អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​កំពុង​​ស្តែង​ចេញ​ឃើញ​​វិបត្តិ​ Schengen…

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ជនភៀសខ្លួន នៅ​អឺរ៉ុប​ប្រៀប​បាន​នឹង​ដំបូល​ផ្ទះ​លិចទឹក។ បិទ​ខ្ទប់​កន្លែង  លិចហូរ​​ចូល​កន្លែង​មួយទៀត។ ករណី​ជនភៀសខ្លួន ហូរ​ចូល​ក្នុង​ទឹកដី អឺរ៉ុប ក៏ដូចគ្នា​ដូច្នេះដែរ។ បន្ទាប់​ពី​រដ្ឋាភិបាល​ហុងគ្រី​បិទ​ទាំងស្រុង ព្រំដែន តាមរយៈ​ការសាងសង់​របង​លួសបន្លា និង​ជញ្ជាំង​ខ្ពស់ ជនភៀសខ្លួន មាន​ប្រភព​មក​ពី​តំបន់​ដើម​បូព៌ា បែរ​មុខព្រួញ សំដៅ​ទឹកដី​ក្រូអាស៊ី​វិញម្តង។ ក្រូអាស៊ី​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប ប៉ុន្តែ មិនស្ថិតនៅក្នុង​តំបន់​ Schengen បាន​ប្រកាស​រួចហើយ​ថា នឹងជួយ​សម្រួល ការធ្វើដំណើរ​ឆ្លងកាត់​របស់​ជនភៀសខ្លួន​ទាំងនោះ ដែល​មាន​ទិសដៅ​តែមួយ គឺ​ចង់ទៅ​រស់នៅ​ប្រទេស​អឺរ៉ុប​ខាងជើង ដែល​នៅក្នុង​នោះ មាន​ស៊ុយអែត និង​អាល្លឺម៉ង់​ជាដើម។ អាល្លឺម៉ង់​វិញ ដែល​បាន​ប្រកាស​ត្រៀម​ទទួល​ជនភៀសខ្លួន ប្រមាណ ៨សែន​នាក់ នៅ​ឆ្នាំនេះ ទើប​តែ​ប្រកាស កាល​ពី​ថ្ងៃ​ចន្ទ ការដាក់​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ លើ​រាល់​ដំណើរចេញចូល តាមព្រំដែន បារាំង និង​អាល្លឺម៉ង់។ ការសាងសង់ ជញ្ជាំង​ព្រំដែន និង ការត្រួតពិនិត្យ​ព្រំដែន រវាង​ប្រទេស​អឺរ៉ុប កំពុង​គំរាមកំហែង វត្តមាន​កិច្ចព្រមព្រៀង Schengen ដែល​ធ្លាប់​ជា​មោទនភាព​សម្រេចបាន​របស់​អឺរ៉ុប។ តើ​ កិច្ចព្រមព្រៀង​Schengen ជាអ្វី? 

នៅព្រំដែន​ស៊ែរប៊ី និង​ហុងគ្រី ជនអន្តោប្រវេសន៍​មកពី​ស៊ីរី ឈរ​មើល​ទាហាន​ហុងគ្រី​សង់របង​លួសបន្លា​ដែលនឹង​ទប់ស្កាត់​ពួកគេ​មិន​ឲ្យ​ឆ្លងព្រំដែន​ចូល​ហុងគ្រី
នៅព្រំដែន​ស៊ែរប៊ី និង​ហុងគ្រី ជនអន្តោប្រវេសន៍​មកពី​ស៊ីរី ឈរ​មើល​ទាហាន​ហុងគ្រី​សង់របង​លួសបន្លា​ដែលនឹង​ទប់ស្កាត់​ពួកគេ​មិន​ឲ្យ​ឆ្លងព្រំដែន​ចូល​ហុងគ្រី ©
ផ្សាយពាណិជ្ជកម្ម

Schengen ជាកិច្ចព្រមព្រៀង​ដែល​និយាយ​ពី​ការលុបចោល​ការត្រួតពិនិត្យ នៅ​តាមព្រំដែន។។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ដំបូង​នៅ​ឆ្នាំ ១៩៨៥ ដោយ ប្រទេស​បី គឺ​ប៊ែលហ្សិក ហូឡង់ និង​លុចសំបួរ ដែល​ធ្លាប់​សម្រួល រួចហើយ ការធ្វើដំណើរ​ដោយ​សេរី​រវាង​គ្នា។ នៅ​ឆ្នាំ នោះ អាល្លឺម៉ង់​ខាងលិច និង​បារាំង​បាន​ចូលរួម ក្នុង​កិច្ចព្រមព្រៀង Schengen ដែល​កសាង​ឡើង ដើម្បី សម្រួល​ចរាចរណ៍​ទំនិញ និង​ការធ្វើដំណើរ​របស់​មនុស្ស របស់​ប្រទេស​ហត្ថលេខី។ ជាមួយ​គ្នានោះ ប្រទេស​ចុះ​ហត្ថលេខី ត្រូវ​យល់ព្រម ពង្រឹង​ការត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង Schengen។

 
កិច្ចព្រមព្រៀង​ Schengen បាន​ចូល​ជា​ធរមាន ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៩៥ គឺ​ដំណាល​គ្នា​នឹង​ការបង្កើត​ប្រាក់​អឺរ៉ូ។ លើកលែង​តែ​អង់គ្លេស និង​អៀរឡង់ មាន​ប្រទេស​ចំនួន ២៦ បាន​ចូល​ជា​សមាជិក​របស់​លំហរ Schengen (២២​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប (ន័រវេស អ៊ីស្លង់ ស្វីស និង​លិចតិនស្តាញ)។ អាច​និយាយ​ម្យ៉ាង​ថា អ្នកណាម្នាក់​ដែល​បាន​ទទួល​ទិដ្ឋាការ ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​សមាជិក របស់​កិច្ចព្រមព្រៀង​ Schengen នឹង​អាច​ធ្វើ​ដំណើរ​ដោយ​សេរី ដោយ​មិនចាំបាច់​លិខិត​ឆ្លងដែន ឬ​រងការត្រួត​ពិនិត្យ នៅ​ព្រំដែន ទៅកាន់​ប្រទេស​ច្រើនទៀត ដែល​ស្ថិតនៅ​ក្នុង​លំហរ Schengen ដែល​នៅក្នុង​នោះ មាន​២៦​ប្រទេស។

កិច្ចព្រមព្រៀង Schengen គឺ​ជា​សរសរ​ទ្រូង​ដ៏​រឹងមាំ និង​ជា​មោទនភាព​ដ៏​ខ្លាំង​បំផុត​របស់​អឺរ៉ុប។ កិច្ចព្រមព្រៀង បាន​ផ្លាស់ប្តូរ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​របស់​ប្រទេស​សមាជិក​ Schengen ជាពិសេស គឺ​អ្នករស់នៅ​តាមព្រំដែន​ដែល​តែងតែ​ចេញចូល​ទៅធ្វើការ​នៅក្នុង​ប្រទេស​ជិតខាង​របស់ខ្លួន។ ឧទាហរណ៍​ជាក់ស្តែង​មួយ គឺ​គ្រាន់​តែ​មួយ​ព្រឹក​ថ្ងៃ​ពុធ មាន​ជនជាតិ​បារាំង ៣​សែននាក់ បាន​ឆ្លងព្រំដែន ទៅ​ធ្វើការ ក្នុង​ប្រទេស ក្នុង​លំហរ​ Schengen ដោយ​មិនចាំបាច់ ប្រើ​លិខិត​ឆ្លងដែន ឬ​ត្រូវ​តម្រង់ជួរ នៅ​ប៉ុស្ត​ច្រក​ត្រួតពិនិត្យ​ព្រំដែន។

កិច្ច​ព្រមព្រៀង​ Schengen​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប។ ប៉ុន្តែ ប្រព័ន្ធ​ Schengen​តែងតែ​ចុះខ្សោយ នៅក្នុង​ពេល​អឺរ៉ុប​ជួប​វិបត្តិ។ ឧទាហរណ៍ ការខ្លាច អំពើភេរវកម្ម​ដែល​បាន​ផ្ទុះឡើង នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​របស់​អឺរ៉ុប ហើយ​និង​វិបត្តិ​ហូរចូល​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន ទៅក្នុង​ទឹកដី​អឺរ៉ុប។ ប្រឈម​នឹង​លំហូរ​ចូល​ជនភៀសខ្លួន ដូច​ទឹកបាក់ទំនប់  អាល្លឺម៉ង់​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ វិធានការ​ត្រួត​ពិនិត្យ នៅ​តាម​ព្រំដែន ជាមួយ​បារាំង។ ដោយ​ដាក់​ឲ្យមាន​ការត្រួត​ពិនិត្យ​ឡើងវិញ នៅ​តាម​ព្រំដែន ជាមួយ ប្រទេស​ដែល​ចុះ​ហត្ថលេខី Schengen ដូចជា​បារាំង អាល្លឺម៉ង់ កំពុង​ដើរ​ផ្ទុយ​នឹង​គោលការណ៍​របស់ Schengen។ ប៉ុន្តែ ក្នុងការពិត​ជាក់ស្តែង អាល្លឺម៉ង់ មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​ធ្វើវា ព្រោះថា ចំណុចមួយ នៅក្នុង​កិច្ចព្រមព្រៀង បាន​បើកផ្លូវ​អនុញ្ញាត​ឲ្យ​ប្រទេស​សមាជិក​បង្កើត​ឡើងវិញ ការត្រួតពិនិត្យ នៅ​តាម​ព្រំដែន នៅក្នុង​រយៈពេល​កំណត់​មួយ និង​ក្នុង​ហេតុផល សណ្តាប់ធ្នាប់​ផ្ទៃក្នុង និង​សន្តិសុខ​ជាតិ។ ដោយ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ ការត្រួតពិនិត្យ នៅតាម​ព្រំដែន រដ្ឋាភិបាល​អាល្លឺម៉ង់ អាច​ទទួល​ផលប្រយោជន៍​ពីរ គឺ​ទីមួយ ទប់ កុំ​ឲ្យ​ជនភៀសខ្លួន ហូរ​ដោយ​គំហុក ចូល​អាល្លឺម៉ង់ (ក្នុង​រយៈពេល​មួយខែ ជនភៀសខ្លួន ៦ម៉ឺននាក់ ធ្វើដំណើរ​ចូល​ប្រទេស​អាល្លឺម៉ង់) និង​ទី២ អាល្លឺម៉ង់ ចង់ ប្រើ​វា​ជា​សារព្រមាន​ដល់​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃ​ទៀត ដែល​ជា​សមាជិក​របស់​ Schengen ប៉ុន្តែ មិនព្រម​ទទួល​ចែករំលែក យក​ជនភៀសខ្លួន។

ចំណាត់ការ​របស់​អាល្លឺម៉ង់​បាន​ជះ​ឥទ្ធិពល​ភ្លាមៗ​ទៅ​លើ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត គឺ​មិនខុស​ពី​ល្បែង​ដូមីណូ​នោះទេ។ នៅ​អឺរ៉ុប អាល្លឺម៉ង់​ជា​ប្រទេស​គំរូ​គ្រប់វិស័យ។ នៅពេល​អាល្លឺម៉ង់​ប្រកាស​ទទួល​យក​ជនភៀសខ្លួន ដល់​៨សែន​នាក់​ ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន​ក៏​សាមគ្គី ចង់​ទទួល​យក​ជនភៀសខ្លួន។ ប៉ុន្តែ នៅពេល​អាល្លឺម៉ង់ ពង្រឹង​ការត្រួតពិនិត្យ​នៅ​ព្រំដែន ប្រទេស​ផ្សេងទៀត ក៏​ចង់​ធ្វើតាម។ ជាក់ស្តែង បន្ទាប់ពី ការប្រកាស​របស់​អាល្លឺម៉ង់ អូទ្រីស ដែល​នៅ​ជាប់​ព្រំដែន​អាល្លឺម៉ង់ ហើយ​និង​ប្រទេស ស្លូវ៉ាគី ក៏​បាន​បង្កើន​ការត្រួតពិនិត្យ​អត្តសញ្ញាណ​របស់​អ្នកដំណើរ នៅ​តាម​ព្រំដែន។ គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជាក់ថា អូទ្រីស​បាន​ជូនដំណឹងថា គេ​ចាប់ផ្តើម​តាំង​ពី​ថ្ងៃ​អង្គារ ការត្រួតពិនិត្យ​នៅតាម​ព្រំដែន​អូទ្រីស ដែល​ជាប់​ជាមួយ​ប្រទេស​ហុងគ្រី អ៊ីតាលី ស្លូវ៉ាគី និង​ស្លូវ៉ានី។

ប៉ូឡូញ និង​ហូឡង់​ក៏​កំពុង​ពិចារណា​ចង់​ចាត់​វិធានការ​ត្រួតពិនិត្យ​ដូចគ្នា​ដែរ។ ហុងគ្រី វិញ ដែល​ជា​ហត្ថលេខី​របស់​លំហរ​ Schengen បាន​រង​ការរិះគន់​រួចទៅហើយ ដោយសារ​តែ​បាន​សាងសង់​របង ជញ្ជាំង នៅព្រំដែន​ជាមួយ​ប្រទេស​ស៊ែរប៊ី និង​មាន​គម្រោង​ចង់​សាងសង់​លួសបន្លា​នៅព្រំដែន​ជាមួយ​ប្រទេស​រូម៉ានី​មួយទៀត។ ដើម្បី​ទប់ស្កាត់ បំបាក់​ទឹកចិត្ត​ជនភៀសខ្លួន​កុំ​ឲ្យ​ធ្វើដំណើរ​ចូល​ហុងគ្រី រដ្ឋាភិបាល​អភិរក្ស​និយម ហុងគ្រី​នៅ​បាន​ប្រកាស​ថា នៅ​ថ្ងៃ​អង្គារ គេ​បាន​ចាប់ឃុំ​មនុស្ស​ជាង ៣០០​នាក់ដែល​បានកាត់​លួសបន្លា ឆ្លងព្រំដែន​ដោយ​ខុសច្បាប់ ចូល​ក្នុង​ទឹកដី​ហុងគ្រី។ យោង​ទៅ​តាម​ច្បាប់​ថ្មី ស្តី ពី​ជនអន្តោប្រវេសន៍ ពួកគេ​ទាំងនោះ នឹង​ប្រឈម​នឹងការជាប់ទោស ពី​៣ ទៅ​៥​ឆ្នាំ។ គេ​បារម្ភ​ថា វិធានការ​របស់​រដ្ឋាភិបាល​របស់​ប្រទេស​សមាជិក​អឺរ៉ុប ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន មិន​ត្រឹម​តែ​គំរាមកំហែង អនាគត​ប្រព័ន្ធ​ Schengen របស់​អឺរ៉ុបតែ​ប៉ុណ្ណោះទេ ប៉ុន្តែ វា​ស្តែង​ចេញ​ឲ្យ​ឃើញ​ផងដែរ នយោបាយ​អាត្មានិយម ដែល​តាមពិត មិនមែន​ជា​ស្មារតី​ដើម​របស់​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ