អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កម្ពុជា​ស្នើ​របៀបវារៈ​អាស៊ាន​គ្មាន​សង្គ្រាមស៊ីវិល​ទៅ​ក្នុង​កិច្ចប្រជុំអាស៊ាន

កម្ពុជា​បាន​ស្នើ​របៀបវារៈមួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ទៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដើម្បី​ពិភាក្សា។ ប្រធានបទ​សំខាន់​មួយ​នោះ​គឺ តំបន់​អាស៊ាន​គ្មាន​សង្គ្រាមស៊ីវិល។ លោក​ខៀវ កាញារីទ្ធ​បាន​ថ្លែង​ថា ការ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន​ឆ្នាំ​នេះ គឺ​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ទាំង​មូល។

កម្ពុជា​ស្នើ​របៀបវារៈ​អាស៊ាន​គ្មាន​សង្គ្រាមស៊ីវិល​ទៅ​ក្នុង​កិច្ចប្រជុំអាស៊ាន
កម្ពុជា​ស្នើ​របៀបវារៈ​អាស៊ាន​គ្មាន​សង្គ្រាមស៊ីវិល​ទៅ​ក្នុង​កិច្ចប្រជុំអាស៊ាន
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ខៀវ កាញារីទ្ធបានថ្លែង​អោយ​ដឹង​ថា កម្ពុជា​បាន​ស្នើ​របៀបវារៈ​មួយ​ចំនួន​ទៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​ក្នុង​របៀបវារៈ​ទាំង​នោះ របៀបវារៈ​សំខាន់​មួយ​គឺ តំបន់​អាស៊ាន​គ្មាន​សង្គ្រាម​ស៊ីវិល។ លោកខៀវ កាញារីទ្ធ​បាន​​មាន​ប្រសាសន៍​អោយ​ដឹង​យ៉ាង​នេះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​វេទិកា​ជាមួយ​អ្នកកាសែត​ដែល​​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា។ ជាវេទិកា​ដែល​និយាយ​អំពី​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​នៅ​ចុង​សប្តាហ៍​នេះ។

ក្រៅ​ពី​រៀបរាប់​អំពី​ដំណើរ​ការ​នៃ​ការងារ​មណ្ឌល​ព័ត៌មាន​សម្រាប់​សម្រួល​ដល់​ការ​យក​ព័ត៌មាន​នៃ​អ្នកកាសែត​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ក៏​បាន​​បង្ហើប​អំពី​របៀបវារៈ​សំខាន់​មួយ​ចំនួន​ដែល​អាច​ត្រូវ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ផង​ដែរ។ ជា​របៀបវារៈ​ដែល​ទាក់ទង​ច្រើន​ទៅ​នឹង​សន្តិសុខ​ក្នុង​តំបន់។ បើ​តាម​ការ​ពន្យល់​របស់​លោក​ខៀវ កាញារីទ្ធ កម្ពុជា​បាន​ផ្តល់​សារៈសំខាន់​ដល់​ការ​ទប់ស្កាត់​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​អាស៊ាន ពីព្រោះ​កម្ពុជា​មាន​ពិសោធន៍​អាក្រក់​ក្នុង​បញ្ហា​នេះ។ ហើយ​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក៏​កំពុង​ជួប​ប្រទះ​នឹង​សង្គ្រាម​ស៊ីវិល​នេះ​ដែរ។

ក្រៅ​ពី​បញ្ហា​នេះ ក៏​មាន​របៀបវារៈ​ផ្សេង​ទៀត​ដូច​ជា​ អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ ការ​សម្របសម្រួល​អោយ​ប្រទេស​មហាអំណាច​ដោះស្រាយ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ជាដើម ពិសេស​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

កម្ពុជា​នឹង​ទទួល​មេដឹកនាំ​កំពូល​នៃ​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក​រួម​មាន​អាមេរិក ចិន ឥណ្ឌា​ និង​រុស្ស៊ី​ជា​ដើម​នៅ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។ បើ​តាម​ប្រសាសន៍​របស់​លោក​ខៀវ កាញារីទ្ធ រហូត​ដល់​ពេល​នេះ មាន​អ្នកកាសែត​១៨៥០នាក់​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​យក​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ។ ជា​កិច្ច​ប្រជុំ​ដែល​តម្រូវ​អោយ​មាន​ការ​ត្រៀម​ពង្រឹង​សន្តិសុខ​យ៉ាង​ខ្លាំង​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ