អានតួអត្ថបទ
អ៊ុយក្រែន

ស្ថានភាព​នៅ​អ៊ុយក្រែន​មួយ​សប្តាហ៍​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព

ភ្លើង​សង្គ្រាម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​ដែល​បាន​អូស​បន្លាយ ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៤ រវាង​រដ្ឋាភិបាល​អ៊ុយក្រែន និង ​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​គាំទ្រ​ដោយ​រុស្ស៊ី ​ហាក់​នៅ​មិន​ទាន់​រលត់​នៅ​ឡើយ ទោះ​បី​ជា​មាន​ការ​ចុះ​ហត្ថលេខា​ឈប់បាញ់​ នៅ​ទីក្រុង​មីនស្ក៍ ម្តង​ជា​ពីរ​ដង​​រួច​មក​ហើយ។ កិច្ច​ព្រមព្រៀង​លើក​ចុងក្រោយ ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី ១២ កុម្ភៈ បាន​ធ្វើឲ្យ​គេ​មាន​សង្ឃឹម​ថា​កងទ័ព​​ទាំង​សងខាង​នឹង​ដាក់​អាវុធ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ គ្រាប់​កាំភ្លើង​នៅ​តែ​ផ្ទុះ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ។

ភ្លើងឆេះ​ដោយសារគ្រាប់​កាំភ្លើងធំ​បាញ់ដោយ​ ពួក​ឧទ្ទាម នៅក្រុង Delbaltseve ថ្ងៃ​១៧ កុម្ភៈ ២០១៥
ភ្លើងឆេះ​ដោយសារគ្រាប់​កាំភ្លើងធំ​បាញ់ដោយ​ ពួក​ឧទ្ទាម នៅក្រុង Delbaltseve ថ្ងៃ​១៧ កុម្ភៈ ២០១៥ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី​១២ ចុះ​ហត្ថលេខា​ឈប់​បាញ់ ថ្ងៃ​ទី​១៨ ពួក​ឧទ្ទាម​វាយ​ដណ្តើម​បាន​ក្រុង Delbaltseve

បើ​សរុប​ជារួម​ទៅ ស្ថានភាព​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ​គ្មាន​អ្វី​បាន​ល្អ​ប្រសើរ​ទេ គឺ​មាន​តែ​ដុនដាប​ទៅ។ កិច្ច​ព្រមព្រៀង​សន្តិភាព ចូល​ជា​ធរមាន​មិន​ទាន់​បាន​ស្រួលបួល​ផង ទាហាន​ទាំង​សងខាង បាន​ចាប់ផ្តើម​​ បាញ់​ដាក់​គ្នា​ទៅវិញ​ទៅមក។ ទាហាន​អ៊ុយក្រែន​ចោទ​ថា ខាង​ពួក​ឧទ្ទាម​ជា​អ្នក​បាញ់​មុន តែ​ពួក​ឧទ្ទាម​ថាទេ ​មក​ពី​កងទ័ព​អ៊ុយក្រែន​ ជា​អ្នក​បាញ់មុន។ ស្តាប់​ទៅ យើង​មិន​ដឹង​ថា​អ្នកណា​ខុស​អ្នកណា​ត្រូវទេ។

ថ្ងៃ​បាញ់​ប្រហារ​គ្នា​ខ្លាំង គឺ​នៅ​ថ្ងៃ​ទី ១៨ កុម្ភៈ   ៤ ថ្ងៃ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ ចូល​ជា​ធរមាន។ សមរភូមិ​ធំ​នៅ​ថ្ងៃ​នោះ គឺ​នៅ​ក្រុង​Debaltseve។ ទីក្រុង​នេះ​ជា​ទីក្រុង​យុទ្ធសាស្រ្ត​សំខាន់​ណាស់ ព្រោះ​ជា​កន្លែង​តភ្ជាប់​ខ្សែ​រថភ្លើង ធ្វើ​ដំណើរ​ឆ្លងកាត់​ពី ក្រុង លូហ្គង់ស្ក៍ និង​ក្រុង ដូនែតស្ក៍។ ឥឡូវ​ទីក្រុង នេះ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់ ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី។ ពួក​ឧទ្ទាម​បាន​ឡោមព័ទ្ធ ជុំវិញ​ទីក្រុង រួច​បាន​បាញ់​កាំភ្លើង​ធំ​បន្តក់​ចូល ​ដែល​ធ្វើឲ្យ​ប្រជាជន និង​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន រត់​ទៅ​ណា​មិនរួច។ តួលេខ​ចំនួន​អ្នក​ស្លាប់ នៅ​មិន​ទាន់​ច្បាស់​ទេ តែ​បើ​តាម​អ្នក​នាំពាក្យ​កងទ័ព​អ៊ុយក្រែន ថា​ទាហាន​អ៊ុយក្រែន ៦នាក់​ស្លាប់ ហើយ​នឹង​រង​របួស​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត។ ក្រៅ​ពី​ស្លាប់​និង​របួស មាន​ទាហាន ៨១នាក់ កំពុង​បាត់​ខ្លួន។​ ខែ​នេះ ជា​ខែ ធ្លាក់​ទឹកកក ត្រជាក់​ខ្លាំង​ណាស់​នៅ​តំបន់​នោះ ធីតា ហើយ ទាហាន​ដែល​បាត់​ខ្លួន ​​ អាច​នឹង​ស្លាប់ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់។ យើង​ឃើញ​ថា ដូច​តែ​លើក​មុន​អញ្ចឹង គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​លើក​ទី​ពីរ​នេះ គ្មាន​បាន​ផល​អ្វី​ទាំង​អស់។

ភាគី​ទាំងពីរ​ព្រម​ដោះដូរ​ឈ្លើយសិក​គ្នា ហើយ​និង​ដក​អាវុធ​ធនធំ​ ចេញ​ពី​ខ្សែ​ត្រៀម

ភាគី​ទាំង​ពីរ បាន​ធ្វើការ​ផ្លាស់ប្តូរ​អ្នក​ទោស​គ្នា កាល​ពី​ថ្ងៃសៅរ៍  ទី ២១​ កុម្ភៈ។ ការ​ដោះដូរ​ឈ្លើយសិក​​គ្នានេះ បាន​ធ្វើ​ឡើង​ក្នុង​ភូមិ Jobolok នៅ​ជួរ​ខ្សែ​ប្រយុទ្ធ ក្បែរ​ក្រុង លូហ្គង់ស្ក៍។ មាន​ទាហាន​អ៊ុយក្រែន ១៣៩​នាក់ និង ពួក​ឧទ្ទាម ៥២ នាក់ ដែល​ត្រូវ​ដោះដូរ​គ្នា។ តាម​ការ​រាយការណ៍ របស់​អ្នក​យក​ព័ត៌មាន​បារាំង ដែល​នៅ​កន្លែង​នោះ​ផ្ទាល់ បាន​ប្រាប់​ថា ឈ្លើយសិក​ទាំង​សងខាង មាន​សុខភាព​ទ្រុឌទ្រោម​ណាស់ ​អ្នក​ខ្លះ​របួស ដើរ​មិនចង់​រួច​ផង។

ទាក់ទិន​ទៅ​នឹង ការ​ដក​អាវុធ​ធន់ធំៗ ដូច​ជា​រថក្រោះ កាំភ្លើង​ធំ​អី​ជាដើម ភាគី​ទាំង​សងខាង បាន​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​អាទិត្យ​នេះ លើ​ការ​ព្រមព្រៀង​ ថា​នឹង​ដក​សម្ភារៈ​ច្បាំង ធន់ធំ​ទាំង​នេះ ចេញ​ពី​ជួរ​ខ្សែ​ប្រយុទ្ធ។ តាម​ការ​រាយការណ៍​ របស់​អ្នក​នាំពាក្យ​យោធា​អ៊ុយក្រែន ប្រាប់​ថា ការ​ដក​អាវុធ​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ ​ហើយ​ត្រូវ​ចំណាយ​ពេល ២​សប្តាហ៍។ ប៉ុន្តែ​រហូត​ មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ទទួល​បាន​ ការ​បញ្ជាក់​ពី​ខាង​ពួក​ឧទ្ទាម​ទេ ថា​ពិត​ជា​ចាប់ផ្តើម​ ដក​ពី​ថ្ងៃ​នេះ​មែន រឺ​ក៏​អត់។ សូម​បញ្ជាក់​ដែរ​ថា ប៉ុន្មាន​ខែ​មក​នេះ ពួក​ឧទ្ទាម​ បាន​រុល​ចូល​មក​កាន់​តែ​ជ្រៅ ចូល​ទៅ​ក្នុង​ដី​ខាង អ៊ុយក្រែន។ ដូច្នេះ កិច្ច​ព្រមព្រៀង​ក្រុងមីនស្ក៍ បាន​តំរូវឲ្យ​ក្រុម​ឧទ្ទាម​ ដក​អាវុធ​ថយ ទៅ​ខ្សែ​បន្ទាត់​ចាស់​វិញ។ ការ​ដក​អាវុធ​ទាំង​សងខាង​នេះ នឹង​អនុញ្ញាត​ឲ្យ​បង្កើត​បាន​ នូវ​តំបន់​សុវត្ថិភាព​មួយ ដើម្បី​ឲ្យ​ប្រជាជន​ឆ្លងកាត់។

អាយុ​ជីវិត​អ៊ុយក្រែន ជា​ល្បែង​លេង​កម្សាន្ត​របស់​រុស្ស៊ី

រុស្ស៊ី នៅ​ខាង​មុខ​គេ​ធ្វើ​ជា​ល្អ ប៉ុន្តែ​ធាតុ​ពិត នៅ​ឯ​សមរភូមិ​ឯណោះ រុស្ស៊ី​នៅ​តែ​បន្ត​ជួយ​ពួក​ឧទ្ទាម​ដដែល។ រឿងរ៉ាវ​វឹកវរ​ រហូត​ដល់​ថ្ងៃ​នេះ បើ​មិនមែន​រុស្ស៊ី​ជា​អ្នក​ញុះញង់​ពួក​ឧទ្ទាម ប្តល់​លុយ ប្តល់​អាវុធ ក៏​ពួក​ឧទ្ទាម​គ្មាន​កំលាំង​ឯណា​ ទៅ​វាយ​កងទ័ព​អ៊ុយក្រែន​ដែរ។ ទាំង​នេះ គឺ​ដោយសារ​ តែ​រុស្ស៊ី ចង់​បញ្ចេញ​ចង្កូម​ដាក់​អ៊ុយក្រែន ដែល​លប​ ចង់​ទៅ​ធ្វើ​កូនចៅ​ខាង​ពួក​សហភាព​អឺរ៉ុប និង​អាមេរិក។ យើង​ធ្លាប់​បាន​ឃើញ​ហើយ ពី​នយោបាយ​វាទទី​ ប្រហាក់​ប្រហែល​គ្នា​នេះ ដែល​រុស្ស៊ី​បាន​ធ្វើ​ដាក់​ប្រទេស ហ្សកហ្ស៊ី និង​ប្រទេស​មុលដាវី។

តាម​រយៈ​នយោបាយ ​​​​នេះ លោក​ពូទីន​ បាន​បញ្ឆេះ​ចលនា​ពុះ​កញ្ជ្រោល​ នៅ​ក្នុង​ចំណោម​ប្រជាជន​រុស្ស៊ី ដែល​ សូនតួ លោភលន់​ជ្រុល ចង់​ឃើញ​អតីត​សហភាព​សូវៀត​ រស់​ឡើង​វិញ។ ជាក់​ស្តែង យើង​ឃើញ​ហើយ កាល​ពី​ម្សិលមិញ ដែល​ជា​ថ្ងៃ​រំលឹក​ខួប​មួយ​ឆ្នាំ នៃ​ចលនា​បះបោរ នៅ ទីលាន ម៉ៃដាន់ ​​ក្នុង​ក្រុង​គៀវ នៅ​ក្រុង​មូស្គូ ឯណោះ មាន​ប្រជាជន​រុស្ស៊ី ប្រមាណ​ជា ៣៥០០០​នាក់ បាន​ចេញ​ដើរ​តាម​ផ្លូវ ស្រែក​ជេរ​ប្រមាថ​​អ៊ុយក្រែន ថា​ឲ្យ​អ៊ុយក្រែន​រលាយ ឆេះ​ឲ្យ​អស់​ទៅ។ ពាក្យ​ទាំង​នេះ​ធ្ងន់ធ្ងរ​ណាស់។​ សម្រែក​ជ័យឃោស ដោយ​ឥត​មាន​អៀនខ្មាស​ទាំង​នេះ វា​សរ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់ អំពី​មនោគមវិជ្ជា​លោភលន់ គិត​តែ​ប្រយោជន៍​ខ្លួន​ឯង ក្នុង​ខួរក្បាល​របស់ ជនជាតិ​រុស្ស៊ី​មួយ​ចំនួន។ ទាំង​អស់​នេះ នរណា​ជា​អ្នក​ទំនុក​បំរុង គឺ​ពូទីន ដែល​ជា​កំពូល​មហា​បុរស របស់​រុស្ស៊ី​បច្ចុប្បន្ន។ ដូច្នេះ ​យើង​ឃើញ​ថា​ សង្រ្គាម​នៅ​អ៊ុយក្រែន មិន​ងាយ​ចប់ទេ ទោះ​បី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព ដប់ដង​ទៀត​ក៏ដោយ។

មួយវិញ​ទៀត គេ​កំពុង​ព្រួយ​បារម្ភ​ជាខ្លាំង ពី​ស្ថានភាព​​​នៅ​ក្រុង ម៉ារីយោប៉ូល ដែល​ជា​ក្រុង​កំពង់ផែ​ សំខាន់​របស់​អ៊ុយក្រែន ជាប់​នឹង​តំបន់​គ្រីម៉េ។  តាម​ការ​ប៉ាន់ស្មាន ក្រុម​ឧទ្ទាម​ និង​រដ្ឋាភិបាល​រុស្ស៊ី កំពុង​រៀប​ជើងព្រួល វាយ​យក​ទីក្រុង​នេះ​ ក្នុង​ពេល​ឆាប់ៗ​នេះ។ បើសិន​ជា​បានមែន រុស្ស៊ី​​នឹង​អាច​ចេញ​ចូល​ ទៅ​តំបន់​គ្រីម៉េ តាម​ផ្លូវ​គោក បាន​យ៉ាង​ស្រួល។

ទណ្ឌកម្ម​សេដ្ឋកិច្ច​គ្មាន​បានផល ប្រើ​អន្តរាគមន៍​យោធា​វិញម្តង?

បារាំង និង​អាល្លឺម៉ង់ បាន​សំដែង​ការ​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់​ពី​បាន​ដំណឹង ដែលថា ពួក​ឧទ្ទាម​បាន​ឡោមព័ទ្ធ​កងទ័ព​អ៊ុយក្រែន នៅក្រុង Debaltseve។ មាន​ឮ​ដំណឹង​ថា លោក​ប្រធានាធិបតី បារាំង រួម​ជាមួយ​ លោកស្រី អង់ហ្គេឡា មែគែល នឹង​និយាយ​គ្នា​ តាម​ទូរស័ព្ទ​ ជាមួយ​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​មាន​ដំណឹង​អ្វី​ទាំងអស់។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ ​បាន​ថ្កោលទោស​រុស្ស៊ី​ជាថ្មី​ម្តងទៀត ថា​ជា​អ្នក​ដុត​កំហឹង​ពួក​ឧទ្ទាម​ឲ្យ​ឆេះ ហើយ​ជំរុញ ក្រុម​នេះ​ ឲ្យ​បន្ត​ វាយ​ប្រហារ​ទៅ​លើ​កងទ័ព​អ៊ុយក្រែន។

រដ្ឋាភិបាល​អាមេរិក ថា​នឹង​រិះរក វិធី​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ឲ្យ​កាន់​តែ​ធ្ងន់​ជាង​មុន។ វា​ល្មម​ដល់ពេល​ហើយ ដែល​សហគមន៍​អន្តរជាតិ​ ឈប់​ឈរ​ឱប​ដៃ​មើល ល្បែង​មហិច្ឆិតា​ របស់​រុស្ស៊ី​ តទៅទៀត។ មាន​អ្នក​នយោបាយ​ជា​ច្រើន បាន​អំពាវនាវ សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​យោធា រឺ​ក៏​ផ្តល់​អាវុធ​​ទៅ​ជួយ​អ៊ុយក្រែន។ ការ​ប្រើ​កម្លាំង​ ជា​ជម្រើស​ចុងក្រោយ ដែល​អាច​ស្រោចស្រង់​អ៊ុយក្រែន ពី​ក្រញ៉ាំ​របស់​រុស្ស៊ី​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ