អានតួអត្ថបទ
អាល្លឺម៉ង់

ក្រុងមុយនិច​របស់​អាល្លឺម៉ង់ លិច​ជន់ ដោយ​លំហូរ​ជនភៀសខ្លួន

ទីក្រុង​មុយនិច ជិត​អស់​កន្លែង សម្រាប់​ទទួល​ជនភៀសខ្លួន។ រដ្ឋអំណាច​របស់​ទីក្រុង​មុយនិច ដែល​ស្ថិតនៅ​ភាគខាងត្បូត​របស់​អាល្លឺម៉ង់ បាន​ប្រកាស​អាសន្ន ស្រែក​អំពាវនាវ​រកជំនួយ នៅថ្ងៃ​អាទិត្យ ទី ១៣​កញ្ញា បន្ទាប់​ពី​គ្រាន់តែ​មួយថ្ងៃ​សៅរ៍​ម្សិលមិញ មានជនភៀសខ្លួន​ជាង ១២ ០០០​នាក់ បាន​ធ្វើដំណើរ​សម្រុក​ចូល​ទៅក្នុង​ទីក្រុង។ អាជ្ញាធរ​មូលដ្ឋាន បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា ទីក្រុង​មុយនិច ហើយ​និង​បាវីយ៉ែរ តែមួយ គឺ​មិនអាច​ទទួល​យក​ជនភៀសខ្លួន​តែម្នាក់​ឯង​បាន​ទេ។ 

ជនភៀសខ្លួន​ដល់​ទៅ​ជាង ១ម៉ឺននាក់ បាន​ធ្វើដំណើរ​ចូល​ទៅក្រុង​មុយនិច កាលពី​ថ្ងៃ​សៅរ៍​ទី ១២​កញ្ញា
ជនភៀសខ្លួន​ដល់​ទៅ​ជាង ១ម៉ឺននាក់ បាន​ធ្វើដំណើរ​ចូល​ទៅក្រុង​មុយនិច កាលពី​ថ្ងៃ​សៅរ៍​ទី ១២​កញ្ញា ©REUTERS/Michaela Rehle
ផ្សាយពាណិជ្ជកម្ម

ប្រឈម​ទៅនឹង​ការហូរ​ចូល ដោយ​គំហុក ជនភៀសខ្លួន រាប់ពាន់នាក់ កាលពី​ថ្ងៃ​សៅរ៍ ទីក្រុង​មុយនិច ដែល​ស្ថិតនៅ ភាគខាងត្បូង​អាល្លឺម៉ង់ ចាប់ផ្តើម​ស្រែករក​ជំនួយ។ នៅ​ថ្ងៃអាទិត្យ​នេះ អ្នកនាំពាក្យ​របស់​ប៉ូលិស​មុយនិច និយាយថា គេ​នៅ​ខ្វះ​កន្លែង ពី​១ពាន់ ទៅ ៥ពាន់ កន្លែង សម្រាប់​ទទួល​ជនភៀសខ្លួន។ តាម​ប៉ូលិស នៅ​ថ្ងៃ​សៅរ៍ អ្នកស្វែងរក​សិទ្ធិជ្រកកោន ជាង​១ម៉ឺននាក់​បាន​ធ្វើ​ដំណើរ​ចូល​ក្រុង​​មុយនិច។ បើ​មើល​ទៅលើ​ចំនួន​ជនភៀសខ្លួន ហូរចូល ក្រុង​មុយនិច គឺ​ជិត អស់​សមត្ថភាព ដើម្បី​អាច​ទទួល​ជនភៀសខ្លួន តទៅទៀតហើយ។ អាជ្ញាធរ​អាល្លឺម៉ង់​បាន​លើកឡើង​ពីលទ្ធភាព ដាក់​ជនភៀសខ្លួន ឲ្យ​ស្នាក់នៅ​ខាងក្រៅ​អគារ ដោយ​គ្រាន់តែ​ផ្តល់​ភួយ​ការពារ​ត្រជាក់​តែប៉ុណ្ណោះ។

 
កាសែត​អាល្លឺម៉ង់ នៅ​ថ្ងៃ​នេះ បាន​ចុះផ្សាយ​នៅក្នុង​វិបសៃតិ៍​របស់ខ្លួន​ថា មុយនិច នៅពេលនេះ ជិត​ធ្លាក់​ចូល​ទៅក្នុង​គ្រោះមហន្តរាយ​មនុស្សធម៌។ ចៅហ្វាយក្រុង​មុយនិច វិញ​បាន​តវ៉ា​ពី​ការខ្វះ​ការគាំទ្រ ឈឺឆ្អាល​ពី​តំបន់​ជុំវិញ​ក្រុង​មុយនិច។ នៅ​ចំពោះ​មុខ​វិបត្តិ ខ្វះជំរក​សម្រាប់​ជនភៀសខ្លួន អាជ្ញាធរ​អាល្លឺម៉ង់ បាន​ប្រែក្លាយ​បន្ទាយ​ទាហាន កុងតឺណែរ និង​សំពត់​តង់ សម្រាប់​ទទួល​ជនភៀសខ្លួន។ ដោយសារ​តែ​ខ្វះ​កន្លែង អាជ្ញាធរ​ក្រុង​មុយនិច គ្រោង​ផងដែរ ថា នឹង​យក​ទីតាំង​ស្តាត ដែល​ទទួល​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ១៩៧២ មក​ធ្វើ​ជា​កន្លែង​ទទួល​បណ្តោះអាសន្ន ជនភៀសខ្លួន។

ស្ថិតនៅ​មាត់ច្រក​ចូល​អាល្លឺម៉ង់ មុយនិច ត្រូវ​ទទួល​ជនភៀសខ្លួន ស៊ីរី និង​អ៊ីរ៉ាក់ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ហុងគ្រី និង​អូទ្រីស។ ទោះបី​ជា​ចំនួន​ជនភៀសខ្លួន​ហូរចូល មិនសូវច្រើន នៅថ្ងៃ​អាទិត្យនេះ អាជ្ញាធរ​អាល្លឺម៉ង់​បញ្ជាក់​ថា គេ​ទំនង​អាច​បង្វែរ​រទេះភ្លើង​ដឹកជនភៀសខ្លួន ទៅ​ភាគខាងជើង អាល្លឺម៉ង់ វិញម្តង ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ក្រុង​មុយនិច។ ធ្វើដូច្នេះ ដើម្បី បន្ធូរ សម្រាល​បន្ទុក ក្រុង​មុយនិច និង​រក្សា​កន្លែង​ខ្លះ សម្រាប់​ទទួល​ជនភៀសខ្លួន​ក្រោយៗទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ