អានតួអត្ថបទ
អាល្លឺម៉ង់-ជនភៀសខ្លួន

អាល្លឺម៉ង់​ចាប់​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​ ដើម្បី​បង្ខំ​អឺរ៉ុប​ឲ្យ​រក​ដំណោះសា្រយ​រួម

បន្ទាប់​ពី​បាន​បើកទ្វារ​ព្រំដែន​ ស្វាគមន៍​ជន​ភៀស​ខ្លួន​ រាប់​ម៉ឺន​នាក់ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ រដ្ឋាភិបាល​អាល្លឺម៉ង់ ទើប​​បាន​សម្រេច ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​១៣ ​កញ្ញា​ ឲ្យ​បិទ​ព្រំដែន​បណ្តោះ​អាសន្ន​ រវាង​អាល្លឺម៉ង់​ និង​អូទ្រីស ​ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ ​ឲ្យ​បាន​តឹងរឹង​ ទៅ​លើ​ការ​ហូរ​ចូល​នៃ​ជន​ភៀស​ខ្លួន។ តាម​រយៈ​វិធានការ​ថ្មី​នេះ ​ អាល្លឺម៉ង់ ​ចង់​បន្ទោស​​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេងទៀត​ ដែល​ជា​ព្រំដែន​ខាង​ក្រៅ​នៃ​សហភាព​អឺរ៉ុប ​ឲ្យ​ធ្វើ​កិច្ចការ​ចុះ​បញ្ជីរ ​ក៏​ដូច​​ជា​ត្រួត​ពិនិត្យ​ជន​ភៀសខ្លួន ​ឲ្យ​បាន​ត្រឹមត្រូវ ​មុន​នឹង​អនុញ្ញាត​ឲ្យ​ ជន​ទាំង​នោះ ​បន្ត​ដំណើរ​ទៅ​​កាន់​​ប្រទេស​ផ្សេងទៀត។ វិធានការ​នេះ ​ក៏​ជា​ការ​រន្ធាន់​ផង​ដែរ ​ដល់​សហភាព​អឺរ៉ុប​ ឲ្យ​ប្រញាប់​ស្វែង​រក​ចម្លើយ​រួម ​ពី​​សមាជិក​ទាំអស់។

ស្ថានីយ៍រថភ្លើង​ក្រុង​វីយែន ជនភៀស​ខ្លួន​កកកុញ​ចាំ ជិះរថ​ភ្លើង​ ប៉ុន្តែ​ចរាចរណ៍​ត្រុវ​ផ្អាក ដោយសារ​តែអាល្លឺម៉ង់​ បាមបិទ​ព្រំដែន​បណ្តោះអាសន្ន​ជាមួយ​អូទ្រីស
ស្ថានីយ៍រថភ្លើង​ក្រុង​វីយែន ជនភៀស​ខ្លួន​កកកុញ​ចាំ ជិះរថ​ភ្លើង​ ប៉ុន្តែ​ចរាចរណ៍​ត្រុវ​ផ្អាក ដោយសារ​តែអាល្លឺម៉ង់​ បាមបិទ​ព្រំដែន​បណ្តោះអាសន្ន​ជាមួយ​អូទ្រីស REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

វាជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ​ ដែល​កាល​ពី​សប្តាហ៍​មុន​ អាល្លឺម៉ង់ ​បាន​ប្រកាស​ស្វាគមន៍ ​បើក​ទ្វារ​ទទួល ​ជន​ភៀសខ្លួន​ ប៉ុន្តែ​ស្រាប់​តែ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ អាល្លឺម៉ង់ ​បែរ​ជា​ប្រកាស​បិទទ្វារ​ព្រំដែន​បណ្តោះ​អាសន្ន ​ ដើម្បី​ទប់​លំហូរ​ជន​ភៀស​ខ្លួន។ ការ​សម្រេចចិត្ត​ថ្មី​របស់​អាល្លឺម៉ង់ ​ដោយ​បិទ​ព្រំដែន​បណ្តោះ​អាសន្ន​នេះ ​គឺ​មាន​ហេតុផល​ពីរ ​ដែល​ទីមួយ​ជា​ហេតុផល ​ដែល​ស្តែង​ចេញ​ ពី​ការ​លំបាក​ជាក់​ស្តែង ​ហើយ​ទីពីរ​​ ជា​ហេតុផល​នយោបាយ​ ដែល​អាល្លឺម៉ង់ ​ចង់​ពញ្ញាក់​ស្មារតី​ប្រទេស​សមាជិក​សហភាព​​អឺរ៉ុប​ផ្សេង​ទៀត ​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ទាំងអស់​គ្នា ​ព្រោះ​អាល្លឺម៉ង់ ​ម្នាក់​ឯង​ មិន​អាច​រ៉ាប់រង​ឈ្នះ​ទេ។ ពោល​គឺ​ហេតុផល​ទាំង​ពីរ ​វា​ជាប់​ទាំងទង​គ្នា​ទៅវិញ​ទៅ​មក។

 
អាល្លឺម៉ង់ ​អស់​លទ្ធភាព ​ទទួល​ជន​ភៀស​ខ្លួន៖
ហេតុផល​ទីមួយ ​ដែល​ទាក់ទង​នឹង​ការ​លំបាក​ជាក់​ស្តែង ​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន ​គឺ​មាន​ន័យ​ថា ​រដ្ឋាភិបាល​អាល្លឺម៉ង់​ កំពុងតែ​ប្រឈមមុខ​នឹង​ការ​លំបាក​ខ្លាំង ​ដោយ​សារ​តែ​ជន​ជនភៀស​ខ្លួន​ មាន​ច្រើន​ពេក ​ហើយ​បន្ត ​នាំ​គ្នា​មក​ដល់​ទៀត​ឥត​ឈប់។ យើង​ត្រូវ​យល់​ថា ​ជន​ភៀស​ខ្លួន​ ដែល​មក​ដល់​អាល្លឺម៉ង់​ហើយ​ គឺ​លែង​ទៅ​ណាទៀត​ហើយ ​គឺ​ពួក​គេ​ចង់​រស់នៅ​អាល្លឺម៉ង់ ​ដែល​វា​ខុស​ពី​ប្រទេស​ដ៏ទៃ ​ដូច​ជា​អ៊ីតាលី ​ក្រិក​ ហុងគ្រី ​ជាដើម ​ដែល​គ្រាន់តែ​ជា​ប្រទេស​ឆ្លងកាត់។ ដូច្នេះ ​បន្ទុក​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ​គឺ​ធ្ងន់ធ្ងរ​ណាស់ ក្នុងការ​រក​កន្លែង​ស្នាក់​នៅ ​និង​ជួយ​ទំនុកបំរុង​ ជា​លុយកាក់ ​ដល់​ជន​ភៀសខ្លួន ​ទំរាំ​ដល់​​ពួក​គេ​មាន​ការងារ​ធ្វើ។

ឧទាហរណ៍ ​គ្រាន់​តែ​ក្រុង ​ម៉ុយនីឆ ​មួយ ​រាប់​ពី​ដើម​ខែ​កញ្ញា​នេះ​មក ​មាន​ជន​ភៀសខ្លួន​ចំនួន​ ៦៣០០០​ ដែល​បាន​មកដល់។ មួយ​បព្រិច​ភ្នែក ​ត្រូវ​ទទួល​ខុសត្រូវ​មនុស្ស ​ជាង​៦ម៉ឺន​នាក់ ​មិនមែន​ជា​រឿង​ងាយ​ទេ ​ហើយ​អាជ្ញាធរ​ទីក្រុង​នេះ ​កំពុង​តែ​បារម្ភ ​មិន​ដឹង​ថា​អាច​ទ្រាំទ្រ​បាន ​ដល់​ពេល​ណា​ទេ។ អ្វី​ដែល​ចោទ​ខ្លាំង​ទៀត​នោះ ​គឺ​ជន​ភៀស​ខ្លួន​បន្ត​មក​ថែម​ទៀត។ ដូច្នេះ​ហើយ ​បាន​ជា​ពេល​នេះ ​អាល្លឺម៉ង់​ សម្រេច​បិទ ​ព្រំដែន​មួយ​រយៈ ​ប៉ុន្តែ​បិទ​នៅ​តែ​ព្រំដែន​រវាង ​អាល្លឺម៉ង់ និង ​អូទ្រីស​ទេ។ បើ​យោង​តាម​ប្រសាសន៍ ​លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​អាល្លឺម៉ង់ ​ការ​បិទ​ព្រំដែន​បណ្តោះ​អាសន្ន​នេះ ​អាច​នឹង​អនុញ្ញាត ​ឲ្យ​អាជ្ញាធរ ​មាន​ពេល​ដក​ដង្ហើម​ ហើយ​ចាត់ចែង​ទទួល​ជនភៀស​ខ្លួន ​ដែល​បាន​មក​ដល់ ឲ្យ​បាន​ត្រឹមត្រូវ​សិន ​មុន​នឹង​បន្ត​ទទួល​អ្នក​មក​ថ្មី​ទៀត។

ជន​អន្តោប្រវេសន៍​ លាយឡំ​ជាមួយ​ជនភៀសខ្លួន​ដោយ​សង្រ្គាម៖
មួយវិញ​ទៀត​ អាល្លម៉ង់ ​បាន​ត្អូញ​ថា​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ដែល​បាន​មក​ដល់​អាល្លឺម៉ង់ ​ថ្មីៗ​នេះ​ទាំង​ប៉ុន្មាន គឺ​មិនមែន​សុទ្ធតែ​ជា​ជនភៀស​ខ្លួន​រត់គេច ​ពី​សង្រ្គាម​ទាំង​អស់​នោះ​ទេ។ ត្រង់​ចំណុច​នេះ ​អាល្លឺម៉ង់ ​ចង់​បន្ទោស​ដោយ​ប្រយោល ​ទៅ​ដល់​ប្រទេស​សមាជិក​អឺរ៉ុប​ ដែល​មាន​ព្រំដែន​នៅ​ជាយ​ខាងក្រៅ​អឺរ៉ុប​ មាន​ដូចជា​អ៊ីតាលី ​ក្រិក ​ហុងគ្រី​ជាដើម​ ថា​គ្មាន​ការ​ទទួល​ខុស​ត្រូវ ​មិន​បាន​ត្រួត​ពិនិត្យ​ជន​ភៀស​ខ្លួន​ ឲ្យ​បាន​ត្រឹមត្រូវ​​ មុន​នឹង​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ទៅមុខ។

បើ​យើង​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​ យើងឃើញ​ថា​​ចរចរណ៍​ជន​អន្តោ​ប្រវេសន៍ ​នៅ​អឺរ៉ុប​ គឺ​គ្រប់គ្រង​ដោយ​ ​សន្ធិសញ្ញា​​ពីរ ទីមួយ​គឺ​សន្ធិសញ្ញា ​ចរាចរណ៍​ដោយ​សេរី​ក្នុង​​តំបន់​ឆិនហ្គិន ​Schengen ​ប៉ុន្តែ​ត្រូវតែ​មាន​លិខិត​ស្នាម​​​ស្រប​ច្បាប់​ ​ចេញ​ដោយ​ប្រទេស​សមាជិក​ណាមួយ​សិន។ ហើយ​សន្ធិសញ្ញា​ទី​ពីរ​ គឺ​សន្ធិសញ្ញា​ក្រុង​ឌុបប្លាំង ​ដែល​ទាមទារ​ឲ្យ​ប្រទេស​ទីមួយ​ ដែល​ជន​ភៀសខ្លួន​បាន​មក​ដល់​ ត្រូវ​ជា​អ្នក​ចេញ​លិខិតស្នាម​ ទទួល​ស្គាល់​ជន​នេះ​ជា​ជនភៀស​ខ្លួន។ សរុប​មក​មាន​ន័យថា ​ប្រទេស​ដែល​នៅ​ជាយ​ព្រំដែន​អឺរ៉ុប ​ទាំង​អម្បាលម៉ាណ​​ ​មាន​កាតព្វកិច្ច​ ត្រួត​ពិនិត្យ ​និង​ចេញ​ក្រដាស​ស្នាម​ទទួល​​ស្គាល់​ជនភៀស​ខ្លួន ​មិនមែន​បណ្តោយ​​ឲ្យ​​មក ​ទាំងដុំ​លាយឡំ​គ្នា​នោះ​ទេ។

អាល្លឺម៉ង់​ ទាមទារ​ដំណោះ​ស្រាយ​រួម ​ពី​អឺរ៉ុប៖
ហេតុផល​ទីពីរ​នេះ ​គឺ​នៅ​ពី​ក្រោយការ​លំបាក ​ព្រម​ទាំង​ភាព​អសកម្ម​របស់​ប្រទស​សមាជិក​​ផ្សេង​ទៀត ​ទាំង​ប៉ុន្មាន ​គឺ​អាល្លឺម៉ង់ ​ចង់​ប្រាប់​ថា​ គេ​សម្រេច​បិទ​ព្រំដែន​ ព្រោះ​គេ​អស់​លទ្ធភាព​ហើយ​ អញ្ចឹង​សូម​គ្រប់គ្នា​ មេត្តា​ជួយ​សាមគ្គី ​ជួយរក​ដំណោះ​ស្រាយ​ទាំង​អស់​គ្នា ​មិនមែន​ឱបដៃ​មើល​ទេ។ កាល​ពី​មុន ​យើង​អាច​យល់​បាន​ថា ​អាល្លឺម៉ង់ ​បើក​ព្រំដែន​ទទួល​ជន​ភៀស​ខ្លួន​ គឺ​ដើម្បី​ធ្វើ​ជា​គំរូមួយ​ ដល់​ប្រទេស​ដ៏ទៃ​ ប៉ុន្តែ​សរុប​ មក​នៅ​តែ​មិន​មាន​ផល។ អញ្ចឹង​ពេល​នេះ ​អាល្លឺម៉ង់​ សម្រេច​បិទ​ទៅ​វិញ​ ដើម្បី​ជា​ការ​កំញើញ ​ឲ្យ​សហភាព​អឺរ៉ុប​​ រក​ដំណោះស្រាយ​រួមគ្នា។

ការ​ប្រកាស​បិទព្រំដែន​ បណ្តោះ​អាសន្ន​នេះ​ មិនមែន​ជា​ការ​ចៃដន្យ​ទេ ​ គឺ​ធ្វើឡើង​នៅ​មុន​ពេល​ចាប់​ផ្តើម​ប្រជុំ​ ថា្នក់​រដ្ឋមន្ត្រី​មហាផ្ទៃ ​នៃ​សមាជិក​សហភាព​អឺរ៉ុប​ ស្តីពី​បញ្ហា​ជនភៀសខ្លួន​ នៅ​ថ្ងៃ​ចន្ទ​នេះ​តែម្តង។ អាល្លឺម៉ង់ ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​រួម​ ពោល​គឺ​ជា​ដំណោះ​ស្រាយ ​ដែល​អាល្លឺម៉ង់ ​និង​សហភាព​អឺរ៉ុប​ធ្លាប់ ​បាន​ស្នើច្រើន​ដង​មក​ហើយ ​ប៉ុន្តែ​គ្មាន​នរណា​យល់​ព្រម ​នោះ​គឺ​ការ​កំណត់​កូតា ​ទទួល​យក​ជន​ភៀស​ខ្លួន​ ទៅ​តាម​គ្រប់​ប្រទេស​សមាជិក​នេះ​ឯង។

ទាំង​ប្រធានាធិបតី​​បារាំង ​ទាំង​រដ្ឋមន្រ្តី​មហាផ្ទៃ​បារាំង ​បាន​ប្រកាស​ថា ​គោល​ជំហរ​បារាំង ​គឺ​ដូច​ទៅ​ហ្នឹង​គោល​ជំហរ​របស់​អាល្លឺម៉ង់ ​ពោល​គឺ​ទាមទារ​ឲ្យមាន​ការ​បែកចែក ​ជន​ភៀស​ខ្លួន ​ទៅ​តាម​គ្រប់​ប្រទេស​សមាជិក។ ក្រៅ​ពី​ការ​បែងចែក ​កូតា​គ្នា​នេះ ​បារាំង​ និង​អាល្លឺម៉ង់ ​បាន​ទាមទារ​ ឲ្យ​មាន​ចំណាត់ការ​បន្ទាន់ ​ក្នុង​ការ​សហការ​គ្នា​ ដើម្បី​បង្កើត​ ជា​ការិយាល័យ​​​ ចុះឈ្មោះ​ជន​ភៀសខ្លួន ​នៅ​តាម​បណ្តា​ប្រទេស​ព្រំដែន​ខាង​ក្រៅ​អឺរ៉ុប ដែល​​ជន​ភៀសខ្លួន​ បាន​មក​ដល់​មុនគេ។ ការ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​ទាំង​នេះ​ នឹង​អនុញ្ញាត​ ឲ្យ​គេ​ស្រង់​​ចំនួន​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ ​ដែល​រត់​គេច​ពី​សង្រ្គាម ​ហើយ​ជន​អន្តោប្រវេសន៍​ផ្សេង​ទៀត ​ដែល​បន្លំ​ចូលមក ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ស្រុកវិញ។
 
សំណើរ​បែងចែក​កូតា ​ធ្វើឲ្យ​អឺរ៉ុប​បែកបាក់​សាមគ្គី៖
និយាយ​ពី​ការ​បែង​ចែក​កូតា​នេះ ​គឺ​សហភាព​អឺរ៉ុប​ ទាមទារ ​ឲ្យ​ធ្វើ​ឡើង​ ​ទៅលើ​ជន​ភៀស​ខ្លួន​ចំនួន​ ១៦ម៉ឺន​នាក់ ប៉ុន្តែ​មិនមែន​ចែក​គ្នា​ស្មើទេ ​គឺ​បែងចែក ​ឲ្យ​សមមាត្រ ​ទៅតាម​ចំនួន​ប្រជាជន​ក្នុង​ស្រុក ​នៃ​ប្រទេស​នីមួយៗ ​ព្រម​ទាំង​​សមត្ថភាព​សេដ្ឋកិច្ច ​ហើយ​នឹង​ចំនួន​ជន​ភៀសខ្លួន​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​នោះ។ ដូច្នេះ​តិច​រឺ​ច្រើន ​ប្រទេស​សមាជិក​ទាំង​អស់​ ត្រូវតែ​ទទួល​ជា​ដាច់​ខាត។ លក្ខណៈ​ចាប់​បង្ខំ​នេះ​ហើយ ​ដែល​ប្រទេស​មួយ​ចំនួន​ គេ​មិនព្រម។

ការ​ប្រជុំ​ថ្ងៃនេះ​ នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​មក ​មាន​ប្រទេស​មួយ​ចំនួន ​ដែល​បាន​បញ្ចេញ​ពាក្យ​សម្តី ​រឹង​ទទឹង ​ប្រកែក​មិន​ទទួល​យក ​ការ​បែងចែក​កូតា​នេះ ​យ៉ាងច្បាស់ៗ​តែ​ម្តង។ ក្នុង​នោះ​មាន​អង់គ្លេស ​ អៀរឡង់​ និង​ដាណឺម៉ាក។ កន្លង​មក​ប្រទេស​ទាំងបី​នេះ​ ឲ្យតែ​និយាយ​ពី​បញ្ហា​អន្តោប្រវេសន៍ ​ជនភៀស​ខ្លួន​អី​ជា​ដើម ​​គឺ​រឹង​ជាង​គេ ​មិនព្រម​ធ្វើ​សម្បទាន​អ្វី​ទាំងអស់។ អង់គ្លេស ​បាន​ប្រកាស​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី​ ២ម៉ឺន​នាក់​មែន ​ប៉ុន្តែ​គេ​ប្រកែក​ ​មិន​ព្រម​ទទួល​យក​គោលការណ៍​កំណត់​កូតា ​ដែល​មាន​លក្ខណ​ចាប់​បង្ខំ​នេះ​ទេ។

ក្រៅ​ពី​ប្រទេស​បីនេះ​ មាន​ប្រទេស​មួយ​ចំនួន​ទៀត ​នៅ​អឺរ៉ុប​កណ្តាល ​និង​ខាង​កើត ​មាន​ជាអាទិ៍​ ហុងគ្រី ​រូម៉ានី ​ឆេក ​និង ​ស្លូវ៉ាគី ​ជាដើម ​ដែល​ប្រកែក​ញាញ​តែម្តង។ មាន​ហេតុផល​ពីរ​ដែល​ថ្នាក់​ដឹកនាំ​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ និង​អឺរ៉ុប​កណ្តាល​ ប្រកែក​បែប​នេះ ​គឺ​​ដោយសារ​​​មតិ​សាធារណៈ​នៅ​តាម​ប្រទេស​ទាំង​នោះ ​មាន​ការ​រើសអើង​ខ្លាំងណាស់​ ​ទៅលើ​ជន​ភៀស​ខ្លួន​ ជា​ពិសេស​គឺ​ជនភៀស​ខ្លួន​ដែល​កាន់​សាសនា​អ៊ីស្លាម។ គេ​មិន​សូវ​ខ្វល់​ពី​បញ្ហា​មនុស្សធម៌​ស្អី​ទេ។

មួយ​វិញ​ទៀត ​ប្រទេស​ទាំង​នេះ ​គេ​ដឹង​ខ្លួន​ថា​ ប្រទេស​គេ​មិនមែន​ជា​គោលដៅ​​របស់​ជន​ភៀស​ខ្លួនទេ។ ប្រទេស​ដែល ​ជន​ភៀសខ្លួន​នាំគ្នា​ចង់​ទៅ ​គឺ​អាល្លឺម៉ង់ ​បារាំង​ ស៊ុយអ៊ែដ ​និង​អង់គ្លេស​ជាដើម។ ដូច្នេះ​ មាន​រឿងអី ​គេ​មក​ល្ងង់ ទទួល​យក​កូតា​បែងចែក​នេះ។ ប៉ុន្តែ​ហេតុ​ផល​នេះ ​វា​អាត្មា​និយម​ខ្លាំង​ណាស់​ ព្រោះ​ថា​ប្រឈមមុខ​នឹង​ស្ថានការណ៍​អាសន្ន​បែប​នេះ ​យើង​មិន​អាច​យក​តែ​រួច​ខ្លួន ​តែម្នាក់​ឯង​បាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ