អានតួអត្ថបទ
ហ្កំប៊ី

ហ្កំប៊ី៖ ​ប្រធានាធិបតី​ចាញ់ឆ្នោត​សុខចិត្ត​ចុះចេញ​ពី​អំណាច

ប្រធានាធិបតី​​​ចាញ់​ឆ្នោត​នៅ​ហ្កំ​ប៊ី បាន​​ប្រកាស​សុខចិត្ត​ចុះ​ចេញ​ពី​អំណាច នៅថ្ងៃ​សៅរ៍​នេះ នៅ​ក្រោម​សម្ពាធ​ប្រទេស​​នៅ​ក្នុង​តំបន់ ដែល​គំរាម​ប្រើ​កម្លាំង​ទ័ព​ចូល​ធ្វើ​អន្តរាគមន៍ ដើម្បី​គាំទ្រ​ប្រធានាធិបតី​ដែល​ជាប់ឆ្នោត។ ការប្រកាស​ចុះចេញ​ពីអំណាច​នេះ​អាច​ជា​ការ​បើក​ផ្លូវ ទៅ​បញ្ចប់​វិបត្តិ ដែល​បាន​កើតឡើង ក្រោយ​ការ​បោះឆ្នោត កាល​ពី​ខែ​ធ្នូ​កន្លងទៅ។

លោក​យ៉ាយ៉ា ចាម៉េ ប្រធានាធិបតី​ផុតអាណត្តិ​របស់​ហ្កំប៊ី
លោក​យ៉ាយ៉ា ចាម៉េ ប្រធានាធិបតី​ផុតអាណត្តិ​របស់​ហ្កំប៊ី MARCO LONGARI / AFP
ផ្សាយពាណិជ្ជកម្ម

លោក យ៉ាយ៉ា ចាម៉េ ដែល​ឡើង​កាន់អំណាច​នៅ​ហ្កំប៊ី តាំង​ពី​ឆ្នាំ​១៩៩៤ តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពីថ្ងៃទី១​ធ្នូ ឆ្នាំ២០១៦។ ពីដំបូង​ លោក​បាន​ទទួល​ស្គាល់​បរាជ័យ មុននឹង​ប្តូរ​ចិត្ត​មកវិញ ហើយ​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះឆ្នោត ដោយចោទថា​ជា​ការ​បោះឆ្នោត​មិន​យុត្តិធម៌។ ការបដិសេធ​មិន​ផ្ទេរ​អំណាច ដែល​បាន​រុញច្រាន​ប្រទេស​ហ្កំប៊ី​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ ចំណែក​ឯ​លោក​ យ៉ាយ៉ា ចាម៉េ វិញ ត្រូវ​ធ្លាក់​ក្នុង​ភាព​ឯកោ​កាន់តែ​ខ្លាំងឡើងៗ​ពីថ្ងៃទៅមួយថ្ងៃ។

នៅ​ក្នុង​ស្រុក រដ្ឋមន្រ្តី​​ជាច្រើន​រូប នៅ​ក្នុង​រដ្ឋាភិបាល​​របស់​លោក​យ៉ាយ៉ា ចាម៉េ បាន​ចុះចេញ​ពី​តំណែង ចំណែក​ឯ​នៅ​ក្រៅ​ស្រុកវិញ ប្រទេស​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច​​ទាមទារ​ឲ្យ​លោក យ៉ាយ៉ា ចាម៉េ ប្រគល់​អំណាច​ទៅ​ឲ្យ​​​ប្រធានាធិបតី​ដែល​ទើប​នឹង​ជាប់ឆ្នោត។

កាលពីថ្ងៃ​ចន្ទ លោក​យ៉ាយ៉ា ចាម៉េ បាន​ធ្វើការ​ព្យាយាម​ជាលើក​ចុងក្រោយ ដើម្បី​បន្ត​ក្រាញ​អំណាច​ ដោយ​បាន​ប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន, រំលាយ​រដ្ឋាភិបាល ហើយ​បង្ខំ​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​ពន្យារអាណត្តិ​របស់​លោក​រយៈពេល ៣ខែ។

៤ថ្ងៃក្រោយ​មក នៅថ្ងៃ​ព្រហស្បតិ៍ ទាហាន​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច​ចំនួន ៧ពាន់នាក់ ដឹកនាំ​ដោយ​សេណេហ្កាល់ និង​នីហ្សេរីយ៉ា បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ដល់​ក្នុង​ទឹកដី​ហ្កំប៊ី ទៅ​តាម​សំណើ​ប្រធានាធិបតី​ថ្មី ដែល​ទើប​នឹង​បាន​ស្បថ​ចូល​កាន់តំណែង​ជា​ផ្លូវការ នៅ​ក្នុង​ស្ថានទូត​ហ្កំប៊ី ប្រចាំ​ប្រទេស​សេណេហ្កាល់។ នៅថ្ងៃ​ព្រហស្បតិ៍​ដដែល​នោះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​​ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​​លើ​សេចក្តីសម្រេច​គាំទ្រ​​កិច្ចខិតខំ​ប្រឹងប្រែង​របស់​​សហគមន៍​អាហ្វ្រិក​ខាងលិច​នៅ​ក្នុងការ​ដោះស្រាយ​វិបត្តិ​​ហ្កំប៊ី។

មួយថ្ងៃ​ក្រោយ​មក នាយសេនាធិការ​ចម្រុះ​កងទ័ព​ហ្កំប៊ី ដែល​ពីដំបូង​គាំទ្រ​លោក​យ៉ាយ៉ា ចាម៉េ បាន​ប្រកាស​មិនច្បាំង​តទល់​នឹង​កងកម្លាំង​អាហ្វ្រិក។ ហ្កំប៊ី ដែល​ជា​កូនប្រទេស​តូចមួយ មាន​ប្រជាជន​តែ​ប្រមាណ​ជាង ១លាននាក់ ហើយ​កងទ័ព​តែ​ប្រមាណ​ជា ២ពាន់៥រយនាក់ គឺ​ពិត​ជា​ពិបាក​នឹង​តទល់​ជាមួយ​កងកម្លាំង​អាហ្វ្រិក​ទាំង ៧ពាន់នាក់។

ហេតុដូច្នេះហើយ​បាន​ជា​លោក យ៉ាយ៉ា ចាម៉េ សុខចិត្ត​​ចុះចេញ​ពី​អំណាច ដោយ​បានប្រកាស​តាម​ទូរទស្សន៍​នៅថ្ងៃ​សៅរ៍​នេះ​ថា លោក​ចុះចេញ​ពី​អំណាច គឺ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​បង្ហូរឈាម​នៅ​ហ្កំប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ