អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួយ​ប្រទេស​ក្រិក​នឹង​អាច​កើន​ដល់ ១៣៥ពាន់​លាន​អឺរ៉ូ សម្រាប់​រយៈពេល ៣ឆ្នំា

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិក កំពុង​បន្ត​ក្លាយ​ជា​ក្តី​បារម្ភ​របស់​សហភាព​អឺរ៉ុប​ និង​ពិភពលោក​ទំាង​មូល។ កាល​ពី​ម្សិលមិញ លោក Dominique Strauss-Kahn អគ្គនាយក​នៃ​អង្គការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា FMI និង​លោក Jean-Claude Trichet ប្រធាន​ធនាគារ​កណ្តាល​ អឺរ៉ុប បាន​អញ្ជើញ​ទៅ​កាន់ប្រទេស​អាឡឺម៉ង់ ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ទីក្រុង Berlin ឲ្យ​សម្រេច​ចិត្ត ឲ្យ​បាន​ឆាប់​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​វិបត្តិ​នៅ​ប្រទេស​ក្រិក។

ប្រមុខ​អង្គការ FMI លោក Dominique Strauss-Kahn និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel
ប្រមុខ​អង្គការ FMI លោក Dominique Strauss-Kahn និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel ©Reuters / S. Kuggler
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជា​មួយ​ក្រុម​សមាជិក​សភា​អាឡឺម៉ង់ ប្រមុខ​អង្គការ FMI លោក Dominique Strauss-Kahn និង​ប្រធាន​ធនាគារ​​កណ្តាល​អឺរ៉ុប លោក Jean-Claude Trichet បាន​គូស​បញ្ជាក់​ថា គេ​មិន​ត្រូវ​អូស​បន្លាយ​វិបត្តិ​ក្រិក​បាន​ទៀត​ឡើយ។ យោង​តាម​លោក Dominique Strauss-Kahn និង​លោក Jean-Claude Trichet ប្រទេស​ក្រិក​ដែល​ត្រូវ​ការ​ជំនួយ​រយៈពេល​យ៉ាង​តិច ៣ឆ្នំា និង​ត្រូវ​ការ​ប្រាក់​ចំនួន ១៣៥​ពាន់​លាន​អឺរ៉ូ។ ក៏ប៉ុន្តែ មូលហេតុ​សំខាន់ ​ដែល​ប្រមុខ​អង្គការ FMI និង​ប្រធានធនាគារ​កណ្តាល​អឺរ៉ុប​បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​អាឡឺម៉ង់​ គឺ​ដើម្បី​និយាយ​ជំនះ​រដ្ឋាភិបាល​ទីក្រុង Berlin ពិសេស​លោកស្រី​នាយក​រដ្ឋមន្រ្តី Angela Merkel ឲ្យ​សម្រេចចិត្ត​ឲ្យ​បាន​លឿន​បំផុត ក្នុង​ការ​ជួយ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​។

 
សូម​ជម្រាប​ជូន​ថា កាលពីថ្ងៃសុក្រទី២៣មេសាកន្លងទៅ​រដ្ឋាភិបាលក្រិក​បាន​ប្រកាស​អំពាវនាវ​រក​ជំនួយ​ពី​សហភាពអឺរ៉ុប​និង ពី​អង្គការ​មូលនិធិរូបិយវត្ថុ​​អន្តរជាតិក្នុង​ទឹកប្រាក់​សរុប ៤ម៉ឺន ៥ពាន់​លាន​​​អឺរ៉ូ ក្នុង​នោះ ខ្ចី​ពី​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ​ចំនួន១ម៉ឺន៥ពាន់លានអឺរ៉ូ និងពី​សហភាព​​អឺរ៉ុប​ចំនួន​៣ម៉ឺនលាន​អឺរ៉ូ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ​យល់​ព្រមឲ្យខ្ចីហើយ តែ​នៅ​ខាង​សហភាព​អឺរ៉ុប​វិញ មាន​ប្រទេស​មួយ​ចំនួន បន្ត​រា​រែក ពិសេស ប្រទេស​អាឡឺម៉ង់។ អ្វី​ដែល​ប្រមុខ​អង្គការ FMI លោក Dominique Strauss-Kahn និង​ប្រធាន​ធនាគារ​​កណ្តាល​អឺរ៉ុប លោក Jean-Claude Trichet បាន​និយាយ​ធានា​ដល់​ក្រុម​អ្នក​តំណាងរាស្រ្ត​អាឡឺម៉ង់ គឺ​លក្ខខណ្ឌ​​មួយ​ចំនួន ទាក់​ទង​នឹង​ប្រាក់​កម្ចី​ចំនួន ៨ពាន់ ៤រយ​លាន​អឺរ៉ូ ដែល​អាឡឺម៉ង់​ត្រូវ​ជួយ​ប្រទេស​ក្រិក។

លោកស្រី​នាយករដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel
លោកស្រី​នាយករដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel ©Reuters/Tobias Schwarz

លោក​ស្រី​នាយករដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel រង​សម្ពាធ​ពី​គ្រប់​មជ្ឈដ្ឋាន

តំាង​តែ​ពី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​លើក​ដំបូង​របស់​ខ្លួន លោកស្រី​នាយក​រដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា អាឡឺម៉ង់​អាច​ជួយ​ប្រទេស​ក្រិក​បាន លុះត្រា​ណា​តែ​ក្រិក​មាន​ផែនការ​សង្គ្រោះ​ឲ្យ​បាន​ច្បាស់​លាស់។ ទោះ​បី​ជា​មាន​អន្តរាគមន៍​ធានា​ពី​ប្រមុខ​អង្គការ FMI លោក Dominique Strauss-Kahn និង​ប្រធាន​ធនាគារ​​កណ្តាល​អឺរ៉ុប លោក Jean-Claude Trichet ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ទទួល​ចម្លើយ​ជាក់​ច្បាស់​ណា​មួយ​ពី​ប្រទេស​អាឡឺម៉ង់​ដែរ។ ប៉ុន្តែ លោកស្រី​នាយក​រដ្ឋមន្រ្តី​អាឡឺម៉ង់ Angela Merkel ក៏​ដូច​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ លោក Wolfgang Schäuble បាន​សន្យា​ថា នឹង​ផ្តល់​សេចក្តី​សម្រេចចិត្ត​នៅ​ថ្ងៃ​ខាង​មុខ។ ជា​មួយ​គ្នា​នេះ លោកស្រី Angela Merkel នៅ​តែ​បន្ត​អះអាង​ជា​ថ្មី​ម្តង​ទៀត ថា​អាឡឺម៉ង់​នឹង​ចូល​រួម​ជួយ​ស្រោចស្រង់​ប្រទេស​ក្រិច លុះត្រា​ណា​តែ ប្រទេស​ក្រិក​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន។

ជា​រួម មិន​មែន​ថា លោកស្រី Angela Merkel មិន​ចង់​ជួយ​ប្រទេស​ក្រិក ដែល​ជា​សមាជិក​អឺរ៉ុប​ម្នាក់​នោះ​ទេ តែ​ការ​រារែក ដោយ​មក​ពី​បរិបទ​នយោបាយ​ផ្ទៃ​ក្នុង ពី​ព្រោះ​នៅ​ថ្ងៃទី ៩ ឧសភា​ខាង​មុខ អាឡឺម៉ង់​នឹង​រៀប​ចំ​ការ​​បោះឆ្នោត​តំបន់ ហើយ​គម្រោង​នៃ​ការ​ជួយ​ប្រទេស​ក្រិក ទំាង​បក្ស​ប្រឆំាង និង​ប្រជាជន​អាឡឺម៉ង់​ភាគច្រើន មិន​​បាន​គំាទ្រ​ទេ។ ប្រជាជន​អាឡឺម៉ង់​ភាគ​ច្រើន​រអ៊ូ​រទំា​ថា ធុន​ទ្រាន់​នឹង​ជួយ​ដោះ​ទុក្ខ​អ្នក​ដទៃ មិន​ឈប់​ឈរ។ ដូច្នេះ ប្រសិន​បើ​លោកស្រី Merkel ហ៊ាន​សម្រេច​ចិត្ត​ភ្លាមៗ​នោះ គណបក្ស​របស់​លោកស្រី ច្បាស់​ជា​ចាញ់​ឆ្នោត​ជា​មិន​ខាន។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​អាឡឺម៉ង់​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ឆាប់ៗ​ ដើម្បី​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​វិបត្តិ​ក្រិក​ឆ្លង​រាល​ដាល​​ចូល​ក្នុង​​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។ វិបត្តិសេដ្ឋកិច្ចរបស់​ក្រិកនឹងធ្វើ​ឲ្យ​ប្រាក់​អឺរ៉ូបាត់បង់​ស្ថិរភាព។ អស្ថិរភាពនៃប្រាក់អឺរ៉ូនឹង​ធ្វើឲ្យប៉ះពាល់ដល់​គ្រប់​ប្រទេស​ទាំងអស់​ដែល​ចាយ​ប្រាក់​អឺរ៉ូ។

ប្រទេស​ក្រិក​អាច​នឹង​ក្ស័យធន ?

ប្រទេស​មួយ មិន​អាច​ក្ស័យធន ដួល​រលំ​ដូច​រោងចក្រ​មួយ ឬ​ក៏​ក្រុម​ហ៊ុន​មួយ ដែល​ត្រូវ​គេ​រឹបអូស​យក​ទ្រព្យសម្បត្តិ ដោយ​សារ​តែ​រោងចក្រ​ឬ​ក្រុមហ៊ុន​នោះ​ជំពាក់​បំណុល​គេ​វ័នក គ្មាន​លទ្ធភាព​សង​គេ​នោះ​ទេ។ មួយ​​​​វិញ​ទៀត គ្មាន​ស្ថាប័ន​អន្តរជាតិ​ណា​មួយ ជា​អ្នក​សម្រេច​ចិត្ត ពី​ការ​ដួល​រលំ ក្ស័យធន​របស់​ប្រទេស​ណា​មួយ​ទេ។ ​ក៏​ប៉ុន្តែ ប្រទេស​មួយ ដូច​ករណី​ប្រទេស​ក្រិក អាច​​ប្រឈម​មុខ​នឹង​បំណុល​ដ៏​ច្រើន​សម្បើម ដែល​ខ្លួន​គ្មាន​សមត្ថភាព​នឹង​សង​គេ។ ស្ថានភាព​ដែល​ប្រទេស​ក្រិក​កំពុង​ជួប​ប្រទះ​ពេល​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ។ ប្រទេស Argentine ធ្លាប់​បាន​ជួប​ប្រទះ​កាល​ពី​ឆ្នំា ២០០១ ដែល​ពេល​នោះ រដ្ឋាភិបាល​គ្មាន​សមត្ថភាព​នឹង​សង​ប្រាក់​បំណុល​គេ ប្រមាណ​ជា ១០​ម៉ឺន​លាន​ដុល្លារ។ គេ​ត្រូវ​រង់​ចំា​រហូត​ដល់​ឆ្នំា ២០០៥ ទើប​ប្រទេស Argentine និង​ប្រទេស​ម្ចាស់​បំណុល​បាន​រក​ឃើញ​កិច្ច​ព្រមព្រៀង​មួយ ស្តីពី​របៀប​សង​រំលួស។ បន្តិច​ម្តងៗ អ្នកវិនិយោគឯកជនក៏ចាប់ផ្តើមមានទំនុកចិត្ត​លើ​រដ្ឋាភិបាល​Argentineឡើងវិញ។ ករណី​​ប្រទេស​ក្រិក ក៏​មិន​ខុស​គ្នា​ពី​ប្រទេស Argentine កាល​ពី​ ១០ឆ្នំា មុន​ដែរ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ