អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G២០ ព្យាយាម​រៀបចំ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១ វិច្ឆិកា​នេះ រហូត​ដល់​ថ្ងៃ​សុក្រ ទី១២ វិច្ឆកា​ស្អែក ក្រុម​ប្រទេស G២០​ផ្តើម​ជំនួប​កំពូល​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។ ជំនួប​កំពូល G២០​លើក​ទី ៥​ឆ្នំា​នេះ នឹង​ព្យាយាម​រៀបចំ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ។

G២០ ព្យាយាម​រៀបចំ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ
G២០ ព្យាយាម​រៀបចំ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល G២០​ឆ្នំា​នេះ កូរ៉េខាងត្បូង​មិន​ញញើត​នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ស្គាល់ និង​ឲ្យ​ដឹង​អំពី​ស្នាដៃ​របស់​ខ្លួន។ នៅ​តាម​ផ្លូវ ក៏​ដូច​ជា​នៅ​តាម​ចិញ្ជើម​ផ្លូវ ត្រូវ​បាន​គេ​បោសសំអាត សូម្បី​តែ​កន្ទុយ​បារី និង​សំណល់​ស្ករ​កៅស៊ូ ក៏​គ្មាន​ដែរ។ អ្នក​លក់​ដូរ​តាម​ផ្លូវ និង​អ្នក​គ្មាន​ទីជម្រក​ក៏​ត្រូវ​បាន​រដ្ឋអំណាច​ជម្លៀស​ទៅ​កាន់​កន្លែង​ ឆ្ងាយ​ពី​រុក្ខវិថី​សំខាន់ៗ​ក្នុង​ទីក្រុង​សេអ៊ូល។ នៅ​តាម​ស្ថានីយ៍​រថភ្លើង​លើ​ដី ក្រោម​ដី គេ​សង្កេត​ឃើញ​មាន​ក្រុម​អ្នក​បក​ប្រែ​ឈរ​ប្រចំាការ​នៅ​ទីនោះ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​គ្រប់​អ្នក​ដំណើរ​ជា​ជនបរទេស។ « ប្រសិន​បើ​អ្នក​ឃើញ​ជនបរទេស​ណា​ម្នាក់ អ្នក​ត្រូវ​ញញឹម និង​និយាយ​ថា៖ Hello ! » នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​បកប្រែ​ម្នាក់ៗ​​ត្រូវ​ទន្ទិញ​ចំា​មាត់។ នៅ​តាម​រុក្ខវិថី​សំខាន់ៗ​វិញ គេ​សង្កេត​ឃើញ​មាន​ការ​ចង​បដា​កាត់​ផ្លូវ​ដែល​សរសេរ​ថា៖ « ពិភពលោក​ផ្តោត​ចក្ខុ​មើល​ប្រទេស​កូរ៉េ »។

ទំាង​នេះ​មិន​ភ្លេច​ទេ ពី​បញ្ហា​សន្តិសុខ ព្រោះ​ថា នា​ឱកាស​ជំនួប​កំពូល G២០​នេះ មាន​វត្តមាន​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូ ព្រម​ទំាង​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​សរុប​ទំាង​អស់​មាន​គ្នា​ប្រមាណ​ជា ១០ ០០០​នាក់។ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​នៅ​ក្នុង​ជំនួបកំពូល​នេះ រដ្ឋអំណាច​ទីក្រុង​សេអ៊ូល​បាន​ដាក់​ពង្រាយ​កម្លំាង​នគរបាល​ប្រមាណ​ជា ៥ម៉ឺន​នាក់ នៅ​គ្រប់​ច្រក​ល្ហក។ កម្លំាង​យោធា​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ប្រុង​ជើងការ​ជាប់​ជា​ប្រចំា។ មួយ​វិញ​ទៀត​នា​ឱកាស​នេះ​ដែរ ច្បាប់​ពិសេស​មួយ​ត្រូវ​បាន​គេ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត គឺ​ច្បាប់​ហាម​មិន​ឲ្យ​រៀប​ចំ​ក្បួន​បាតុកម្ម​នៅ​ក្នុង​រង្វង់ ២គីឡូម៉ែត្រ​ពី​ទីកន្លែង​ប្រជុំ។

តើ​មាន​ប្រទេស​ណា​ខ្លះ ជា​សមាជិក​នៃ​ក្រុម​ប្រទេស G២០ ?

នៅ​ក្នុង​ក្រុម​ប្រទេស G២០ មាន ១៩​ប្រទេស បូក​នឹង​សហភាព​អឺរ៉ុប។ នៅ​ក្នុង​ចំណោម​ប្រទេស​ទំាង​នោះ មាន​ប្រទេស​ចំនួន ៧ ជា​សមាជិក​នៃ​ក្រុម​ប្រទេស G៧ គឺ​ជា​ក្រុម​ប្រទេស​ដែល​មាន​ឧស្សហកម្ម​ជឿនលឿន​ជាង​គេ​លើ​ពិភពលោក ក្នុង​នោះ​មាន សហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និង​ប្រទេស​កាណាដា។

ដូច្នេះ ក្រុម​ប្រទេស G២០ គឺ​មាន​ក្រុម​ប្រទេស G៧ បូក​សហភាព​អឺរ៉ុប និង​បូក​បន្ថែម​ប្រទេស​ចំនួន ១២ ផ្សេង​ទៀត​ក្នុង​នោះ​មាន៖
è ៥​ប្រទេស​មក​ពី​អាស៊ី-ប៉ាស៊ីហ្វ៊ិក មាន ចិន ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និង​អូស្រ្តាលី។
è ៣​ប្រទេស​មក​ពី​អាមេរិក​ឡាទីន មាន ប្រេស៊ីល ម៉ិចស៊ិក និង​អារហ្សង់ទីន។
è ២​ប្រទេស​មក​ពី​មជ្ឈិមបូព៌ា មាន ទួរគី និង​អារ៉ាប៊ី សាអ៊ូឌីត។ ប្រទេស​មួយ​មក​ពី​ទ្វីប​អាហ្វ្រ៊ិក គឺ​អាហ្វ្រ៊ិក​ខាង​ត្បូង និង​សមាជិក​ទី​១២ គឺ​ប្រទេស​រុស្ស៊ី។

កម្មវត្ថុ​នៃ​ជំនួប​កំពូល G២០ លើក​ទី ៥

ជំនួប​កំពូល​G២០ ឆ្នំា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង នៅ​ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក នៅ​មិន​ទាន់​ងើប​ផុត​ពី​វិបត្តិ​នៅ​ឡើយ​ទេ។ កំណើន​សេដ្ឋកិច្ច​ក្នុង​ពិភពលោក នៅ​មាន​តិច​តួច​ស្តួច​ស្តើង និង​សឹង​តែ​គ្មាន​ផង នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន រាប់​ទំាង​ប្រទេស​អ្នក​​មាន​ផង។

ដូច្នេះ កម្មវត្ថុ​ចំបង​របស់ G២០ គឺ​ជួយ​ជំរុញ​ឲ្យ​ពិភពលោក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ កំណើន​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​យូរ​អង្វែង និង​សមភាព។ ដើម្បី​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​ពិភពលោក​បាន ប្រទេស​ទំាង​អស់​ត្រូវ​តែ​រួម​សហការ​គ្នា ដោយ​មិន​មែន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ កន្លង​មក គេ​សង្កេត​ឃើញ​ថា តំាង​តែ​ពី​ក្រោយ​ផ្ទុះ​វិបត្តិសេដកិច្ច​ក្នុង​ឆ្នំា ២០០៨ មក មាន​ប្រទេស​មួយ​ចំនួន​បាន​ចាត់​វិធានការ​ផ្ទាល់​ខ្លួន ដើម្បី​រស់​តែ​ខ្លួន​ឯង ដោយ​មិន​គិត​អ្នក​ដទៃ។

ជាក់​ស្តែង​នា​ពេល​ថ្មីៗ​នេះ ធនាគារ​កណ្តាល​អាមេរិក​បាន​ប្រកាស​ចាក់​បញ្ចូល​សាច់​ប្រាក់​ប្រមាណ​ជា​ ៦០០ពាន់លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ពិសេស ជួយ​បង្កើន​ការ​នំា​ទំនិញ​អាមេរិក​ចេញ​ទៅ​ក្រៅ​ប្រទេស។ នេះ​ជា​វិធានការ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ និង​សម្លាប់​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក។

ប្រទេស​ចិន​ក៏​ត្រូវ​បាន​ប្រទេស​ដៃគូ​ចោទ​ថា បាន​បន្ត​រក្សា​តម្លៃ​ប្រាក់​យ័ន​ឲ្យ​ទាប​ជាង​ប្រាក់​ដុល្លារ ដើម្បី​ជំរុញ​លើ​វិស័យ​នំា​ចេញ។

គឺ​វិធានការ​របស់​ប្រទេស​នីមួយៗ​នា​ពេល​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក។ ដូច្នេះ កម្មវត្ថុ​របស់ G២០ គឺ​ធ្វើ​យ៉ាង​ណា រៀបចំ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ ពិសេស កាត់​បន្ថយ​វិសមភាព​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក។

តើ​អ្វី​ទៅ ដែល​ហៅ​ថា « សង្រ្គាម​រូបិយវត្ថុ​ » ?

« សង្រ្គាម​រូបិយវត្ថុ​ » គឺ​គេ​ចង់​និយាយ​សំដៅ​លើ​សង្រ្គាម​ដែល​អាច​ផ្ទុះ​ឡើង​តាម​រយៈ​ការ​ធ្វើ​ អន្តរាគមន៍​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ​ទៅ​លើ​តម្លៃ​អត្រា​ប្តូរ​ប្រាក់​ជាតិ ធៀប​នឹង​តម្លៃ​ប្រាក់​បរទេស ពិសេស​លុយ​ដុល្លារ​អាមេរិក។ លុយ​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រូបិយវត្ថុ​គោល​នៅ​ក្នុង ​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ។

គឺ​នយោបាយ​លើ​អត្រា​ប្តូរ​ប្រាក់​ជាតិ ជា​មួយ​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នេះ​ហើយ ដែល​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​យក​មក​ធ្វើ​ជា​អាវុធ​ដើម្បី​ប្រយោជន៍​ សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន ពិសេស​ជួយ​ជម្រុញ​វិស័យ​នំា​ចេញ។ ឧទាហរណ៍​ជាក់​ស្តែង​គឺ​ប្រទេស​ចិន​បច្ចុប្បន្ន ដែល​ត្រូវ​បាន​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម ពិសេស​សហរដ្ឋអាមេរិក ចោទ​ប្រកាន់​ពី​បទ​បាន​លូក​ដៃ​ទប់​មិន​ឲ្យ​អត្រា​ប្តូរ​ប្រាក់​យ័ន ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ឡើង ចុះ​ទៅ​តាម​តម្លៃ​ទីផ្សារ។

សម្រាប់​ប្រទេស​ចិន គឺ​ការ​រក្សា​តម្លៃ​ប្រាក់​យ័ន​ឲ្យ​នៅ​កម្រិត​មួយ​ទាប ហើយ​ថេរ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​​នេះ​ឯង ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​មក​ទល់​ពេល​ បច្ចុប្បន្ន។ គឺ​ប្រាក់យ័ន​មាន​តម្លៃ​ថោក ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នេះ​ឯង ដែល​បាន​អនុញ្ញាត​ឲ្យ​ផលិតផល​ចិន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ថោក​ ជាង​ផលិតផល​របស់​បណ្តា​ប្រទេស​ផ្សេង​ទៀត។

ក៏ប៉ុន្តែ នយោបាយ​របស់​ចិន​ពេល​នេះ​បាន​និង​កំពុង​សម្លាប់​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន ដូច​យ៉ាង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ហើយ​ប្រសិន​បើ​ប្រទេស​ផ្សេង​ទៀត​ផ្តើម​អនុវត្ត​នយោបាយ​លើ​រូបិយវត្ថុ​ជាតិ​ ខ្លួន ដូច​ករណី​ប្រទេស​ចិន​សព្វ​ថ្ងៃ​នោះ « សង្រ្គាម​រូបិយវត្ថុ​ » នឹង​ផ្ទុះ​ឡើង​ដោយ​ចៀស​មិន​រួច។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ