អានតួអត្ថបទ
វៀតណាម

វៀតណាម៖​ព្រះអង្គម្ចាស់​​William​ ​ទាញ​សញ្ញា​​អាសន្ន​​ចំពោះ​​ការ​​​​ជួញដូរ​​សត្វព្រៃ​​ខុសច្បាប់​

នៅក្រុងហាណូយ ​​វៀតណាម​ ​ថ្ងៃព្រហស្បតិ៍នេះ ព្រះអង្គម្ចាស់អង់គ្លេស William បាន​​​ចូលរួម​​​សន្និសីទ​អន្តរជាតិ ស្តីពី​​​​សត្វព្រៃ និង​បាន​សំដែង​ការ​បារម្ភ​ចំពោះ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែលអាច​​​​នឹង​​​អោយប្រភេទ​​​សត្វមួយចំនួន​ដាច់ពូជ ក្នុង​ពេល​ឆាប់ៗ​បាន។ ​ការ​សិក្សា​​​ស្រាវជ្រាវ​ចុងក្រោយ បាន​​បង្ហាញថា ​៧ឆ្នាំ​ចុងក្រោយ​​នេះ ដំរី​នៅ​អាហ្វ្រិក ​បានថយចុះ​៣០ភាគរយ។ 

ព្រះអង្គម្ចាស់​William អង្គុយ​ជិត​រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម លោក​ ​Nguyen Xuan Cuong ក្នុង​សន្និសីទ​អន្តរជាតិ​សត្វព្រៃ នៅ​ហាណូយ
ព្រះអង្គម្ចាស់​William អង្គុយ​ជិត​រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម លោក​ ​Nguyen Xuan Cuong ក្នុង​សន្និសីទ​អន្តរជាតិ​សត្វព្រៃ នៅ​ហាណូយ Reuters
ផ្សាយពាណិជ្ជកម្ម

គេឃើញ​មាន​​តំណាង​ប្រទេស​ជាង៤០ បាន​ចូលរួម​​សន្និសីទ​អន្តរជាតិ​ស្តីពី​សត្វព្រៃ នៅ​ក្រុង​ហាណូយ វៀតណាម​ ថ្ងៃ​ព្រហស្បតិ៍​នេះ។ វៀតណាម ជាប្រទេស​ដែលមាន​សកម្មភាព​​ជួញដូរ​​សត្វព្រៃ​គួរ​អោយ​ព្រួយ​បារម្ភ​។ ព្រះអង្គម្ចាស់​​អង់គ្លេស​​William បានរំលឹកឡើង​វិញ ​​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​ចាត់​វិធានការ​ ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ។

ម្សិលមីញ​នេះ ព្រះអង្គម្ចាស់​​​William បាន​ធ្វើដំណើរ​ទៅ​សាលារៀន​មួយកន្លែង នៅ​ហាណូយ ដើម្បី​​​លើកឡើង​​ពី​សារៈសំខាន់​នៃ​ការអភិរក្ស​សត្វព្រៃ។ គេវាយតម្លៃ​ថា ​ទីផ្សារ​​ជួញដូរ​សត្វព្រៃ​ក្នុងពិភពលោក ​គិតជា​ទឹកប្រាក់​គឺ​​ មាន​​ដល់ទៅ​​ជាង​១៨ពាន់លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ។ ចិន​និង​វៀតណាម មាន​តំរូវការ​ខ្ពស់ ដោយសារ​​ជនជាតិ​​ចិន​និង​វៀតណាម ចូលចិត្ត​បរិភោគ​សត្វ​ប្លែកៗ ដូចជា​​ពង្រូល ​​រឺក៏​យក​ផលិតផល​សត្វព្រៃ ទៅ​​ប្រើ​ក្នុង​ការព្យាបាល​បែប​បុរាណ​។ ​​រដ្ឋាភិបាល​វៀតណាម​​ទទួលស្គាល់ថា ការ​ជួញដូរ​សត្វព្រៃ​ ការ​ជួញដូរ​ភ្លុក រឺ​ក៏ស្នែងរមាស ​ពិតជា​បាន​កើនឡើង ក្នុង​ពិភពលោក​មែន។

ក្នុង​ឱកាស​​សន្និសីទ​សត្វព្រៃ​នេះ អង្គការ​ក្រៅរដ្ឋាភីបាល ​Traffic បាន​ចុះផ្សាយ​​របាយការណ៍​ស្តីពី​សត្វខ្លា ក្នុង​​ពិភពលោក។ ​យោងតាម​អង្គការ​ ​ក្នុងមួយសប្តាហ៍ មាន​សត្វខ្លា​២ក្បាល ត្រូវបាន​គេសម្លាប់ រឺ​ក៏​យក​​ទៅជួញដូរ។ ​អង្គការ​ក្រៅរដ្ឋាភីបាល ​Traffic ចោទ​ថា អាស៊ីអាគ្នេយ៍​ ពិសេស​ថៃ ឡាវ និង​វៀតណាម មិនសូវ​ជា​ចាត់វិធានការ​អ្វី​​ធុំដុំ​ទេ ដើម្បី​ទប់ស្កាត់​​​បញ្ហា​នេះ។ កសិដ្ឋាន​ចិញ្ចឹម​​ខ្លា​ ក៏​​នៅ​តែ​​បើកទ្វារ​​ នៅ​តាម​ថៃ រឺ​ក៏ចិន​។ អង្គការ​ក្រៅរដ្ឋាភិបាលនានា​​សង្ឃឹមថា ​សន្និសីទនៅ​ក្រុង​ហាណូយ​​ អាច​ដាក់​សម្ពាធ​អោ​យ​រដ្ឋាភិបាល​​នៅ​អាស៊ី ​​ចាត់វិធានការ​​​​​បិទ​កសិដ្ឋាន​ចីញ្ចឹម​ខ្លា៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ