វិបត្តិសេដ្ឋកិច្ចសកលពង្រឹងបណ្តាប្រទេសកំពុងអភិវឌ្ឍ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៩
កាលពីថ្ងៃព្រហស្បតិ៍ទី៣០កញ្ញាម្សិលមិញ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថាFMI ដែលមានទីស្នាក់ការនៅទីក្រុងWashington សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងពិភពលោក។ របាយការណ៍នោះបានគូសបញ្ជាក់ជាអាទិ៍ថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានក្រឡាប់ចាក់ខ្លាំង ពីរឆ្នាំក្រោយការផ្តើមឡើងនៃវិបត្តិសេដ្ឋកិច្ចសកល ពីព្រោះសេដ្ឋកិច្ចកំពុងអភិវឌ្ឍជាអ្នកឈ្នះ រីឯសេដ្ឋកិច្ចលូតលាស់ជាអ្នកចាញ់។
សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិFMI វិបត្តិសេដ្ឋកិច្ចសកល នារយៈពេលពីរឆ្នាំកន្លងទៅនេះ បានផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចរបស់ពិភពលោក។ ពីព្រោះវាបាន និងកំពុងបន្តពន្លឿនការលេចត្រដែតឡើងនៃបណ្តាសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ក្នុងនោះមានជាអាទិ៍ ក្រុមបណ្តាប្រទេសដែលគេប្រសិទ្ធនាមឲ្យថា Bric គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន និងពីព្រោះវាបាន និងកំពុងបន្តធ្វើឲ្យបណ្តាសេដ្ឋកិច្ចលូតលាស់ ជាពិសេសសេដ្ឋកិច្ចនៅបស្ចិមលោក បាក់កម្លាំងខ្លាំង។ ជាក់ស្តែង បើយោងទៅតាមFMI កាលពីឆ្នាំទៅមិញ២០០៩ បណ្តាប្រទេសជឿនលឿនបានស្គាល់កំណើនសេដ្ឋកិច្ចអវិជ្ជមាន គឺ៣,២ភាគរយក្រោមសូន្យ នៅពេលដែលសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ កើនបាន២,៥ភាគរយ។ រីឯនៅឆ្នាំ២០១០នេះវិញ កំណើនសេដ្ឋកិច្ចនឹងនៅតែខុសគ្នាខ្លាំងតទៅទៀត រវាងពិភពទាំងពីរ គឺប្រមាណតែ២,៦ភាគរយប៉ុណ្ណោះ សម្រាប់បណ្តាប្រទេសជឿនលឿន និងរហូតដល់ទៅ៦,៨ភាគរយ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។
FMI ក៏បានចង្អុលបង្ហាញឲ្យឃើញដែរ នូវចំណុចខ្សោយមួយចំនួនរបស់បណ្តាសេដ្ឋកិច្ចជឿនលឿន ចំណុចខ្សោយដែលបានធ្វើឲ្យសេដ្ឋកិច្ចទាំងអស់នោះ លង់ខ្លួនទៅក្នុងវិបត្តិសេដ្ឋកិច្ចសកល និងនៅតែចេញមិនទាន់រួចពីវិបត្តិទៀត នៅពេលនេះ។ សម្រាប់FMI សេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបខ្លះ ពឹងពាក់ខ្លាំងពេកទៅលើវិស័យតែមួយ ឬពីរនិងខ្វះការប្រកួតប្រជែង។ ឧទាហរណ៍ សេដ្ឋកិច្ចអេស្ប៉ាញអាស្រ័យ ជាពិសេស នឹងវិស័យអចលនទ្រព្យ រីឯសេដ្ឋកិច្ចក្រិក(Grèce)វិញ ខ្វះការប្រកួតប្រជែង ជាហេតុធ្វើឲ្យប្រទេសនេះនាំទំនិញទៅក្រៅមិនកើត។
ចំណុចខ្សោយមួយទៀតរបស់បណ្តាសេដ្ឋកិច្ចជឿនលឿន គឺទំហំធំជ្រុលនៃប្រាក់បំណុលសាធារណៈ។ បំណុលរបស់បណ្តាប្រទេសអឺរ៉ុប ក៏ដូចបំណុលរបស់សហរដ្ឋអាមេរិកដែរ មានលក្ខណៈកាន់តែធ្ងន់ធ្ងរលើសដើម តាំងពីមានវិបត្តិសេដ្ឋកិច្ចសកល ពីព្រោះពួកប្រទេសទាំងនេះ បានខ្ចីលុយរាប់ពាន់លានដុល្លារជាបន្ថែម ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិដើម្បីយកមកតុបតែងផែនការផ្តល់សន្ទុះសេដ្ឋកិច្ច។
ម៉្លោះហើយបានជាមូលនិធិរូបិយវត្ថុអន្តរជាតិFMI អំពាវនាវឲ្យបណ្តាសេដ្ឋកិច្ចលូតលាស់ ប្រញាប់ធ្វើឲ្យមានតុល្យភាពល្អឡើងវិញ រវាងប្រាក់ចំណូល និងប្រាក់ចំណាយរបស់រដ្ឋ តាមរយៈកំណែទម្រង់ប្រព័ន្ធចូលនិវត្តន៍ កំណែទម្រង់ទីផ្សារការងារ ។ល។និង។ល។
ចំពោះករណីសេដ្ឋកិច្ចអាមេរិកវិញ FMI កត់សម្គាល់ឃើញថា វានៅតែពិបាកងើបក្បាលចេញឲ្យផុត ពីវិបត្តិសេដ្ឋកិច្ចសកល។ មូលហេតុធំ គឺមកអំពីការទិញដូរគ្រឿងឧបភោគបរិភោគ នៅលើទីផ្សារផ្ទៃក្នុងអាមេរិក ស្ទុះមិនរួចទាល់តែសោះ ពីព្រោះជាទូទៅ ក្រុមគ្រួសារអាមេរិកដែលជំពាក់លុយធនាគារច្រើនពេក មិនហ៊ានចាយវាយ។
សម្រាប់FMI សេដ្ឋកិច្ចចិនចេញផុតពីវិបត្តិសេដ្ឋកិច្ចសកលហើយ
សម្រាប់FMI ចំហាយនៃវិបត្តិសេដ្ឋកិច្ចសកលទៅលើប្រទេសចិន គឺដូចចាកទឹកទៅលើក្បាលទាអ៊ីចឹង បានន័យថា ចិនហាក់បីដូចជាគ្មានទទួលរងផលប៉ះពាល់អ្វីទាំងអស់។ គួរនិយាយថា ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ ក្រោយពីបានវ៉ាឈ្នះជប៉ុន កន្លងទៅថ្មីៗនេះ។ ជាការពិតណាស់ដែលថា វិបត្តិសេដ្ឋកិច្ចសកល បានធ្វើឲ្យការនាំទំនិញចិនទៅក្រៅធ្លាក់ចុះខ្លាំង ប៉ុន្តែថ្នាក់ដឹកនាំចិនបានរហ័សរហួនផ្តល់សន្ទុះសេដ្ឋកិច្ចជាអាទិ៍ តាមរយៈការជម្រុញឲ្យពលរដ្ឋបង្កើនការទិញដូរគ្រឿងឧបភោគបរិភោគ នៅលើទីផ្សារផ្ទៃក្នុង។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំចិន ក៏បានឆ្លៀតធ្វើវិនិយោគសាធារណៈ តាមរយៈការសាងសង់ផ្លូវ និងស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលដៅតភ្ជាប់តំបន់ដាច់ស្រយ៉ាលទៅទីជនបទ និងធ្វើឲ្យមានតុល្យភាពសេដ្ឋកិច្ចល្អជាងមុន រវាងតំបន់ក្រីក្រនៅខាងក្នុងឯណោះ និងតំបន់ជាប់សមុទ្រនៅខាងក្រៅឯណោះ។
ករណីប្រទេសប្រេស៊ីលក៏ស្រដៀងគ្នានឹងករណីប្រទេសចិនដែរ។ ប្រធានាធិបតីលុយឡា(Lula) បានឆ្លៀតទាក់ទាញមូលធនបរទេស យកមកធ្វើវិនិយោគនៅលើវិស័យសង្គម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងក្នុងគោលដៅបង្កើតការងារ។ នៅឆ្នាំ២០១០នេះ ប្រេស៊ីលរបស់លុយឡាបង្កើតបានការងារចំនួន២លានកន្លែង។
យ៉ាងណាមិញ ភាពក្រឡាប់ចាក់មួយទៀតដែលជាផលវិបាកនៃវិបត្តិសេដ្ឋកិច្ចសកល គឺពីអំណើះតទៅក្រុមបណ្តាសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ជាអ្នកអូសទាញសេដ្ឋកិច្ចពិភពលោក វិញម្តង។ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិFMI បណ្តាប្រទេសកំពុងអភិវឌ្ឍធំៗ កំពុងក្លាយជាក្បាលរទេះភ្លើងសេដ្ឋកិច្ចរបស់ពិភពលោក។ ហេតុអ្វី?
មូលហេតុទីមួយ គឺមកអំពីអំណាចទិញរបស់ប្រជាជនចិនឬ របស់ប្រជាជនប្រេស៊ីលកើនឡើងជាលំដាប់។ ប្រការនេះ អនុញ្ញាតឲ្យពួកគេទិញផលិតផលរបស់អឺរ៉ុបនិងរបស់អាមេរិកមកប្រើប្រាស់។ និយាយបែបផ្សេង ទីផ្សារផ្ទៃក្នុងដ៏ធំរបស់ចិនឬរបស់ប្រេស៊ីល កំពុងក្លាយបណ្តើរៗទៅជាទីផ្សារសម្រាប់ផលិតផលរបស់បណ្តាសេដ្ឋកិច្ចលូតលាស់បស្ចិមលោក។
រីឯមូលហេតុទីពីរ គឺចិន ប្រេស៊ីល ឬឥណ្ឌា ដែលត្រូវការថាមពលច្រើនឡើងៗ ដើម្បីយកមកបំប៉នការស្រេកឃ្លាននៃម៉ាស៊ីនសេដ្ឋកិច្ចរបស់ពួកគេ ក៏បាន និងកំពុងបង្កើនការដោះដូរជាមួយបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចដែរ។ ជាក់ស្តែង ការដែលចិនទិញប្រេងកាត ពីភូមិភាគដើមបូព៌ា ពីអាមេរិកខាងត្បូង ពីអាស៊ីកណ្តាល គឺជាទង្វើដែលអនុញ្ញាតឲ្យបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឡើយ ស្រូបយកបានប្រាក់ចំណូលមិនតិចទេ ជាពិសេស នៅក្នុងពេលមួយដែលតម្លៃវត្ថុធាតដើមកំពុងកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ