ ​ ក្រុមការងារ​កំពុង​តែ​ពិនិត្យ​ពិច័យ ស្វែង​រក​អត្តសញ្ញាណនៅ​ឡើយ។ អាជ្ញាធរ​បារាំង​​បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​នៅ​ពេល​នេះទេ។

​​“ជីហាឌី ចន” មក​លង​អង់គ្លេសជា​ថ្មី

ឃាតករ​ជីហាត​អង់គ្លេស​នេះ ជា​មនុស្ស​ដែល​ភ្នាក់ងារ​សន្តិសុខ​ស្គាល់​ ​ច្បាស់​​គួរ​សម និង​ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស​ប្រសិទ្ធិនាម​ថា “Jihadi John » និង​ជា​អ្នក​ធ្វើ​ឃាត​ចំណាប់​ខ្មាំង​បួន​នាក់មុន។ ការ​លេច​មុខ​ជនជីហាត​​ម្នាក់​នេះ កំពុង​តែ​ធ្វើ​អង់គ្លេសភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ពីព្រោះ​នៅ​ព្រឹក​មិញ​នេះ​តែ​ម្តង​ កាសែត​ Mail on Sunday បាន​អះអាង​ថា​ជីហាឌី ចន បាន​ត្រូវ​របួស​ ក្នុង​ពេល​កងទ័ព​​អាមេរិក​ចេញ​ធ្វើ​ប្រតិបត្តិការ​ផ្លូវអាកាស​​នៅ​អ៊ីរ៉ាក់។ ស្លៀក​ពាក់​ខ្មៅ បិទ​មុខ មាន​ស្រោម​កាំភ្លើងខ្លី​នៅ​នឹង​ដៃ​ឆ្វេង​ ជនជីហាត​នេះ​លេច​មុខ​ជា​ច្រើន​ដង​ក្នុង​វីដេអូ និយាយ​អង់គ្លេស​បែប​អ្នក​ក្រុង​ឡុងដ៍​ ប្រកាស​កាត់ក​ចំណាប់​ខ្មាំង​អាមេរិក និង​គំរាម​លោក​អូបាម៉ា​ផង លោក​ដេវីត កាមឺរោន​ផង ថា​អង្គការ​រដ្ឋ​អ៊ីស្លាម​នឹង​ទៅ​សម្លាប់​ពលរដ្ឋ​អាមេរិក​និង​អង់គ្លេស​ដល់​ក្នុង​ប្រទេស​តែ​ម្តង។ ហើយ​គឺ​រូប​ ជីហាឌីចន​នេះ​ឯង​ជា​អ្នក​ឈរ​នៅកណ្តាល​ជួរ​ជនជីហាត​ដែល​ត្រៀម​កាត់ក​ទាហាន​ស៊ីរី​១៨​នាក់​ទៀត។

ក៏​ប៉ុន្តែ​ វីដេអូ​​បង្ហាញ​ឆាក​ឈុត​ធ្វើ​ឃាត​មនុស្ស​ដ៏​ឃោរឃៅ​នេះ​គ្មាន​បញ្ជាក់​ពី​ថ្ងៃ​ខែ​ថតទេ។ វា​អាច​ថត​មុន​ប្រតិបត្តិការផ្លូ​វអាកាស​ដែល​វាយ​ដៅ​លើ​និង​ចំ​ពេល​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​កំពុង​ប្រជុំ​គ្នា​ កាលពី​ថ្ងៃ​ទី ៨ វិច្ឆិកា នៅ​តំបន់​ជាប់​ព្រំប្រទល់​ស៊ីរី។ ហើយ​បើ​តាម​កាសែត អង់គ្លេស​ដដែល​ មាន​គិលានុបដ្ឋាក​យិកា​​ម្នាក់​បាន​ព្យាបាល​របួស​ឱ្យ​បុរសជីហាត​ម្នាក់ មាន​ឈ្មោះ​ទាហាន​ថា​ ចន អាយុ​ខ្ទង់ ២៨ ទៅ​៣១​ឆ្នាំ មាន​តួនាទី​ខ្ពស់​ក្នុង​រង្វង់​អង្គការ​រដ្ឋ​អ៊ីស្លាម មិន​ដូច​យុទ្ធជន​អឺរ៉ុប​ផ្សេង​ទៀត​ទេ។

​សារ​ទៅកាន់​ពលរដ្ឋ​ស៊ីរី ?

កម្មវត្ថុ​ទីដំបូង​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​ធ្វើ​​ការ​ផ្សព្វផ្សាយ​វីដេអូ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ឃោសនា​​ព័ត៌មាន សំឡុត​បំភ័យ​សត្រូវ ជាពិសេស​ក្រុម​បស្ចឹម​លោក​ និង​ដើម្បី​​អូសទាញ​យុវជន​ក្មេងៗ​ចូល​ធ្វើ​ជា​យុទ្ធជន​បំរើ​ជីហាត​ទេ។ ​វីដេអូ​ចុង​ក្រោយ​​ដែល​ទើប​បង្ហាញ​នៅ​ថ្ងៃ​ម្សិលមិញ ធ្វើ​ឡើង​ក្នុង​ទិស​តែ​មួយនេះ​ឯង​ តែ​អាច​ខុស​បន្តិច​ ដោយ​លើក​នេះ​ពួក​ជីហាតទំនង​​ចង់​ផ្ចង់​សម្រួច​ទិស​ទៅទាក់ទាញ​​ពល​រដ្ឋ​​ក្នុង​តំបន់​ថែម​ទៀត មិន​មែន​ត្រឹម​តែ​មតិ​​អន្តរជាតិ​ទេ។

ខុស​ពី​វីដេអូកាត់ក​ចំណាប់ខ្មាំងបស្ចឹមលោក​​មុនៗ វីដេអូ​១៥នាទី​ម្សិលមិញ បង្ហាញ​ច្រើន​ពី​សកម្មភាព​អារ​ក​ទាហាន​ និង​នាយ​ទាហាន​ របស់​រដ្ឋាភិបាល​ស៊ីរី ចំនួន​១៨​នាក់។ បើ​តាម​អ្នក​សង្កេត​ការណ៍​ អង្គការ​រដ្ឋ​អ៊ីស្លាម​ ចង់​បង្ហាញ​​អំពី​កម្លាំង​​ប្រឈម​មួយ​ទៀត ដែល​មិន​មែន​ជា​ក្រុមកំពុង​​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​លោក​បាស្ហាអាល់អាសាដ។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រុមមាន​និន្នាការ​ជីហាត​ស៊ីរី​រាប់​ពាន់​នាក់​បាន​ចុះ​ចូល​បំរើ​ក្នុង​ជួរ​អង្គការ​រដ្ឋអ៊ីស្លាម​។ ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ សេអ៊ីអា ប៉ាន់​ស្មាន​ថា​អង្គការ​ជីហាត​មាន​កម្លាំង​ប្រយុទ្ធ​ដល់​ទៅ​បី​ម៉ឺន​នាក់​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់។

ដើម្បី​ទាក់ទាញ​យុវជន​លោក​ខាង​លិច ត្រូវ​ប្រើ​អ៊ីនធ័រនែត និង​ប្រព័ន្ធ​សង្គម ដែល​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម មាន​សមត្ថភាព​ខ្ពស់​ដែរ​ក្នុង​វិស័យ​នេះ ហើយ​ចំពោះ​ពលរដ្ឋ​​ក្នុង​តំបន់​ដែល​តែង​រង​គ្រោះ​ជួប​វិបត្តិ​សហគមន៍​សាសនា គឺ​មាន​តែ​សម្លុត​ឱ្យ​ការព្រម​ចូល​បំរើ​ជីហាត​ទេ ទើប​រួច​ពី​គ្រោះភ័យសម្លាប់​រង្គាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ