អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖​បេសកកម្ម​ការទូត​របស់​អាមេរិក​ដើម្បី​បញ្ចប់​អំពើ​ហិង្សា

ស្ថានការណ៍​កំពុង​បន្ត​តានតឹង​ខ្លំាង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២២ តុលា​នេះ មាន​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​ពីរ​នាក់​បាន​ដក​កំបិត​ចាក់​ប្រជាជន​អ៊ីស្រាអែល​ម្នាក់​ឲ្យ​របួស​ធ្ងន់។ ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​កំពុង​ស្ថិត​ក្នុង​ប្រទេស​អាល្លឺម៉ង់។ នៅ​ថ្ងៃ​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី។ បន្ទាប់​មក​នៅ​ចុង​សប្តាហ៍​នេះ លោក​ឃ៊ែរី​ក៏​នឹង​គ្រោង​ជួប​សន្ទនា​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​បាឡេស្ទីន​ម៉ាមូត អាបាស់​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ៊្សកដានី​ដែរ។ ជំនួប​ទំាង​អស់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ជម្រុញ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បញ្ចប់​អំពើហិង្សា។

លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី (រូបឆ្វេង) និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី២២ តុលា ២០១៥
លោក​ប្រមុខ​ការទូត​អាមេរិក ចន ឃ៊ែរី (រូបឆ្វេង) និង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី២២ តុលា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រវាង​លោក​ឃ៊ែរី និង​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​ថ្ងៃ​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​បាន​ទាមទារ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​បិទបញ្ចប់​អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លំាងក្លា​តំាង​ពី ៣សប្តាហ៍​មក​ដល់​សព្វ​ថ្ងៃ។ ថ្លែង​នៅ​ចំពោះ​មុខ​លោក​នេតាន់យ៉ាហ៊ូ លោក​ឃ៊ែរី​បាន​បញ្ជាក់​ច្បាស់ៗ​ថា វា​ជា​រឿង​ចំា​បាច់​បំផុត​ដែល​ភាគី​នីមួយៗ​ត្រូវ​តែ​បិទបញ្ចប់​ការ​ញុះញង់ និង​អំពើហិង្សា​គ្រប់​រូបភាព ព្រម​ទំាង​ព្យាយាម​ស្វែង​រក​ផ្លូវកណ្តាល​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​កុងសង់ស៊ុស​រួម​មួយ​ទទួល​យក​បាន​ទំាង​អស់​គ្នា។

ជា​ការ​ឆ្លើយ​តប​វិញ លោក​នេតាន់យ៉ាហ៊ូ​បែរ​ជា​បាន​បន្ត​ទម្លាក់​កំហុស​ដាក់​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ និង​ចោទ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ថា ជា​អ្នក​អុជអាល​ឲ្យ​មាន​អំពើហិង្សា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ថ្ងៃ​ទី១ តុលា​មក​ម្ល៉េះ​ដែល​អំពើហិង្សា​រវាង​សត្រូវ​ស៊ូពូជ​ទំាង​ពីរ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ហ្សេរុយសាឡិមខាង​កើត​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​អ៊ីស្រាអែល​ចំនួន ៨នាក់ និង​ប្រជាជន​ប៉ាឡេស្ទីន​ចំនួន ៤៨នាក់។

តែ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ដែល​បាន​ជួប​លោក​នេតាន់យាហ៊ូ​ចុង​ក្រោយ​កាល​ពី​ដំណាច់​ខែ​កញ្ញា​ក្នុង​ទីក្រុង​ញូយ៉ក​នៅ​តែ​មាន​ជំនឿ​ថា កិច្ចសន្ទនា​រវាង​លោក និង​លោក​នេតាន់យ៉ាហ៊ូ​ថ្ងៃ​នេះ​នឹង​អាច​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ពេល​នេះ។ បន្ទាប់​ពី​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ក៏​នឹង​ទៅ​ជួប​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​នា​ចុងសប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្ស៊កដានី។ បើ​តាម​មើល​ទៅ លោក​ឃ៊ែរី​ក៏​នឹង​ធ្វើ​សំណើ​ដូច​គ្នា​ទៅ​កាន់​លោក​អាបាស់​ដែរ ពោល​បិទបញ្ចប់​រាល់​អំពើហិង្សា​គ្រប់​រូបភាព។

លោក​ចន ឃ៊ែរី​បន្ត​ព្យាយាម​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ប្រហែល​ជា​គ្មាន​ក្តីសង្ឃឹម​អ្វី​ធំដុំ​ដែល​ត្រូវ​រង់ចំា​នៅ​ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថ្ងៃ​នេះ ក៏​ដូច​ជា​គម្រោង​ជំនួប​រវាង​លោក​ចន ឃ៊ែរី​ជាមួយ​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្ស៊កដានី​នា​ចុង​សប្តាហ៍​នេះ​ទេ។ តែ​យ៉ាង​ហោច​ណាស់ ក៏​បេសកកម្ម​ការទូត​របស់​លោក​ចន ឃ៊ែរី​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​ដែល​ស បញ្ជាក់​ឲ្យ​ឃើញ​ថា អាមេរិក​មិន​បាន​បោះបង់​ចោល និង​នៅ​តែ​ព្យាយាម​ផ្សះផ្សា​សត្រូវ​ស៊ូពូជ​ទំាង​ពីរ​ជានិច្ច ពិសេស​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ឆ្ពោះ​ទៅ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ឯករាជ្យ​រស់ក្បែរ​រដ្ឋអ៊ីស្រាអែល។

គួរ​រម្លឹក​ជូន​ថា តំាង​តែ​ពី​ឡើង​កាន់​តំណែង​ជា​ប្រមុខ​ការទូត​អាមេរិក​ក្នុង​ថ្ងៃទី១ កុម្ភៈ ឆ្នំា ២០១៣ មក លោក​ឃែរី​ធ្លាប់​បាន​ប្តេជ្ញា​ចិត្ត​ថា លោក​ត្រូវ​ការ​ពេល​តែ ៩ខែ​ទេ ពោល​គិត​ត្រឹម​ថ្ងៃទី២៩ មេសា ឆ្នំា ២០១៤ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ កិច្ចព្រមព្រៀង​ជា​មូលដ្ឋាន​នោះ​នឹង​កំណត់​ពី​ខ្សែបន្ទាត់​នយោបាយ​សំខាន់ៗ​សម្រាប់​ធ្វើ​ជា​គ្រឹះ​ក្នុង​ការ​អនុម័ត​ចេញ​នូវ​អនាគត​កិច្ចព្រមព្រៀង​សន្តិភាព​ជា​ស្ថាពរ។ កាល​ណោះ លោក​ចន ឃ៊ែរី​បាន​ធ្វើ​ដំណើរ​ចេញ ចូល​ក្នុង​តំបន់​ដើមបូព៌ា ពី​ទឹកដី​អ៊ីស្រាអែល​ឆ្លង​ចូល​ទឹកដី​ប៉ាឡេស្ទីន និង​ពី​ប៉ាឡេស្ទីន​ឆ្លង​ចូល​អ៊ីស្រាអែល​ជា​ច្រើន​ដង។

ក្រៅ​ពី​ជំនួប​ជា​លក្ខណៈ​ត្រីភាគី​អាមេរិក អ៊ីស្រាអែល ប៉ាឡេស្ទីន លោក​ចន ឃែរី​ក៏​បាន​រៀបចំ​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែរ។ តែ​មក​ទល់​ថ្ងៃ​នេះ និង​ក្រៅ​ពី​គ្មាន​កិច្ចព្រមព្រៀង ស្ថានការណ៍​បែរ​ជា​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លំាង​ឡើងៗ​ទៅ​វិញ។ គេ​ពិត​ជា​ពិបាក​នឹង​ទម្លាក់​កំហុស​ដាក់​នរណា​ម្នាក់​ណាស់ ព្រោះ​ភាគី​ទំាង​ពីរ​នៅ​បន្ត​មិន​ទុក​ចិត្ត​គ្នា និង​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​នយោបាយ​សន្តិភាព​ដើម្បី​រស់​ក្បែរ​គ្នា។

លោក​បាន គីមូន​បារម្ភ​ពី​ការ​ផ្ទុះសង្រ្គាម​មហន្តរាយ​ពិបាក​គ្រប់គ្រង

អំពើហិង្សា​ប្រចំា​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រាល់ថ្ងៃ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្លាក់​វឹកវរ​កាន់​តែ​ខ្លំាង​ពិបាក​គ្រប់គ្រង។ អ្នក​ដែល​បាន​សម្តែង​ក្តី​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ដែល​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំតំបន់​មជ្ឈិមបូព៌ា។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​កាល​ពី​ថ្ងៃ​ពុធ ទី២១ តុលា លោក​បាន គីមូន​បាន​អំពាវនាវ​ភាគី​ជម្លោះ​ទំាង​ពីរ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​បញ្ចប់​អំពើហិង្សា​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លំាង។

នៅ​ថ្ងៃ​នេះ លោក​បាន គីមូន​បាន​បញ្ចប់​ទស្សនកិច្ច​មួយ​ជុំតំបន់​មជ្ឈិមបូព៌ា​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី។ នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី លោក​បាន គីមូន​បាន​ចូល​ជួប​ស្តេច​ហ្ស៊កដានី​អាប់ដាឡា ២ ដែល​ជា​ដៃគូ​សន្ទនា​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជម្លោះ​​អ៊ីស្រាអែល ប៉ាឡេស្ទីន។ ពី​ទីក្រុង​អាម៉ាន់ លោក​បាន គីមូន​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​បញ្ចប់​អំពើហិង្សា​ដែល​លោក​យល់​ថា នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធំធេង និង​ផ្ទុះ​សង្រ្គាម​ខ្លំាងក្លា​ដែល​គ្មាន​នរណា​អាច​ប្រមើលមើល​ទុក​ជា​មុន និង​គ្រប់គ្រង​បាន។ ទន្ទឹម​គ្នា​នេះ លោក​បាន គីមូន​ក៏​បាន​ផ្ញើសារ​តាម​រយៈ Videoconférence ពី​ទីក្រុង​អាម៉ាន់​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា លោក​ហាក់​ដូច​ជា​គ្មាន​សុទិដ្ឋិនិយម​ក្នុង​ការ​បញ្ចប់​អំពើហិង្សា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​សព្វថ្ងៃ​ដែល​បាន​ធ្លាក់​ដល់​ជម្រៅ​មួយ​ពិបាក​ស្រោចស្រង់។

យ៉ាង​ណា​ក៏​ដោយ ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​នៅ​ថ្ងៃ​នេះ​ដើម្បី​ពិនិត្យ​លើ​ស្ថានការណ៍​ហិង្សា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ចំណែក​ប្រទេស​រុស្ស៊ី​បាន​ស្នើ​ឲ្យ​បើក​កិច្ចប្រជុំ​ចតុភាគី រួម​មាន​រុស្ស៊ី អាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​បន្ទុក​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ ចតុភាគី​នោះ​បាន​បង្កើត​ឡើង​តំាង​ពី​ឆ្នំា ២០០២ តែ​នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​ភាគី​ជម្លោះ​ទំាង​ពីរ​បាន​ទេ​មក​ទល់​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ