អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

លោក​បាន គីមូន​ព្រមាន​អ៊ីស្រាអែល​ពី​ការ​ប្រើ​កម្លាំង​ច្រើន​ជ្រុល ទៅលើ​ជនជាតិ​ប៉ាឡេស្ទីន

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​បាន គីមូន បាន ​ធ្វើ​ទស្សនកិច្ច គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ទៅ​តំបន់​ដើមបូព៌ា ក្នុង​បំណង​ជួយ​សម្រាល​ភាពតានតឹង រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​កំពុង​ផ្ទុះ​ហិង្សា​ដាក់​គ្នា សឹង​រាល់ថ្ងៃ ទាំង​នៅ​ទឹកដី​អ៊ីស្រាអែល និង​ទឹកដី​ប៉ាឡេស្ទីន កាន់កាប់​ដោយ​អ៊ីស្រាអែល។ បន្ទាប់​និយាយ​ជាមួយ​លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល កាលពីថ្ងៃ​អង្គារ​ម្សិលមិញ លោក​បាន គីមូន​ត្រូវ​ជួប​នៅថ្ងៃ​នេះ ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន មុន នឹង​ត្រូវ​រាយការណ៍​ជូន​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ល្ងាច​ថ្ងៃ​ពុធនេះ។ 

លោក​បាន គីមូន​ធ្វើ​ដំណើរ​ទៅ​តំបន់​ដើមបូព៌ា នៅថ្ងៃទី ២០ និង​២១​តុលា ដើម្បី​ជួយ​សម្រាល​ភាពតានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន
លោក​បាន គីមូន​ធ្វើ​ដំណើរ​ទៅ​តំបន់​ដើមបូព៌ា នៅថ្ងៃទី ២០ និង​២១​តុលា ដើម្បី​ជួយ​សម្រាល​ភាពតានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ©REUTERS/Nir Elias
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត រួមគ្នា ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​ការប្រើ​កម្លាំង​បាយ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល ដើម្បី​ជម្លោះ​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន។ “ការប្រើ​កម្លាំង ច្រើនជ្រុល​នឹង​បណ្តុះការខឹង ស្អប់ និង​ក្តីព្រួយបារម្ភ ដែល​ប្រភព​ធ្វើ​ឲ្យ​អំពើហិង្សា​កាន់​តែ​កើន​ឡើង”។ នេះ​ជាការព្រមាន​របស់​លោក​បាន គីមូន មុន​នឹង​និយាយថា មធ្យោបាយ​តែមួយ ដើម្បី​បញ្ចប់​ជម្លោះ គឺ​មាន​តែ​តាម​រយៈ ការចរចា​តែប៉ុណ្ណោះ។

 
ការព្រមាន​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហាក់​មិន​បាន​ចូលត្រចៀក​របស់​នាយក រដ្ឋមន្រ្តី​អ៊ីស្រាអែល នោះទេ។ លោក​បិនចាមីន នេតានីញ៉ាហ៊ូ បាន​និយាយ​ការពារ​ជំហរ​រដ្ឋាភិបាល​អ៊ីស្រាអែល ដោយ​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ការពារ​សន្តិសុខ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន។ “ដូច្នេះ អ៊ីស្រាអែល​មិន​បាន​ប្រើ​កម្លាំង​ច្រើនជ្រុល​ហួសហេតុ​នោះទេ”

នៅ​ទឹកដី​ប៉ាឡេស្ទីន កាន់កាប់​ដោយ​អ៊ីស្រាអែល អំពើ​ភេរវកម្ម ការប៉ះទង្គិច និង​ការវាយប្រហារ​គ្នាដ៏ ហិង្សា រវាង​យុវជន​ប៉ាឡេស្ទីន ជាមួយ​ទាហាន​អ៊ីស្រាអែល ហើយ​និង​ប្រជាជន​អ៊ីស្រាអែល ជ្វីហ្វ​និយមជ្រុល បាន​កើតមាន​សឹង​រាល់​ថ្ងៃ។ តាំងពី​ថ្ងៃ​ទី ១ តុលា មក ថ្ងៃ​ដែល​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ចាប់ប្រឈម​មុខ​ដាក់គ្នា​ជាថ្មី ដោយសារ​ឃាតកម្ម​ទៅលើ​គ្រួសារ​អ៊ីស្រាអែល នៅ​ដែនដី​អាណានិគមកិច្ច​អ៊ីស្រាអែល ប្រជាជន​អ៊ីស្រាអែល​៨នាក់​បាន​ស្លាប់​នៅក្នុង​អំពើភេរវកម្ម ចាក់ សម្លាប់​​មនុស្ស បង្ក​ដោយ​ប្រជាជន​ប៉ាឡេស្ទីន។ នៅ​ភាគី​ប៉ាឡេស្ទីន មនុស្ស​៤៥​នាក់​ត្រូវ​បាន​ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់ ដែល​នៅក្នុង​នោះ មាន ជាង ២០នាក់ ជា​ភេរវជន។

នៅ​មុខ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក​បាន គីមូន បានសំដែង​ផងដែរ ពី​ការភ័យ ព្រួយបារម្ភ នៅពេល​មេក្រុម​ចលនា​ហាម៉ាស ឬ​ក្រុម​ជីហាត ស្វាគម គាំទ្រ សកម្មភាព របស់​យុវជន​ប៉ាឡេស្ទីន ដែល​បាន​ដើរ​ចាក់​សម្លាប់​ជនជាតិ​ជ្វីហ្វ អ៊ីស្រាអែល។ នៅថ្ងៃ​ពុធនេះ លោក​បាន គីមូន ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន លោក​មាមូដ អាបាស នៅ​តំបន់​ស៊ីហ្សកដានី។ នៅថ្ងៃ​ពុធ​ដដែល បន្ទាប់ពី ជួប​ជាមួយ​តំណាង​ភាគី​ជម្លោះ ប៉ាឡេស្ទីន អ៊ីស្រាអែល លោក​បាន គីមូន ត្រូវ​ធ្វើ​របាយការណ៍​ជូន​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​កោះប្រជុំ​បន្ទាន់ មួយ ដើម្បី​និយាយ​ពី​ភាពតានតឹង រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ