អានតួអត្ថបទ
លីបង់

ស្លាប់៥នាក់​ និង​របួសជាង​៥០នាក់​ ក្នុង​ភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ក្រុងបេរូត​

នៅ​ប្រទេស​លីបង់ថ្ងៃ​សុក្រនេះ មាន​មនុស្ស​យ៉ាងហោច​៥នាក់ បានស្លាប់ និង​ជាង៥០នាក់​ទៀត​រងរបួស​ ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះរថយន្ត​មួយ នៅ​កណ្តាលក្រុង​បេរូត​នៅពីមុខ​ទីស្នាក់ការ​នាយករដ្ឋមន្ត្រី​លីបង់។ លោកម៉ូហាម៉ាត ឆាតា ជា​​ទីប្រឹក្សាជិតដិត​នឹង​​​អតីតនាយក​រដ្ឋមន្ត្រី​ សាអាត ហារីរី ក៏បា​ស្លាប់​ក្នុង​ភេរវកម្ម​នេះ​ដែរ។ អតីត​នាយករដ្ឋមន្ត្រី​ហារីរី បាន​ចោទទៅកាន់​ក្រុមអេស្បូឡា​និកាយ​ស៊ីអ៊ីត​ ដែល​​គាំទ្រ​ប្រធានាធិបតី ស៊ីរី​ បាស្ហារ​ អាល់អាសាដ​ ថា​បាន​​បង្ក​អំពើ​ភេរវកម្ម​នេះ។ ប្រធានាធិបតី​បារាំង​បានចេញ​មុខថ្កោលទោស​អំពើ​បំផ្ទុះ​រថយន្ត​នេះថា ជា​អំពើ​ដ៏កំសាក។

រថយន្ត​ដែល​ផ្ទុះឆេះ សម្លាប់មនុស្ស​នៅថ្ងៃសុក្រ​នេះ នៅក្រុងបេរូត ប្រទេសលីបង់
រថយន្ត​ដែល​ផ្ទុះឆេះ សម្លាប់មនុស្ស​នៅថ្ងៃសុក្រ​នេះ នៅក្រុងបេរូត ប្រទេសលីបង់ REUTERS/Jamal Saidi
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​ដែល​​ភេរវជន​ប្រើ​ក្នុង​ការ​​​បំផ្ទុះ​រថយន្ត​ នៅកណ្តាល​ទីក្រុង​បេរូត ប្រទេស​លីបង់ ថ្ងៃ​សុក្រ​នេះ មានទំងន់ពី​៥០ ទៅ​៦០គីឡូក្រាម។ ភេរវកម្ម​បំផ្ទុះរថយន្ត​បានសម្លាប់​មនុស្ស​ជាច្រើន នាក់ ​ក្នុង​នោះ​ក៏មាន​ទីប្រឹក្សារបស់​​អតីតនាយក​រដ្ឋមន្ត្រី​ សាអាត ហារីរី ផងដែរ។ អតីត​នាយករដ្ឋមន្ត្រី​ហារីរី បាន​ចោទទៅកាន់​ក្រុមអេស្បូឡា​និកាយ​ស៊ីអ៊ីត​ ដែល​​គាំទ្រ​ប្រធានាធិបតី ស៊ីរី​ បាស្ហារ​ អាល់អាសាដ​ ថា​បាន​​បង្ក​អំពើ​ភេរវកម្ម​នេះ។ លោកហារីរី​លើកឡើងទៀត​ថា បណ្តា​ជនជាប់ចោទ​ក្នុង​អំពើភេរវកម្ម​ជា​ជនដដែលៗ ជាជន​​បាន​រួចផុត​ពីសំណាញ់ច្បាប់។

ក្នុង​ការចោទប្រកាន់​ពី​អសកម្មភាព​នៃ​តុលាការ អតីត​នាយករដ្ឋមន្ត្រី​ សាអាដ ហារីរី ចង់សំដៅ​ទៅលើ​តុលាការ​​ពិសេស​លីបង់​ ដែល​បានកាត់ទោស​ជនដៃដល់​​ក្នុង​ឃាតកម្ម​សម្លាប់​ឳពុករបស់​លោក គឺ​លោក រ៉ាហ្វ៊ិក ហារីរី កាលពី​ឆ្នាំ២០០៥។ កាលណោះ សកម្មជន​អេស្បូឡា​៥នាក់ បាន​ជាប់ទោស​ចោទប្រកាន់​ដោយតុលាការ​ពិសេស​លីបង់ ប៉ុន្តែ​ ក្រុមអេស្បូឡា​បានបដិសេធ​មិនព្រម​នាំជនទាំងនោះ​ទៅកាន់​តុលាការ។ ​តុលាការ​​នៅឡេតឆេនដាំ ស្ថិត​នៅ​​ជាយក្រុង​ឡាអេ នឹង​កាត់ទោស​​ជនជាប់ចោទ​៤នាក់ ក្នុង​ចំណោម​ជនទាំង៥​នាក់នេះ នៅថ្ងៃ​១៦មករា​ខាងមុខ។

ភេរវកម្ម​​បំផ្ទុះ​រថយន្ត​ក្រុងបេរូត ថ្ងៃសុក្រ​នេះ បង្ហាញ​ច្បាស់​ថា ​​ការតវ៉ា​​​​​ប្រឆាំង​​នយោបាយ​របស់​រដ្ឋាភិបាល​ស៊ីរី​ នៅ​លីបង់ ចាប់ពីពេល​​ស៊ីរី​ជួបសង្គ្រាម​ក្នុង​ខែមិនា ឆ្នាំ២០១១​មក​​ ជា​ការតវ៉ា​ដែល​ផ្តល់​​ផល​អាក្រក់​ដល់​លីបង់។ លោក ម៉ូហាម៉ាត ឆាតា ជា​ទីប្រឹក្សា​អតីតនាយករដ្ឋមន្ត្រី​ ហារីរី ដែល​បាន​បាត់បង់​ជីវិត​ ក្នុង​ភេរវកម្ម​​​នេះ ធ្លាប់​ជា​អ្នក​ប្រឆាំង​របប​ដឹកនាំ​ស៊ីរី។ រីឯ​​អតីត​នាយករដ្ឋមន្ត្រី​ហារីរី ក៏​ដូចគ្នា​ដែរ។ លោក​ហារីរី ធ្លាប់បាន​អំពាវនាវ​អោយ​ប្រជាជន​លីបង់​បរិហារ​អំពី​ការ​សម្លាប់​មនុស្ស​នៅ​ស៊ីរី។

គិតចាប់ពី​ឆ្នាំ២០០៥មក គិតទាំង​លោកឆាតា ដែល​បាន​ស្លាប់​នៅថ្ងៃសុក្រ​នេះ មាន​អ្នកនយោបាយ​​លីបង់​៩រូប ហើយ​ដែល​បាន​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម។ អ្នកសារព័ត៌មាន​មាននិន្នាការ​ប្រឆាំង​របប​ដឹកនាំ​ស៊ីរី​ ប៉ូលិស ទាហាន​ដែល​ជិតដិត​នឹង​អតីត​នាយករដ្ឋមន្ត្រី​ហារីរី ច្រើន​នាក់ទៀត ក៏​ជា​ជនរងគ្រោះ​នៃភេរវកម្ម​នៅលីបង់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ