អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កៅអី​មួយ​សម្រាប់​ប្រធានាធិបតី​ពីររូប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កូតឌីវ័រ​កំពុង​ឆ្លង​កាត់​វិបត្តិ​នយោបាយ​មួយ​ដ៏​ធ្ងន់ធ្ងរ។ វិបត្តិនយោបាយ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ នៅ​ម្ខាង គឺ​លទ្ធផល​ប្រកាស​ដោយ​​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​បាន​ផ្តល់​ជ័យជំនះ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ផុតអាណត្តិ ឡូរ៉ង់ បាក់បូ (Laurent Gbagbo) និង​នៅ​ម្ខាង​ទៀត គឺ​លទ្ធផល​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ ដែល​បាន​ផ្តល់​ជ័យជំនះ​ទៅ​ឲ្យ​មេគណបក្ស​ប្រឆំាង គឺ លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara)។ កាល​ពី​ថ្ងៃសៅរ៍ ទី៤ ធ្នូ​ម្សិលមិញ លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) និង​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara) បាន​ស្បថ​ចូល​កាន់​តំណែង​រៀងៗ​ខ្លួន។

លោក អាឡាសាន វាត់តារ៉ា(រូបខាងឆ្វេង) និងលោកឡូរ៉ង់ បាក់បូ
លោក អាឡាសាន វាត់តារ៉ា(រូបខាងឆ្វេង) និងលោកឡូរ៉ង់ បាក់បូ RFI / Norbert Navarro - Reuters / Luc Gnago
ផ្សាយពាណិជ្ជកម្ម

ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ទំាង​ពីរ​រូប​សម្រាប់​កៅអី​ប្រធានាធិបតី​តែ​មួយ បាន​ត្រូវ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃសៅ ទី៤ ធ្នូ។ ក៏​ប៉ុន្តែ ពិធី​ស្បថ​ចូល​កាន់​តំណែង​បាន​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​ខុស​គ្នា។ មុន​គេ គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ដែល​ពិធី​ស្បថ​ចូល​កាន់​តំណែង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី តាម​រយៈ​សេចក្តីថ្លែងការណ៍​ជា​ឱឡារិក និង​ជា​សាធារណៈ។ លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ដែល​បាន​ប្រកាស​តំាង​ខ្លួន ជា​អ្នក​ធានា​ច្បាប់ និង​អធិបតេយ្យ​របស់​ប្រទេស។

ខាង​ក្រោម​នេះ ជា​ប្រសាសន៍​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo)។

00:52

ប្រសាសន៍លោក ឡូរ៉ង់ បាក់បូ

គួច គន្ធារ៉ា

« ឥឡូវ​នេះ ការ​ប្រកួត Marathon របស់​យើង​បាន​បញ្ចប់​ទៅ​ហើយ។ ក៏​ប៉ុន្តែ វា​មិន​បាន​បញ្ចប់​ទៅ ដូច​ដែល​យើង​ទំាង​អស់​គ្នា​ចង់​បាន​នោះ​ទេ។ មាន​ន័យ​ថា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត ដែល​យើង​ត្រូវ​ធ្វើ នោះ​គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​សាធារណរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ។ សម្រាប់​ប្រទេស​កូតឌីវ័រ យើង​កំពុង​តែ​ពង្រឹង​សាធារណរដ្ឋ ក៏​ដូច​ជា​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។ មិន​មាន​សាធារណរដ្ឋ​ណា​មួយ​រឹងមំា ដោយ​គ្មាន​ច្បាប់ និង​នីតិវិធី​នោះ​ទេ »

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ដល់​វេន​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara) ម្តង។ ប៉ុន្តែ​មុន​ដំបូង លោក​វាត់តារ៉ា​បាន​ផ្ញើ​សេចក្តីថ្លែងការណ៍​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ទៅ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ។ បន្ទាប់​មក លោក​ក៏​បាន​អាន​សេចក្តីថ្លែងការណ៍​នេះ ពី​សណ្ឋាគារ​មួយ​ដែល​លោក​បាន​យក​ធ្វើ​ជា​ទីស្នាក់ការកណ្តាល​នា​ឱកាស​បោះឆ្នោត​កន្លង​មក។ លោក​អាឡាសាន វាត់តារ៉ា​ដែល​មិន​ភ្លេច​អរគុណ​សហគមន៍​អន្តរជាតិ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​វិបត្តិ​ប្រទេស​កូតឌីវ័រ​កន្លង​មក។
ខាង​ក្រោម​នេះ ជា​ប្រសាសន៍​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara)។
 

00:55

ប្រសាសន៍លោកអាឡាសាន វាត់តារ៉ា

គួច គន្ធារ៉ា

« ខ្ញុំ​ចង់​ប្រាប់​ទៅ​ជនរួមជាតិ​របស់​ខ្ញុំ​ទំាង​អស់​ថា ការ​បោះឆ្នោត​កន្លង​ទៅ​នេះ គឺ​ជា​ការ​បោះឆ្នោត​ប្រវត្តិសាស្រ្ត។ យើង​មាន​មោទនភាព​ខ្លំាង​ណាស់​ចំពោះ​ការ​បោះឆ្នោត​នេះ។ ជា​អកុសល ស្ថានភាព​ហាក់​ដូច​ជា​បាន​ឡើង​តានតឹង​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ក៏​ប៉ុន្តែ វា​គ្រាន់​តែ​ជា​ឧបសគ្គ​ដ៏​ខ្លី​មួយ​ប៉ុណ្ណោះ។ ឥឡូវ​នេះ ប្រទេស​កូតឌីវ័រ​បាន​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ។ យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​វិបត្តិ​កូតឌីវ័រ​កន្លង​ទៅ »

លោកឡូរ៉ង់ បាក់បូ (រូបខាងឆ្វេង) និង​លោកអាឡាសាន វាត់តារ៉ា
លោកឡូរ៉ង់ បាក់បូ (រូបខាងឆ្វេង) និង​លោកអាឡាសាន វាត់តារ៉ា Montagem RFI / Pierre Moussart

តើ​នរណា​ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូតឌីវ័រ ?

នេះ​ជា​សំណួរ​មួយ​ដែល​គ្មាន​ចម្លើយ​ជាក់​ច្បាស់​ទេ។ ក៏​ប៉ុន្តែ អ្វី​ដែល​យើង​គួរ​លើក​យក​មក​ពិចារណា​ទំាង​អស់​គ្នា​នោះ​នៅ​ត្រង់​ថា ហេតុអ្វី​បាន​ជា​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ហ្នឹង ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ​ផង និង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ផង។ មួយ​វិញ​ទៀត សួរ​ថា តើ​លទ្ធផល​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ និង​លទ្ធផល​ដែល​ប្រកាស​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ហ្នឹង លទ្ធផលមួយ​ណា​ដែល​ស្រប​ច្បាប់ ?

បើ​យើង​និយាយ​ពី​ច្បាប់​បោះឆ្នោត គឺ​លទ្ធផល​ដែល​ស្រប​ច្បាប់​គឺ​លទ្ធផល​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ មាន​ន័យ​ថា មេគណបក្សប្រឆំាង គឺ​លោក​អាឡាសាន វាត់តារ៉ា ជា​អ្នក​ឈ្នះ។ ក៏​ប៉ុន្តែ លទ្ធផល​នេះ​ត្រូវ​បាន​ប្រកាស​លុបចោល​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៅ​វិញ។ ការ​ប្រកាស​មិន​ទទួល​ស្គាល់​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​លើក​យក​ហេតុផល​ថា មាន​ករណី​មិន​ប្រក្រតី​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ចំនួន ៩។

ទន្ទឹម​គ្នា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​បែរ​ជា​ប្រកាស​លទ្ធផល​ដោយ​ផ្តល់​ជ័យជំនះ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ទៅ​វិញ។ នេះ​ហើយ​ជា​រឿង​មួយ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​ត្រូវ​ធ្វើ​ទេ ព្រោះ​ថា បើ​ខ្លួន​បាន​រក​ឃើញ ឬ​មួយ​ក៏​បាន​ទទួល​ពាក្យ​បណ្តឹង​តវ៉ា​មិន​សុខចិត្ត​ពី​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ដែល​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​ណា​មួយ​នោះ ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​បញ្ជូន​សំណុំរឿង​ទំាង​នោះ​ទៅ​ឲ្យ​គណៈកម្មាធិការ​បោះឆ្នោត ជា​អ្នក​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត។

តែ​គេ​មិន​បាច់​ឆ្ងល់​ទេ ព្រោះ​ថា គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ​មាន​សមាជិក​មក​ពី​គ្រប់​និន្នាការ​នយោបាយ។ ចំណែក​ឯ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​វិញ គឺ​ដឹកនាំ​ដោយ​មនុស្ស​ស្និទ្ធ​នឹង​លោក​ឡូរ៉ង់ បាក់បូ។

ឡាន​មួយ​ត្រូវ​បាន​គេដុត នៅ​​សង្កាត់ Yopougon ក្នុង​ទីក្រុង Abidjan
ឡាន​មួយ​ត្រូវ​បាន​គេដុត នៅ​​សង្កាត់ Yopougon ក្នុង​ទីក្រុង Abidjan REUTERS/Emmanuel Braun

តើ​ប្រទេស​កូតឌីវ័រ​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ជា​ថ្មី ?

អ្វី​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​ពេល​នេះ ពិត​ជា​ស្ថានភាព​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រជាជន និង​ប្រទេស​កូតឌីវ័រ។ កូតឌីវ័រ​ដែល​បាន​ឆ្លង​កាត់​វិបត្តិនយោបាយ​តំាង​ពី​ជាង ១០​ឆ្នំា​កន្លង​ទៅ​នេះ តាម​រយៈ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ជា​ច្រើន​សា ការ​ងើប​បះបោរ​របស់​ពួក​ឧទ្ទាម និង​ការ​បែងចែក​ទឹកដី​ជា​ពីរ​ផ្នែក។

ក្នុង​ឆ្នំា ២០០២ សង្រ្គាម​ស៊ីវិល​បាន​ផ្ទុះ​ម្តង​ហើយ​ដោយ​សារ​តែ​ភាព​តានតឹង​ខាង​នយោបាយ។ កាលណោះ ម្ខាងៗ​សុទ្ធ​តែ​មាន​កម្លំាង​ទ័ព​តែ​រៀងៗ​ខ្លួន។ ប៉ុន្តែ អ្វី​ដែល​ទំាង​គ្នា​កំពុង​បារម្ភ​នៅ​ក្នុង​វិបត្តិ​នា​ពេល​នេះ គឺ​ការ​ចូល​រួម​ពី​អតីត​ពួក​ឧទ្ទាម​ដែល​មិន​ទាន់​បាន​ដាក់​អាវុធ ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព និង​ដែល​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ទីក្រុង Abidjan។ ចំណែក​កម្លំាង​ទ័ព​ដែល​មាន​ភក្តីភាព​ចំពោះ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ក៏​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីក្រុង Abidjan ដែរ។

ដូច្នេះ​ឃើញ​ថា ចង់ ឬ​មិន​ចង់​នា​ពេល​នេះ ប្រទេស​កូតឌីវ័រ​ត្រូវ​បាន​កាត់ផ្តាច់​ជា​ពីរ​ម្តង​ទៀត។ នៅ​ម្ខាង គឺ​ក្រុម​អ្នក​គំាទ្រ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) មាន​ទំាង​កម្លំាង​ប្រដាប់​អាវុធ និង​ស៊ីវិល។ នៅ​ម្ខាង​ទៀត គឺ​ក្រុម​អ្នក​គំាទ្រ​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara) មាន​ទំាង​ជនស៊ីវិល ក្រុម​អតីត​ពួក​ឧទ្ទាម​ដែល​កំពុង​កាន់កាប់​តំបន់​ប៉ែក​ខាង​ជើង លោក Guillaume Sora នាយករដ្ឋមន្រ្តី​របស់​លោក​ឡូរ៉ង់ បាក់បូ និង​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​ប្រកាស​ទទួល​ស្គាល់ គំាទ្រ​ពី​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ មាន​ជាអាទិ៍ អាមេរិក និង​បារំាង។

លោក​អាតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង Thabo Mbeki
លោក​អាតីត​ប្រធានាធិបតី​អាហ្រ្វិកខាងត្បូង Thabo Mbeki ©AFP/Ashraf Shazly

តើ​អ្វី​ទៅ ជា​ច្រក​ចេញ​ពី​វិបត្តិ ?

នៅ​ថ្ងៃអាទិត្យ ទី៥ ធ្នូ​នេះ លោក​អតីត​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង Thabo Mbeki បាន​ទៅ​ដល់​ប្រទេស​កូតឌីវ័រ។ លោក Thabo Mbeki ត្រូវ​បាន​សហភាព​អាហ្រ្វិក​តែងតំាង​ឲ្យ​ធ្វើ​ជា​អន្តរការី​ដោះស្រាយ​វិបត្តិ​នៅ​កូតឌីវ័រ​នា​ពេល​នេះ។ ប៉ុន្តែ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នៅ​ពេល​ដែល​លោក Thabo Mbeki ទៅ​ដល់​នោះ គេ​មិន​ឃើញ​មាន​វត្តមាន​មន្រ្តី​កូតឌីវ័រ​ទៅ​ទទួល​លោក​ទេ គឺ​មាន​តែ​មន្រ្តី​ការទូត​អាហ្វ្រិកខាងត្បូង​គ្នា​ឯង។

តាម​ធម្មតា លោក Thabo Mbeki នឹង​ត្រូវ​ជួប​លោក​ប្រធានាធិបតី​កូតឌីវ័រ​ទំាង​ពីរ​រូប​ដាច់​ដោយ​ឡែក ម្នាក់​ម្តងៗ។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​លោក Thabo Mbeki នឹង​និយាយ​អ្វី​ខ្លះ​ជា​មួយ​គូបដិបក្ខ​ទំាង​ពីរ​ទេ។

មែន​ទែន​ទៅ ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​នា​ពេល​នេះ គឺ​ដំណោះស្រាយ​ផ្ទៃក្នុង មាន​ន័យ​ថា ស្វែង​រក​ការ​សម្របសម្រួល​រវាង​គូបដិបក្ខ ដូច​ដែល​ធ្លាប់​មាន​កន្លង​មក។ ពិត​ហើយ​ថា គេ​ត្រូវ​ការ​អន្តរការី​មក​ពី​ក្រៅ​ម្នាក់​ដើម្បី​ជួយ​កៀងគង​​គូបដិបក្ខ​ទំាង​ពីរ​ឲ្យ​ជួប​និយាយ​គ្នា ជា​ជាង​ការ​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សំដី​តែ​រៀងៗ​ខ្លួន។

មួយ​វិញ​ទៀត សហគមន៍​អន្តរជាតិ​ក៏​គួ​តែ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ព្យាយាម​រក​ដំណោះស្រាយ​ផ្ទៃក្នុង​ដែរ ព្រោះ​ថា ការ​ដែល​សហគមន៍​អន្តរជាតិ​បាន​ប្រកាស​ទទួល​ស្គាល់​អ្នក​នេះ មិន​ទទួល​ស្គាល់​អ្នក​នោះ វា​បាន​ត្រឹម​តែ​បញ្ឆេះ​កំហឹង​ឲ្យ​មាន​ការ​ក្តៅ​ក្រហាយ​នៅ​ផ្ទៃក្នុង​ប៉ុណ្ណោះ។ ជាក់ស្តែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​បរិហារ​ពី​ការ​លូកដៃ​ជ្រៀតជ្រែក​របស់​បច្ចិមលោក។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​អាច​ឲ្យ​មាន​ដំណោះស្រាយ​ផ្ទៃក្នុង​បាន វា​អាស្រ័យ​ទំាង​ស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ ពោល​គឺ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) និង​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ