អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកឡូរ៉ង់ បាក់បូ បរិហារ​ពី​ការ​រួម​គំនិត​ក្បត់​របស់​បារំាង និង​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​ប្រធានាធិបតី​ពីររូប​កំពុង​បន្ត​គ្របដណ្តប់​ប្រទេស​កូតឌីវ័រ។ នៅ​ម្ខាង​គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ ឡូរ៉ង់ បាក់បូ (Laurent Gbagbo) និង​នៅ​ម្ខាង​ទៀត គឺ​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara)។ លោក អាឡាសាន វាត់តារ៉ា​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី២៧ ធ្នូ​នេះ ឲ្យ​មាន​បាតុកម្ម​នៅ​ទូទំាង​ប្រទេស រហូត​ដល់​លោក ឡូរ៉ង់ បាក់បូ​យល់ព្រម​ចុះ​ចេញ​ពី​តំណែង។ ចំណែក​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​បរិហារ​ពី​ការ​រួម​គំនិត​ក្បត់​របស់​ប្រទេស​បារំាង និង​សហរដ្ឋអាមេរិក​ក្នុង​ការ​លើក​បន្តុប​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara)។

លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ​ប្រធានាធិបតី​ផុតអាណត្តិ​កូតឌីវ៍រ
លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ​ប្រធានាធិបតី​ផុតអាណត្តិ​កូតឌីវ៍រ AFP/Kambou Sia
ផ្សាយពាណិជ្ជកម្ម

ពាក្យពេចន៍​​បរិហារ​របស់​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​កាសែត​បារំាង​មួយ​ឈ្មោះ « Le Figaro » កាល​ពី​ថ្ងៃ​អាទិត្យ ទី២៦ ធ្នូ។ លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា មាន​ការ​រួមគំនិត​ក្បត់​ក្នុង​ការ​លើក​បន្តុប​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara) ឲ្យ​កាន់​តំណែង​ប្រធានាធិបតី​កូតឌីវ័រ ហើយ​ការ​រួមគំនិត​ក្បត់​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រទេស​បារំាង និង​សហរដ្ឋអាមេរិក។ អ្នក​ដែល​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​ចង្អុល​ចំមុខ គឺ​ឯកអគ្គរដ្ឋទូត​បារំាង និង​អាមេរិក​ប្រចំា​ក្នុង​ទីក្រុង Abidjan។

លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) បាន​ចោទ​ឯកអគ្គរដ្ឋទូត​បារំាង និង​អាមេរិក​ថា បាន​នំា​ខ្លួន​លោក Youssouf Bakayoko ប្រធាន​គណៈកម្មការ​បោះឆ្នោត​ឯករាជ្យ​ទៅ​កាន់​សណ្ឋាគារ Golf កាល​ពី​ថ្ងៃ​ទី២ ធ្នូ ដើម្បី​បង្ខំ​ឲ្យ​លោក Bakayoko ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដោយ​ផ្តល់​ជ័យជំនះ​ឲ្យ​លោក អាឡាសាន វាត់តារ៉ា (Alassane Ouattara)។ សណ្ឋាគារ Golf ដែល​លោក វាត់តារ៉ា​បាន​យក​ធ្វើ​ជា​ទីស្នាក់ការកណ្តាល​នៃ​គណបក្ស​របស់​លោក​នា​សម័យ​បោះឆ្នោត​ប្រធានាធិបតី។

ចំណែក​ក្រុម​អ្នក​គំាទ្រ​លោក​ប្រធានាធិបតី អាឡាសាន វាត់តារ៉ា (Alassane Ouattara) ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​វិញ ពួក​គេ​បាន​អំពាវនាវ​ឲ្យ​មាន​ក្បួនបាតុកម្ម​នៅ​ទូទំាង​ប្រទេស ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី២៧ ធ្នូ​នេះ រហូត​ដល់​លោក ឡូរ៉ង់ បាក់បូ​យល់ព្រម​ចុះ​ចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង។

Logo Cédéao (សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋអាហ្រ្វិក​ខាងលិច)
Logo Cédéao (សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋអាហ្រ្វិក​ខាងលិច) Cédéao

Cédéaoព្រមាន​ធ្វើ​អន្តរាគមន៍​យោធា ទម្លាក់​លោក ឡូរ៉ង់ បាក់បូ

ជា​រួម ការ​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​កម្លំាងបាយ មិន​មែន​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​ទេ។ កុំ​ថា​ឡើយ​នៅ​ក្នុង​វិបត្តិ​ប្រទេស​កូតឌីវ័រ សូម្បី​តែ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ណា​មួយ​ក៏​ដោយ។ គេ​តែង​សង្កេត​ឃើញ​ថា អន្តរាគមន៍​របស់​កម្លំាង​អន្តរជាតិ​នៅ​ក្នុង​វិបត្តិផ្ទៃក្នុង​នៃ​ប្រទេស​មួយ ច្រើន​តែ​ជម្រុញ​ប្រទេស​នោះ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ដ៏​រុំារ៉ៃ ព្រោះថា ជា​អន្តរាគមន៍​មួយ​ដើម្បី​គំាទ្រ លើក​បន្តុប​ម្នាក់ និង​ទម្លាក់ បំបាក់មុខ មាត់​ម្នាក់​ទៀត។

នៅ​ប្រទេស​កូតឌីវ័រ សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​រដ្ឋ​អាហ្រ្វិកខាងលិច ហៅ​កាត់ថា Cédéao បាន​ព្រមាន​នឹង​បណ្តេញ​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo)​ចេញ​ពី​អំណាច ដោយ​ប្រើ​កម្លំាង​យោធា។ នៅ​ថ្ងៃ​អង្គារ ទី២៨ ធ្នូ​ស្អែក​នេះ ប្រមុខរដ្ឋ​ទំាង ៣​ប្រទេស គឺ​ប្រទេស Sierra Léone Bénin និង​ប្រទេស Cap-Vert ដែល​តំណាង​ឲ្យ Cédéao នឹង​អញ្ជើញ​ទៅ​កាន់​ប្រទេស​កូតឌីវ័រ។ បេសកកម្ម​របស់​ឥស្សរជន​ទំាង ៣​រូប គឺ​មិន​មែន​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ផ្លូវកណ្តាល​រវាង​គូបដិបក្ស​ទំាង​ពីរ​នាក់ គឺ​លោក ឡូរ៉ង់ បាក់បូ និង​លោក​ អាឡាសាន វាត់តារ៉ា​ទេ តែ​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​លោក ឡូរ៉ង់ បាក់បូ ចុះចេញ​ពី​តំណែង​ប្រធានាធិបតី។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ឥស្សរជន​ទំាង ៣​រូប​អាច​នឹង​បង្ខំ​ឲ្យ​លោក ឡូរ៉ង់ បាក់បូ​បោះបង់​ចោល​កៅអី​ប្រធានាធិតី ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង គឺ​ប្រតិកម្ម​ខ្លំាងៗ​បាន​ផ្ទុះ​ឡើង​រួច​ហើយ​ពី​សំណាក់​ក្រុម​អ្នក​គំាទ្រ​លោក ឡូរ៉ង់ បាក់បូ ដោយ​ពួក​គេ​បាន​ចាត់​ទុក​ការ​គំរាម​ធ្វើ​អន្តរាគមន៍​យោធា​ទម្លាក់​លោក ឡូរ៉ង់ បាក់បូ ថា​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ។ មួយ​វិញ​ទៀត លោក ឡូរ៉ង់ បាក់បូ​ផ្ទាល់​ខ្លួន​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​មិន​ភ័យ​ខ្លាច​នឹង​ការ​គំរាម​នោះ​ទេ តែ​ក៏​មិន​បាន​មើលស្រាល​នឹង​ការ​គំរាម​នោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​របស់​លោក ឡូរ៉ង់ បាក់បូ​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា សង្រ្គាម​ស៊ីវិល​នឹង​ផ្ទុះ​ឡើង​ដោយ​ចៀស​មិន​រួច ប្រសិន​បើ​មាន​អន្តរាគមន៍​យោធា​ពី​អន្តរជាតិ​មែន​នោះ។

ប្រជាជន​កូតឌីវ័រ​រត់ភៀសខ្លួន​ចេញ​ពី​តំបន់​ជម្លោះ
ប្រជាជន​កូតឌីវ័រ​រត់ភៀសខ្លួន​ចេញ​ពី​តំបន់​ជម្លោះ AFP/Georges Gobet

ប្រទេស​កូតឌីវ័រ​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល​ជា​ថ្មី ?

នេះ​ពិត​ជា​ស្ថានភាព​មួយ​ដ៏​គ្រោះថ្នាក់ និង​ដែល​ទំាង​អស់​គ្នា​មិន​ចង់​ឃើញ​ឡើយ។ គេ​ពិត​ជា​ចំា​បាន​មិន​ភ្លេច​ក្នុង​ឆ្នំា ២០០២ សង្រ្គាម​ស៊ីវិល​បាន​ផ្ទុះ​ម្តង​ហើយ ដោយ​សារ​តែ​ភាព​តានតឹង​ខាង​នយោបាយ។ កាលណោះ ម្ខាងៗ​សុទ្ធ​តែ​មាន​កម្លំាង​ទ័ព​តែ​រៀងៗ​ខ្លួន។

ដូច្នេះ​ឃើញ​ថា ចង់ ឬ​មិន​ចង់​នា​ពេល​នេះ ប្រទេស​កូតឌីវ័រ​ត្រូវ​បាន​កាត់ផ្តាច់​ជា​ពីរ​ម្តង​ទៀត​ហើយ នៅ​ម្ខាង គឺ​ក្រុម​អ្នក​គំាទ្រ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) មាន​ទំាង​កម្លំាង​ប្រដាប់​អាវុធ និង​ស៊ីវិល នៅ​ម្ខាង​ទៀត គឺ​ក្រុម​អ្នក​គំាទ្រ​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara) មាន​ទំាង​ជនស៊ីវិល ក្រុម​អតីត​ពួក​ឧទ្ទាម​ដែល​កំពុង​កាន់កាប់​តំបន់​ប៉ែក​ខាង​ជើង និង​ពិសេស​ទៅ​ទៀត​នោះ គឺ​ការ​គំាទ្រ​ពី​សហគមន៍​អន្តរជាតិ។

អ្វី​ដែល​បាន​និង​កំពុង​បន្ត​កើត​មាន​តំាង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​មក មិន​មែន​ជា​សង្រ្គាម​ស៊ីវិល​ទេ តែ​វា​ហាក់​ដូច​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ និង​អាច​នំា​ទៅ​រក​សង្រ្គាម​ស៊ីវិល។ អំពើហិង្សា​ប្រចំាថ្ងៃ​បាន​និង​កំពុង​បន្ត​ផ្ទុះឡើង​យ៉ាង​ខ្លំាង​ក្លា​រវាង​ក្រុម​អ្នក​គំាទ្រ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) និង​ក្រុម​អ្នក​គំាទ្រ​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara)។ យោងតាម​តួលេខ​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ អំពើហិង្សា​បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ​ជា ១៧៣​នាក់​នៅ​ចន្លោះ​ថ្ងៃទី១៦ និង​ថ្ងៃទី​២០ ធ្នូ។ ម្យ៉ាង​ទៀត អំពើហិង្សា​បាន​ជម្រុញ​ឲ្យ​មាន​ប្រជាជន​កូតឌីវ័រ​ប្រមាណ ១៤ ០០០នាក់​ចាក​ចេញ​ពី​ប្រទេស។

ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត​ចំពោះ​វិបត្តិផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ គឺ​ដំណោះស្រាយ​ផ្ទៃក្នុង មាន​ន័យ​ថា ស្វែង​រក​ការ​សម្របសម្រួល​រវាង​គូបដិបក្ខ។ ក៏​ប៉ុន្តែ ដើម្បី​អាច​និយាយ​គ្នា​បាន និង​ដើម្បី​អាច​ឲ្យ​មាន​ដំណោះស្រាយ​ផ្ទៃក្នុង​បាន គឺ​វា​អាស្រ័យ​ទំាងស្រុង​លើ​ឆន្ទៈ​របស់​ភាគី​ជម្លោះ ពោល​គឺ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) និង​លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara)។

ដំណោះស្រាយ​មួយ​ទៀត គឺ​បង្ខំ​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ឲ្យ​បោះបង់​អំណាច​ដោយ​ប្រើ​មធ្យោបាយ​ត្រជាក់។ ពិត​ណាស់​ថា​រហូត​មក​ទល់​ពេល​នេះ លោក​អាឡាសាន វាត់តារ៉ា (Alassane Ouattara) ជា​ប្រធានាធិបតី​ស្របច្បាប់​តែ​ម្នាក់​គត់​ដែល​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់ និង​ធ្វើការ​ជាមួយ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា​ខណៈ​នេះ លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) កំពុង​អង្គុយ​កៅអី​ប្រធានាធិបតី​ពិត​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ពិត​ និង​កំពុង​មាន​កម្លំាង​ប្រដាប់​អាវុធ​ក្នុង​ដៃ​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ