អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

អា​មេរិក​ចាប់ខ្លួន​មនុស្ស​ពីរនាក់​ដោយ​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​មិន​សម្រេច​នៅ​ហ្កំប៊ី

ក្រសួង​​យុត្តិធម៌​​អាមេរិក​ទើប​បាន​​ចោទ​ប្រកាន់​​ពលរដ្ឋ​​អាមេរិក​ពីរ​​រូប​​ដើម​​កំណើត​​ហ្កំប៊ី​ ថា​​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ធ្វើ​រដ្ឋប្រហារ​​មិន​បាន​​សម្រេច​​មួយ​នៅ​ប្រទេស​ហ្កំប៊ី​កាលពី​​ថ្ងៃ​​ទី​​៣០​​​ធ្នូ​ក​ន្ល​ង​ទៅ​។ យោងតាម​ លោក Eric Holder រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ៖​ “ជន​ជាប់​ចោទទាំង​ពីរ​​រូប​​ម្នាក់​ឈ្មោះ​​ Cherno Njie,អាយុ​៥៧​ឆ្នាំ​និងម្នាក់ទៀត ឈ្មោះ​Papa Faal ​អាយុ​៤៦​ឆ្នាំ​ ដែល​បាន​​រួម​​គំនិតក្បថធ្វើ​រដ្ឋ​ប្រហារដោយអំពើ​ហិង្សាដើម្បីទម្លាក់​រដ្ឋាភិបាល​​មួយ​​នៅឯ​បរទេសគឺជា​ការ​​បំពានលើច្បាប់អាមេរិក។

ប្រធានាធិបតីហ្កំប៊ី​ Yahya Jammeh បំពេញទស្សនកិច្ច​នៅ Guinea-Bissauថ្ងៃទី​២៣មករា២០១៤​
ប្រធានាធិបតីហ្កំប៊ី​ Yahya Jammeh បំពេញទស្សនកិច្ច​នៅ Guinea-Bissauថ្ងៃទី​២៣មករា២០១៤​ AFP PHOTO / ALFA BA
ផ្សាយពាណិជ្ជកម្ម

យោងតាម​ក្រសួង ​FBI ពលរដ្ឋ​អាមេរិក​ទាំង​ពីរ​រូប​ដែល​មាន​ដើម​កំណើត​ហ្កំប៊ី បាន​ទិញ​អាវុធ​និង​សម្ភារៈ​យោធា​និង​បាន​បញ្ជូន​​ទៅ​កាន់​ប្រទេស​ហ្កំប៊ី ក្នុង​គោល​បំណង​វាយ​កម្ចាត់​ប្រធានាធិបតី​ហ្កំប៊ី ​លោក​Yahya Jammeh ចេញ​ពី​រដ្ឋ​អំណាច ជា​មួយ​ក្តីរំពឹង​ដែរ ថា​ពួក​គេ​នឹង​បាន​ទទួល​ជំនួយ​គាំទ្រ​​ពី​កងទ័ព​ ហ្កំប៊ី​មួយ​ភាគ​ដែរ។

ក៏​ប៉ុន្តែ ការ​វាយ​ប្រហារ​ប្រឆាំង​វិមាន​ប្រធានាធិបតី​ហ្កំប៊ី​នៅ​ថ្ងៃ​ទី​៣០​ធ្នូ​ ដោយ​មាន​ជំនួយ​ពី​ទាហាន​ធ្វើ​​រដ្ឋប្រហារ​តែមួយ​ក្តាប់​តូច​នោះ ត្រូវ​ទទួល​បរាជ័យ ​ដោយ​​ទាហាន​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី​ហ្កំប៊ី បាន​វាយកម្ចាត់ចេញ​ពី​វិមាន​ប្រធានាធិបតី។ គូរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ ប្រធានាធិបតី​ហ្កំប៊ី​​លោក Yahya Jammeh កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។​

បន្ទាប់​ពី​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​ហ្កំប៊ី​  Cherno Njie និង  Papa Faal បាន​រត់​គេច​ខ្លួន​យ៉ាង​រហ័ស​​ចេញ​ពី​ហ្កំប៊ី​និង​បាន​ធ្វើ​ដំណើរ​មក​ដល់​អាមេរិក​វិញ។ ប៉ុន្តែ​នៅ​ពេលមក​ដល់​ទីក្រុង​វ៉ាស៊ីនតោន ជន​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ប៉ូលិស​អាមេរិក​ចាប់​ខ្លួន​បាន​ គឺ​ម្នាក់​នៅ​ថ្ងៃ​ទី​១​មករា​និង​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី​៣​មករា។

សូម​បញ្ជាក់​ថា Cherno Njie ដែល​មាន​មុខ​របរ​ជា​អ្នក​ជំនួញ​រស់​នៅ​រដ្ឋ Texas គឺ​ជា​អ្នក​ផ្តល់​ប្រាក់​សម្រាប់​ការ​វាយប្រហារ​នៅ​ហ្កំប៊ី​។ ជននេះ​បាន​និយាយ​បញ្ជាក់​ថា ខ្លួន​មាន​បំណង​ចង់​ហ្កំប៊ី​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​ប្រកប​ទៅ​ដោយ​លិទ្ធិ​ប្រជាធិបេត្យ។

ចំណែក​ជន​ជាប់ចោទ Papa Faal វិញ​បាននិយាយ​ប្រាប់​ពី​គំនិត​របស់​គេ​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​ប្រធានាធិបតី​ហ្កំប៊ី លោក Yahya Jammeh ​ជា​យូ​លង់​មក​ហើយ ពីព្រោះ​លោក​បាន​ឡើង​កាន់​រដ្ឋ​អំណាច​ក៏​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

ម្យ៉ាងទៀត Papa Faal ធ្លាប់​បាន​បំរើ​ក្នុង​ជួរ​កងទ័ព​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​និង​ថែម​ទាំង​​បាន​បំពេញ​បេសសកម្ម​នៅ​​អាហ្វហ្កានីស្ថាន​ទៀតផង។​

ជន​ជាប់​ចោទ​ទាំង​ពី​រូប Papa Faal​ និង Cherno Njie  អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រហូត​ដល់​២៥​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ