អានតួអត្ថបទ
ក្រិក

ហេតុអ្វី​បានជា​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិក​ជា​កង្វល់​ដល់​ពិភពលោក​ទាំងមូល?

នៅពេលនេះ សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) កំពុង​បន្ត​ជជែក​គ្នា ដើម្បីស្វែងរក​កិច្ចព្រមព្រៀង ក្នុងការ​ផ្តល់​ជំនួយ​ជួយស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​ក្រិក។ ក្នុងពេលជាមួយ​គ្នានេះ ទីផ្សារ​ហិរញ្ញវត្ថុ នៅគ្រប់កន្លែង​ កំពុង​ព្រួយបារម្ភ​ខ្លាច​វិបត្តិ​នៅក្រិក រាលដាល​ទៅ​ជា​វិបត្តិ​ពិភពលោក។តើ​វិបត្តិ​សេដ្ឋកិច្ច​ក្រិក​កើតឡើង​ដោយ​របៀបណា? ហេតុអ្វីបានជា​សហភាព​អឺរ៉ុប​ត្រូវ​ជួយ​​ក្រិក? ហេតុអ្វីបានជា​វិបត្តិក្រិក​​ជាកង្វល់​ដល់​ពិភពលោក​ទាំងមូល?

ទីផ្សារ​មូលបត្រ​គ្រប់កន្លែង​ទទួលរង​ផលប៉ះពាល់ពីវិបត្តិ​សេដ្ឋកិច្ច​ក្រិក
ទីផ្សារ​មូលបត្រ​គ្រប់កន្លែង​ទទួលរង​ផលប៉ះពាល់ពីវិបត្តិ​សេដ្ឋកិច្ច​ក្រិក ©Reuters
ផ្សាយពាណិជ្ជកម្ម

 

06:40

ការពន្យល់​របស់​សេង ឌីណា

កាល​ពីថ្ងៃ​សុក្រ ទី២៣ មេសា ២០១០ រដ្ឋាភិបាល​ក្រិក​​បាន​ប្រកាស​អំពាវនាវ​រក​ជំនួយ​ពី​សហភាព​អឺរ៉ុប និង​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI) ដើម្បី​ជួយស្រោចស្រង់​សេដ្ឋកិច្ច ដែល​កំពុង​លិចលង់។

តើ​វិបត្តិ​ក្រិកកើតឡើង​ដោយ​របៀបណា?

អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​រដ្ឋាភិបាលក្រិក​ចាយលុយ​​ ហួស​ពី​សមត្ថភាព​ ដែល​ខ្លួនមាន។ ពីមួយឆ្នាំ ទៅមួយ​ឆ្នាំ បំណុលរបស់​ប្រទេសក្រិក​បាន​កើនឡើង​ឥតឈប់ឈរ រហូត​ដល់ ជាង ១១៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប (ឆ្នាំ​២០០៩)។ ចំណែក​ ឱនភាព​ថវិកា​វិញ ក៏​​មាន​ទំហំធំធេងដែរ ពោលគឺ ដល់ទៅ ១៣,៦% នៃ​ផលិតផល​ក្នុងស្រុកសរុប (២០០៩)។

ដោយ​មើលឃើញ ពី​ស្ថានភាព កាន់តែ​ដុនដាប​ខ្លាំងបែបនេះ អ្នកវិនិយោគ​ឯកជន ​ក៏ចាប់​ផ្តើម​បាត់បង់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​ក្រិក ហើយ​លែងចង់​​ឲ្យ​ក្រិក​ខ្ចីលុយ។ មាន​អ្នក​ខ្លះ សុខចិត្ត​ឲ្យ​ក្រិក​ខ្ចីលុយ​ដែរ ក៏ប៉ុន្តែ ដោយ​​កម្ចី​នេះ​មាន​ហានិភ័យខ្ពស់ ការប្រាក់​ក៏​ត្រូវ​ខ្ពស់ដែរ។

ដោយ​រដ្ឋាភិបាលក្រិក មាន​មុខចំណាយ​ចាំបាច់​ច្រើន ហើយ​ខ្ចីលុយគេមិនបាន​បែបនេះ​ហើយ បាន​ជា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្រិក​ចាប់​ផ្តើម​ដាំក្បាល ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ក្ស័យធន។
គួររំឭកថា នៅ​ខែឧសភា​ខាងមុខនេះ គឺ​ដល់​ពេល​ដែល​ប្រទេសក្រិក​ត្រូវ​សងបំណុល​ប្រចាំឆ្នាំ​របស់​ខ្លួន។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ ក្រិក​មិនមាន​លុយ​ ដើម្បី​សងបំណុល​នេះ​ទេ។

ហេតុអ្វីបានជា​វិបត្តិ​​របស់​ក្រិក​ត្រូវក្លាយ​ជាបន្ទុក​របស់​សហភាព​អឺរ៉ុប?
 

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​នៃ​ប្រទេស​​ក្រិក ជួប​ជាមួយ​សមភាគី​ក្នុង​តំបន់​អឺរ៉ូ
រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​នៃ​ប្រទេស​​ក្រិក ជួប​ជាមួយ​សមភាគី​ក្នុង​តំបន់​អឺរ៉ូ ©Reuters

ក្រិក​ គឺ​ជា​សមាជិក​សហភាព​អឺរ៉ុប​ ហើយ​ជា​ពិសេស​ទៅទៀត គឺ​ជា​ប្រទេស​ប្រើ​លុយ​រួម​របស់​សហភាព​អឺរ៉ុប (អឺរ៉ូ)។

វិបត្តិ​សេដ្ឋកិច្ច​របស់​ក្រិក ធ្វើ​ឲ្យ​លុយអឺរ៉ូ​​បាត់បង់​ស្ថិរភាព ដោយ​អ្នកវិនិយោគ​បាត់បង់​ទំនុកចិត្ត​លើ​រូបិយប័ណ្ណនេះ។ អស្ថិរភាព​នៃ​លុយ​អឺរ៉ូ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​គ្រប់ប្រទេស​ទាំងអស់ ដែល​ប្រើលុយ​អឺរ៉ូ។

ម្យ៉ាងវិញទៀត នៅក្នុង​ចំណោមប្រទេស​ប្រើ​លុយ​អឺរ៉ូ (ដែលគេហៅថា តំបន់​អឺរ៉ូ) មិនមែន​មានតែ​ប្រទេសក្រិក​មួយទេ ដែល​មាន​បញ្ហា​រឿង​ជំពាក់បំណុល​គេច្រើន។ ប្រទេស​មួយចំនួន​ទៀត រួមមាន ព័រទុយហ្កាល់ អ៊ីតាលី អៀរឡង់ និង​អេស្ប៉ាញ ក៏សុទ្ធតែ​ជាប់​បំណុល​គេ​ច្រើន​ដែរ។

រហូតមកទល់ពេលនេះ អ្នកវិនិយោគ​នៅមិនទាន់​ដកទំនុកចិត្ត​ពី​បណ្តាប្រទេស​ទាំងនេះ​នៅឡើយទេ ដោយ​នៅរង់​ចាំមើល​ចំណាត់ការ​របស់​ប្រទេស​ផ្សេងទៀត ក្នុង​សហភាព​អឺរ៉ុប។

ប្រសិន​បើ​សហភាពអឺរ៉ុប​មិនជួយ​ប្រទេសក្រិក ហើយ​សុខចិត្ត​ឈរឱបដៃមើល​សេដ្ឋកិច្ច​ក្រិក​ដួលរលំ អ្នកវិនិយោគ​ប្រាកដ​ជា​បាត់បង់​ទំនុកចិត្ត​​ ហើយ​ឈប់​ឲ្យ​​ប្រទេស​ទាំង​​៤ ខាងលើ​នេះ​ខ្ចីលុយ​មិនខាន។ ដល់ពេលនោះ វិបត្តិ​ក្រិក ប្រាកដ​ជា​រាល​ដាល​ទៅ​ដល់​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់​អឺរ៉ូ។

ហេតុអ្វី​បានជាប្រទេសក្រៅតំបន់​អឺរ៉ូ​ក៏​ខ្វល់ខ្វាយ​នឹង​វិបត្តិ​ក្រិកដែរ?

នៅក្នុង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក នាពេលបច្ចុប្បន្ន​នេះ វិបត្តិ​នៅ​ប្រទេសមួយ ងាយនឹង​រាលដាល​​ទៅ​តំបន់​ផ្សេងទៀត​ណាស់ ជាពិសេស គឺ​តាមរយៈ​ទីផ្សារ​មូលបត្រ។

ជាក់ស្តែង កាល​ពីឆ្នាំ​២០០៨ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ផ្ទុះឡើង គឺ​ផ្ទុះ​ពី​ការដួលរលំ​នៃ​ធនាគារមួយ​ប៉ុណ្ណោះ​របស់​អាមេរិក (ធនាគារ Lehman Brothers)។ នៅពេលនេះ គេបាន​ប៉ាន់​ប្រមាណថា ប្រទេសក្រិក​មាន​មូលបត្រ​នៅលើ​ទីផ្សារ ឬ​នៅក្នុង​ដៃ​​អ្នកវិនិយោគ គិត​ទឹកប្រាក់សរុប ប្រមាណ​ជា ៤០ម៉ឺន​លាន​ដុល្លារ ពោល​គឺ ច្រើន​ជាង​​ធនាគារ Lehman Brothers ដល់​ទៅ​ ២ដង​ឯណោះ។
 

លោក​ដូមីនិក ស្ត្រូស​កាន់ (Dominique Strauss-Kahn) អគ្គនាយក FMI
លោក​ដូមីនិក ស្ត្រូស​កាន់ (Dominique Strauss-Kahn) អគ្គនាយក FMI ©Reuters

ដូច្នេះ ប្រសិន​បើ​ប្រទេសក្រិក​ត្រូវ​ក្ស័យធន ទីផ្សារ​មូលបត្រ​នៅ​ទូទាំង ពិភពលោក​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភាពចលាចល ខ្លាំងជាង​កាល​ពី​ពេល​ធនាគារ Lehman Brothers ដួលរលំ​ទៅទៀត។ ការដួលរលំ​នៃ​សេដ្ឋកិច្ច​អាច​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ធ្លាក់ចូល​ទៅ​ក្នុង​វិបត្តិ​សាជាថ្មី​ម្តងទៀត ហើយ​អាច​នឹង​ធ្ងន់ធ្ងរជាង​កាល​ពីឆ្នាំ​២០០៨​ទៅទៀតផង។

ហេតុដូច្នេះហើយ​បាន​ជា​ ទាំងសហភាពអឺរ៉ុប និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (FMI) កំពុង​តែ​ខិតខំ​ស្វះស្វែង​រក​ដំណោះស្រាយ​រួម ដើម្បី​ជួយស្រោចស្រង់​សេដ្ឋកិច្ចក្រិក។

តើ​​​សហភាពអឺរ៉ុប និង​ FMI គិតជួយ​ក្រិក​ក្នុងរូបភាពណា?

ចំណោទ​សម្រាប់​សេដ្ឋកិច្ច​ក្រិក បច្ចុប្បន្ន គឺ​គេ​មិន​ខ្ចីលុយ ដើម្បី​យក​ទៅ​​ចំណាយ ឲ្យ​សេដ្ឋកិច្ច​មានដំណើរការ។ ដូច្នេះ ជំនួយ​ដល់​ប្រទេសក្រិក គឺ​នឹង​ត្រូវធ្វើ​ក្រោម​រូបភាព​ឥណទាន ដោយ​យក​ការប្រាក់ទាប។ អ្វី ដែល​សហភាព​​អឺរ៉ុប និង​ FMI កំពុង​តែ​ពិចារណា គឺ​កញ្ចប់​ឥណទាន​ប្រមាណ​ជា ៦០ម៉ឺន​លាន​ដុល្លារ (សហភាពអឺរ៉ុប ៤០ម៉ឺន​លាន​ដុល្លារ និង​ FMI ២០​ម៉ឺនលាន​ដុល្លារ)។

ជាថ្នូរមកវិញ រដ្ឋាភិបាល​ក្រិក​ត្រូវ​សន្យា​កាត់បន្ថយ​ការចំណាយ​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​អត្រាបំណុល​រដ្ឋ និង​ស្តារ​ទំនុក​ចិត្ត​ពី​សំណាក​អ្នក​វិនិយោគ​ឯកជន​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ