អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខរដ្ឋ​បារំាង​ជម្រុញ​ឲ្យ​យក​ពន្ធ​លើ​ការ​ទិញ លក់​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) លើក​ទី​៤១​រយៈពេល ៥ថ្ងៃ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី៣០ មករា ឆ្នំា ២០១១។ លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រទេស G២០ លោក​សាកូហ្ស៊ី​បាន​ទាមទារ​ឲ្យ​យក​ពន្ធ​លើ​ការ​ទិញ លក់​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​យក​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស​ក្រីក្រ។

លោក នីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារំាង
លោក នីកូឡា សាកូហ្ស៊ី ប្រធានាធិបតី​បារំាង ©Reuters
ផ្សាយពាណិជ្ជកម្ម

វេទិកា​សេដ្ឋកិច្ច​ពិភពលោក « World Economic Forum » បាន​ចាប់​កំណើត​ឡើង​ក្នុង​ឆ្នំា ១៩៧១ ហើយ​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន Forum នេះ​ឡើង គឺ​លោក Klaus Schwab សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ​ក្រុង Genève ប្រទេស​ស្វីស។ ចាប់​ពី​ពេល​នោះ​មក Forum នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ជា​រៀងរាល់​ឆ្នំា​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ស្ថិត​ក្នុង​ប្រទេស​ស្វីស។

មាន​ប្រធានរឿង​ជា​ច្រើន​ដែល Forum បាន​លើក​យក​ទៅ​ជជែក ពោល​គឺ​មិនមែន​ទាក់ទង​តែ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ។ ក៏​មាន​ផង​ដែរ បញ្ហា​ការ​ឡើង​កំដៅ​នៃ​ភព​ផែនដី ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រីក្រ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លងរាតត្បាត បញ្ហា​មនុស្សធម៌ និង​ជម្លោះ​ប្រដាប់អាវុធ។ល។ និង។ល។ ជា​រួម​ទៅ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​គឺ​ជា​កន្លែង​មួយ ​ដែល​អ្នក​ចូល​រួម​ត្រូវ​លើក​យក​ទៅ​ជជែក​នូវ​បញ្ហា​សំខាន់ៗ និង​បញ្ហា​ជា​បន្ទាន់​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

ក៏​ដូច​ជា​ក្នុង​រយៈពេល ២ឆ្នំា​ចុង​ក្រោយ​នេះ​ដែរ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នំា​២០១១ ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា ២៥០០​នាក់​មក​ពី ១០០​ប្រទេស​ក្នុង​ពិភពលោក រួម​មាន ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ព្រមទំាង​ប្រធាន​រោងចក្រ​សហគ្រាស និង​ប្រធាន​ក្រុមហ៊ុន​ផងដែរ។

លោក នីកូឡា សាកូហ្ស៊ី​ជម្រុញ​ឲ្យ​មាន​ពន្ធ​លើ​ការ​ទិញ លក់​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នំា ២០១១​ត្រូវ​បាន​រៀប​ចំ​ឡើង ចំ​ពេល​ដែល​ពិភពលោក​កំពុង​បន្ត​គ្រប​ដណ្តប់​ដោយ​វិបត្តិសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ឆ្នំា ២០០៨។ ដូច្នេះ​សំខាន់ គឺ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​របៀបរៀបរយ​ឡើង​វិញ និង​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​លើ​ពិភពលោក​ឡើង​វិញ។ ប៉ុន្តែ ចំណាប់​អារម្មណ៍​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ខ្លំាង​ជាង​គេ​នោះ គឺ​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូហ្ស៊ី ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​ក្រុម​ប្រទេស G២០។ ក្រុម​ប្រទេស G២០ មាន​ក្រុមប្រទេស G៨ ដែល​ជា​មហាអំណាច​ឧស្សាហកម្ម​ពិភពលោក បូក​និង ១២ប្រទេស​ដែល​កំពុង​មាន​ឧស្សាហកម្ម​ជឿនលឿន ដូច​យ៉ាង​ប្រទេស​ចិន ប្រេស៊ីល ឬ​មួយ​ក៏​ប្រទេស​ឥណ្ឌា​ជាដើម។

នៅ​ចំពោះ​មុខ​អ្នក​ចូល​រួម​ប្រមាណ​ជា ២៥០០​នាក់ លោក​សាកូហ្ស៊ី​បាន​លើក​ឡើង​ពី​ប្រាក់បំណុល​ដ៏​ច្រើន​សម្បើម​ដែល​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​កំពុង​ប្រឈមមុខ ពី​កំណែទម្រង់​ប្រព័ន្ធហិរញ្ញវត្ថុ​អន្តរជាតិ ពី​ការ​យក​ពន្ធ​លើ​ការ​ទិញ ដូរ​នៅ​លើ​ទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ និង​ពី​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តម្លៃ​វត្ថុធាតុដើមចំាបាច់​សម្រាប់​មនុស្សជាតិ ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ឈ្មួញ​កណ្តាល​ក្រឡុក​ហាងឆេង​តាម​តែ​អំពើចិត្ត។

អ្វី​ដែល​លោក សាកូហ្ស៊ី​បាន​សង្កត់​ធ្ងន់​ខ្លំាង​ជាង​គេ គឺ​ការ​យក​ពន្ធ​លើ​ការ​ទិញ ដូរ​នៅ​លើ​ទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​យក​ប្រាក់​ទទួល​បាន​ពី​ពន្ធ​នេះ​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស​ក្រីក្រ។ លោក សាកូហ្ស៊ី​បាន​រំលឹក​ថា ប្រទេស​មហាអំណាច​ឧស្សហកម្ម​បាន​សន្យា​ជួយ​អភិវឌ្ឍ​ប្រទេស​ក្រីក្រ​នូវ​ទឹកប្រាក់​​ចំនួន ១២ម៉ឺនលានដុល្លារ​ក្នុង​១ឆ្នំា ចាប់​ពី​ឆ្នំា ២០២០ ខាង​មុខ​នេះ​ទៅ។ សម្រាប់​លោក សាកូហ្ស៊ី មាន​តែ​ការអនុវត្តន៍​​វិធានការ​នេះ​ទេ ទើប​គេ​អាច​គោរព​ពាក្យ​សន្យា​បាន ព្រោះ​ថា បើ​គេ​រង់ចំា​ឲ្យ​ប្រទេស​មហា​អំណាច​នីមួយៗ​ផ្តល់​ប្រាក់​មក​នោះ គឺ​ជា​រឿង​ពិបាក​ណាស់។ ពិបាក​ព្រោះ​ពេល​នេះ មាន​ប្រទេស​ខ្លះ កំពុង​តែ​ជំពាក់​គេ​វ័ណ្ឌ ក។ តែ​យ៉ាង​ណា​ក៏​ដោយ លោក​សាកូហ្ស៊ី​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស G៨ និង​G២០ ផ្តើម​អនុវត្ត​មុន​គេ ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​ប្រទេស​ផ្សេង​ទៀត។

គំនិត​របស់​លោក សាកូហ្ស៊ី មិន​ត្រូវ​បាន​ទទួល​ការ​គំាទ្រ​ពី​គ្រប់​ប្រទេស​ទេ

លោក​សាកូហ្ស៊ី​ត្រូវ​ជំនះ​ប្រទេស​មួយ​ចំនួន​ទៀត ឲ្យ​ទទួល​យក​នូវ​គំនិត​ផ្តួចផ្តើម​របស់​លោក​ក្នុង​ការ​យក​ពន្ធ​លើ​ការ​ទិញ លក់​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ។ រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​ប្រទេស​អាល្លឺម៉ង់ ជប៉ុន និង​អង្គការ ព្រមទំាង​សមាគម​មួយ​ចំនួន​បាន​គំាទ្រ​គំនិត​របស់​លោក​សាកូហ្ស៊ី។ តែ​ទន្ទឹម​គ្នា​នេះ ប្រទេស​ដែល​ជំទាស់​ក៏​មាន​ច្រើន​ដែរ ដូច​យ៉ាង​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិចស៊ិក។ មាន​ប្រទេស​មួយ​ចំនួន​ទៀត​បាន​មើល​ឃើញ​ថា គំនិត​បង្កើត​ឲ្យ​យក​ពន្ធ​របៀប​នេះ គឺ​ជា​គំនិត​ចាស់​គំរឹល​មួយ​ដែល​គេ​ធ្លាប់​បាន​ឮ​កន្លង​មក ពិសេស ឲ្យ​តែ​ត្រូវ​ការ​ថវិកា​បន្ថែម គេ​ក៏​ចាប់​ផ្តើម​បង្កើត​ឲ្យ​មាន​ពន្ធ​នេះ ពន្ធ​នោះ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​ប្រធានផ្លាស់វេន​ក្រុមប្រទេស G២០ លោក​សាកូហ្ស៊ី​មាន​រយៈពេល​តែ ១ឆ្នំា​ប៉ុណ្ណោះ ដើម្បី​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​ផ្សេង​ទៀត។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​យឺត​ពេល ព្រោះ​ថា ឆ្នំា ២០១២ ដល់​វេន​ប្រទេស​ម៉ិចស៊ិក​ធ្វើ​ជា​ប្រធានផ្លាស់វេន​ក្រុមប្រទេស G២០។ ប្រទេស​ម៉ិចស៊ិក​ដែល​បាន​ប្រឆំាង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោក​សាកូហ្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ