អានតួអត្ថបទ
អឺរ៉ុប

បន្ទាប់ពី​កាត់បន្ថយ​ការ​ចំណាយ អឺរ៉ុប​ចង់​ងាក​មក​ផ្តោត​លើ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​វិញ

មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំគ្នា នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក។ នៅ​ក្នុង​ជំនួប​កំពូល​នេះ អឺរ៉ុប​ចង់​ងាក​មក​ផ្តោត​លើ​យុទ្ធសាស្រ្ត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​វិញ​ ក្រោយ​ពី​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​កន្លងទៅ តែ​ទៅលើ​ការ​កាត់បន្ថយ​ឧនភាព​ថវិកា​ជាតិ។

ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក
ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក AFP
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ឆ្នាំ​២០១១​កន្លងទៅ ដោយ​ប្រឈមមុខ​នឹង​វិបត្តិ​ប្រាក់​បំណុល ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​បាន​នាំគ្នា​គិតតែ​ពី​រឿង​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ ដើម្បី​កាត់បន្ថយ​បំណុល។ ក៏ប៉ុន្តែ អ្នក​សេដ្ឋកិច្ច​ជាច្រើន​ រួម​ទាំង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ផង បាន​នាំគ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ​​ថា ការ​ផ្តោត​ទៅលើ​ការ​កាត់បន្ថយ​ការ​ចំណាយ​ខ្លាំង​ពេក វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច។

​ការ​ព្យាករ​ជាច្រើន​​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១២​នេះ សហភាព​អឺរ៉ុប​នឹង​ត្រូវ​ប្រឈមមុខ​នឹង​​បញ្ហា​កំណើន​សេដ្ឋកិច្ច។ បើ​គិត​ជា​មធ្យម ប្រទេស​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ (១៧​ប្រទេស) មាន​កំណើន​សេដ្ឋកិច្ច​ត្រឹមតែ ០,៥% ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១២​នេះ។ ចំណែក​ឯង​អត្រា​អ្នក​អត់ការ​ងារ​ធ្វើ​វិញ អាច​នឹង​មាន​រហូតដល់​ទៅ​ជាង ១០%។ នៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល អ្នក​អត់ការ​ងារ​ធ្វើ​ នៅពេល​បច្ចុប្បន្ន​នេះ មាន​រហូតដល់​ទៅ​ជាង ២៣​លាន​នាក់។

ដោយ​បារម្ភ​អំពី​បញ្ហានេះ មេដឹកនាំ​សហភាព​អឺរ៉ុប​​ចង់​នាំគ្នា​ងាក​មក​គិតគូរ​រក​មធ្យោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​អត្រា​អ្នក​អត់​ការងារធ្វើ​វិញ​ម្តង នៅ​ឆ្នាំ​២០១២​នេះ។ នេះ​គឺ​ជា​ប្រធានបទ​ដ៏ចម្បង​មួយ នៅ​ក្នុង​ជំនួបកំពូល នៅថ្ងៃ​ចន្ទ​នេះ។

ក្នុងពេល​ជាមួយ​គ្នា សំណុំរឿង​ជុំវិញ​​សន្ធិសញ្ញា​ថ្មី ស្តីពី​វិធាន​សារពើពន្ធ​អឺរ៉ុប និង​ការ​​បង្កើត​មូលនិធិ​អចិន្រ្តៃយ៍ ដើម្បី​ទុកជួយ​​ប្រទេស​ជា​សមាជិក ក៏​នឹង​ជា​ប្រធានបទ​ដ៏​សំខាន់​ដែរ ក្នុង​ជំនួបកំពូលនេះ។ ក៏ប៉ុន្តែ បញ្ហា​ក្រិក​អាច​នឹង​​ក្លាយ​ជា​សំណុំរឿង​ក្តៅ លុបលើ​ប្រធានបទ​ផ្សេងៗ​ទៀត។

ក្រិក​កំពុង​ត្រូវការ​លុយ​ជា​បន្ទាន់ យ៉ាងតិច ១៤ពាន់ ៥រយ​លាន​អឺរ៉ូ ដើម្បី​សងបំណុល​គេ នៅ​ពាក់​កណ្តាល​ខែ​មីនា​ខាងមុខ។  ចំណែក​កញ្ចប់ថវិកា​ចំនួន ១៣០ពាន់​លាន​អឺរ៉ូ ដែល​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​​ថា​នឹង​យក​មក​ជួយ​ក្រិក នៅ​មិនទាន់​បាន​បញ្ចេញ​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រិក​នៅឡើយទេ នៅពេលនេះ។

អាល្លឺម៉ង់​បាន​ទាមទារ​ឲ្យ​ក្រិក​ប្រគល់​អំណាច​ចាត់ចែង​ថវិកា​ជាតិ​ទៅ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ជា​អ្នក​គ្រប់គ្រងវិញ ដើម្បី​ជា​ថ្នូរ​នឹង​​ការ​ផ្តល់​ជំនួយ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រិក​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​នឹង​សំណើ​នេះ ក្នុង​ហេតុផល​ថា ការចាត់ចែងថវិកា​ជាតិ គឺ​ជា​អធិបតេយ្យ​របស់​ប្រទេស​ក្រិក ដែល​មិន​អាច​ប្រគល់​ទៅ​ឲ្យ​អ្នក​ផ្សេង​​គ្រប់គ្រង​បានទេ។ ការចរចា​រវាង​ក្រិក និង​អឺរ៉ុប​នឹង​ត្រូវ​បន្ត​ធ្វើ នៅ​ក្នុង​ជំនួបកំពូល នៅថ្ងៃចន្ទ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ