អានតួអត្ថបទ
លីបង់

លីបង់​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយពី​ជាប់គាំង​នយោបាយ​ជិត​១ឆ្នាំ

ក្រោយ​ពី​មាន​ការ​ជាប់គាំង​នយោបាយ​អស់រយៈពេល​ជិត​១ឆ្នាំ លីបង់​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​ហើយ កាល​ពីថ្ងៃសៅរ៍។ ជា​រដ្ឋាភិបាល​រួបរួមជាតិ ដែល​មាន​សមាសភាព​​ចម្រុះ មក​ពី​គ្រប់ភាគី​​ជម្លោះ គឺម្ខាង​​​ក្រុម​អ្នក​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាស្ហា​ អាល់អាសាដ និង​ម្ខាងទៀត ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក​ខាងលិច ហើយ​គាំទ្រ​ក្រុមប្រឆាំង​នៅ​ស៊ីរី។

លោក Tammam Salam នាយករដ្ឋមន្រ្តី​ថ្មី​របស់​លីបង់
លោក Tammam Salam នាយករដ្ឋមន្រ្តី​ថ្មី​របស់​លីបង់ AFP PHOTO / ANWAR AMRO
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជាច្រើន​ខែ​មក​ហើយ ដែល​លីបង់​ត្រូវ​ហែកហួរ ដោយសារ​តែ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ អំពើ​ហិង្សា​បាន​កើតមាន​ឡើង​ជា​ប្រចាំ ចំណែក​ឯ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក៏​ត្រូវ​ជាប់គាំង ដោយសារ​តែ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ក្រុម​​ស្ហ៊ីអ៊ីត Hezbllah ដែល​គាំទ្រ​លោក​បាស្ហា អាល់អាសាដ និង​ក្រុម​ស៊ុននីត ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្រ្តី Saad Hariri ដែល​មាន​ទំនោរ​ទៅខាង​លោក​ខាងលិច និង​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី។

ក្រោយ​ពី​មាន​ភាព​ជាប់គាំង​នយោបាយ​អស់រយៈពេល​ជិត ១០ខែ និង​ដោយ​ឆ្លងកាត់​ការ​ចរចា​យ៉ាង​តឹងតែង រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង កាល​ពីថ្ងៃ​សៅរ៍ ដោយ​មាន​សមាសភាព​ចម្រុះ​មក​ពី​គ្រប់​ភាគី​ជម្លោះ។

រដ្ឋាភិបាល​ថ្មី​នេះ​មាន​សមាសភាព ២៤រូប បែងចែក​ជា ៣ក្រុម​ស្មើៗគ្នា។​ ៨រូប ដែល​រួមមាន​ទាំង​នាយករដ្ឋមន្រ្តី​ផង​​ជា​ក្រុម​អ្នក​ស្និទ្ធ​នឹង​ប្រធានាធិបតី​លីបង់ គឺ​លោក Michel Sleimane ដែល​គេ​ចាត់ទុក​ថា​ជា​ក្រុម​អព្យាក្រឹត ឬ​និយម​កណ្តាល។ រដ្ឋមន្រ្តី ៨រូប មក​ពី​ក្រុម​​​ស្ហ៊ីអ៊ីត Hezbollah និង​ ៨រូប​ផ្សេងទៀត​ មក​ពី​ក្រុមស៊ុនីត​របស់​លោក​អតីត​នាយករដ្ឋមន្រ្តី​ Hariri។

ក្រសួង​សំខាន់ៗ​​ក៏​ត្រូវ​បាន​បែងចែក​ស្មើៗគ្នា​ដែរ គឺ​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ទៅ​ក្រុម​អព្យាក្រឹត​ស្និទ្ធិ​នឹង​ប្រធានាធិបតី Sleimane ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​​បាន​ទៅ​ក្រុម​លោក​អតីត​នាយករដ្ឋមន្រ្តី​ Hariri ចំណែក​ក្រសួង​ការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ​​បាន​ទៅ​ក្រុម​ Hezbollah។

លោក​ Tammam Salam នាយករដ្ឋមន្រ្តី​លីបង់​បានថ្លែង​ថា រដ្ឋាភិបាល​ថ្មី​នេះ គឺ​ជា​រដ្ឋាភិបាល​រួបរួមជាតិ ដែល​បង្កើត​ឡើង​តាម​រូបមន្ត​ដ៏សមស្របមួយ ដើម្បី​ឲ្យ​លីបង់​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​បាន។

គួររំឭកឡើងវិញ​ថា លីបង់​ធ្លាប់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ពី​សំណាក់​កងទ័ព​ស៊ីរី​អស់រយៈពេល ២៩ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៧៦ រហូត​ដល់​ឆ្នាំ​២០០៥។ បច្ចុប្បន្ននេះ បើទោះបីជា​ស៊ីរី​បាន​ដកថយ​ទៅហើយ​ក៏ដោយ ក៏ប៉ុន្តែ ឆាក​នយោបាយ​លីបង់​នៅតែ​ពោរពេញ​ទៅដោយ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ក្រុម​អ្នក​គាំទ្រ និង​ក្រុម​ប្រឆាំង​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ