អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ទ័ព​ជើងទឹក​ដើម្បី​ទុក​ទប់ទល់​នឹង​អូតង់

យុទ្ធសាស្ត្រថ្មី​នៃ​កងនាវា​រុស្ស៊ី ត្រូវបាន​លោក​ប្រធានាធិបតី​ពូទីន អនុម័ត គឺ​នៅចំ ទិវា​កងនាវា​រុស្ស៊ី ដែលប្រារព្ធ នៅថ្ងៃអាទិត្យ​ចុងក្រោយ​នៃខែ​កក្កដា ដែលឆ្នាំ​នេះត្រូវ​នឹង ថ្ងៃ ២៦ កក្កដា ចែងជា​អាទិ៍​អំពី ការពង្រឹង ទីតាំង​យុទ្ធសាស្ត្រ​នៃ​កងនាវា​រុស្ស៊ី នៅសមុទ្រខ្មៅ និង ដាក់ កងនាវារុស្ស៊ី ឲ្យ​វត្តមាន​ជា​អចិន្ត្រៃយ៍ នៅមហាសមុទ្រ​អាត្លង់ទិក និង សមុទ្រ មេឌីទែរ៉ាណេ សម្រាប់​ប្រឈម​នឹង​ការវាតទី នៃ​បក្សសម្ព័ន្ធ​អូតង់ មកជិត​ព្រំដែន​រុស្ស៊ី ការវាតទី​ដែល​ក្រុងម៉ូស្គូ ចាត់ទុក​ជា​ការ”មិន​អាច​ទទួល​យកបាន”។ 

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ថ្លែង​សុន្ទរកថា ក្រោម​ភ្លៀង នៅថ្ងៃ​ប្រារព្ធ​ទិវា​ទាហាន​ជើងទឹក​រុស្ស៊ី នៅតំបន់​​កាលីនីនក្រាត ថ្ងៃអាទិត្យ​ទី ២៦ កក្កដា​២០១៥
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ថ្លែង​សុន្ទរកថា ក្រោម​ភ្លៀង នៅថ្ងៃ​ប្រារព្ធ​ទិវា​ទាហាន​ជើងទឹក​រុស្ស៊ី នៅតំបន់​​កាលីនីនក្រាត ថ្ងៃអាទិត្យ​ទី ២៦ កក្កដា​២០១៥ ©REUTERS/RIA Novosti/Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រ​ថ្មី​នៃ​កងនាវា​រុស្ស៊ី ត្រូវបាន​វិមាន​ក្រេមឡាំង ប្រកាស​ជា​សាធារណៈ​ម្សិលមិញ គឺ​រំលង​តែ​ប៉ុន្មានខែ​សោះ ក្រោយពី​រុស្ស៊ីបាន​អនុម័ត​យុទ្ធសាស្ត្រ​យោធា​ថ្មី  ជាប្រតិកម្ម​ទៅហើយ ទល់​នឹង ការពង្រឹង​សមត្ថភាព​ប្រយុទ្ធ របស់ សម្ព័ន្ធ​អាត្លង់ទិក នៅអឺរ៉ុប​ខាងកើត នៅក្នុងបរិបទនៃ ភាពតានតឹង​មិនធ្លាប់​មាន​ដូច​តាំងពី”សង្គ្រាមត្រជាក់” ចប់​ទៅ រវាង​ក្រុងម៉ូស្គូ និង បស្ចិមលោក ដោយមក​ពី​វិបត្តិ នៅអ៊ុយក្រែន។

យុទ្ធសាស្ត្រ​ថ្មី ដែលមាន ៤៦ទំព័រ គូសបញ្ជាក់​ពី ”លក្ខណៈ មិនអាច​ទទួល​យកបាន សម្រាប់​រុស្ស៊ី នៃ​គម្រោង​អូតង់ រំកិល​ហេដ្ឋារចនាសម្ព័ន្ធ​របស់ខ្លួន មកកាន់តែ​ជិតនឹង​ព្រំដែនរុស្ស៊ី”។

អត្ថបទ​យុទ្ធសាស្ត្រ​នេះ តាំងគោលដៅ បំផុសបំផុល ហេដ្ឋារចនាសម្ព័ន្ធ​នៃកងនាវា​រុស្ស៊ីប្រចាំ សមុទ្រខ្មៅ នៅត្រង់ ទឹកដីគ្រីមេ - ទៀប​កោះ​អ៊ុយក្រែន ដែលឆ្នាំ​មុន ត្រូវបានម៉ូស្គូ​ភ្ជាប់ជា ខេត្ត​ថ្មី ចំណុះ​សហព័ន្ធរុស្ស៊ី។ ហើយនៅ​តំបន់សមុទ្រ​ខ្មៅនេះឯង ដែលយុទ្ធសាស្ត្រ​ថ្មី ប្រមើល​ស្តារ ឡើងវិញ ដោយល្បឿនលឿន និងគ្រប់ជ្រុងជ្រោយ រាល់ទីតាំង​យុទ្ធសាស្ត្រ​របស់រុស្ស៊ី ដើម្បី សន្តិភាព និង ស្ថិរភាពនៅតំបន់។

ក្នុង​យុទ្ធសាស្ត្រថ្មី​នៃ​កងនាវារុស្ស៊ី មាន​និយាយ​ថា មូលហេតុ ដែលញ៉ាំង​ឲ្យរុស្ស៊ី ផ្តោតការយក ចិត្ត​ទុកដាក់​ទៅលើ សមុទ្រ​អាត្លង់ទិក គឺមកពី អូតង់ចេះ​តែវាតទី​មកទិស​ខាងកើត បង្កើតជា គ្រោះថ្នាក់​ដល់រុស្ស៊ី ម៉្លោះហើយបានជា​រុស្ស៊ី នឹង​រក្សា​វត្តមាន​កងនាវាខ្លួន ឲ្យបាន​គ្រប់គ្រាន់ នៅត្រង់​តំបន់នេះ ក៏ដូចជា នៅសមុទ្រ​មេឌីទែរ៉ាណេ ដែល​រុស្ស៊ីត្រូវតែ​ដាក់​កងនាវាខ្លួន ឲ្យ វត្តមាន​ប្រចាំការ ជាអចិន្ត្រៃយ៍។

ស្តីអំពី​សមុទ្រឧត្តរ ជាទីដែលរុស្ស៊ី បានផ្តើមជីក​យកសម្បត្តិ​ប្រេងឆៅ និង​ឧស្ម័ន​ធម្មជាតិ ទៅហើយ កងនាវារុស្ស៊ី មានភារៈ​ត្រូវធានា​បន្ទាប ឲ្យចុះ​ទាបទៅ ការគំរាម​ណា ដែលសណ្ឋិត នៅពី​លើ​សន្តិសុខជាតិ​រុស្ស៊ី ហើយធានា​ឲ្យបាន នូវស្ថិរភាព​យុទ្ធសាស្ត្រ។ ក្នុងន័យនេះ យុទ្ធសាស្ត្រ​ថ្មី ប្រមើល បង្កើន​ចំនួន​កងនាវារុស្ស៊ី ដែលប្រចាំ នៅសមុទ្រឧត្តរ។

ស្របនឹង​តួលេខ​ខែកក្កដាឆ្នាំ២០១៥នេះ បច្ចុប្បន្ន បម្រើ​យ៉ាងសកម្ម ក្នុងកងនាវា​សហព័ន្ធរុស្ស៊ី គឺមាន នាវាចម្បាំង​លើផ្ទៃទឹក ២០៩គ្រឿង បូក​ទាំងនាវា​ផ្ទុកយន្តហោះ​បរមាណូ និង នាវា​មុជទឹក ៧២គ្រឿង ក្នុងនោះ មាន៥០គ្រឿង ជានាវាមុជ​ទឹក​បរមាណូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ