អានតួអត្ថបទ

អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល-​ប៉ាឡេស្ទីន កំពុង​ក្លាយ​​ជា​​ជម្លោះ​​សាសនា​ ?

អំពើ​ហិង្សារវាង​ប៉ាឡេស្ទីន​និង​​អ៊ីស្រាអែល បាន​ធូរ​ស្បើយ​ទេ។ នៅ​ថ្ងៃ​នេះ ជនជាតិ​ប៉ាឡេស្ទីន​ យ៉ាង​ហោច​៥​នាក់​​ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​បាន​​ប៉ុនប៉ង​ប្រើ​កាំបិត​ចាក់​សម្លាប់​​​អ៊ីស្រាអែល បីករណី។ ម្សិលមិញ ទីសក្ការៈ​របស់​ជន​ជាតិ​ជីហ្វ ត្រូវ​ដុត​បំផ្លាញ។ វិបត្តិ​​អ៊ីស្រាអែល​-ប៉ាឡេស្ទីន​ហាក់​​កំពុង​រាល​ដាល​ដល់​របត់​ថ្មី​ មាន​ទម្រង់​ជា​ជម្លោះសាសនា​កាន់​ខ្លាំង​ឡើងៗ​ ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ពី​គ្រប់​មជ្ឈដ្ឋាន។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​បើក​ប្រជុំ​ជា​បន្ទាន់​ នៅ​យប់​មិញ ​បាន​ថ្កោល​ទោស​ការ​វាយប្រហារ​មណ្ឌល​សាសនា និង​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ចេះ​អត់​ធ្មត់។ ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​សប្តាហ៍​ក្រោយ ក្រែង​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​បាន។

ទាហាន​អ៊ីស្រាអែល បាញ់​បំបែក​ហ្វូង​ប៉ាឡេស្ទីន​ដែល​ចង់​ធ្វើ​បដិវត្តថ្ងៃ​សុក្រ នៅ​ក្រុង​Ramallah
ទាហាន​អ៊ីស្រាអែល បាញ់​បំបែក​ហ្វូង​ប៉ាឡេស្ទីន​ដែល​ចង់​ធ្វើ​បដិវត្តថ្ងៃ​សុក្រ នៅ​ក្រុង​Ramallah AFP PHOTO / ABBAS MOMANI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញនេះ អាច​ចាត់​ទុក​ជា​របត់​ថ្មីមួយ​នៃ​អំពើ​ហិង្សា​ប៉ាឡេស្ទីន ដែល​រាល​ដាល​ពី​សកម្មភាព​​ចាក់​នឹង​កាំបិត ​ទៅ​ជា​ការ​ប្រឆាំង​នឹង​សាសនា។ តាំង​ពី​ព្រហាម​ឡើង យុវជន​ប៉ាឡេស្ទីន​បាន​​​ដុត​បំផ្លាញ ទីសក្ការៈ​របស់​អ្នក​កាន់​សាសនា​យូដានព្រមទាំងមាន​​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា រវាង​ប៉ាឡេស្ទីន​និង​ទាហាន​អ៊ីស្រាអែល នៅ​ជា​ច្រើន​ចំណុច។ ក្រោយ​ពី​សូត្រ​ធម៌​ថ្ងៃសុក្រ​រួច ជន​ប៉ាឡេស្ទីនមួយ​ក្រុម​ បាន​អំពាវនាវ​ឱ្យ​ ប្រែក្លាយ​ថ្ងៃ​សុក្រ​ទៅ​ជា​ថ្ងៃ​​បដិវត្ត នៅ​តំបន់​ស៊ីហ្ស័កដានី និងនៅតំបន់​ហ្កាហ្សា។ ជន​ប៉ាឡេស្ទីន​បួន​នាក់​ត្រូវ​បាន​សម្លាប់។

 
នៅ​ថ្ងៃ​នេះ មាន​អំពើ​ហិង្សា​ចាក់​នឹង​កាំបិត បី​ករណី​​​ កើត​ឡើង​ទៀត ពីរ​នៅ​ស៊ីហ្សកដានី ប្រឆាំង​នឹង​ទាហាន​អ៊ីស្រាអែល និង​មួយ​នៅ​យេរូសាឡឹម ដោយ​មាន​ ជន​ប៉ាឡេស្ទីនយ៉ាង​ហោច​​៥នាក់ត្រូវ​បាន​សម្លាប់។ ម្នាក់មានអាយុ​ទើប​តែ​១៨​ឆ្នាំ បាន​ត្រូវ​ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់ ពេល​ជន​នោះ​ប៉ុនប៉ង​ចាក់​នឹង​កាំបិត។ ម្នាក់​ទៀត បាន​ប៉ុនប៉ង​ចាក់​សម្លាប់​អ្នកដំណើរ​តាម​ផ្លូវ។ ជា​សរុប​ត្រឹម​ដើម​ខែ​តុលា​មក អំពើហិង្សា​បាន​សម្លាប់​ជីវិត​ជន​ប៉ាឡេស្ទីន​អស់​៣៧​នាក់ ភាគ​ច្រើន​ជា​ដើម​ហេតុ​កាន់​កាំបិត​ទៅ​ចាក់​គេ និង​ខាងអ៊ីស្រាអែល​ ៧នាក់។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​ជា​បន្ទាន់​

​ប្រឈម​មុខ​នឹង​ការ​រាល​ដាល​ហិង្សា​ខ្លាំង ​ហ្ស័កដានី ក្នុង​នាម​ជាប្រទេសអារ៉ាប​បាន​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​​​កោះ​ប្រជុំ​បន្ទាន់​ ​ ប៉ុន្តែ​កិច្ចប្រជុំ​គ្មាន​កម្មវត្ថុ​ចេញ​សេចក្តី​សម្រេចចិត្ត​អ្វី​ទេ! ​អង្គការ​សហប្រជាជាតិ ​ដោយ​មាន​​​លោក បាន គីមូន ជា​អគ្គ​លេខាធិការ បាន​ត្រឹម​ថ្លែង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទង្វើ​មិន​គប្បី​​បំផ្លាញ​ទីសក្ការៈ​សាសនា និង​បាន​ទាមទារ​ឱ្យ​នាំ​ជន​ដៃដល់​ទៅ​កាត់ទោស​នៅ​មុខ​តុលាការ។ ប៉ុន្តែ​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ មាន​អំណរ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញប្រតិកម្ម​របស់​​លោក មះម៉ូដអាបាស ​ប្រធាន​អាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន ដែល​បាន​ថ្កោល​ទោស​ភ្លាម​សកម្មភាព​ហិង្សា​នោះ និង​បញ្ជា​ឱ្យ​បើក​អង្កេត​ដោយ​គ្មាន​បង្អង់។

ពី​អំពើ​ហិង្សា​ជាតិនិយម ទៅជម្លោះ​សាសនា

សម្រាប់​អង្គការ​សហប្រជាជាតិ ការ​វាយប្រហារ​លើ​​ផ្នូរ​​​ជា​ទី​សក្ការៈរបស់​​បណ្តាជន​អ៊ីស្រាអែល បាន​ប៉ះពាល់​ខ្លាំង​ដល់​​​សាសនា ដែល​នឹង​អាច​នាំ​ឱ្យ​មាន​ការ​បក​ស្រាយ​ខុស ប្រែក្លាយ​ការ​តស៊ូ​ជាតិ​និយម ទៅ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សាសនា។ ហើយ​បើ​ជា​ជម្លោះ​សាសនា​ នោះ​អាច​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត។ អង្គការ​សហប្រជាជាតិ ​បាន​ស្នើ​សុំ​ឱ្យ​គ្រប់​ភាគី អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គោរព​និងកុំ​ប៉ះពាល់​កន្លែង​សក្តិសិទ្ធិ។

លោក​អូបាម៉ា ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ និង​ធ្វើ​ការ​ថ្កោល​ទោស​ដែរ។ ដើម្បី​ជា​តំណាង ​លោក ចន ឃែរី នឹង​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ លោក នេតាន់យ៉ាហ៊ូ នៅ​សប្តាហ៍​នៅ​អាល្លឺម៉ង់។ ហើយ​ក្នុង​ពេ​ល​រង់ចាំ​នេះ លោក ឃែរី បាន​ទូរស័ព្ទ​ ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​លោក ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន ឱ្យ​ប្រឹង​ធ្វើ​យ៉ាងណា​នាំ​ភាព​ស្ងប់ស្ងាត់​ដល់​តំបន់។ មេ​ដឹកនាំ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ក៏​ទំនង​ជា​នឹង​ត្រូវ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

អ៊ីស្រាអែល-ប៉ាឡេស្ទីន ដូច​ទឹក​នឹង​ប្រេង

ក្រោយហេតុការណ៍​ហិង្សា​រាលដាល​ដល់​ការ​ដុត​បំផ្លាញ​ទីសក្ការៈរបស់​ជនជាតិ​អ៊ីស្រាអែល ប៉ាឡេស្ទីន បាន​ស្នើ​សុំ​ទៅ​អង្គការ​សហប្រជាជាតិ​ ការការពារ​ពី​អន្តរជាតិ រាប់​ទាំង​ការ​ពង្រាយ​កម្លាំង​ទ័ព​មួក​ខៀវ​នៅ​ក្រុង​យេរូសាឡឹម​ចាស់ នៅ​តាម​មណ្ឌល​សាសនា​ជា​ទី​សក្ការៈ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​យេរូសាឡឹម​ខាងកើត នៅ​វិហារ អាលអាក្សា ទីលាន​​សក្តិសិទ្ធិ ដែល​ជា​សមរភូមិ​ប្រឈម​មុខ​គ្នា​រវាង​ជនជាតិ​ប៉ាឡេស្ទីន និង​កង​រក្សា​សន្តិសុខ​អ៊ីស្រាអែល។ ប៉ុន្តែ​ភាគី​អ៊ីស្រាអែល​ ​ប្រឆាំង​ដាច់​ខាត​​ និងបាន​បដិសេធ​ វត្តមាន​បរទេស​នៅ​វិហារ​អ៊ីស្លាម​ ព្រោះ​សំអាង​ថា​នឹង​ធ្វើមាន​លម្អៀង។ ​យេរូសាឡឹម ជា​ក្រុង​សក្តិសិទ្ធ​សម្រាប់​​ អ្នក​កាន់​សាសនា​អ៊ីស្លាម ឬ​យូដាន។

ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​អ៊ីស្រាអែល​ប្រចាំ​អង្គការ​សហប្រជាជាតិ ចង់​ឃើញ​ក្រុមប្រឹក្សា​ថ្កោល​ទោស​ ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ពី​សំណាក់​ប៉ាឡេស្ទីនជាង​ និង​គាំទ្រ​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​ឡើង​វិញ។ ប៉ុន្តែដំណើរ​ការ​ចរចា​សន្តិភាព​ដើម​បូព៌ា​នេះ បាន​អូស​បន្លាយ​អស់​ពេល​ជា​ច្រើន​ខែ​ឆ្នាំ និង​ជួប​​បរាជ័យ​មិន​ដឹង​ជា​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ទេ។ ការ​ផ្តល់​សន្ទុះ​ចុងក្រោយ​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក ក៏​ត្រូវ​បាន​ជាប់​គាំង​ លែង​មាន​ដំណើរ​ការ​​ទៀត តាំង​ពី​ជាង​មួយ​ឆ្នាំកន្លះ​មក​ហើយ។

​បារាំង​បាន​​​ផ្តល់​គំនិត​ថ្មី ចង់​បង្កើត​ក្រុម​​គាំទ្រអន្តរជាតិមួយ​ក្រុម​ សម្រាប់​ផ្តល់​សន្ទុះ​ជា​ថ្មី​ដល់​ការ​ដំណើរ​ការ​សន្តិភាព​នេះ។ យើង​រង់ចាំ​មើល​ថា​តើ​នឹង​អាច​មាន​ប្រសិទ្ធិភាព​ បាន​ប៉ុណ្ណា ឬ​ក៏​ត្រូវ​បរាជ័យ​ទាំង​មិន​ទាន់​ចាប់​ផ្តើម​ដូច​មុនៗ​ទៀត​ក៏​មិន​ដឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ