អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖​ចលនា​ហិង្សា​កាន់​តែ​កើន ​អំណាច​ផ្តាច់​ការ​កាន់​តែ​​ខ្លាំង

ដូច​ដែរ​យើង​បាន​តាម​ដាន​ ពីរ​សប្តាហ៍ ​កន្លង​មក​ ចលនា​ហិង្សា​របស់​យុវជន​ក្មេងៗ​ប៉ាឡេស្ទីន​ បាន​កើត​ឡើង​​ ឥត​ឈប់​ឈរ។ ករណី​យក​កាំបិត​ដើរ​ចាក់​មនុស្ស​ បាន​កើត​ឡើង​បន្ថែម​ទៀត ​ ហើយ​យុវជន​ប៉ាឡេស្ទីន​ខ្លះ ​នាំគ្នា​យក​ដំថ្ម ​ទៅ​គុប​លើ​កង​កម្លាំង ​អ៊ីស្រាអែល​ ដែល​នៅ​យាមកាម ​ យ៉ាង​តឹងរឹង​បំផុត ​នៅក្នុង​ភាគ​ខាង​កើត​ក្រុង​ហ្សេរូសាឡឹម ​ដែល​ជា​តំបន់​របស់​ជនជាតិ​ប៉ាឡេស្ទីន ​ តែ​ស្ថិត​ក្រោម​ការ​កាន់កាប់​ ​របស់​អ៊ីស្រាអែល។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ចំណាត់ការ​បង្រ្កាប​ ទៅ​លើ​យុវជន​ប៉ាឡេស្ទីន​​ពី​សំណាក់​អាជ្ញាធរ​អ៊ីស្រាអែល ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ វា​ខ្លាំង​ជ្រុល​ហួសហេតុ ​ហើយ​ដែល​វា​រឹត​តែ​ បញ្ឆេះ​កំហឹង​របស់​ប្រជាជន​ប៉ាឡេស្ទីន​ទូទៅ។

ទាហាន​អ៊ីស្រាអែល​ ឈរ​ក្បែរ​ដុំបេតុង​ ធំៗ ដាក់​ស្ទាក់​ផ្លូវ សម្រាប់ ជា​កន្លែង​ចាប់​ឆែក​ឆេរ​រាល់​ការធ្វើ​ដំណើរ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ហ្សេរូសាឡឹម​ខាងកើត។
ទាហាន​អ៊ីស្រាអែល​ ឈរ​ក្បែរ​ដុំបេតុង​ ធំៗ ដាក់​ស្ទាក់​ផ្លូវ សម្រាប់ ជា​កន្លែង​ចាប់​ឆែក​ឆេរ​រាល់​ការធ្វើ​ដំណើរ​របស់​ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ហ្សេរូសាឡឹម​ខាងកើត។ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

វិធានការ​ដែល​ខាង​អាជ្ញាធរ​អ៊ីស្រាអែល ​ គិត​ថា​នឹង​អាច​ជួយ​ស្តារ​ស្ថានការណ៍​ឡើងវិញ​ គឺ​សុទ្ធ​តែ​​ជា​វិធានការ​ ដែល​ប្រើ​ធម៌ក្តៅ ​ហើយ​ដូច​ដែល​យើង​បាន​ឃើញ​កន្លង​មក​ហើយ​ ​គឺ​ថា​វា​នឹងរឹត​តែ​ជម្រុញ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ជា​ពិសេស​យុវជន​ក្មេងៗ​ហ្នឹង ​កាន់តែ​ខឹង​ស្អប់​អ៊ីស្រាអែល​កាន់តែ​ខ្លាំង។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​អ៊ីស្រាអែល ​បាន​ដាក់​ប៉ុស្តិ៍​ យាម​ច្រក​ចេញ​ចូល​ ទៅ​លើ​ទួល​បូរាណ ​នៅ​កណ្តាល​ក្រុង​​ហ្សេរូសាឡឹម ​មិន​ឲ្យ​ជនជាតិ​ប៉ាឡេស្ទីន​ អាយុ​ក្រោម​៥០​ឆ្នាំ​ឡើង​ទៅ​ទេ ​ ដើម្បី​ការពារ​កុំឲ្យ​មាន​ករណី​ យក​កាំបិត​ទៅ​ចាក់​មនុស្ស​ទៀត។ ឥឡូវ​នេះ ​ អ៊ីស្រាអែល ​បាន​រាយ​កម្លាំង​ពេញ​ទីក្រុង​ហេរូសាឡឹម ​ភាគ​ខាង​កើត​តែម្តង ​ ដោយ​បាន​ដាក់​បញ្ឈរ​កម្លាំង​ត្រួត​ពិនិត្យ ​រាល់​ការ​ចេញចូល​ ធ្វើ​ដំណើរ ​មិន​ថា​ថ្មើរ​ជើង ​ឬ​តាម​រថយន្ត​ ​របស់​ប្រជាជន​ប៉ាឡេស្ទីន។

 
សូម​​បញ្ជាក់​ថា ​ក្រុង​ហ្សេរូសាឡឹម​ភាគ​ខាង​កើត​នេះ ​គឺ​ជា​តំបន់​របស់​​ប្រជាជន​​ប៉ាឡេស្ទីន​ ក៏​ប៉ុន្តែ​ស្ថិត​ក្រោម​ការ​កាន់កាប់​អំណាច​របស់​អ៊ីស្រាអែល។ ពោល​គឺវា​ខុស​ពី​តំបន់​ស៊ីសហ្សកដានី​ រឺ​តំបន់​ហ្គាហ្សា ​ដែល​ជា​តំបន់​ ស្ថិត​ក្រោម​ការ​កាន់កាប់​ របស់​អាជ្ញាធរ​ប៉ាឡេស្ទីន។ ប្រជាជន​ប៉ាឡេស្ទីន​ ដែល​រស់នៅ​ក្នុង​ក្រុង​ហ្សេរូសាឡឹម​ ភាគ​ខាង​កើត​ គឺ​ត្រូវ​បាន​អាជ្ញាធរ​អ៊ីស្រាអែល ​ចេញ​លិខិត​ស្នាម​ឲ្យ​ស្នាក់​នៅ ​និង​អាច​ធ្វើ​ដំណើរ​ចេញ​ចូល ​តំបន់​ផ្សេង​ទៀត​ របស់​អ៊ីស្រាអែល ​ក៏​ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ​ គឺ​មាន​ការ​លំបាក​ណាស់ ​ ដោយ​ត្រូវ​គេ​ឆែកឆេរ​ឥតឈប់។

អ៊ីស្រាអែល យកកំហឹង ទល់កំហល់៖
ក្រោយ​ហេតុការណ៍​ ហិង្សា ​២​សប្តាហ៍​កន្លង​មក​នេះ ​ ខាង​អ៊ីស្រាអែល ​បាន​សង្កេត​ឃើញ​ថា ​ ៨០%​នៃ​ជន​ដៃដល់ ​រឺ​យុវជន​ក្មេង​ប៉ាឡេស្ទីន​ ដែល​ចូលរួម​អំពើ​ហិង្សា​នេះ ​ គឺ​ជា​អ្នក​ដែល​រស់នៅ​ ក្នុង​តំបន់​ហ្សេរូសាឡឹម​ភាគ​ខាង​កើត​នេះ​តែម្តង។ អញ្ចឹង​ហើយ ​បាន​ជា​អ៊ីស្រាអែល ​បាន​បិទ​ខ្ទប់​សន្តិសុខ ​តំបន់​នេះ។ តាម​ការ​ឲ្យ​ដឹង​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ​ទើប​បាន​បញ្ជារ​ឲ្យ​មាន​ការ​ឆែកឆេរ​ កម្ទេច​ផ្ទះ​សម្បែង​របស់​ក្រុម​យុវជន​ប៉ាឡេស្ទីន ​ដែល​គេ​ជឿ​ថា​ជា​ជន​ដៃដល់​ក្នុង​អំពើ​ហិង្សា។ កម្ទេច​ផ្ទះ​ហើយ ​ ទ្រព្យ​សម្បត្តិ​ទាំង​អស់ ​នឹង​ត្រូវ​គេ​រឹប​អូស ​ហើយ​នឹង​ដក​ហូត​ បណ្ណ​ស្នាក់នៅ​ទៀត។
 

ផ្ទះ​ប្រជាជន​ប៉ាឡេស្ទីន នៅហ្សេរូសាឡឹម​ខាងកើត​ បន្ទាប់​ពីប៉ូលីស​អ៊ីស្រាអែល​ចូល​មករើកកាយ​ ថ្ងៃ ១៥ តុលា ២០១៥​
ផ្ទះ​ប្រជាជន​ប៉ាឡេស្ទីន នៅហ្សេរូសាឡឹម​ខាងកើត​ បន្ទាប់​ពីប៉ូលីស​អ៊ីស្រាអែល​ចូល​មករើកកាយ​ ថ្ងៃ ១៥ តុលា ២០១៥​ REUTERS/Abed Omar Qusini

សំណួរ​សួរ​ថា ​តើ​វិធានការ​ទាំង​នេះ ​វា​សមហេតុ​ផល​សម​ផល​ដែរ​រឺ​ទេ ​ ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា? កម្ទេច​ផ្ទះ​សម្បែង​របស់​ជន​ដៃដល់​ប៉ាឡេស្ទីន ​ចុះ​ក្រុម​គ្រួសារ​គ្នា ​ ដែល​ជ្រក​តំបូល​នេះ​ដែរ ​ ដែល​គ្នា​មិន​បាន​ដឹង​អី​ផង ​ ឲ្យ​គ្នា​ទៅ​នៅ​ឯណា? ផ្ទុយ​ទៅ​វិញ ​ការ​ចាប់​ឆែកឆេរ​ បំផ្លាញ​ទ្រព្យ​សម្បត្តិ ​ទាំង​អស់​នេះ ​គឺ​វា​រិតតែ​ចិញ្ចឹម​កំហឹង​របស់​ប្រជាជន​ប៉ាឡេស្ទីន ​ហើយ​ជា​ពិសេស​ក្មេងៗ​ស្ទាវៗ​ប៉ាឡេស្ទីន​តែ​ម្តង​ ដែល​កាន់តែ​អត់ទ្រាំ​លែង​បាន ​ហើយ​នាំ​គ្នា ​ចេញ​ទៅ​ធ្វើ​អំពើ​ហិង្សា​បន្ថែម​ទៀត។ ស្រ្តី​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់ ​ ដែល​ស្រែក​ទ្រហោរ​យំ ​ក្នុង​ពេល​បញ្ចុះ​សព​កូន​ប្រុស​គាត់ ​ដែល​ត្រូវ​បាន​ប៉ូលីស​អ៊ីស្រាអែល​ បាញ់​សម្លាប់​ ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ពោល​ថា “ដរាបណា ​អ៊ីស្រាអែល ​នៅតែ​បន្ត​ធ្វើ​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន ​ដរាប​ណា​អ៊ីស្រាអែល​ ​នៅ​តែ​បំពាន ​ ជិះជាន់​ប្រជាជន​ប៉ាឡេស្ទីន​ ដរាប​នោះ​នៅតែ​មាន​អំពើ​ហិង្សា ​និង​ ការ​តស៊ូ​ពលី​ជីវិត​ ​របស់​បង​ប្អូន​ប៉ាឡេស្ទីន ​ជានិច្ច”។

សម្តីរបស់ ម៉ាមូដ អាបាស ​ប្រៀប​ដូច​យក​សាំង​ ទៅ​ចាក់​លើ​ភ្លើង ៖
លោក ម៉ាសមូដ​ អាបាស ​ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ ចលនា​បះបោរ​ហិង្សា​​ របស់​យុវជន​ប៉ាឡេស្ទីន ​ ​វា​គឺ​ជា​សិទ្ធិ​ស្របច្បាប់​ និង​ដោយ​សន្តិវិធី​ របស់​ប្រជាជន​ប៉ាឡេស្ទីន។ តើ​សន្តិវិធី​បែប​ណា ​ ដែល​យក​កាំបិត​ដើរ​ចាក់​មនុស្ស​ស្លូតត្រង់​បែប​នេះ?

សម្តី​នេះ ​វា​គឺ​ជា​កំហុស​នយោបាយ​មួយ​ធំ​ណាស់ ​សម្រាប់​ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន។ លោក​ម៉ាមូដ អាបាស ​នៅ​ស្ងៀម​រហូត​ ជិត​ពីរ​អាទិត្យ​ហើយ ​ហើយ​ទើប​តែ​មាន​ប្រតិកម្ម​ នៅ​ពេល​នេះ​ប៉ុណ្ណោះ។ តាម​ការ​សន្និដ្ឋាន ​អាជ្ញាធរ​ប៉ាឡេស្ទីន​ ព្យាយាម​ទប់​ចលនា​ហិង្សា​ដែរ ​ ព្រោះ​ខ្លាច​អ៊ីស្រាអែល ​ប្រើ​អាវុធ​ធន​ធំ។ ក៏​ប៉ុន្តែ​តាម​មើលទៅ ​គឺ​ហាម​មិន​ឈ្នះ​ ​ ព្រោះ​ថា​ក្រុម​យុវជន​ប៉ាឡេស្ទីន ​មិន​ស្តាប់ ​ ហើយ​មាន​បណ្តាញ Facebook ជួយ​ជំរុញ​គ្នា​ទៀត។ អញ្ចឹង​ហើយ ​ បាន​ជា​ពេល​នេះ ​លោក ម៉ាមូដ អាបាស ​ងៀក​មក​និយាយ​កាន់​ជើង​ចលនា​ហិង្សា​ទៅវិញ ​ ព្រោះ​ខ្លាច​ស្រួល​​មិន​ស្រួល ​ចលនា​ហិង្សា​នេះ ​នឹង​រាលដាល​មក​រក​អាជ្ញាធរ​ប៉ាឡេស្ទីន​ខ្លួន​ឯង​វិញ ​ ព្រោះ​ធ្វើ​អី​មិនកើត ​បណ្តោយ​ឲ្យ​អ៊ីស្រាអែល​ធ្វើ​បាប​ប្រជាជន។
 

យុវជន​ប៉ាឡេស្ទីន ដំថ្ម​នៅនឹងដៃ បំរុង​នឹង​ចោល​ទៅ​លើប៉ូលីស​អ៊ីស្រាអែល​ ថ្ងៃទី ៩ តុលា ២០១៥
យុវជន​ប៉ាឡេស្ទីន ដំថ្ម​នៅនឹងដៃ បំរុង​នឹង​ចោល​ទៅ​លើប៉ូលីស​អ៊ីស្រាអែល​ ថ្ងៃទី ៩ តុលា ២០១៥ REUTERS/Ammar Awad

ក្នុង​សម្តី ​លោក​ ម៉ាសមូដ អាបាស ​គាត់​អត់​មាន​ថ្កោលទោស​ សកម្មភាព​យក​កាំបិត​ ដើរ​ចាក់​មនុស្ស​របស់​ក្រុម​យុវជន​ប៉ាឡេស្ទីន​ទេ ​ផ្ទុយ​ទៅ​វិញ​លោក​ថា ​នេះ​ជា​សិទ្ធិ​ការពារ​ខ្លួន ​ ​ដោយ​សន្តិវិធី​របស់​ប៉ាឡេស្ទីន។ បើ​យើង​វិភាគ​ទៅ ​ យើង​យល់​ថា ​ មូលហេតុ​ដែល​ជម្រុញ​ឲ្យ​យុវជន​ទាំង​នេះ ​ចេញ​ធ្វើ​អំពើ​ហិង្សា ​គឺ​ដោយសារ​ពួក​គេ ​អត់​ទ្រាំលែង​បាន​នឹង​អំពើ​ឈ្លានពាន ​ជិះ​ជាន់​របស់​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ ​យក​កាំបិត ​ដើរ​ចាក់​ ប្រជាជន​អ៊ីស្រាអែល ​ស្លូត​ត្រង់ ​ដែល​គ្នា​មិនដឹង​អី​សោះ​​ ​ក៏​វា​មិន​ត្រឹមត្រូវ​ដែរ។ សម្តី​របស់​ ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​ ​គឺ​វា​មិន​ខុស​ពី​យក ​សាំង​ទៅ​ចាក់​បន្ថែម​លើ​ភ្លើង​ទេ។

អ៊ីស្រាអែល​ ប្រើ​កម្លាំង​បង្រា្កប​ជ្រុល​ហួស​ហេតុ​ ​បាញ់​សម្លាប់​ទាំង​អស់ ​ឲ្យ​តែ​គេ​សង្ស័យ៖
ខាង​អ៊ីស្រាអែល​វិញ ​គេ​អាង​​កម្លាំង។ កាន់តែ​មាន​ចលនា​ហិង្សា ​គេ​កាន់តែ​រឹត​បន្តិង​កម្លាំង ​ប្រើ​ធម៌​ក្តៅ។ ទាក់ទិន ​និង​ការ​ប្រើ​កម្លាំង​នេះ​ មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា ​ បាន​បរិហារ​ពី​ចំណាត់ការ​ ជ្រុល​ហួសហេតុ ​ដែលមិន​សមមាត្រ​ ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។ មាន​ករណី​បាញ់​សម្លាប់​ទៅ​លើ​យុវជន​ប៉ាឡេស្ទីន ​ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​ ដែល​គេ​សង្ស័យ​ថា ​ ក្រុម​ប៉ូលីស​អ៊ីស្រាអែល ​ បាន​ធ្វើការ​បាញ់​សម្លាប់ ​ភ្លាមៗ ​ដោយ​មិន​មាន​សាកល្បង​ចាប់​ខ្លួន ​ជា​មុន​ទេ។ ពោល​គឺ​ ឲ្យ​តែ​គេ​សង្ស័យ ​ថា​មនុស្ស​នោះ​ មើល​ទំនង​ថា ​អាច​បង្ក​គ្រោះថ្នាក់​ គេ​បាញ់​សម្លាប់​តែម្តង។

អ្នក​នាំពាក្យ​អាជ្ញាធរ​ប៉ាឡេស្ទីន ​ក៏​បាន​បរិហារ​ពី​ការ​ប្រើ​កម្លាំង​ជ្រុល​ហួស​ហេតុ ​របស់​អ៊ីស្រាអែល​នេះ​ដែរ។ គេ​បាន​អះអាង​ថា ​ប៉ាឡេស្ទីន​  ​នឹង​ធ្វើ​ពាក្យ​បណ្តឹង​មួយ​ ​ទៅ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ ​ដើម្បី​ឲ្យ​នាយក​រដ្ឋមន្តី្រ​ អ៊ីស្រាអែល ​ទទួល​ខុស​ត្រូវ​ លើ​ការ​ប្រើ​កម្លាំង​សម្លាប់ ​លើ​ជនជាតិ​ប៉ាឡេស្ទីន​។ ការ​បាញ់​សម្លាប់​បង្រ្កាប​ក្រុម​យុវជន​ប៉ាឡេស្ទីន​នេះ ​ កន្លង​មក​ខាង​អ៊ីស្រាអែល ​គេ​អះអាង ​ ​ថា​គេ​ធ្វើ​ត្រឹមត្រូវ ​ ហើយ​ឲ្យ​តែ​មាន​ខាង​ប៉ូលីស​បាញ់​សម្លាប់​បាន​ម្តងៗ​ គឺ​មាន​មេកើយ​គេ​ ​អបអរ​សរសើរ។ ប៉ុន្តែ​គេ​មិន​ដែល​ខ្វល់​ថា ​ អ្នក​ដែល​ត្រូវ​គេ​សម្លាប់​នោះ ​ ជា​ជន​ដៃ​ដល់មែន​រឺ​មិនមែន​​ ទេ។ ហើយ​តើ​កាលៈទេសៈ​ជាក់​ស្តែង​នោះ ​ វា​តម្រូវ​ឲ្យ​ប៉ូលីស ​ត្រូវ​តែ​បាញ់​សម្លាប់​លើ​ជន​សង្ស័យ​ មែន​រឺ​យ៉ាង​ណា​នោះទេ។

សរុប​ទៅ ​គេ​សង្ស័យ​ថា ​ ប៉ូលីស​អ៊ីស្រាអែល ​ បាន​ទទួល​បញ្ជារ​ ឲ្យ​បាញ់​សម្លាប់​ទាំង​អស់ ​ ដោយ​ឥត​រើស​មុខ ​ឲ្យតែ​សង្ស័យ។ ត្រង់​បញ្ហា​នេះ ​ លោក​ បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ ​ ​ក៏​បាន​មាន​ប្រតិកម្ម​ផង​ដែរ ​ ដោយ​លោក ​បាន​ទាមទារ​ ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់។

អន្តរាគមន៍​របស់​កង​រក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ?
តាម​ព័ត៌មាន​ចុងក្រោយ​នេះ ​ក្រុម​ប្រទេស​អារ៉ាប់​ កំពុងតែ​រៀបចំ​ស្នើ​ទៅ ​អង្គការ​សហ​ប្រជា​ជាតិ​ ឲ្យ​បញ្ជូន​កង​កម្លាំង​មួក​ខៀវ ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ឲ្យទៅ​រក្សា​សន្តិសុខ​ នៅ​តំបន់​ហ្សេរូសាឡឹម​ខាងកើត។ វា​អាច​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​មួយ​ដែរ ​ដែល​មាន​កង​កម្លាំង​កណ្តាល​មួយ ​ចូល​ទៅ​រក្សា​សន្តិសុខ ​ ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​អ៊ីស្រាអែល ​ប្រើ​កម្លាំង​កៀប​សង្កត់​ដោយ​ផ្ទាល់​ ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ​នៅ​​តំបន់​ហ្សេរូសាឡឹម​ខាង​កើត។ ក៏​ប៉ុន្តែ​យើង​សួរ​ថា ​ តើ​វា​អាច​ទៅ​រួច​ទេ ​ សំណើរ​នេះ? ចំលើយ​គឺ​ថា​ វា​រាង​ពិបាក​បន្តិច។

បើចង់​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ទៅ ​ ទីមួយ​ត្រូវតែ​មាន​ការ​ស្ម័គ្រ​ចិត្ត​ ពី​ភាគី​ទាំង​សងខាង ​គឺ​អ៊ីស្រាអែល ​និង​ ប៉ាឡេស្ទីន។ កន្លង​មក​ តាំង​ពី​ដើម​ អ៊ីស្រាអែល ​បដិសេធ​ដាច់​អហង្កា ​តែម្តង​ រឿង​បញ្ជូន​កងទ័ព​មួក​ខៀវ​ ទៅ​ដោះស្រាយ​បញ្ហា​នៅ​ស្រុក​គេ។ អញ្ចឹង​គឺ​ វា​មិន​អាច​ទៅ​រួច​ទេ។ ក្នុង​ករណី​មួយ​ទៀត​ គឺ​ទាល់តែ​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍ ​អង្គការ​សហ​ប្រជា​ជាតិ ​ជា​អ្នក​សម្រេច​ចាប់​បង្ខំ ​បញ្ជូន​ទ័ព​ទៅ។ ប៉ុន្តែ​ក្នុង​ករណី​នេះ ​គឺទាល់​តែ​កុំ​ឲ្យ​មាន​ប្រទេស​ណា​មួយ​ បោះឆ្នោត​វេតូ​ឲ្យ​សោះ ​បាន​ធ្វើ​បាន។ ត្រង់​នេះ ​ គឺ​គេ​មិន​សង្ឃឹម​ថា ​អាមេរិក​ នឹង​បោះឆ្នោត​គាំទ្រ​ទេ ​បើទោះ​បី​ជា​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​ អាមេរិក​ ដូច​ជា​អន់​ចិត្ត​នឹង​អ៊ីស្រាអែល​បន្តិច​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ