អានតួអត្ថបទ
អាមេរិក-អឺរ៉ុប-រុស្ស៊ី

អាមេរិក​គ្រោង​ដាក់ពង្រាយ​អាវុធ​ធុនធ្ងន់​នៅតាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត

ក្រសួង​ការពារជាតិ​អាមេរិក​​គ្រោង​នឹង​ដាក់ពង្រាយ​អាវុធ​ធុនធ្ងន់ នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត និង​នៅ​តំបន់​ជុំវិញ​សមុទ្រ​បាល់ទិក ដើម្បី​ទុក​កំញើញ​រុស្ស៊ី។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​កាសែត The New York Times នៅថ្ងៃ​អាទិត្យ​នេះ។ តាមគម្រោង​ អាវុធ​ធុនធ្ងន់ ព្រមទាំង​បរិក្ខា​យោធា ដែល​អាមេរិក​គ្រោង​បញ្ជូន​ទៅកាន់​តំបន់​អឺរ៉ុប​ខាង​កើត​នេះ គឺ​សម្រាប់​បំពាក់​ដល់​ទាហាន​ប្រយុទ្ធ ប្រមាណ​ជា ៥ពាន់​នាក់។

អគារ​ទីស្នាក់ការ​ក្រសួង​ការពារជាតិ​អាមេរិក (មន្ទីរប៉ង់តាហ្គោន)
អគារ​ទីស្នាក់ការ​ក្រសួង​ការពារជាតិ​អាមេរិក (មន្ទីរប៉ង់តាហ្គោន) Reuters
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​កាសែត The New York Times ដែល​ដកស្រង់​ប្រភព​ពី​មន្រ្តី​​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារជាតិ​អាមេរិក គ្រឿងសព្វាវុធ​ដែល​អាមេរិក​គ្រោង​បញ្ជូន​ទៅដាក់​ពង្រាយ​នៅ​អឺរ៉ុប​ខាងកើត រួមមាន​រថក្រោះ រថយន្តសម្រាប់​ទាហាន​ថ្មើរជើង ព្រមទាំង​គ្រឿងសព្វាវុធ​ធុនធ្ងន់​ជាច្រើន​ផ្សេងទៀត ល្មមគ្រាប់គ្រាន់​សម្រាប់​ទាហាន​ចំនួន ៥ពាន់នាក់។

គ្រឿងសព្វាវុធ​អស់ទាំងនេះ​នឹង​ត្រូវ​ដាក់ពង្រាយ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ រ៉ូម៉ានី ប៊ុលហ្ការី និង​ហុងគ្រី ព្រមទាំង​ប្រទេស ៣ទៀត នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក គឺ​លីទុយអានី ឡេតូនី និង​អេស្តូនី។ ប្រទេស​អស់ទាំងនេះ​សុទ្ធសឹងតែ​ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់ ហើយ​កំពុងតែ​មាន​ការព្រួយបារម្ភ​ខ្លាច​ទទួលរង​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ក្រោយ​ពី​គេ​ឃើញ​អ្វី​ដែល​កើតមានឡើង​នៅ​តំបន់​គ្រីមេ ប្រទេស​អ៊ុយក្រែន។

គួររំឭកឡើងវិញ​ថា នៅក្រោយ​ពី​មាន​ផ្ទុះវិបត្តិ​អ៊ុយក្រែន មន្រ្តីជាន់ខ្ពស់​នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត បាន​សរសេរលិខិត​ជាផ្លូវការ ស្នើសុំ​ឲ្យ​អូតង់​បញ្ជូន​កងទ័ព​ទៅ​ឈរជើង​ប្រចាំការ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ដើម្បី​ទុកទប់ទល់​នឹង​អន្តរាគមន៍​យោធា​ពី​សំណាក់​រុស្ស៊ី។

ក៏ប៉ុន្តែ តាមគម្រោង​​ស្នើឡើង​ដោយ​ក្រសួងការពារជាតិ អាមេរិក​គ្រោង​ដាក់ពង្រាយ​តែ​គ្រឿងសព្វាវុធ​តែ​ប៉ុណ្ណោះ ដោយ​មិនបញ្ជូន​ទាហាន​ឲ្យ​ទៅ​ឈរជើង​ប្រចាំការ​ នៅ​អឺរ៉ុប​ខាងកើត​នោះទេ។ យោងតាម​មន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក ការដាក់ពង្រាយ​គ្រឿងសព្វាវុធ​ធុនធ្ងន់​ទាំងនេះ គឺ​ធ្វើឡើង ដើម្បី​រំងាប់​ក្តីបារម្ភ​របស់​ប្រទេស​សម្ព័ន្ធមិត្ត ដែល​មាន​ព្រំដែន​ជាប់នឹង​រុស្ស៊ី ឬ​មានទីតាំង​នៅ​ក្បែរ​ប្រទេស​រុស្ស៊ី។ ក៏ប៉ុន្តែ គម្រោងនេះ​នៅមិនទាន់​ទទួល​ភ្លើងខៀវ​ពី​សំណាក់​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ និង​ពី​សំណាក់​សេតវិមាន​​នៅឡើយទេ។

អ្នក​នាំពាក្យ​មន្ទីរប៉ង់តាហ្គោន​​វិញ​បាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​ថា រហូតមក​ទល់​នឹង​ពេលនេះ ក្រសួង​នៅមិនទាន់​ធ្វើ​សេចក្តីសម្រេច​ណាមួយ​នៅឡើយទេ ទាក់ទង​នឹង​ការ​ដាក់ពង្រាយ​គ្រឿងសព្វាវុធ​អស់ទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ