អានតួអត្ថបទ
សហភាព​អឺរ៉ុប

ជំនួបកំពូល​អឺរ៉ុប​រក​ឃើញ​កិច្ចព្រមព្រៀង​តែ​មួយ​ផ្នែក

ជំនួប​កំពូល​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល​ បាន​បិទបញ្ចប់​ជាមួយ​នឹង​ការ​រក​ឃើញ​កិច្ច​ព្រមព្រៀង​​មួយ​ភាគ​ លើ​សន្ធិសញ្ញា​​ថ្មី​ស្តី​ពីការ​ពង្រឹង​​វិន័យ​ផ្នែក​​ថវិកា។ សមាជិក​អឺរ៉ុប​ចំនួន​២៥​ប្រទេស​បាន​យល់​ព្រម លើក​លែង​តែ​អង់គ្លេស និង​សាធារណរដ្ឋ​ឆែក​​។ ជំនួប​លើកនេះ​ក៏​ជា​ឱកាស​ពិភាក្សា​អំពី​ស្ថានភាព​ប្រទេសក្រិក​ដែរ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក  Manuel Barosso (ឆ្វេង)និង​លោក Nikolas Sarkozy
ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Manuel Barosso (ឆ្វេង)និង​លោក Nikolas Sarkozy ec.europa.eu
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​​ប្រទេស​ជា​សមាជិក​អឺរ៉ុប ២៥​ បាន​ព្រម​ព្រៀង​គ្នា​អនុម័ត​​លើ​សន្ធិសញ្ញា​ថ្មី ដែល​​គេ​ចាត់​ទុក​ជា​ជំហាន​ដ៏​សំខាន់​មួយ​នាំ​អឺរ៉ុប​ចេញ​ពី​វិបត្តិ​ប្រាក់​បំណុល។ សន្ធិសញ្ញា​ថ្មី ដែល​នឹង​កំណត់​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​គោរព​វិធាន​មាស ពោល​គឺ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​ស្វ័យ​ប្រវត្ត​ ឬ​សឹង​ជា​ស្វ័យ​ប្រវត្ត ប្រសិន​ឩនភាព​ថវិកា​លើស​ពី​​៣%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​។

 
នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ជំនួប​​នេះ​ដែរ បាន​បង្ហាញ​​ជំហរ​ដដែល ដូច​​កាល​ពី​ខែ​ធ្នូ ២០១១ គឺ​មិន​ទទួល​យក​សន្ធិសញ្ញា​ថ្មី​។ ចំណែក​សាធារណរដ្ឋ​ឆែក បាន​ដក​ខ្លួន​ចេញ​ ដោយ​​យក​លេស​គោរព​​រដ្ឋ​ធម្មនុញ្ញ។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​ប្រធានាធិបតី​បារាំង លោក នីកូឡា សាកូហ្ស៊ី ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប។

សន្ធិសញ្ញា​ថ្មី​នេះ​ នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវការ​ នៅ​ខែ​មីនា​ នា​ឱកាស​ជំនួប​អឺរ៉ុប​លើក​ក្រោយ និង​អាច​ចូល​ជា​ធរមាន​​នៅ​ថ្ងៃ​ទី​១​មករា ២០១៣​បាន​ លុះ​ណា​តែ​មាន​​​សមាជិក​​១២​ប្រទេស​ ផ្តល់​សច្ចាប័ន។

ជំនួប​ម្សិលមិញ ក៏​ជា​ឱកាស​មួយ​សំរាប់​ប្រទេស​ក្រិក​ដែរ។ ប្រមុខ​រដ្ឋ​ និង​រដ្ឋាភិបាល​អឺរ៉ុប​ទាំង​អស់​ ទំនង​ជា​នឹង​អាច​សម្រេច​ ដាច់​ស្រេច​ លើ​ផែនការ​ទីពីរ​ជួយ​ស្រោច​ស្រង់​ប្រទេស​ក្រិក ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប មាន​ទំនុក​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ ថា​នឹង​អាច​រក​ឃើញ​កិច្ចព្រមព្រៀង ដើម្បី​ឱ្យ​ក្រិក​អាច​កាត់បន្ថយ​ប្រាក់​បំណុល​របស់​ខ្លួន​បាន ពី​ពេល​នេះ​​ដល់​ឆ្នាំ​២០២០។
ប៉ុន្តែ​មេ​ដឹកនាំ​​​ប្រទេស​​​​សំខាន់ៗ​របស់​សហភាព​ មាន​ជាអាទិ៍​​បារាំង​ បាន​ច្រាន​ចោល​គំនិតផ្តួច​ផ្តើម​​របស់​អាល្លឺម៉ង់ ដែល​ចង់​ដាក់​ប្រទេស​ក្រិក​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ