អានតួអត្ថបទ
លីបង់-អ៊ីស្រាអែល​

ក្រុមឧទ្ទាម​អេស្បូឡា​ប្រកាស​​សងសឹក​អ៊ីស្រាអែល​ដែលបាន​វាយប្រហារ​ទីតាំង​ខ្លួន​ នៅ​លីបង់​

នៅ​ថ្ងៃ​ពុធ​នេះ ក្រុមឧទ្ទាម​អេស្បូឡា និកាយ​ស្ហ៊ីអ៊ីត បាន​ប្រកាស​គំរាម​​ថា នឹង​សងសឹក​​​អ៊ីស្រាអែល​​​ ដែល​បាន​​ទំលាក់គ្រាប់បែក​នៅទីតាំង​ក្រុម​អេស្បូឡា​មួយកន្លែង​ ក្នុង​ទឹកដី​លីបង់។ នេះ​ជា​លើកទី១​ហើយ ដែល​អ៊ីស្រាអែល​បាន​វាយប្រហារ​​ចលនា​អេស្បូឡា នៅ​លីបង់ គិតចាប់​ពី​​អ៊ីស្រាអែល បានធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​​អេស្បួឡា​ក្នុង​ឆ្នាំ​២០០៦​មក។ ការគំរាម​នេះ​បាន​បង្ក​អោយ​មាន​ការ​បារម្ភ​​ពីសន្តិសុខ​ក្នុង​តំបន់។

មេដឹកនាំ​ក្រុម​​អេស្បូឡា Hassan Nasrallah ក្នុង​ពិធីបុណ្យ​​និកាយ​ស្ហ៊ីអ៊ីត​ នៅ​ខាងត្បូង​ក្រុង​បេរូត​ កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣
មេដឹកនាំ​ក្រុម​​អេស្បូឡា Hassan Nasrallah ក្នុង​ពិធីបុណ្យ​​និកាយ​ស្ហ៊ីអ៊ីត​ នៅ​ខាងត្បូង​ក្រុង​បេរូត​ កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១៣ REUTERS/Khalil Hassan
ផ្សាយពាណិជ្ជកម្ម

កាលពី​ដំបូង​ឡើយ ក្រោយមាន​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​មួយចំនួន ទាក់ទង​នឹង​ការ វាយប្រហារ​របស់​អ៊ីស្រាអែល​ ក្រុមឧទ្ទាម​អេស្បូឡា បាន​​បដិសេធ​ថា គ្មានការ​វាយប្រហារ​អ្វីមួយ​មកលើ​ទីតាំង​ខ្លួន នៅលីបង់​ កាលពី​យប់ថ្ងៃ​ចន្ទកន្លងទៅ​​ទេ។ ប៉ុន្តែ នៅថ្ងៃ​ពុធ​នេះ ក្រុមអេស្បូឡា បាន​ប្រកាស​គំរាម​សងសឹក​អ៊ីស្រាអែលជាសត្រូវ​សួរ​​ពូជ​របស់​ខ្លួន​ជាង​៣០ឆ្នាំ​មកនេះ និងបាន​ទទួលស្គាល់​ថា ទីតាំង​របស់​ខ្លួន​មួយ​កន្លែង​ នៅ​តំបន់ចាន់តា នៅ​ព្រំដែន​លីបង់​ជាប់​ជាមួយ​​ប្រទេស​ស៊ីរី ត្រូវ​បាន​រងការ​ទំលាក់គ្រាប់បែក​ពី​សំណាក់​អ៊ីស្រាអែល។ ក្រុម​អេស្បូឡា​​គំរាម​ថា ខ្លួន​មិន​នៅ​ស្ងៀម​​នោះទេ ហើយ​នឹង​ជ្រើស​​យក​ឱកាស​ និង​ទីកន្លែង​សមស្រប​​ដើម្បី​តបត​ទៅ​អ៊ីស្រាអែល​វិញ។

ក្រុមអេស្បូឡា​បាន​លើកឡើងថា ដោយសារ​​ព្រះជួយ គ្មានសកម្មជន​ប្រយុទ្ធ​​ក្រុម​ខ្លួន​ណា​ម្នាក់​រងគ្រោះ​ដោយសារ​​​ការទំលាក់​គ្រាប់​បែក​នេះទេ។ កាលពីថ្ងៃ​ចន្ទ​ ប្រភព​ព័ត៌មាន​ផ្នែក​សន្តិសុខ​លីបង់​​បាន​គូសបញ្ជាក់​ថា ​មាន​ការ​ទំលាក់​គ្រាប់បែក​តាម​យន្តហោះចំនួន​២​  ទៅ​លើ​ទីតាំង​មួយ​របស់​ក្រុមអេស្បូឡា ​នៅ​ព្រំដែន​ជាប់ជាមួយ​ស៊ីរី។ ​

គួរ​រំលឹក​ថា ក្រុមអេស្បូឡា និកាយ​ស្ហ៊ីអ៊ីត ត្រូវ​បាន​បង្កើតឡើង​ ក្នុង​ឆ្នាំ​១៩៨២ ដើម្បី​តបត​ទៅ​នឹង​ការឈ្លានពាន​របស់អ៊ីស្រាអែលនៅ​​លីបង់។ អាមេរិក​បាន​ចាត់ទុក​ក្រុម​នេះ​ថា ជា​ក្រុម ភេរវជន។​ ​នៅ​លីបង់ ចលនា​អេស្បូឡា ជា​ចលនា​តែមួយគត់ ដែល​នូវ​រក្សា​បាន​នូវ​ឧបករណ៍​និង​លក្ខណៈ​ប្រយុទ្ធ​​របស់​ខ្លួន ក្រោយ​សង្គ្រាម​ស៊ីវិល​បានបញ្ចប់​ក្នុង​ឆ្នាំ​១៩៩០។ ​ក្រុម​​អេស្បូឡា​មាន​ទីតាំង​ខ្លួន​ច្រើនកន្លែង នៅ​ភាគខាងត្បូង​លីបង់ និង​នៅ​ជាយក្រុង​បេរូត។ កាលពីឆ្នាំ​២០១៣ ក្រុមឧទ្ទាម​នេះ​បានទទួលស្គាល់ថា សកម្មជន​របស់​ខ្លួន​រាប់រយនាក់​ បាន​ចុះទៅជួយ​​ប្រធានាធិបតី​ស៊ីរី បាស្ហា អាល់អាសាដ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម។

គិតចាប់​ពី​អ៊ីស្រអែល​​ធ្វើសង្គ្រាម​ជាមួយ​ចលនាអេស្បូឡា​​ ​​ក្នុង​ឆ្នាំ​២០០៦មក នេះជា​លើកទី១​​ហើយ ​ដែល​អ៊ីស្រាអែល​បាន​ទំលាក់គ្រាប់បែក​វាយប្រហារ​ក្រុមអេស្បូឡា។ អ៊ីស្រាអែល​ធ្លាប់​បាន​លើកឡើងថា មិនអនុញ្ញាត​អោយ​ស៊ីរី​ផ្តល់អាវុធ​អោយ​ក្រុមអេស្បូឡា​នោះទេ។ ទាក់ទង​នឹង​បញ្ហា​ដែល​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​អេស្បូឡា​នេះ ​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែល បេនយ៉ាមីន នេតានីញ៉ាហ៊ូ បាន​លើក​ឡើងថា អ៊ីស្រាអែល​​បាន​​ធ្វើគ្រប់​យ៉ាង​ទាំងអស់ ដើម្បី​ការពារ​​ខ្លួន ប៉ុន្តែ​អ៊ីស្រាអែល​មិន​ប្រាប់​ថា ​តើ​ធ្វើ​សកម្មភាព​អ្វី​នោះទេ ក្នុង​ការ ការពារ​ខ្លួននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ