អានតួអត្ថបទ
បារាំង-លីបង់

ប៉ារីស​បើក​កិច្ចប្រជុំ​អន្តរជាតិ​គាំទ្រ​លីបង់​ ដោយ​មាន​​វត្តមាន​ចូលរួម​របស់​ប្រមុខការទូត​រុស្ស៊ី​និង​អាមេរិក​

នៅ​រសៀល​​ថ្ងៃ​ពុធ​ទី​៥មីនា​នេះ ​នៅ​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ប្រធានាធិបតី​ហ្វ្រង៊ស៊័រ​ ហូឡង់​ ធ្វើ​​ជាម្ចាស់​ផ្ទះ បើក​​​​​កិច្ចប្រជុំ​អន្តរជាតិ ស្តីពី​ប្រទេស​លីបង់។​ កិច្ច​ប្រជុំ​​នេះ​មានទិសដៅគាំទ្រ​លីបង់​ ប្រឈមនឹង​វិបត្តិ​​សង្គ្រាម​ស៊ីរីដែល​នៅជិតខាង​ក្បែរនោះ។ ក្រៅពី​វត្តមាន​រដ្ឋមន្ត្រី​បរទេស​ច្រើនរូប ​ប្រមុខការទូត​អាមេរិក​ ចន ឃែររី និង​ប្រមុខការទូត​រុស្ស៊ី​ស៊ែរហ្កី ឡាវ្រ៉ូវ ​តួអង្គលេចមុខ​សំខាន់​​ក្នុង​វិបត្តិ​នយោបាយ​​អ៊ុយក្រែន​ ក៏នឹង​​​មានវត្តមាន​ក្នុង​កិច្ចប្រជុំ​នេះដែរ។

ដោយសារ​វិបត្តិ​សង្គ្រាម​ស៊ីរី ​ជនជាតិ​​ស៊ីរី១ម៉ឺន៥សែននាក់ ​បានចូល​ក្នុងទឹកដី​លីបង់​ រៀងរាល់ថ្ងៃ។
ដោយសារ​វិបត្តិ​សង្គ្រាម​ស៊ីរី ​ជនជាតិ​​ស៊ីរី១ម៉ឺន៥សែននាក់ ​បានចូល​ក្នុងទឹកដី​លីបង់​ រៀងរាល់ថ្ងៃ។ REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

នៅរសៀល​ថ្ងៃ​ពុធ​នេះ នៅ​ក្រុងប៉ារីស​ប្រទេស​​បារាំង​ បណ្តាប្រទេស​ស្ថិត​ក្នុង​​ក្រុម​​អន្តរជាតិ​ជួយ​លីបង់ ហៅកាត់ថា ​​GIS នោះ​ នឹង​ជួបប្រជុំគ្នា ដើម្បី​ពិភាក្សា​ពី​ការគាំទ្រ​ជួយ​លីបង់ ប្រឈម​នឹង​វិបត្តិ​សង្គ្រាម​ស៊ីរី ដែល​នៅជិត​ខាង​ក្បែរនោះ។ ក្រុម​ប្រទេស​អន្តរជាតិ​ជួយលីបង់​នេះ ទើបបាន​បង្កើត​​ឡើង កាលពី​ខែកញ្ញា​ឆ្នាំ​២០១៣ កន្លងទៅ​ប៉ុណ្ណោះ។ ​​ប្រមុខការទូត​អាមេរិក ចន ឃែររី និង​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ ​ជា​តួអង្គ​២​ប្រឈម​មុខគ្នា ក្នុង​វិបត្តិ​អ៊ុយក្រែន​ នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ​ផងដែរ។ លោក វីល្លីយ៉ាំ ហែក រដ្ឋមន្ត្រី​ការបរទេស​​​អង់គ្លេស ក៏ចូលរួម​កិច្ចប្រជុំ​នេះដែរ។

គិតពីពេល​​រុស្ស៊ី​បាន​កាន់កាប់​តំបន់​គ្រីមេ នៅ​អ៊ុយក្រែន ចុងសប្តាហ៍​មុនមក នេះជា​លើកទី១​ហើយ​​​ ដែល​ប្រមុខការទូត​រុស្ស៊ីស៊ែរហ្កី ឡាវ្រ៉ូវ ​​​ត្រូវជួប​ផ្ទាល់​មុខគ្នា​ ជាមួយ​ប្រមុខការទូត​អឺរ៉ុប​ជាច្រើន​នាក់។ ពិសេស​ គឺជួប​លោក​ចន ឃែររី តែម្តង។ ​​កាលពីថ្ងៃ​ចន្ទ លោក​ឡាវ្រ៉ូវ បានជួប​ប្រមុខការទូត​អាល្លឺម៉ង់​ លោក ហ្វ្រង់ វ៉លទែរ ស្តិនម៉ីយែរ រួចមក​ហើយ​​ដែរ តែ​​ប្រមុខការទូត​អាល្លឺម៉ង់​បា្រប់ថា មិនទាន់ឃើញ​​មាន​ដំណោះស្រាយ​អ្វី​សម្រាប់​វិបត្តិ​អ៊ុយក្រែន​នៅឡើយទេ។ ដូច្នេះ កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​លីបង់ នៅក្រុងប៉ារីស​ថ្ងៃពុធ​នេះ ជា​ឱកាស​ជួយអោយ​ថ្នាក់ដឹកនាំ​ទាំងអស់​នេះ បាន​ពិភាក្សា​គ្នា​ជាមួយ​រុស្ស៊ី ស្តីពី​អ៊ុយក្រែនផងដែរ។ ​ការពិភាក្សា​នេះ ប្រហែល​ជា​អាច​​បង្កភាពតានតឹង។

ដោយឡែក ទាក់ទង​នឹង​លីបង់ ដែល​ជា​ទិសដៅ​ចំបងនៃ​កិច្ចប្រជុំអន្តរជាតិ​នេះ បណ្តា​ប្រទេស​ដែលចូលរួម​ក្នុង​កិច្ចប្រជុំ​ ត្រូវ​ធ្វើការ​បូកសរុប​មើលឡើងវិញ ពីជំនួយ​កន្លងមក ក្នុង​ការធានា​សន្តិសុខ​ និងស្ថិរភាពជួយ​លីបង់។ គួរបញ្ជាក់ថា ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ស៊ីរី លីបង់​កំពុង​ប្រឈម​នឹង​ការហូរចូល​នៃ​ជនភៀសខ្លួន​ស៊ីរី ក្នុងទឹកដី​ខ្លួនយ៉ាង​សន្ធឹក​សន្ធាប់។ ដើម្បី​ជួយ​សេដ្ឋកិច្ច​លីបង់ ធនាគារពិភពលោក​បាន​បង្កើត​មូលនិធិ​មួយ​។ ហើយ​​ ​ថវិកា​​៥០លានដុល្លារ ដែល​មូលនិធិ​នេះ​អាច​ប្រមូល​បាន នឹង​យក​ទៅជួយ​ក្នុង​កម្មវិធី​ប្រយុទ្ធ​​ភាពក្រីក្រ ការសិក្សា ពិសេសជួយ​កុមារ​ជនជាតិ​ស៊ីរី​ទាំងឡាយ​ដែលភៀសខ្លួនមក​នៅលីបង់ អោយ​បាន​ចូល​រៀនសូត្រ​នឹងគេ។

អារ៉ាប៊ីសាអូ​ឌីត ដែល​គ្មានឈ្មោះ​ក្នុង​ក្រុមប្រទេស​ជួយលីបង់ ធ្លាប់​បានសន្យា​ជួយ​៣ពាន់លាន​ដុល្លារ​ សម្រាប់​ផ្នែក​សម្ភារៈ​យោធា​កងទ័ព​លីបង់។ អារ៉ាប៊ីសាអូ​ឌីត​ក៏​ត្រូវ​បាន​បារាំង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្ងៃ​ពុធ​នេះដែរ។ គួររំលឹកថា លីបង់​ទើបតែ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​​ កាលពី​ពាក់កណ្តាលខែ​កុម្ភៈ​មុននេះ មាន​គ្រប់​ភាគី​ជម្លោះ​ទាំងអស់​ចូលរួម។ លីបង់​​ត្រូវធ្វើយ៉ាងណា​ ​រៀបចំ​ការ​បោះឆ្នោត​​ប្រធានាធិបតី​អោយ​បាន ចន្លោះ​ពី​ថ្ងៃ​២៥​មីនា​ ​ដល់​ថ្ងៃ​២៥ឧសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ