អានតួអត្ថបទ
អ៊ីតាលី

ពិព័រណ៍​សកល​ឆ្នាំ​២០១៥ ឧទ្ទិស​ជា​លើក​ដំបូង​ដល់​បរិស្ថាន និង​ស្បៀង​អាហារ

ពិព័រណ៍​សកល​ឆ្នាំ​២០១៥ បាន​បើក​ទ្វារ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​សុក្រ​ទី ១ ឧសភា នេះ រហូត​ដល់​ថ្ងៃទី ៣១ តុលា ដោយ​សង្ឃឹម​ថា​នឹង​មាន​មនុស្សម្នា​ចូល​ទស្សនា ជាង​២០​លាន​នាក់។ ពិធីកាត់​ខ្សែ​បូ​បើក​សម្ពោធ​​ពិព័រណ៍​បាន​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ម៉ោង​នៅ​ប្រទេស​អ៊ីតាលី ក្រោម​អធិបតី​ភាព​​លោក​នាយក​រដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi ម៉ាតេអូ រ៉េនហ្ស៊ី។ ​មាន​ប្រទេស​ចំនួន ១៤៤​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​ជា​អង្គការ​ស្បៀង​អាហារនិង​កសិកម្ម​ពិភពលោក អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប ក៏​មាន​វត្តមាន​ក្នុង​ពិធី​​តាំង​ពិព័រណ៍​សកល​នេះដែរ។ ប៉ុន្តែ​ជា​មួយ​នឹង​បរិយាកាស​រីករាយ​ ភាព​តាន​តឹងបាន​មាន​កើត​ឡើង​រួចស្រេច​ទៅ​ហើយ​។ ក្រុមបាតុករ ជា​និស្សិត ជា​អ្នក​បរិស្ថាន ​​បាន​ប្រមូល​ផ្តុំ​គ្នា​តាំង​ពី​ថ្ងៃ ម្សិលមិញ ដើម្បី​ប្រឆាំង​នឹង​ពិព័រណ៍​សកល​ឆ្នាំ២០១៥​នេះ។​

នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ថ្លែង​សុន្ទរកថា​បើក​ជា​ផ្លូវការ​ពិព័រណ៍​សកល​ឆ្នាំ​២០១៥
នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ថ្លែង​សុន្ទរកថា​បើក​ជា​ផ្លូវការ​ពិព័រណ៍​សកល​ឆ្នាំ​២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

ពិព័រណ៍​សកល Exposition Universelle បាន​រៀប​ចំធ្វើ​ឡើង​ តាំង​ពី​ពាក់​កណ្តាល​សតវត្សរ៍ទី ១៩ (លើក​ទី​មួយ​នៅ​ឆ្នាំ​ ១៨៥១ នៅ​ទីក្រុង​ឡុងដ៍) ដោយ​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ ដើម្បី​បង្ហាញ​អំពី​ការ​អភិវឌ្ឍន៍​​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា ដែល​ប្រទេស​នីមួយ​សម្រេច​បាន ក្នុង​សម័យ​បដិវត្ត​ឧស្សាហកម្ម។ ទីលាន​ពិព័រណ៍ គឺ​កន្លែង​ប្រកួត​ប្រជែង​ ​ និង​​ដណ្តើម ស្នាដៃ​គ្នា យកឈ្មោះ​​ជា​អ្នក​​ល្បី។

ប្រទេស​អ្នក​ចូល​រួម​នីមួយៗ មាន​ភារៈ​រៀប​ចំ​ផ្ទះ ពិព័រណ៍​តំណាង​ប្រទេស​ខ្លួន​ដោយ​ខ្លួន​ឯង ទៅ​តាម​ស្ទីល​ស្ថាបត្យកម្ម​ជាតិ និង​ទៅ​តាម​ប្រធានបទ​កំណត់​ដោយ​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ ហើយ​មាន​តែ​ប្រទេស​ម្ចាស់​ប៉ុណ្ណោះ ដែល​អាច​រក្សា​សំណង់​ឬ​ផ្ទះ​ពិព័រណ៍​របស់ខ្លួន​បាន។ ជាក់​ស្តែងTour Eiffel ត្រូវ​​បាន​​បារាំង​សាងសង់​ឡើង​ ​នា​ឱកាស​ពិព័រណ៍​សកល​ក្រុង​ប៉ារីស​ឆ្នាំ​១៨៨៩ (ខួប​១០០​ឆ្នាំ​នៃ​បដិវត្ត​បារាំង)។ ដើម្បីបង្ហួត​ពី​​ការ​អភិវឌ្ឍន៍​ឧស្សាហកម្មនិង​បច្ចេកវិទ្យា បារាំងបាន​សាង​សង់​ស្ថាបត្យកម្មធ្វើ​​​ដែក យ៉ាង​ច្រើន។​ Tour Eiffel ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​សំណង់​ដែល​គេ​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក នៅ​សម័យ​នោះ មាន​បី​ជាន់​ និង​ជណ្តើរ​ឡើង ១៧១០​កាំ។

វិធាននៃ​​ពិព័រណ៍​ ត្រូវ​បាន​កែ​សម្រួល ធ្វើ​វិសោធនកម្ម​ ជា​បន្ត​បន្ទាប់ ប៉ុន្តែ​កម្មវត្ថុ​​ដ៏សំខាន់​នៃ​ត្រូវ​បាន​រក្សា​ទុក​ដដែល គឺតាំង​​​ពិព័រណ៍​ដើម្បី​​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ ​បង្ហាញ​អំពី​មធ្យោបាយ​ដែល​មនុស្ស​លោក​អាច​ធ្វើ​បាន​ និង​​ទស្សនវិស័យ​សម្រាប់​ថ្ងៃ​អនាគត។ ​ពិព័រណ៍​សកល​ត្រូវ​ចូល​រួម​ និង​រៀប​ចំ​ធ្វើ​ នៅ​គ្រប់​ប្រទេស​លើ​ភព​ផែន​ដី ក្នុង​ប្រធានបទ​ដែល​មាន​អត្ថន័យ មាន​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ទូទៅ។ ហើយ​តាំង​ពី​ឆ្នាំ​១៩៩៥​មក ពិព័រណ៍​សកល​នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​​៥​ឆ្នាំ​ម្តង និង​មាន​រយៈ​ពេល​យ៉ាង​យូរ ៦​ខែ។ ពិព័រណ៍​សកល​លើក​មុន​ប្រព្រឹត្តនៅ​ក្រុង​សៀងហៃ​ប្រទេស​ចិន និង​៥​ក្រោយ​នៅ​ក្រុង​ឌូប៉ៃ​ ប្រទេស​អេមៀរ៉ាអារ៉ាបរួម។

ពិព័រណ៍​សកល​មីឡង់​ និង​ស្បៀង​អាហារ

ក្នុង​ផ្ទៃក្រឡា ១​លាន​ម៉ែត្រ​ការ៉េ របស់​ទីតាំង​​ពិព័រណ៍​សកល មានដាំ​ដើម​ឈើ ប្រលាយ​ទឹក មាន​ផ្ទះ​ពិព័រណ៍​ចំនួន​​៨០​ ដែល​សាង​សង់​ដោយ​ការ​ប្រឌិត​ស្ថាបត្យកម្ម​ថ្មីៗ ប្លែកៗ​ ស្រប​តាម​ប្រធានបទ​បរិស្ថាន​និង​ចំណី​អាហារ​ សម្រាប់​ប្រកួតប្រជែង​គ្នា។ ផ្ទះពិព័រណ៍​អ៊ីតាលី បានផ្តល់​តម្លៃ​ដល់​វប្បធម៌ និង​ទំនៀម​ទម្លាប់​ជាតិ​ ទាក់ទង​នឹង​ចំណី​អាហារ​និងគុណភាព​នៃ​វត្ថុធាតុ​ដើម​និង​ផលិតផល​បញ្ចប់។ ចំណែក​ផ្ទះ​ពិព័រណ៍​បារាំង​វិញ ​គោរព​បាន​ទាំង​ស្រុង​នូវ​ប្រធានបទ​បរិស្ថាន ៖ ជា​សំណង់​ឈើ ១០០% បណ្តុប​លើ​គ្នា ដូច​ល្បែង​ក្មេង​លេង​ អាច​ដោះ រូច​សង់​ឡើង​វិញ​បាន និង​ដោយ​គ្មាន​ឃើញ​ស្នាម​សោះ។
 

ផ្ទះ​ពិព័រណ៍​បារាំង
ផ្ទះ​ពិព័រណ៍​បារាំង alimentation.gouv © CMC / XTU / STUDIO A. RISPAL

ពិព័រណ៍​សកលមីឡង់ ពី​ថ្ងៃ​ទី ១​ឧសភា ដល់​ថ្ងៃទី ៣១ តុលា ឧទ្ទិស​ទាំង​ស្រុង​ដល់​​បញ្ហា​បរិស្ថាន​ដែលមាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​នឹង​​វិបត្តិ​​ស្បៀង​អាហារ​និង​កសិកម្ម​ ក្រោម​ប្រធានបទ “ចិញ្ចឹម​ផែនដី ថាមពលសម្រាប់​​ជីវិត”។  សារ​ដែល​អ្នក​រៀប​ចំកម្មវិធី​ពិព័រណ៍សកល​នេះ ចង់​ឱ្យ​ពិភពលោក​ទាំង​មូល​ រក​ដំណោះ​ស្រាយ​ ​ប្រឈម​នឹង​កង្វះ​ស្បៀង​អាហារ​របស់​ប្រជាជន​នៅ​លើ​លោក (៣០%)។ នៅ​ឆ្នាំ​២០៥០ នឹង​មាន​មនុស្ស​៩,៧​ពាន់​លាន​នាក់​រស់​នៅ​លើ​ភព​ផែនដី ពោល​គឺ​ឡើង​លើស​ពេល​បច្ចុប្បន្ន ដល់​ទៅ​ពីរពាន់​នាក់។ ដូច្នេះ ប្រឈម​មុខ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ គេ​ត្រូវ​រិះរក​​មធ្យោបាយ​ការ​ពារ​ និង​បង្កើនផលិតផល​​ចំណី​អាហារ​។ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ធានា​មនុស្សជាតិ​មាន​អាហារ​គ្រប់គ្រាន់ ប្រកប​ដោយ​គុណភាព​ និង​ជា​យូរអង្វែងទៅ ? ត្រូវ​​មានផលិត​ផល​ច្រើន និង​ប្រសើរ​ឡើង​ដែល​មិន​ប៉ះពាល់​ដល់​ធម្មជាតិ ដល់​បរិស្ថាន។

នេះ​គឺ​ជា​ពិព័រណ៍​សកល​​ លើក​ទីមួយ ដែល​ឧទ្ទិស​ជា​ផ្លូវការ​ដល់​សុវត្ថិភាព​ចំណី​អាហារ​ និង​ភាពចម្រុះ​នៃ​ស្បៀង។ សម្រាប់​ប្រទេស​ដែល​​មាន​វត្តមាន​ក្នុង​គម្រោង​​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​​ពិភពលោកមាន​ជា​អាទិ៍​កម្ពុជា ត្រូវ​បង្ហាញ​អំពី ផលិត​ផល​ស្រូវ​អង្ករ កាហ្វេ ឬ​គ្រឿង​ទេស។

រឿង​អាស្រូវ​ពុក​រលួយ

ពិព័រណ៍​សកល​ជា​ព្រឹត្តិការណ៍​ថ្នាក់​ពិភពលោក ដ៏​សំខាន់​មួយ ! ​ជា​ព្រឹត្តិការណ៍​ដ៏​រីករាយ​ អាច​ជួយ​ដាស់​សេដ្ឋកិច្ច​​​ឱ្យ​កំរើក​ឡើង​វិញ ប៉ុន្តែ​អ៊ីតាលី បាន​ប្រឈម​មុខ​រហូត​មក​ នឹង​រឿង​អាស្រូវ​ពុក​រលួយ​ ស្ទើរ​ដល់​ថ្ងៃ​បើក​កម្មវិធី។ អំពើ​ពុក​រលួយ​ ​ក្នុង​ការ​ម៉ៅ​​ធ្វើ​ការដ្ឋាន​ ដែល​អ្នក​នយោបាយ និង​មេការ​ជា​ច្រើន​នាក់​ត្រូវ​ចាប់​ខ្លួន និង​ដែល​ធ្វើ​ឱ្យ​មាន​ការ​យឺត​យ៉ាវ​ខ្លាំងដល់​ការ​រៀប​ចំ​កម្មវិធី​។ មាន​ការ​យក​ចំណេញ​ហួសហេតុ លើកម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ ហើយ​របៀប​រៀប​ចំ​ពិព័រណ៍​ទៀត​សោត​មិន​​ឆ្លើយ​តប​ទៅ​នឹង​ប្រធានបទ​សោះ ព្រោះ​បញ្ជី​ឈ្មោះ​អ្នក​ជួប​ឧបត្ថម្ភ​ធំៗ សុទ្ធ​សឹង​ក្រុមហ៊ុន​ឧស្សាហកម្ម​ចំណី​អាហារ​ ដែល​មិន​ខ្វល់​អំពី​គុណភាព​អាហារ​ចំពោះ​សុខភាព។

ហេតុ​ដូច្នេះ​ហើយ ទើប​មាន​ ចលនា​បាតុកម្ម​​ នៅ​ក្រុង​មីឡង់ មុខ​ទីតាំង​​​ពិព័រណ៍​ ជា​រហូត​មក​ តាំង​ពី​ម្សិលមិញមក។ ក្រុមប្រឆាំង​នឹង​​ពិព័រណ៍ មាន​ច្រើន​ក្រុម​ច្រើន​ពួក ហើយ​ខ្លះ​ជា​អ្នក​ការពារ​បរិស្ថាន​ ខ្លះ​ជា​និស្សិត ប៉ុន្តែ​ក្រុមធំជាង​គេ​មាន​ឈ្មោះ​ថា “No Expo”។ តាម​រយៈ​បាតុកម្ម​នេះ ក្រុម​No Expo ចង់​ប្រកាស​ប្រាប់​ពិភពលោក​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។ រឿង​អាស្រូវ​បាន​លេច​ឡើង​ មាន​ពាក់​ព័ន្ធ​តាំង​ពីប្លង់​​គំនិត​ ការ​ខ្ជះខ្ជាយ​លុយ​សាធារណៈ កិច្ចសន្យា​ការងារ​ តម្លៃ​នៃ​រៀប​ចំ​ពិធី​នេះ (៣២០០​លាន​អឺរ៉ូ)។ ​ អ្នក​រៀប​ចំ​បាតុកម្ម ចាត់​ទុក​​ថ្ងៃសុក្រ​​នេះ​ May day ដែល​អាច​​ប្រមូល​គ្នា​បាន​ដល់​បី​ម៉ឺន​នាក់​ ដើរ​​ដង្ហែ ​ក្បែរ​ក្បួន​បើក​កម្មវិធី​ពិព័រណ៍​សកល​ផល​។  ​អាជ្ញាធរ​អ៊ីតាលី បាន​ផ្តើម​រឹប​អូស​សម្ភារៈ​ដូច​ជា​ម៉ាស ផាវ ជាតិ​ផ្ទុះ​ ព្រមទាំង​វត្ថុ​ផ្សេង​ដែល​អាច​ផលិត​ជា​គ្រឿង​ផ្ទុះ... តាំង​ពី​ពីរ​បី​ថ្ងៃ​មុន​ម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ