អានតួអត្ថបទ
អ៊ីតាលី

ពិព័រណ៍​សកល​ឆ្នាំ​២០១៥ “ចិញ្ចឹម​​ផែនដី ថាមពលសម្រាប់​ជីវិត”

ពិព័រណ៍​សកល​ឆ្នាំ​២០១៥ បាន​បើក​ទ្វារ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​ទី ១ ឧសភា នេះ រហូត​ដល់​ថ្ងៃទី ៣១ តុលា ដោយ​សង្ឃឹម​ថា​នឹង​មាន​មនុស្សម្នា​ចូល​ទស្សនា ជាង​២០​លាន​នាក់។ ​មាន​ប្រទេស​ចំនួន ១៤៤​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​ជា​អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​ពិភពលោក អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប ក៏​មាន​វត្តមាន​ក្នុង​ពិធី​​តាំង​ពិព័រណ៍​សកល​នេះដែរ។ 

ផ្ទះ​ខ្មែរ នៅក្នុង​ពិព័រណ៌​សកល​ក្រុង​មីឡង់ ២០១៥
ផ្ទះ​ខ្មែរ នៅក្នុង​ពិព័រណ៌​សកល​ក្រុង​មីឡង់ ២០១៥ ©Eang Sokminh
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទីតាំង​ពិព័រណ៍​សកល តាម​ការ​រៀប​រាប់​របស់​អ្នក​ឆែកឆេរ​នៅ​ច្រក​ចូល ចំនួន​ទស្សនិកជន​មានកាន់​តែ​ច្រើន។ កាន់​តែ​ជិត​ដល់​ពេល​បិទ គឺ​កាន់​តែកើន​ឡើង។ ជាក់ស្តែង តាំង​ពី​ម្សិលមិញ​មក​ និង​នៅ​ព្រឹក​នេះ​ទៀត នៅ​ផ្ទះ​ពិព័រណ៍​ខ្លះ គេ​ត្រូវ​ឈរ​បន្ត​កន្ទុយ​គ្នា​រហូត​ដល់​មួយ​ម៉ោង​ទើប​អាច​ចូល​បាន។ អ៊ីតាលី​ជាម្ចាស់​ផ្ទះ​សង្ឃឹម​ថា នឹង​មាន​ភ្ញៀវ​ចូល​ទស្សនា​ជាង​២០​លាន​នាក់។ ជាលើក​ទីមួយ ពិព័រណ៍​សកល​ឧទ្ទិស​ជា​ផ្លូវការ​ដល់​សុវត្ថិភាព​ចំណី​អាហារ​ និង​ភាពចម្រុះ​នៃ​ស្បៀង។ អ្នកចូល​ទស្សនា​អាច​ស្រង់ក្លិន និង​ភ្លក់​ម្ហូប​អាហារ​គ្រប់​រសជាតិ និងមក​ពីគ្រប់​ជ្រុង​នៃ​ភព​ផែនដី។

 
ផ្ទះពិព័រណ៍ដែលបានទទួលការចាប់អារម្មណ៍ខ្លាំងគេ
ក្នុង​ផ្ទៃក្រឡា ១​លាន​ម៉ែត្រ​ការ៉េ របស់​ទីតាំង​​ពិព័រណ៍​សកល មានដាំ​ដើម​ឈើ ប្រលាយ​ទឹក មាន​ផ្ទះ​ពិព័រណ៍​ចំនួន​​៨០​ ដែល​សាង​សង់​ដោយ​ការ​ប្រឌិត​ស្ថាបត្យកម្ម​ថ្មីៗ ប្លែកៗ​ ស្រប​តាម​ប្រធានបទ​បរិស្ថាន​និង​ចំណី​អាហារ​ សម្រាប់​ប្រកួតប្រជែង​គ្នា និង​សុទ្ធ​តែ​គួរ​ឱ្យ​ទាក់​ភ្នែក​ចង់​ចូល​ទស្សនា​ទាំង​អស់។  តែ​មាន​១០​ផ្ទះ ដែល​អ្នក​ទស្សនា​មិន​គួរ​ខក​ខាន។ គ្រាន់​តែ​ចូល​ដល់​ភ្លាម គឺ​ផ្ទះ​លេខ​0 របស់​អង្គការ​សហប្រជាជាតិ។

អ៊ីតាលីជា​ម្ចាស់​ផ្ទះ មាន​ផ្ទះពិព័រណ៍ឧទ្ទិស​ដល់​វប្បធម៌ និង​ទំនៀម​ទម្លាប់​ជាតិ​ ទាក់ទង​នឹង​ចំណី​អាហារ​និងគុណភាព​នៃ​វត្ថុធាតុ​ដើម​និង​ផលិតផល​បញ្ចប់​ស្រប​តាម​ប្រធានបទ​នៃ​ពិព័រណ៍​សកលឆ្នាំ​២០១៥​នេះ​តែ​ម្តង។ ចំណែក​ផ្ទះ​ពិព័រណ៍​បារាំង​វិញ ​គោរព​បាន​ទាំង​ស្រុង​នូវ​ប្រធានបទ​បរិស្ថាន ៖ ជា​សំណង់​ឈើ ១០០% បណ្តុប​លើ​គ្នា ដូច​ល្បែង​ក្មេង​លេង​ អាច​ដោះ រូច​សង់​ឡើង​វិញ​បាន និង​ដោយ​គ្មាន​ឃើញ​ស្នាម​សោះ។ ខុស​ការ​រំពឹង​ទុក ផ្ទះ​បារាំង​បាន​ទទួល​ការ​ទស្សនា​ដ៏​ច្រើន​លើស​លុប​។ បាន​ក្លាយ​ជា​ផ្ទះ​ពិព័រណ៍​ដ៏​ពេញ​និយមបី​ដំបូង ​ប្រដំ​ប្រសង​គ្នា​នឹង​ផ្ទះ​កូរ៉េខាង​ត្បូង និង​ផ្ទះជប៉ុន។ ផ្ទះ​ជប៉ុន​សង់​អំពី​ឈើ​ដែរ ជា​​រចនា​បទអណន្ត បាន​ទាក់ទាញ​ភ្ញៀវ​យ៉ាង​ខ្លាំង។ តាំង​ពី​ថ្ងៃ​បើក​មក​ទល់​ពេល​នេះ គេ​ត្រូវ​ឈរ​បន្ត​កន្ទុយ​ដល់​ទៅ​ជាងមួយ​ម៉ោង​ទើបអាច​បាន​ចូល​ទស្សនា។ ម៉ាគី សាស៊ីមី ... ចំណី​អាហារ​ធ្វើ​ពី​អង្ករ បន្លែ​ត្រី​ឆៅ ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​ប្រធានបទ​បរិស្ថាន ប្រឆាំង​នឹង​ការ​ខ្ចះខ្ចាយ​អាហារ របស់​ពិព័រណ៍ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​អាច​ប្រយុទ្ធ​ទប់​ស្កាត់​ជំងឺ​ធាត់​ជ្រុល​ទៀត។

គួរ​ឱ្យ​ប្លែក​ភ្នែក គឺ​ផ្ទះ​អង់គ្លេស ដែល​មាន​ស្ទីល​ស្ថាបត្យកម្ម​ជា​សំបុក​ឃ្មុំ ដើម្បី​រំលេច​អំពី​អត្ថន័យ​នៃ​ប្រព័ន្ធបរិស្ថាន។ ចំពោះ​ផ្ទះ​អាល្លឺម៉ង់វិញ គ្រាន់​តែ​បាន​ឃើញ​គឺ​នឹង​ធ្វើ​ឱ្យ​គេ​នឹក​ដល់​ស្រុកស្រែ​អាល្លឺម៉ង់​ហើយ។ តាម​រយៈ​ផ្ទះ​ពិព័រណ៍​នេះ អាល្លឺម៉ង់​ចង់​ជំរុញ និង​លើក​ទឹក​ចិត្ត​ថា​មនុស្ស​គ្រប់រូប​តែ​សកម្ម សកម្ម​ដើម្បី​ធម្មជាតិ ដើម្បី​រស់។
 

ផ្ទះពិព័រណ៌​ខ្មែរ​នៅ​មីឡង់
ផ្ទះពិព័រណ៌​ខ្មែរ​នៅ​មីឡង់ ©Eang Sokminh

ផ្ទះខ្មែរនៅ​ពិព័រណ៌​សកល ក្រុង​មីឡង់
វត្តមាន​របស់​ខ្មែរ​ នៅមីឡង់នេះ ស្ថិតនៅ​ក្នុង​ក្របខ័ណ្ឌ​ក្រុម​ប្រទេស​អ្នក​ផលិត​ស្រូវ​អង្ករ កាហ្វេ ឬ​គ្រឿង​ទេស​ជាមួយ ឡាវ ភូមា បង់ក្លាដែស សារ៉ាឡេអូន នៃ​​គម្រោង​​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​​ពិភពលោក។

នៅ​ពីមុខ​ពន្លារ​ជាតិ មាន​លម្អ​ទៅដោយ​ការដាំដុះ​ស្រូវ ជា​ស្រែ​សន្ទូង ស្រែ​ខៀវស្រងាត់ ស្រែ​ស្រូវទុំ និង​ស្រែ​ទើប​ច្រូត​ថ្មីៗ ចង​ជា​កណ្តាប់​បញ្ឈរ កណ្តាល​ស្រែ ក្នុង​ដី​សើម និង​អមទៅ​ដោយ​អាង​ទឹក ដែល​ប្រភព​ដ៏​សំខាន់​សម្រាប់​ធ្វើ​ស្រែ និង​ដែល ជា​តំណាង​​នៃប្រព័ន្ធ​ប្រឡាយ​ទឹក​ ជា​កេរមរតក​ខ្មែរ។ គឺ​ស្រប​ទៅ​តាម​ប្រធានបទ​ដែល​ខ្មែរ​បានដាក់ “ដំណាំស្រូវ​លើ​ដែនដី​វប្បធម៌​ចំណាស់”។

ក្នុង​ផ្ទៃ​ក្រឡា ១២៥ម៉ែត្រ​ការ៉េ និង​នៅ​មាត់​ច្រក​ចូល​ផ្ទះភ្លាម ភ្ញៀវ​នឹង​បាន​ឃើញ​រូប​ប្រាង្គ​ប្រាសាទ​អង្គរ និង​រូប​ចម្លាក់​ផ្សេង មុន​នឹង​ចូល​ទៅ​ដល់​ឃើញ​ការតាំង​បង្ហាញ​ ដើម​ស្រូវ​ ទេសភាព​វាល​ស្រែ មាន​ដើម​ត្នោត ពេញ​ផ្ទៃ​នៃ​ពន្លារ រទេះនង្គ័ល រនាស់ និង​ឧបករណ៍​ធ្វើ​ស្រែ​មួយ​ចំនួន​ធំ ជា​ទី​ពេញ​របស់​កសិករ​ខ្មែរ និង​ផលិត​ផល​អង្ករ សម្រេច មាន​ដាក់​រាយបង្ហាញ និង​ខ្ចប់​ជា​កញ្ចប់​រួច​ស្រេច តាម​បែប​ស្តង់ដារ​ដាក់​លក់ ទន្ទឹម​នឹង​ស្ករត្នោត ម្រេច​ដ៏ល្បីល្បាញ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍ ធ្វើ​ពី​សូត្រ ពី​ត្រឡោក​ដូង ដើមត្នោត​ ។ល។ និង​។ល។

ពិព័រណ៍សកល​មីឡង់នេះ ​ជា​ឱកាស​មួយសម្រាប់​នាំ​ពិភពលោក​ឱ្យ​បាន​ស្គាល់ ​ មិន​ត្រឹម​តែ​អរិយធម៌​​វប្បធម៌​​​ដ៏ល្បីល្បាញរបស់​ខ្មែរ​នេះ​ តែ​ក៏​បាន​ស្គាល់​ការ​ពិត​របស់​កម្ពុជា​ ដែល​ជា​ប្រទេស​មាន​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​មួយ​ក្នុងតំបន់ និង​ពោរពេញ​ទៅ​ដោយ​សក្តានុពល​សេដ្ឋកិច្ច​ និង​ទេសចរណ៍។ ​ តាំង​ពី​បើក​ទ្វារ​ភ្លាម មានមនុស្ស​ជា​ច្រើន​បាន​មក​ឈរ​តម្រង់​ជួរ​ចាំ​ចូល​ទស្សនា​ពន្លារជាតិ​ខ្មែរ ដែល​គិត​មកទល់​នឹង​ដើម​ខែ​តុលា មាន​មនុស្ស​ជាង​មួយ​លាន​ពីរ​សែន​នាក់​ហើយ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ